ដោយ ម៉ម មុនីរតន៍ | RFA

RFA/Sok Serey
គណបក្សប្រជាជនកម្ពុជា តែងអះអាងថា បក្សប្រឆាំងមិនចេះធ្វើនយោបាយ និងចេះតែនិយាយអ្វីៗឲ្យរួចតែពី មាត់។ ចំណែកបក្សប្រឆាំងវិញ ចំអកថា គណបក្ស គ្រប់គ្រងអំណាចមិនចេះធ្វើអ្វីក្រៅពីវិធីបំបែកបំបាក់ និង សម្លុតគំរាមកំហែងគេនោះឡើយ។
ជាថ្មីម្ដងទៀត ប្រមុខរដ្ឋាភិបាលបានបញ្ចេញសារ នយោបាយរបស់លោកជាសាធារណៈ ដោយចាត់ទុកថា អ្វីដែលគណបក្សប្រឆាំងមានបានសព្វថ្ងៃនេះ គឺជា ចំណែករបស់លោកមួយផ្នែកដែរ និងថាមន្ត្រីបក្សប្រឆាំង នៅតែមិនចេះយកអ្វីដែលលោកផ្ដល់ឲ្យ ហ្នឹង ប្រើប្រាស់ ហាក់មិនបានផលប្រយោជន៍សោះ។
ថ្លែងនៅក្នុងពិធីបញ្ចុះខណ្ឌសីមាវត្តទួលខ្សាច់ ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១១ ឧសភា លោក ហ៊ុន សែន ចំអកទៅកាន់បក្សប្រឆាំងថា ការធ្វើនយោបាយដូចក្នុងពេលបច្ចុប្បន្ននេះ គឺនៅមានភាពក្មេងខ្ចីនៅឡើយ បើប្រៀបធៀបនឹងគណបក្សប្រជាជនកម្ពុជា។ លោក ហ៊ុន សែន គិតថា ការធ្វើនយោបាយបែបនេះ វាពិបាកនឹងយកឈ្នះគណបក្សរបស់លោកណាស់។ ហើយក៏នឹងមិនធ្វើឲ្យព្រឺរោមណាមួយសម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។
លោក ហ៊ុន សែន ថ្លែងថា ការឃ្លាំមើលគោលនយោបាយចាត់តាំង និងអ្វីៗដែលមានក្នុងបក្សប្រឆាំង គឺជាមនុស្សរបស់លោក៖ «ហើយ កុំថានែក ដល់ពេលឈ្នះ ឬក៏ចាញ់ ដល់ពេលចាញ់ថាអាហ្នឹងមកពី ហ៊ុន សែន ដាក់មនុស្សបង្កប់ទៅទៀតហើយ។ យើ! ចេះធ្វើនយោបាយឯករាជ្យអីត្រឹមត្រូវរបស់គេ។ គេពូកែ បានគេមកជល់ ប៉ុន្តែទាស់ថាមួយណាក៏ ហ៊ុន សែន ប្រើបានដែរ កុំទៅឆ្ងល់ពេក»។
ការចំអករបស់លោកនាយករដ្ឋមន្ត្រីនេះ បើទោះជាមិនបញ្ចេញឈ្មោះអ្នកនយោបាយមួយណានៅក្នុងបក្សប្រឆាំងយ៉ាង ណាក៏ដោយ ក៏ប៉ុន្តែគេដឹងថា នោះគឺលោក ហ៊ុន សែន សំដៅលោក កឹម សុខា ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិ។
លោក កឹម សុខា ចាត់ទុកថា នេះជានយោបាយដែលលោក ហ៊ុន សែន តែងធ្វើឲ្យដៃគូចុះខ្សោយ ប៉ុន្តែថានៅពេលនេះ លែងមានប្រសិទ្ធភាពទៀតនោះហើយ។ លោក កឹម សុខា ចំអកថា លោក ហ៊ុន សែន គួរឈប់ស្រមើស្រមៃតទៅទៀតទៅ៖ «អានេះជារបៀបរបស់គាត់ តែដដែលៗទេ គឺបំបែកបំបាក់ ញុះញង់ គឺមធ្យោបាយរបស់តែមួយហ្នឹងទេបាទ»។
