ហ៊ុន សែន អះអាងថា ជនជាតិ​យួន​នៅ​កម្ពុជា​ ​មិន​ដល់​៤ លាន ៥ សែន នាក់​

​បញ្ហា​ជនអន្តោប្រវេសន៍​វៀ​ណា​ម គឺជា​ប្រធានបទ​ក្ដៅ​មួយ​ដែល​អ្នកនយោបាយ​ខ្មែរ​តែង​លើកឡើង​រាល់ពេល​បោះឆ្នោត​ម្ដងៗ ។ ចំណែក​បក្សប្រឆាំង​តែងតែ​ប្រកាស​គោលនយោបាយ​ថា ខ្លួន​នឹង​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឲ្យ​បាន​តឹងរ៉ឹង​នៅពេល​ឈ្នះឆ្នោត ។​

ជនជាតិយួនមកពីប្រទេសវៀតណាមជួយឧបត្ថម្ភសង់សាលាបឋមសិក្សាយួន នៅឃុំប្រល័យមាស ស្រុកកំពង់លាំង ខេត្តកំពង់ឆ្នាំង,  ប្រទេសកម្ពុជា នៅក្នុង ខែឧសភា ឆ្នាំ ២០១៣ ។
ជនជាតិយួនមកពីប្រទេសវៀតណាមជួយឧបត្ថម្ភសង់សាលាបឋមសិក្សាយួន នៅឃុំប្រល័យមាស ស្រុកកំពង់លាំង ខេត្តកំពង់ឆ្នាំង, ប្រទេសកម្ពុជា នៅក្នុង ខែឧសភា ឆ្នាំ ២០១៣ ។

​ចំនួន​ស្ថិតិ​ជនជាតិ​យួន​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា នៅតែ​ជា​ប្រធានបទ​ដ៏​ក្តៅ​មួយ​ដែល             អ្នកនយោបាយ​បក្សប្រឆាំង​យកមកប្រើ​ដើម្បី​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា និង​បង្ហាញ​ពី​ទឹកចិត្ត​ជាតិនិយម ។ ដើម្បី​វាយបក​បក្សប្រឆាំង​វិញ លោកនាយក​រដ្ឋមន្ត្រី​នា​ថ្ងៃទី ១៩ ខែមិថុនា ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​មួយ​ក្នុងស្រុក​អង្គស្នួល ខេត្តកណ្ដាល បញ្ជាក់ថា ចំនួន​ជនជាតិ​យួន​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា មាន​ចំនួន​ប្រមាណ ១០ ម៉ឺន​នាក់​ប៉ុណ្ណោះ ។​

លោក ហ៊ុន សែន មានប្រសាសន៍ថា អ្នកនយោបាយ​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​មួយចំនួន​បាន​រិះគន់ថា ប្រទេស​កម្ពុជា សំបូរ​ទៅដោយ​ជនជាតិ​យួន​រហូតដល់​និយាយថា កម្ពុ​ជាមាន​ជនជាតិ​យួន ៤,៥​លាន​នាក់​កំពុងតែ​រស់នៅ​និង​ប្រកប​របរ​រកស៊ី ។ លោក​ចាត់ទុកថា អ្នក​ដែល​និយាយថា វៀតណាម​មាន​ចំនួន​ជាង ៤​លាន​នាក់​នៅក្នុង​ប្រទេស​កម្ពុជា ជា​អ្នក​ដែល​ប្រកាន់ពូជសាសន៍ ហើយ​លោក​ក៏បាន​បញ្ជា​ឲ្យ​មន្ត្រី​ក្រោមបង្គាប់ ចម្លង​ខ្សែអាត់​សំឡេង​យកទៅ​ចែកជូន​គ្រប់​ស្ថានទូត​បរទេស​ទាំងអស់​ទៀតផង​។​

លោក ហ៊ុន សែន​៖ «​លោក​ឯង​ស្វែងរក​ណាស់​ចំណុចខ្សោយ​របស់​គណបក្ស​កាន់អំណាច ដែលមាន​រឿង​មិន​ពិត​ប្រឌិត​ទៅជា​រឿង​ពិត ដូចជា​អាណិកជន​យួន​មាន​មិន​ដល់ ១០ ម៉ឺន​នាក់​ផង គេ​ថា វៀតណាម​មាន​រហូតដល់​ជាង ៤ លាន​កន្លះ ។ បើ​អ៊ីចឹង​មាន​ប្រហែលជា​នៅ​អង្គស្នួល​ហ្នឹង​មាន​មិនតិច​ទេ បើដូច្នោះ​លោកយាយ​ជា​វៀតណាម​។ គេ​ថា គ្រប់​ភូមិ​ទាំងអស់​មាន ឃុំ​ទាំងអស់​មាន អ៊ីចឹង​កូនៗ​សិស្ស​ទាំងអស់ និង​លោកគ្រូ​អ្នកគ្រូ សុទ្ធតែ​យួន​ទាំងអស់ ។ ខូច​ម្ល៉េះ​! ៤ លាន​កន្លះ​ច្រើនណាស់ ស្មើនឹង​ប្រជាជន​ក្រោយ​រំដោះ​ឆ្នាំ​១៩៧៩» ។​

