សម្ភាសន៍ ម្ចាស់​វណ្ណ​កម្ម​កំណាព្យ​បែប​ប្រវត្តិសាស្ត្រ «​ទំនួញ​ក្រាំងមាស​សាវតារ​ខ្មែរ​»

ដោយ ស៊ឺន ចែងចើន| VOKK

យុវជន ផេង វិ​សុ​ដ្ឋា​រ៉ា​មុនី មាន​ស្រុកកំណើត នៅ​ភូមិ​ស្វាយ​ជួរ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល និង​ជា​អតីត​និស្សិត​បរិញ្ញាបត្រ​សង្គមវិទ្យា​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ ព្រះ​សីហា​នុ​រាជ ។ បច្ចុប្បន្ន​លោក ជា​អ្នកស្រាវជ្រាវ​ឯករាជ្យ អ្នកនិពន្ធ និង​អ្នក​រៀបរៀង​ចងក្រង​ឯកសារ​ប្រវត្តិសាស្ត្រ​មួយចំនួន ។

លោក ផេង វិសុដ្ឋារ៉ាមុនី ម្ចាស់​វណ្ណ​កម្ម​កំណាព្យ​បែប​ប្រវត្តិសាស្ត្រ «​ទំនួញ​ក្រាំងមាស​សាវតារ​ខ្មែរ​»
លោក ផេង វិសុដ្ឋារ៉ាមុនី ម្ចាស់​វណ្ណ​កម្ម​កំណាព្យ​បែប​ប្រវត្តិសាស្ត្រ «​ទំនួញ​ក្រាំងមាស​សាវតារ​ខ្មែរ​»

​នៅពេល​ថ្មីៗ លោក​បាន​បោះ​ពុ​ម្ភ​ផ្សាយ​កម្រង​កំណាព្យ​ប្រវត្តិសាស្ត្រ ដែលមាន​ចំណងជើង​ថា «​ទំនួញ​ក្រាំងមាស​សាវតារ​ខ្មែរ​» ។ ខ្លឹមសារ​ក្នុង​កម្រង​អត្ថបទ​កំណាព្យ​ប្រវត្តិសាស្ត្រ ដែលមាន​នូវក្នុង​សៀវភៅ​នេះ លោក​ផ្តោតទៅលើ​ប្រធានបទ​ទាក់ទង កំណាព្យ​បែប​ជាតិនិយម និង​បែប​ប្រវត្តិសាស្ត្រ មាន​ជាអាទិ៍ ភូមិសាស្ត្រ​ទូទៅ ឬ​ភូមិសាស្ត្រ​ខេត្ត​ក្រុង​របស់​ខ្មែរលើ ខ្មែរក្រោម រួមទាំង​ខ្មែរ​កណ្តាល និង​ផ្តោតទៅលើ​ការតស៊ូរ​របស់​វីរបុរស និង​វីរ​យុទ្ធជន​ខ្មែរ​គ្រប់​ជំនាន់ ដែល​ហ៊ាន​ពលី​កម្ម​ជីវិត​តស៊ូ​រំដោះជាតិ ដេញ​បរទេស​ឈ្លានពាន​ត្រួតត្រា​ទឹកដី កាលពី​អតីត ។ ជាពិសេស វណ្ណ​កម្ម​ដំបូង​របស់លោក ដែល​ទើប​ចេញផ្សាយ​នេះ លោក​បាន​តាក់តែង​និពន្ធ​អត្ថបទ​កំណាព្យ​ជាច្រើន​ទាក់ទិន និង​រឿង​កម្ពុជា​ក្រោម ។ ក្នុងនោះ អត្ថបទ​កំណាព្យ​មួយ​យ៉ាង​វែង ដែល​លោក​បាន​សរសេរ​រៀបរាប់​អំពី​ទិវា​ប្រជាជាតិ​ខ្មែរក្រោម កាន់ទុក្ខ ដោយ​លោក​ដាក់​ចំណងជើង​អត្ថបទ​កំណាព្យ​នោះ​ថា «៤ មិថុនា មហាទុក្ខ​នៃ​ប្រជាជាតិ​ខ្មែរ​» ជាដើម ។

​ផ្តើមចេញពី​ឆន្ទៈ​ទឹកចិត្ត ដែល​តែងតែមាន​ទំនោរ​នឹកគិត អាឡោះអាល័យ​សែន​ស្តាយស្រណោះ​គ្រប់​វិនាទី​នៃ​ដង្ហើម​ចេញចូល​ប្រចាំថ្ងៃ​របស់លោក ។ ផ្គួប​ផ្សំ​ជាមួយ​ស្មារតី​ស្រលាញ់​ពូជសាសន៍​ខ្មែរ និង​ប្រជាពលរដ្ឋ​ខ្មែរ​រួមទាំង​មាន​ឧបនិស្ស័យ​ចូលចិត្ត សិក្សា​ស្រាវជ្រាវ​ស្វែងយល់​ផង​នោះ ។ យុវជន ផេង វិ​សុ​ដ្ឋា​រ៉ា​មុនី ក៏បាន​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​ប្រវត្តិសាស្ត្រ​មួយទៀត ដែល​និយាយ​ពី​ដែនដី​កម្ពុជា​ក្រោម ឬ​អតីត​កូសាំងស៊ីន រៀបរៀង​ដោយ​រូបលោក​ផ្ទាល់ ។

​ក្នុងនាម ជា​យុវជន​ខ្មែរ​ជំនាន់​ក្រោយ ហើយ​លោក​ក៏​ជា​កូន​អ្នកស្រុក​ខ្មែរ​កណ្តាល​ផង​នោះ ។ តើ​អ្វី​ជាការ​ជំរុញ​ឲ្យទឹកចិត្ត​របស់លោក មិនអាច​នៅ​ស្ងៀម​បាន រហូតដល់​លោក ធ្វើការ​សិក្សា​ស្រាវជ្រាវ​ស្វែងយល់ និង​ចងក្រង​កម្រង​អត្ថបទ​កំណាព្យ​ជាតិនិយម និង​ឯកសារ​ប្រវត្តិសាស្ត្រ ដែល​ទាក់ទិន​ទៅ នឹង​ដែនដី​កម្ពុជា​ក្រោម នេះ​ឡើង​? ។ តើយុវជន ផេង វិ​សុ​ដ្ឋា​រ៉ា​មុនី ជា​នរណា​? លោក ស៊ឺន ចែង​ចើ​ន នៃ​ទូរទស្សន៍ «ព្រៃនគរ» បាន​សម្ភាសន៍​លោក ផេង វិ​សុ​ដ្ឋា​រ៉ា​មុនី ជុំវិញ​រឿងនេះ ។