លោក កឹម សុខា ត្រូវបានលោក ហ៊ុន សែន ចាត់ទុកថា ជាប្អូនធម៌ ឬជួនកាលគេតែងឮមេដឹកនាំដែលកាន់អំណាចបានយូរជាងគេនៅក្នុងបក្ស ប្រជាជនកម្ពុជា ហៅថាជាលោកប្អូនក៏មាន។ ព្រោះលោក ហ៊ុន សែន សំអាងថា អនុប្រធានគណបក្សសង្គ្រោះជាតិ នេះ គឺតែងពឹងពាក់លោកក្នុងការផ្ដួចផ្ដើមបង្កើតគណបក្ស សិទ្ធិមនុស្ស មុននឹងរួមបញ្ចូលគ្នាជាបក្សសង្គ្រោះជាតិ នេះឡើង៖ «សូមផ្ដាំទៅ លោកប្អូន ធ្វើនយោបាយកុំល្ងង់ពេក ឲ្យចេះឆ្លាតខ្លះមើ ក្រែងធ្លាប់រៀនពីបងដែរតើ។ ធ្លាប់ឲ្យបងជួយបង្កើតបក្សហ្នឹងដែរតើ។ ធ្លាប់ពឹងពាក់ឲ្យបងធ្វើនេះធ្វើនោះ ធ្លាប់និយាយតើ។ ហើយលោកប្អូនទៅធ្វើសម្ភាសជាមួយគេថាអាហ្នឹងជាស្ទិលរបស់គណបក្ស កាន់អំណាចបំបែកបំបាក់។ កាលលោកប្អូនជេរបក្សមួយទៀត បងអត់មានប្រើឲ្យប្អូនឯងជេរហ្នឹងណា។ មាត់លោកប្អូនឯងជេរកកោកៗហ្នឹង ប្អូនឯងនិយាយតាមបង គឺប្អូនឯងជាសត្វសេកហើយចេះ មិនមែនជាមនុស្សទេចុះ»។
បដិសេធន៍នឹងការលើកឡើងនេះ លោក កឹម សុខា បញ្ជាក់ពីភាពស្អាតស្អំរបស់លោកថា ពុំមានជាប់ពាក់ព័ន្ធណាមួយក្នុងភាពជិតស្និទ្ធរវាងលោក ជាមួយលោកនាយករដ្ឋមន្ត្រីក្នុងអតីតកាលនោះឡើយ។ លោក កឹម សុខា ហៅសារនយោបាយរបស់លោក ហ៊ុន សែន នៅពេលនេះថា គឺជាវប្បធម៌ចាស់ដែលលោក ហ៊ុន សែន ធ្លាប់ធ្វើមកលើលោកប៉ុណ្ណោះ៖ «ឥឡូវស្បថឲ្យរន្ទះបាញ់ ស្បថឲ្យធ្លាក់យន្តហោះ បើខ្ញុំដែលទៅសុខចិត្តទទួលយកបម្រើគាត់ពីពេលណាណេះៗ។ ឥឡូវនិយាយឲ្យអស់អ៊ីចឹងតាហ្មងទៅ។ បើសិន កឹម សុខា ធ្លាប់ទៅសុំបម្រើគាត់ពីពេលណា ធ្វើការដើម្បីប្រយោជន៍គាត់ពីពេលណា សុំឲ្យរន្ទះបាញ់ ហើយធ្លាក់យន្តហោះ បើសិនជាខ្ញុំធ្វើអ៊ីចឹងមែន»។
អង្គការសង្គមស៊ីវិល ដែលឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា យល់ឃើញថា នេះជាសញ្ញានៃភាពជឿនលឿនផ្នែកលទ្ធិប្រជាធិបតេយ្យ។ ប្រការដែលអ្នកនយោបាយប្រើប្រាស់វេទិកាឆ្លើយឆ្លងគ្នា ជាមធ្យោបាយប្រសើរជាជាងការប្រើប្រាស់ហិង្សា ដើម្បីទទួលជោគជ័យ។
ក្នុងពេលកន្លងទៅ លោក ហ៊ុន សែន ក៏ធ្លាប់អះអាងថា លោកនឹងធ្វើឲ្យគណបក្សប្រឆាំងអាចចុះខ្សោយបាន ដោយសារនយោបាយរបស់លោក។
ប៉ុន្តែ ការប្រកាសគោលនយោបាយថ្មីៗរបស់គណបក្សសង្គ្រោះជាតិ អំពីប្រាក់ខែកម្មករ ១៥០ដុល្លារ ប្រាក់ខែមន្ត្រីរាជការ ១លានរៀល ប្រាក់ជួយមនុស្សចាស់ ៤ម៉ឺនរៀលមួយខែ គោលនយោបាយបក្សក្នុងការបញ្ចុះថ្លៃសាំង ថ្លៃភ្លើងអគ្គិសនី និងដំឡើងថ្លៃស្រូវ កំពុងតែធ្វើឲ្យប្រជាពលរដ្ឋគាំទ្រពេញចិត្តកាន់តែច្រើនឡើងៗជា លំដាប់៕