​ឆ្លើយតប​នឹង​ការលើកឡើង​បែបនេះ បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា លោក​មិនទាន់​ដឹងថា មាន​មន្ត្រី​ណា​ម្នាក់​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​និយាយថា វៀតណាម​នៅ​ស្រុក​ខ្មែរ​មាន​ចំនួន​ជាង ៤ លាន់​នាក់​នោះទេ ប៉ុន្តែ​លោក ហ៊ុន សែន តែង​លាប​ពណ៌​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ហូរហែ ដូច​ជាការ​ដែលថា គណបក្ស​សង្គ្រោះ​ជាតិ ចង់​ដឹកនាំ​ប្រទេស​តាមរបៀប ប៉ុល ពត ជាដើម ។​

​លោក​បន្តថា លំហូរ​នៃ​ជនអន្តោប្រវេសន៍​យួន​បាន​បង្កបញ្ហា​ជាច្រើន ដូចជា​អំពើ​អសន្តិសុខ​សង្គម បញ្ហា​រំលោភបំពាន​ព្រំដែន និង​ការដណ្ដើម​មុខរបរ​រកស៊ី​របស់​ខ្មែរ​ជាដើម ។ លោក​បញ្ជាក់ថា  គណបក្ស​ប្រជាជន​កម្ពុជា មាន​កិច្ចសន្យា​ពិសេស​ជាមួយ​ភាគី​យួន​តាំងពី​ឆ្នាំ ១៩៧៩ ក្នុង​កិច្ចការពារ​ភាពសុខសាន្ត​របស់​ប្រ ជា​ពលរដ្ឋ​យួន​ដែល​មក​រស់នៅ​ប្រទេស​កម្ពុជា ។​

លោក សុន ឆ័យ​៖ «​ដើម្បី​ធានា​នូវ​អធិបតេយ្យភាព​របស់​ខ្មែរ គណបក្ស​សង្គ្រោះ​ជាតិ ដាក់​នូវ​គោល នយោបាយ​របស់ខ្លួន​ថា ត្រូវតែ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឲ្យ​បាន​ត្រឹមត្រូវ​ទៅលើ​ជនអន្តោប្រវេសន៍​ខុសច្បាប់ មិន​ថា ជនជាតិ​យួន​ជនជាតិ​ចិន ជនជាតិ​ណា​នោះទេ​។ ដូច្នេះ​ចង់​បញ្ជាក់​ទៅ​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ​ថា ឲ្យ​លោក​អាន​នូវ​គោលនយោបាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ ទើប​ជា​ផ្លូវការ ដែល​អាច​ឲ្យ​នាយករដ្ឋមន្ត្រី​ជ្រាប​ឲ្យ​បានច្បាស់លាស់​អំពី​អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង និង​អនុវត្ត​នៅពេល​កាន់កាប់​រាជរដ្ឋាភិបាល ហើយ​យើង​នឹងធ្វើ​ការ​ដោយ​គោរព​គ្នា​ទៅវិញទៅមក ដើម្បី​ធានា​នូវ​សុខសន្តិភាព និង​ការរួម​រស់នៅ​ប្រកបដោយ​សន្តិភាព​ជាមួយ​ប្រទេស​យួន​ផងដែរ​» ។​

​លោក​បន្តថា គណបក្សប្រឆាំង​មិនមាន​គោលនយោបាយ​ប្រឆាំងនឹង​យួន ឬ ប្រកាន់ពូជសាសន៍​ឡើយ​។​

