ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ពលរដ្ឋ​ខ្មែរក្រោម​ខ្លះ មិន​ទទួលបាន​សិទ្ធិ​ពេញលេញ ដើម្បី​រស់នៅ​កម្ពុជា​

ដោយ ស៊ឺន ចែងចើន

​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម មាន​មូលដ្ឋាន​នៅ​កម្ពុជា បាន​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ដែលជា​ខួប​លើក​ទី ៧០ ឆ្នាំ ក្រោម​ប្រធានបទ «​ខ្មែរក្រោម ជា​ពលរដ្ឋ​ខ្មែរ​ស្របច្បាប់ នៅ​កម្ពុជា​» ។ កម្មវិធី​នេះ ប្រារព្ធ​ឡើង​នៅក្នុង​បរិវេណ​ផ្សារ​បុរី​រស្មី ភូមិ​ខ្សឹ​ង សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ដោយមាន​អ្នកចូលរួម​ជាង ១០០ នាក់ ។

ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ពលរដ្ឋ​ខ្មែរក្រោម​ខ្លះ មិន​ទទួលបាន​សិទ្ធិ​ពេញលេញ ដើម្បី​រស់នៅ​កម្ពុជា​ ។ រូបថតៈ ស៊ឺន ចែងចើន
ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ពលរដ្ឋ​ខ្មែរក្រោម​ខ្លះ មិន​ទទួលបាន​សិទ្ធិ​ពេញលេញ ដើម្បី​រស់នៅ​កម្ពុជា​ ។ រូបថតៈ ស៊ឺន ចែងចើន

​ទិវា​សិទ្ធិមនុស្ស ១០ ធ្នូ ដែល​បាន​រៀបចំឡើង នៅ​ថ្ងៃ​ព្រឹក​ទី ១០ ខែធ្នូ ២០១៨ នេះ មាន​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​សហការ​ជាមួយ​អង្គការ​ដៃគូរ​ចំនួន ២ រួមមាន អង្គការ​ក្រុមការងារ ដើម្បី​ដោះស្រាយ​ទំនាស់​ហៅ​កាត់ ACT អង្គការ​ការពារ​សិទ្ធិ​ជនជាតិភាគតិច (MIRO) ជាង និង​ពលរដ្ឋ​ខ្មែរក្រោម ប្រមាណ​ជា ១០០ នាក់ ដែល​កំពុង​រង​បញ្ហា​បដិសេធ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា ។ បើទោះជា​ពលរដ្ឋ​ខ្មេរ​ក្រោម​ទាំងនោះ មួយចំនួន​មាន​អត្តសញ្ញាណប័ណ្ណ​គំរូ​ចាស់​ហួស​សុពលភាព​ក៏ដោយ តែ​សមត្ថកិច្ច​នៅតែ​មិន​ព្រមធ្វើ​ជូន​ពលរដ្ឋ​ខ្មែរក្រោម​ឡើយ ដោយ​លើក​ហេតុផល​ថា ជួប​ការលំបាក​លើ​ទិដ្ឋភាព​ច្បាប់ ឬ​ពួកគាត់​ជា​ខ្មែរក្រោម ។​

​ខ្មែរក្រោម​មួយចំនួន ដែល​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា អះអាងថា កំពុង​ជួប​ការលំបាក​ដោយសារ​ពុំបាន​រស់នៅ​ដោយ​ស្មើ​សិទ្ធិ នឹង​ពលរដ្ឋ​ខ្មែរ​ទូទៅ​ឡើយ ។ មន្ត្រី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ក៏​អះអាងថា ខ្មែរក្រោម​ពិតជា​រស់នៅក្នុង​ស្ថានភាព​លំបាក និង​រំលោភសិទ្ធិ​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា ។​

​ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ខួប​លើក​ទី ៧០ នេះ លោក សឺ​ន ជុំ​ជួន អគ្គលេខាធិការដ្ឋាន​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ បាន​ឲ្យ​ដឹងថា ការរៀបចំ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ​ឡើង គឺ​ក្នុង​គោល​បំ​ណ​ផ្សព្វផ្សាយ​បញ្ជ្រាប​ការយល់ដឹង​អំពី​ច្បាប់ និង​លើកកម្ពស់​ការយល់ដឹង​អំពី​សិទ្ធិ​របស់ខ្លួន ។ ពិសេស គឺ​ផ្សព្វផ្សាយ​អំពី​នីតិវិធី និង​ច្បាប់​បទដ្ឋាន​នានា​ពាក់ព័ន្ធ នឹង​ការចុះបញ្ជី​សំបុត្រកំណើត ការធ្វើ​លិខិតបញ្ជាក់​កំណើត និង​ដំណើរការ​នៃ​ការធ្វើ​អត្តសញ្ញាណប័ណ្ណ ជាដើម ។​

លោក សឺ​ន ជុំ​ជួន (រូបឈរ) អគ្គលេខាធិការដ្ឋាន​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ។ រូបថតៈ ស៊ឺន ចែងចើន
លោក សឺ​ន ជុំ​ជួន (រូបឈរ) អគ្គលេខាធិការដ្ឋាន​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ។ រូបថតៈ ស៊ឺន ចែងចើន

​លោក សឺ​ន ជុំ​ជួន បានស្នើ​ទៅដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​ជួយ​អន្តរាគមន៍​ករណី​អត្តសញ្ញាណប័ណ្ណ​របស់​ព​ល​រដ្ឋ​ខ្មែរក្រោម រស់​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ដែល​នាពេល​កន្លងមក ពលរដ្ឋ​ខ្មែរក្រោម​នាំគ្នា​ទៅធ្វើ​បញ្ជីកំណើត សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់នៅ ឬ​ប្តូរ​អត្តសញ្ញាណប័ណ្ណ​ចាស់ ដែល​ផុតកំណត់ ហើយ​ត្រូវធ្វើ​ថ្មី​ឡើងវិញ ។ ប៉ុន្តែ ត្រូវបាន​ខាង​អាជ្ញាធរ​មូលដ្ឋាន ហាក់ដូច​មាន​ចេតនា​រើសអើង ចំពោះ​ពលរដ្ឋ​ខ្មែរក្រោម ដោយ​បដិសេធ​ក្នុង​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដល់​ពលរដ្ឋ​ខ្មែរក្រោម​នោះ ។​

​នៅក្នុង​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នោះដែរ ក៏មាន​ចែក​ឯកសារ​ច្បាប់​ជូន​ដល់​អ្នកចូលរួម ដែល​ពាក់ព័ន្ធ នឹង​រដ្ឋធម្មនុញ្ញ ច្បាប់​សញ្ជាតិ និង​លិ​ខិ​តូ​បក​រណ៍​ពាក់ព័ន្ធ​មួយចំនួនទៀត ទាក់ទិន​ទៅ នឹង​ច្បាប់​សញ្ជាតិ​ខ្មែរ នៅ​កម្ពុជា ។

​តាមរយៈ​វេទិកា​សិទ្ធិមនុស្ស​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខ្មែរក្រោម មានបំណង​ស្វែងរក​ដំណោះស្រាយ​ដ៏​ល្អជា​មួយ​អាជ្ញាធរ​មូលដ្ឋាន និង​ខ្មែរក្រោម ដើម្បី​ស្វែងយល់​ពី​អត្តសញ្ញាណ​ខ្មែរ នៅ​កម្ពុជា​ក្រោម ដោយមាន​ការចូលរួម​ពី​ពលរដ្ឋ​ខ្មែរក្រោម អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​មាន​សមត្ថកិច្ច ។ ជាងនេះទៅទៀត ក៏បាន​ស្នើ​ទៅកាន់​រដ្ឋាភិបាល​ក្នុងការ​ផ្តល់​សិទ្ធិ​ជា​ពលរដ្ឋ​ដើមកំណើត​ខ្មែរក្រោម​ស្របច្បាប់​នៅ​កម្ពុជា ដូចដែល​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាល​ព្រះអង្គ​នៅមាន​ព្រះជន្ម បានទទួល​ស្គាល់​សិទ្ធិ​មួយចំនួន មានដូចជា សិទ្ធិ​ទទួល​អត្ត​សញ្ញា​បណ្ណ បណ្ណគ្រួសារ សៀវភៅ​អាត្រា​នុ​កូ​ល​ដ្ឋា​ន និង​លិខិតឆ្លងដែន​ជាដើម ។

