តុលាការបក្សកុម្មុយនិស្តនៃរដ្ឋាភិបាលវៀតណាម ទើបតែបានជំនុំជម្រះក្ដីផ្ទន្ទាទោសព្រះសង្ឃ ២ អង្គ និង ពលរដ្ឋខ្មែរក្រោម ៦ រូប នៅភូមិព្រៃជាប់ និង ភូមិតាសេក ក្នុងទឹកដីខេត្តឃ្លាំង ឲ្យជាប់គុក ពី ១០ ខែ ទៅ ៦ ឆ្នាំ ពីបទ “បង្កអសន្តិសុខទីសាធារណៈ” បទ “ប៉ងភៀសខ្លួនចេញទៅក្រៅប្រទេស” និងបទ “ទាក់ទង ខ្មែរក្រោមនៅក្រៅប្រទេស និងផ្ដល់បទសម្ភាសន៍ដល់វិទ្យុសំឡេងកម្ពុជាក្រោម និងវិទ្យុអាស៊ីសេរី” ។

ទាក់ទិននឹងសាលក្រមដែលតុលាការវៀតណាម ទើបតែបានសម្រេចផ្ដន្ទាទោស ព្រះសង្ឃ និងពលរដ្ឋខ្មែរ ក្រោម កាលពីថ្ងៃទី ២៥ និង ២៧ ខែកញ្ញា នេះ លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិ សហព័ន្ធខ្មែរ កម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានលើកឡើងថា សាលក្រមនេះ បង្ហាញឲ្យឃើញ ថា វៀតណាមកំពុងតែអនុវត្តផ្ទុយនឹងកតិកាសញ្ញាអន្តរជាតិដែលខ្លួនបានសន្យាជាមួយអង្គការសហប្រជា ជាតិស្ដីពី សិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើម ។
លោក ថាច់ ង៉ុក ថាច់ បានបន្តទៀតថា សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងជម្រាបបញ្ហានេះទៅសហគមន៍អន្តរ ជាតិ ដើម្បីដាក់សម្ពាធរដ្ឋាភិបាលវៀតណាមឲ្យផ្ដល់សេរីភាពដល់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមទាំង នេះ ។
លោក ថាច់ រដ្ឋា នៃវិទ្យុសំឡេងកម្ពុជាក្រោម បានធ្វើកិច្ចសម្ភាសន៍ លោក ថាច់ ង៉ុក ថាច់ ជុំវិញរឿងនេះ ដូចតទៅ៖ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងជម្រាបសហគមន៍អន្តរជាតិ ឲ្យវៀតណាមដោះលែងពលរដ្ឋខ្មែរក្រោម