​ទោះយ៉ាងណា​ក្តី សង្គម​ស៊ីវិល​ឲ្យ​ដឹងថា កាលពី​ឆ្នាំ ២០០៨ របាយការណ៍​ក្រសួងមហាផ្ទៃ​បង្ហាញថា ជនជាតិ​យួន​មាន​ចំនួន ៩​ម៉ឺន​នាក់ ។ របាយការណ៍​ឆ្នាំ ២០០៩ ចំនួន​ជនជាតិ​យួន​រស់​លើ​ទឹកដី​ខ្មែរ​មាន​ចំនួន​ជាង ១០ ម៉ឺន​នាក់ និង​របាយការណ៍​ឆ្នាំ ២០១០ បញ្ជាក់ថា ជនជាតិ​យួន​មាន​ចំនួន​ជាង ៨​ម៉ឺន​នាក់​។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្សប្រឆាំង​មិនទាន់​ជឿ​ស្ថិតិ​នោះ​នៅឡើយ​។​

​អ្នកស្រាវជ្រាវ​ឯករាជ្យ លោក កែម ឡី មានប្រសាសន៍ថា គេ​មិនអាច​ជឿ​បាន​ថា ជនជាតិ​យួន​រស់នៅ​ទឹកដី​កម្ពុជា មាន​ចំនួន ១០ ម៉ឺន​នាក់ ឬក៏​មាន​ចំនួន ៤,៥ លាន​នាក់​នោះទេ ហើយក៏​មិន​អាចមាន​នរណាម្នាក់​ប៉ាន់ស្មាន​ព្រាវៗ​ថា មាន​ជនជាតិ​យួន​ចំនួន​ប៉ុន្មាន​ដែល​កំពុង​រស់នៅ និង​រកស៊ី​ក្នុង​ដី​ខ្មែរ​ឡើយ ។​

​លោក​បន្តថា តួលេខ​ដែល​អាច​ឲ្យ​គេ​ជឿ​បាន ពោលគឺ​រាជរដ្ឋាភិបាល​កម្ពុជា ចាំបាច់​ត្រូវតែ​រៀបចំ​ឲ្យ​មានការ​សិក្សា​ស្រាវជ្រាវ​ថ្នាក់ជាតិ​មួយ​ជាមុនសិន ទើប​ដោះស្រាយ​បញ្ហា​នេះ​បាន​។ លោក​បញ្ជាក់ថា ជនជាតិ​យួន​ច្រើន​រស់នៅ​តំបន់​សេដ្ឋកិច្ច ហើយ​ពួកគេ​មានចំណេះដឹង​បច្ចេកទេស​ច្រើនជាង​ជនជាតិខ្មែរ និង​នាំ​ឲ្យ​ជនជាតិខ្មែរ​ធ្វើ​ចំណាកស្រុក​បន្តទៅ​ក្រៅប្រទេស​ទៀតផង ។​
​អ្នកជំនាញ​បញ្ហា​សង្គម​បញ្ជាក់ថា លំហូរ​ជនជាតិ​យួន​ចូលក្នុង​ប្រទេស​កម្ពុជា នាំមក​នូវ​បញ្ហា​មួយចំនួន ដូចជា​កង្វះ​ការងារ​ក្នុងប្រទេស បញ្ហា​អសន្តិសុខ​សង្គម​ប៉ះពាល់​ដល់​វប្បធម៌ និង​ជាពិសេស​ប៉ះពាល់​ដល់​បញ្ហា​នយោបាយ​ទៀតផង​។ អ្នកជំនាញ​រំលឹកថា ឧបមា​ថា​ជនជាតិ​យួន​បាន​កាន់តំណែង​ធំ​ក្នុងស្រុក​ខ្មែរ ឬ​អាច​បោះឆ្នោត​បាន នោះ​ពួកគេ​នឹងមាន​លទ្ធភាព​សម្រេច​ជោគវាសនា​ប្រទេស​ខ្មែរ​ជំនួស​ជនជាតិខ្មែ​រលើប​ញ្ហា​សំខាន់ៗ មួយចំនួន ដូចជា​បញ្ហា​ការទូត និង​បញ្ហា​ព្រំដែន ។​

