ដោយ ថាច់ ប្រីជា គឿន
នៅទីបំផុត របប លោក ហ៊ុន សែន បានសម្រេចដោះលែង លោក កឹម សុខា ជាប្រធាន គណបក្ស សង្គ្រោះជាតិ ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ហើយ ។ នេះបើយោងតាមដីកាបង្គាប់ឲ្យដោះលែង របស់ សាលាដំបូងរាជធានីភ្នំពេញ និង លិខិតដោះលែង របស់ក្រសួងមហាផ្ទៃ នៃ ប្រទេសកម្ពុជា ចុះថ្ងៃ ៩ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ។
មេធាវី របស់ លោក កឹម សុខា បានប្រាប់បណ្ដាញព័ត៌មានថា សមត្ថកិច្ច បានដឹក លោក កឹម សុខា មកដល់ផ្ទះរបស់លោក នាទីក្រុងភ្នំពេញ នៅវេលាប្រមាណ ៣ ទៀបភ្លឺ ថ្ងៃទី ១០ ខែកញ្ញា នេះ ។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវសមត្ថកិច្ច នៃ របប លោក ហ៊ុន សែន ចាប់ខ្លួននៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ» ។ ការចាប់ខ្លួនធ្វើឡើង បន្ទាប់ពី លោក ហ៊ុន សែន ប្រតិកម្មដោយចោទថា លោក កឹម សុខា មានចេតនាចង់ផ្ដួលរំលំរដ្ឋាភិបាលប្រទេសកម្ពុជា ដែលមានអង្គការចាត់តាំងនៅពីក្រោយខ្នង គឺសហរដ្ឋអាមេរិក ។ លោកត្រូវបានសមត្ថកិច្ចចូលឆ្មក់ចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួនភ្លាមៗនៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោមការចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ។
ការដោះលែង លោក កឹម សុខា នេះ បង្ហាញឲ្យឃើញថា លោក កឹម សុខា មិនមែនជាជនក្បត់ជាតិ ដូចអ្វីដែលតុលាការ នៃ របប លោក ហ៊ុន សែន បានចោទប្រកាន់នោះឡើយ ។ លោក សម រង្ស៊ី ជាអតីត ប្រធាន គណបក្សសង្គ្រោះជាតិ និង បច្ចុប្បន្ន ជាប្រធាន ចលនាសង្គ្រោះជាតិ ដែលកំពុងតែ និរទេសខ្លួននៅក្រៅប្រទេសនោះ បានផ្ដល់បទសម្ភាសន៍ដល់ ទូរទស្សន៍ ព្រៃនគរ នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៨ ថា ការចោទប្រកាន់ លោក កឹម សុខា ជាជនក្បត់ជាតិនោះ គឺជាលែសរបស់ លោក ហ៊ុន សែន ដើម្បីរំលាយ គណបក្សសង្គ្រោះជាតិ តែប៉ុណ្ណោះ ។
ប្រទេសកម្ពុជា បានធ្វើការបោះឆ្នោតជាតិ អាណត្តិទី ៦ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ កន្លង ទៅនេះ ដោយមិនមាន គណបក្សសង្គ្រោះជាតិ ចូលប្រកួតឡើយ ។ គណបក្សប្រជាជនកម្ពុជា របស់ លោក ហ៊ុន សែន បានទទួលអាសនៈទាំងស្រុងនៅក្នុងរដ្ឋសភា ចំនួន ១២៥ កៅអី បានក្លាយទៅ ជារដ្ឋភិបាលឯកបក្ស ឬ បក្សតែមួយ ដឹកនាំប្រទេស ដែលធ្វើឲ្យមជ្ឈដ្ឋាននានា មើលឃើញថា ប្រទេស កម្ពុជា សព្វថ្ងៃ បានវិលទៅរករបបកុម្មុយនិស្ត ដូចសម័យខ្មែរក្រហម ឡើងវិញ ៕