សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​បដិសេធ​ការ​លើក​ឡើង​របស់​វៀតណាម ​នៅ ​អ.ស.ប​ ករណី​ឃាត់ខ្លួន​យុវជន​ខ្មែរក្រោម

ដោយ យន់ សាមៀន | RFA

តំណាង​ប្រទេស​វៀតណាម​ បាន​ប្រាប់​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ ថា អាជ្ញាធរ​វៀតណាម​ បាន​ឃាត់ខ្លួន​យុវជន​ខ្មែរក្រោម​ម្នាក់​ ដោយ​សារ​តែ​យុវជន​នោះ បាន​ញុះញង់ និង​បំបែកបំបាក់​សាមគ្គីភាព​វៀតណាម​ ។ ប៉ុន្តែ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ថា វៀតណាម​ឃាត់ខ្លួន​យុវជន​ខ្មែរក្រោម ដោយសារតែ​យុវជន​នោះ បាន​ប្រើប្រាស់​សិទ្ធិ​សេរីភាព​បោះ​ពុម្ព និង​ផ្សព្វផ្សាយ​សៀវភៅ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម ។

លោក យឿង ខាយ យុវជន​ខ្មែរក្រោម ។
លោក យឿង ខាយ យុវជន​ខ្មែរក្រោម ។

 

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​ដែល​មាន​មូលដ្ឋាន ​នៅ​សហរដ្ឋអាមេរិក បាន​ច្រានចោល​សេចក្តី​ថ្លែងការណ៍​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​វៀតណាម​ នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ស្ដីពី​ការ ឃាត់ខ្លួន​យុវជន​ខ្មែរក្រោម លោក យឿង ខាយ កាល​ពី​ខែ​មេសា ។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​វៀតណាម ​កាល​ពី​ថ្ងៃទី ២០ កញ្ញា​អះអាង​ថា អាជ្ញាធរ​ខេត្ត​ដុង​ណៃ បាន​ឃាត់ខ្លួន​លោក យឿង ខាយ ដោយសារតែ​លោក បាន​ប្រើប្រាស់​អ៊ីនធឺណិត​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​ប្រវត្តិសាស្ត្រ ជនជាតិ​ដើម​ខ្មែរក្រោម ហើយ​មាន​ទំនាក់ទំនង​នឹង​អង្គការ​ក្រៅរដ្ឋាភិបាល​ នៅ​បរទេស​ចង់​បង្កើត​តំបន់​ស្វយ័ត ដែល​ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​វៀតណាម ។

ទោះបីជា​យ៉ាងណា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ថា សេចក្តី​ថ្លែងការណ៍​របស់​វៀតណាម បាន​បំភ្លៃ​ការ​ពិត​ ។ ព្រះអង្គ​បន្ត​ថា វៀតណាម ​ឃាត់ខ្លួន​យុវជន​ខ្មែរក្រោម​ និង​រឹបអូស​សៀវភៅ​សេចក្ដីប្រកាស របស់​អង្គការសហប្រជាជាតិ ស្តីពី «​សិទ្ធិ​ជនជាតិ​ដើម​» ជា​ចេតនា​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរក្រោម ៖ «រដ្ឋាភិបាល​វៀតណាម​ហ្នឹង​នៅតែ​បន្ត​រឹតត្បិត សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្មែរក្រោម ជាពិសេស​ការ​ផ្សព្វផ្សាយ​រឿង​ជនជាតិ​ដើម ដើម្បី​ឲ្យ​ជនជាតិ​ដើម​ខ្មែរក្រោម​ហ្នឹង​បាន​យល់​បន្ថែម​ពី​ច្បាប់​អន្តរជាតិ​ហ្នឹង​ ។ សហព័ន្ធ​ខ្មែរក្រោម​នៅតែ​ទទូច​ឲ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិ​ជា​ជាតិ​ដើម»