ជនជាតិ​យួន​ចាប់ផ្ដើម​មក​រស់​នៅលើ​ទឹកដី​ខ្មែរ​តាំងពី​សម័យបុរាណ ។ ស្ត្រី​វៀតណាម​ខ្លះ​ថែមទាំង​បាន​ចង​សម្ពន្ធមេត្រី​ជាមួយ​មេដឹកនាំ​ធំៗ​នៃ​ប្រទេស​កម្ពុជា ដែល​បានធ្វើអោយ​មានការ​បាត់​បង់​ទឹកដី​ខ្មែរ​ផង ។​
​ព្រឹត្តិការណ៍​លេចធ្លោ​ជាងគេ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ទាក់ទង​នឹង​រឿង​ឲ្យ​ដី​ទៅ​សាច់ញាតិ​ជា​ជនជាតិ​វៀត ណា​ម​នេះ កើតឡើង​នៅ​ដើម​សតវត្ស​ទី ១៧ ក្នុង​រាជ​របស់​ព្រះបាទ ព្រះ​ជ័យ​ជេ​ស្ដា​ទី ២ ។ ដោយ​យោគយល់​ដល់​ព្រះបិតា​ក្មេក និង​អគ្គមហេសី​អង្គ​ចូ​វ ព្រះអង្គ​ទ្រង់​អនុញ្ញាត​ឲ្យ​ព្រះបិតា​ក្មេក «​ខ្ចី​ដី​» ខេត្ត​កំពង់ក្របី ព្រៃនគរ ដើម្បី​បង្ហាត់​សេនា​ទាហាន​វៀតណាម ។ ការខ្ចី​ដី​ធ្វើជា​មូលដ្ឋាន​បង្ហាត់​ទ័ព​នេះ មាន​រយៈពេល ៥ ឆ្នាំ គ្រប់ ៥ ឆ្នាំ​ថា​នឹង​សង​ថ្វាយ​វិញ ។ ចាប់តាំងពី​ពេលនោះ​មក ជនជាតិ​យួន​បាន​ដឹក​កូន​ជញ្ជូន​ចៅ​បបួលគ្នា​មក​នៅក្នុង​ទឹកដី​ខ្មែរ​កាន់តែ​ច្រើនឡើងៗ រហូតដល់​សម័យ​សាធារណរដ្ឋ​ខ្មែរ លោក លន់ នល់ បាន​បោសសំអាត​ជនជាតិ​យួន​ម្ដង​ដែរ ។​

លុះដល់​របប ប៉ុល ពត ដែល​ចាត់ទុក​យួន​ជាស​ត្រូវ​របស់​ខ្មែរ បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​កម្ទេច​ជនជាតិ​យួន​ស្ទើរ​អស់​គ្មាន​សល់ ។ លុះដល់​ថ្ងៃ ៧ ខែមករា ឆ្នាំ ១៩៧៩ ជា​ពេលដែល​យួន​គាំទ្រ​កងទ័ព​គណបក្ស​ចូល​រំដោះទឹកដី​ខ្មែរ​ពី​កណ្ដាប់ដៃ ប៉ុល ពត វៀតណាម​ក៏បាន​ដាក់​ប្រជាជន​មក​រស់នៅក្នុង​ទឹកដី​ខ្មែរ​ជាថ្មី​ម្ដងទៀត ។ មិនតែប៉ុណ្ណោះ វៀតណាម​ក៏បាន​ដាក់ពង្រាយ​ជំនាញការ​ឲ្យ​ធ្វើការ​ទូទាំងប្រទេស​ទៀត​ផង ។​
​យោងតាម​លិខិត​អត្ដ​សញ្ញា​បណ្ណ​សញ្ជាតិ​កម្ពុជា បច្ចុប្បន្ន គេ​មិន​បានដាក់​ចំណុច​ជនជាតិ​នីមួយៗ​នោះទេ មានតែ​ដាក់ថា សញ្ជាតិ ខ្មែរ និង ជនជាតិខ្មែរ តែប៉ុណ្ណោះ ។ កត្ដា​នេះហើយ ដែល​នាំ​ឲ្យ​មជ្ឈដ្ឋាន​នានា យល់ថា វា​ជាការ​លុបបំបាត់​ឈ្មោះ​ជនជាតិ​នានា នៅក្នុង​ប្រទេស​កម្ពុជា និង​ជាការ​ពិបាក​ដល់​ការកំណត់ នូវ​ស្ថិតិ​របស់​ជនជាតិ​នីមួយៗ​ដែល​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា ។ សម្រាប់​ប្រទេស​វៀតណាម នៅ ក្នុង​អត្ដ​សញ្ញាណ​ប័ណ្ណ សញ្ជាតិ​វៀតណាម គេ​មាន​ដាក់​ចំណុច សាសនា , ជនជាតិ និង សញ្ជាតិ សម្រាប់​ពលរដ្ឋ​វៀតណាម​ទូទាំងប្រទេស ។ ឧទាហរណ៍ ដូចជា ខ្មែរក្រោម នៅក្នុង​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​វៀតណាម គេ​ដាក់ថា ជនជាតិខ្មែរ សញ្ជាតិ​វៀតណាម និង​សាសនា ព្រះពុទ្ធ ជាដើម ៕