​គួរ​ជម្រាបជូន​ថា ព្រះ​បរម​រតន​កោដ្ឋ អតីតព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ ចេញ​សេចក្ដីថ្លែងការណ៍​មួយ កាលពី​ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០០៦ ថា នៅ​ក្នុងសម័យ​សង្គមរាស្ត្រនិយម ព្រះអង្គ និង​រាជរដ្ឋាភិបាល​សម័យ​នោះ បានផ្ដល់​ជូន​ជនរួមជាតិ​ខ្មែរ ដែលមាន​ដើមកំណើត នៅ​កម្ពុជា​ក្រោម ឲ្យ​ទទួលបាន​យ៉ាង​ពេញចិត្ត​ពេញ​ថ្លើម​នូវ​រាល់​សិទ្ធិ ដែល​ជនរួមជាតិ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឬ​កម្ពុជា​លើ ទទួល​អំពី​រាជរដ្ឋាភិបាល​សង្គមរាស្ត្រនិយម ។ ព្រះអង្គ​គាំទ្រ​សំណើ​ទាមទារ​សិទ្ធិ​មួយចំនួន​របស់​ជនរួមជាតិ​ខ្មែរ ដែលមាន​ដើមកំណើត​នៅ​កម្ពុជា​ក្រោម ដែល​លោក​ពុំទាន់​បានទទួល​មាន​ជាអាទិ៍ សិទ្ធិ​ទទួល​អត្តសញ្ញាណប័ណ្ណ ប័ណ្ណគ្រួសារ ការចុះបញ្ជី​សៀវភៅ​អត្រានុកូលដ្ឋាន និង​លិខិតឆ្លងដែន ។​ល​។​

​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប៉ាន់ប្រមាណ​ថា ពលរដ្ឋ​ខ្មែរក្រោម ដែល​កំពុង​រស់នៅ​លើទឹក​ដី​កម្ពុជា មាន​ប្រមាណ ១ លាន​នាក់ ។​

​ជារឿយៗ ក្រុម​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម តែង​ស្វេ​ង​រក​ឱកាស ដើម្បី​ជួបពិភាក្សា​ផ្ទាល់​ជាមួយ​មន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ពន្យល់​ពី​ការស្នើ​បង្កើត​ឲ្យ​មាន​បទដ្ឋាន​គតិយុត្តិ​ជាក់លាក់ សម្រាប់​ឋានៈ​ជា​ពលរដ្ឋ​របស់​ខ្មែរក្រោម ៕

ខាងក្រោមនេះ ជារូបថតខ្លះៗ នៃពិធីប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ២០១៨ ។ រូបថតៈ ស៊ឺន ចែងចើន

ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ពលរដ្ឋ​ខ្មែរក្រោម​ខ្លះ មិន​ទទួលបាន​សិទ្ធិ​ពេញលេញ ដើម្បី​រស់នៅ​កម្ពុជា​ ។ រូបថតៈ ស៊ឺន ចែងចើន
ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ពលរដ្ឋ​ខ្មែរក្រោម​ខ្លះ មិន​ទទួលបាន​សិទ្ធិ​ពេញលេញ ដើម្បី​រស់នៅ​កម្ពុជា​ ។ រូបថតៈ ស៊ឺន ចែងចើន

លោក សឺ​ន ជុំ​ជួន (រូបឈរ) អគ្គលេខាធិការដ្ឋាន​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ។ រូបថតៈ ស៊ឺន ចែងចើន
លោក សឺ​ន ជុំ​ជួន (រូបឈរ) អគ្គលេខាធិការដ្ឋាន​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ។ រូបថតៈ ស៊ឺន ចែងចើន