កាលពី​ថ្ងៃទី​ ១៣ មេសា នគរបាល​សន្តិសុខ​ផ្ទៃក្នុង​ផ្នែក​សេដ្ឋកិច្ច និង​នគរបាល​សន្តិសុខ​ផ្នែក​នយោបាយ​ជិត ១០០​នាក់ បាន​ឆែកឆេរ​ផ្ទះ​លោក យឿង ខាយ និង​ចាប់ខ្លួន​លោក​ទៅ​ឃុំ​ដោយ​គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ​ ។ កាល​នោះ លោក យឿង ខាយ ថា ប៉ូលិស​បាន​រឹបអូស​យក​ទូរស័ព្ទ កុំព្យូទ័រ និង​សៀវភៅ​សេចក្ដី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ជនជាតិ​ដើម​ជាង ១០០ ​ក្បាល ។ យុវជន​ខ្មែរក្រោម លោក យឿង ខាយ ធ្លាប់​បាន​ស្ម័គ្រចិត្ត​ធ្វើ​ការងារ​លើកស្ទួយ​សិទ្ធិមនុស្ស​ការងារ និង​សិទ្ធិ​បញ្ចេញមតិ​របស់​កម្មករ និង​ពលរដ្ឋ​ខ្មែរក្រោម​ នៅ​លើ​ទឹកដី​កំណើត ។ លោក​បាន​បង្កើត​ទំព័រ​ហ្វេសប៊ុក ឈ្មោះ​ថា សិទ្ធិ​ការងារ​ខ្មែរក្រោម ដើម្បី​ផ្ដល់​ចំណេះដឹង​ពី​ច្បាប់​ការងារ​ ។ ទំព័រ​ហ្វេសប៊ុក​នោះ ក៏​បាន​ផ្ដល់​លេខ​ទូរស័ព្ទ សម្រាប់​ឱ្យ​កម្មករ​ខ្មែរក្រោម ដែល​រង​ការ​រំលោភ​បំពាន​ផ្សេងៗ ទាក់ទង ដើម្បី​ពិគ្រោះ​យោបល់​ស្វែងរក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ទាំងនោះ ​។ លោក​ក៏បាន​បង្កើត​ទំព័រ​ហ្វេសប៊ុក (Facebook) មួយ​ឈ្មោះ (ប្រទេសខ្មែរក្រោម​និង​បន្ថែម​ពាក្យ​ថា អង្គការ​អង្កេត​សិទ្ធិ​ខ្មែរ​ជនជាតិ​ដើម​ នៅ​កម្ពុជា​ក្រោម ។

លោក យឿង ខាយ ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃទី ​១០ តុលា ថា លោក​មិនបាន​ញុះញង់​ខ្មែរក្រោម ​ឲ្យ​ស្អប់​វៀតណាម​នោះ​ទេ ប៉ុន្តែ​ លោក​បាន​ផ្សព្វផ្សាយ​ឯកសារ និង​បទដ្ឋាន​ច្បាប់​អន្តរជាតិ​ផ្សេងៗ​ ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម ស្វែង​យល់ដឹង​ពី​សិទ្ធិ​ជា​ជនជាតិ​ដើម ដើម្បី​អាច​ឈាន​ទៅ ស្វែងរក​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួនឯង​ទៅ​ថ្ងៃ​អនាគត ៖ «យើង​យល់​ឃើញ​ថា ច្បាប់​ជនជាតិ​ដើម​យើង​វា​មាន​តម្លៃ​បង ពីព្រោះ​ជនជាតិ​ដើម​ពី​មុន​មក​មិន​សូវ​ចេះ​ច្បាប់ ​។ ប្អូន​សិក្សា​ហើយ​បាន​បោះ​ពុម្ព​ចែក​ចំលង​តាម​ភូមិសាស្ត្រ​នីមួយៗ​ ឲ្យ​គាត់​យល់​ពី​ច្បាប់​មាន​តម្លៃ​ពីព្រោះ​យើង​ជា​ម្ចាស់​ដី ដូច្នោះ​យើង​ត្រូវតែ​យល់​ពី​សិទ្ធិ​នេះ»

