លោកនាយករដ្ឋមន្ត្រី បានធ្លាក់ខ្លួនឈឺ និងចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅសិង្ហបុរី តាំងតែពីថ្ងៃម្សិលមិញម្ល៉េះ។ ដូច្នេះ ទើបលោក ហ៊ុន សែន បានសម្រេចលុបចោលជំនួបមួយចំនួន ដែលបានគ្រោងទុករួចមកហើយ ។ ប្រមុខរដ្ឋាភិបាល បញ្ជាក់ថា ដោយសារតែលោកហត់នឿយខ្លាំងពេក ទើបរូបលោកធ្លាក់ខ្លួនមានជំងឺ ដែលចាំបាច់ត្រូវចេញទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីពិនិត្យនិងព្យាបាល នៅសិង្ហបុរី ។

ក្នុងទំព័រ Facebook ផ្លូវការរបស់ប្រមុខរដ្ឋាភិបាល, លោក ហ៊ុន សែន បានបង្ហាញរូបថតបី-បួនសន្លឹក ឲ្យឃើញថា លោកកំពុងដេកសម្រាកនៅលើគ្រែពេទ្យ ដោយមានដៃឆ្វេងជាប់បណ្តោងសឺរ៉ូមផង ។ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដោយការហត់នឿយខ្លាំងពេក ទើបបណ្តាលឲ្យលោកធ្លាក់ខ្លួនមានជំងឺ ហើយត្រូវចាំបាច់ចាកចេញទៅសិង្ហបុរី ដើម្បី ពិនិត្យនិងព្យាបាល ជាបន្ទាន់យ៉ាងដូច្នេះ។ គឺលោកនាយករដ្ឋមន្ត្រី បានធ្វើដំណើរទៅសិង្ហបុរី តាំងតែពីម៉ោង២រសៀល ថ្ងៃទី៣ឧសភាមកម្ល៉េះ ។
ជាការសង្កេត ខុសពីរាល់ដង គឺមុនពេលចេញទៅពិនិត្យព្យាបាលជំងឺនៅសិង្ហបុរី លោកនាយករដ្ឋមន្ត្រី ច្រើនតែប្រកាសជូនដំណឹងជាមុន និងដែលមានអ្នកមុខអ្នកការខ្លះផង រង់ចាំជូនដំណើរ។ តែពេលនេះ លោកអញ្ជើញទៅដល់មន្ទីរពេ្យរួចហើយ ទើបប្រាប់ជម្រាបព័ត៌មានជាក្រោយវិញម្តង ។
ចំពោះអការៈជំងឺនិងស្ថានភាពសុខភាពរបស់ប្រមុខរដ្ឋាភិបាល និងជាប្រធានបក្សកាន់អំណាច គឺមិនទាន់មានការបញ្ជាក់បន្ថែមនៅឡើយទេ ពីសំណាក់អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី និងអ្នកនាំពាក្យបក្សប្រជាជនកម្ពុជា។ ចំណែកខាងខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ក៏ពុំអាចទាក់ទងសុំការពន្យល់បំភ្លឺបន្ថែមនោះដែរ។ ទោះជាយ៉ាងនេះក្តី លោកប្រមុខរដ្ឋាភិបាល ខ្លួនឯង បានបញ្ជាក់ថា លោកអាចនឹងអញ្ជើញវិលមកបំពេញការងារវិញ នៅបីថ្ងៃទៀត គឺនៅថ្ងៃទី៧ឧសភា ។
គួរបញ្ជាក់ថា ក្នុងរយៈពេលនេះ លោក ហ៊ុន សែន បានសម្រេចលុបចោលជំនួបសំខាន់ៗមួយចំនួន ដូចជា ការជួបជុំសំណេះសំណាលជាមួយ មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធនៅខេត្តកំពង់ស្ពឺ ដែលត្រូវជួបនៅព្រឹកថ្ងៃទី៤ឧសភា, ជំនួបជាមួយមន្ត្រីទូតបរទេស តួយ៉ាងជប៉ុន ឥណ្ឌា និងបារាំង ដែលជាកម្មវិធីគ្រោងទុក ក៏ត្រូវលុបចោលដែរ ។
ជាការកត់សម្គាល់ រយៈពេលថ្មីៗនេះ, មានកម្មវិធីជាតិនិងអន្តរជាតិជាច្រើន ជាប់ៗគ្នារដឹក ដែលលោក ហ៊ុន សែន ត្រូវមានវត្តមានផ្ទាល់ ហើយលោកត្រូវថ្លែងសន្ទរកថា និងផ្តល់ការពិភាក្សា។ ចំណែកការចុះជួបមន្ត្រីរាជការ និងមន្ត្រីសកម្មជនបក្ស មុនឱកាសបោះឆ្នោតឃុំសង្កាត់នេះ ក៏បានទាក់ទាញស៊ីពេលវេលា និងកម្លាំងកាយចិត្តរបស់ប្រមុខរដ្ឋាភិបាលមិនស្ទើរដែរ ៕ RFI