បច្ចុប្បន្ន​លោក យឿង ខាយ កំពុង​បន្ត​ជួយ​ផ្សព្វផ្សាយ និង​បោះពុម្ព​សៀវភៅ​ និង​ឯកសារ​ផ្សេងៗ​ សំដៅ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​យល់ដឹង​ពី​សិទ្ធិ​របស់​ពួកគេ​ ។ យុវជន​រូប​នេះ ក៏​ជួយ​ស្វែងរក​ជំនួយ ដើម្បី​ជួយ​ខ្មែរក្រោម​ ណា​ដែល​ខ្វះខាត​ជីវភាព ក្នុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ (Covid-19) ផង​ដែរ​ ។ លោក យឿង ខាយ ថា ទោះបី​វៀតណាម​គំរាមកំហែង​លោក​យ៉ាងណាក៏ដោយ ក៏​លោក​នៅតែ​បន្ត​ការងារ​របស់​លោក​ដោយ​គ្មាន​ការភ័យខ្លាច​នោះ​ទេ ៖ «ការងារ​យើង យើង​ធ្វើ​ធម្មតា​ពី​មុន​មក​ឥឡូវ​យើង​ធ្វើ​ដូច​មុន​បង​ ។ យើង​នៅតែ​បន្ត​បោះ​ពុម្ព​សៀវភៅ​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម ហើយ​បន្ត​ចែកចាយ»

ជុំវិញ​ការ​ចោទប្រកាន់​របស់​វៀតណាម​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​ចេតនា​បង្កើត​បញ្ហា​សន្តិសុខ​ជាតិ និង​បំបែកបំបាក់​ជាតិ​វៀតណាម​នោះ ព្រះ​ភិក្ខុ ស៊ឺង យ៉ឹងរតនា មាន​ថេរ​ដីកា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការ​ធ្វើ​ការងារ​លើក​ស្ទួយ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្មែរក្រោម ជា​ជនជាតិ​ដើម ស្រប​ច្បាប់ ៖ «អត់​មាន​ខុសច្បាប់​អ្វី​ទេ​ ។ នោះ​ជា​សិទ្ធិ​សេរីភាព​ចំពោះ​ពលរដ្ឋ​ខ្មែរ​ក្រោម​ជា​ម្ចាស់​ស្រុក​ជនជាតិ​ដើម ហើយ​រដ្ឋាភិបាល​វៀតណាម​តែងតែ​ចោទ​ពលរដ្ឋ​ខ្មែរ​ក្រោម​ក្តី និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ដែល​ទាមទារ​សិទ្ធិ​សេរីភាព​នៅ​លើ​ឆាក​អន្តរជាតិ​ហ្នឹង តែងតែ​ចោទ​ថា បំបែកបំបាក់​សិទ្ធិ​ប្រទេស​វៀតណាម​ជាដើម»

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការ​មិន​រក​ប្រាក់​កម្រៃ និង​ធ្វើ​ការងារ​ដោយ​អហិង្សា​តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​រាប់​លាន​នាក់ រស់​នៅ​លើ​ទឹកដី​កំណើត កំពុង​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម ។ សហព័ន្ធ​ត្រូវ​បាន​គេ​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ១៩៨៥ ដោយមាន​បេសកកម្ម ប្រើប្រាស់​មធ្យោបាយ​អហិង្សា​និង​ច្បាប់​អន្តរជាតិ តស៊ូ​មតិ ដើម្បី​ផ្តល់​សិទ្ធិ​សេរី និង​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួនឯង ដល់​ពលរដ្ឋ​ខ្មែរក្រោម ​។ របាយការណ៍​សហព័ន្ធ​ខ្មែរកម្ពុជាក្រោម​ ប្រចាំឆ្នាំ​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​ ២០២០ និង​ដើម​ឆ្នាំ​ ២០២១ អាជ្ញាធរ​វៀតណាម បាន​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​យុវជន​ខ្មែរក្រោម មិន​ឲ្យ​ផ្សព្វផ្សាយ​ប្រវត្តិសាស្ត្រ​ពិត​នៃ​ការបាត់បង់​ទឹកដី និង​សិទ្ធិ​ចែកចាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ ។ យុវជន​ខ្មែរក្រោម​មួយចំនួន ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ចាប់​ផាកពិន័យ​រាប់​រយ​ដុល្លារ និង​បាន​រឹបអូស​សៀវភៅ ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ជាដើម ។ ចំណែក​កសិករ​ខ្មែរក្រោម​ ដែល​ត្រូវ​អាជ្ញាធរ​រឹបអូស​យក​ដីស្រែ​កេរ្តិ៍​ដូនតា ក៏​ត្រូវ​តុលាការ​វៀតណាម​ កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រាប់​ឆ្នាំ​ទាំង​អយុត្តិធម៌​ផង​ដែរ ៕