ដោយ សន ចាន់រដ្ឋា | RFA Khmer
អតីតព្រះសង្ឃខ្មែរក្រោម ប៉ាង សុដា ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារព្រៃស ក្រោយអាជ្ញាធរចាប់ផ្សឹក និងបាត់ដំណឹងជិតពីរសប្ដាហ៍ ។ សមាគមខ្មែរកម្ពុជាក្រោម ដែលតាមដានដំណើររឿងនេះ ឲ្យដឹងថា ការចាប់ឃុំអតីតសង្ឃរូបនេះ ពាក់ព័ន្ធការចោទប្រកាន់ថា រារាំងវិធានបង្ការជំងឺកូវីដ-១៩ និងមិនបានអនុត្តតាមសន្យាជាមួយសមត្ថកិច្ច ។

សមាគមខ្មែរកម្ពុជាក្រោម ចាត់ទុកករណីឃុំខ្លួនអតីតសង្ឃខ្មែរក្រោម អន្ទឹត ប៉ាង សុដា ជាករណីគំរាមកំហែងជាជាងការអនុវត្តផ្លូវច្បាប់ ។ សមាគមក៏ត្រៀមផ្តល់មេធាវី ដើម្បីជួយការពារក្ដីដល់អតីតព្រះចៅអធិការវត្ត វង្សគតបុរីសេរីភ្នំពេញ ខេត្តកំពង់ចាម អន្ទឹត ប៉ាង សុដា បើសាមីខ្លួន ឬគ្រួសារស្នើសុំ ។
លេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោម លោក ប៊ុន មុនី ឲ្យដឹងនៅថ្ងៃទី ១៥ ខែកញ្ញាថា ការចាប់ខ្លួនអតីតសង្ឃខ្មែរក្រោម រូបនេះ ជាប់ព័ន្ធនឹងករណីសង្ស័យពីរ គឺសមត្ថកិច្ចក្រុងភ្នំពេញចោទប្រកាន់ថា លោក ប៉ាង សុដា មិនបានធ្វើតាមការសន្យាជាមួយសមត្ថកិច្ច ។ លោកបន្តថា ករណីមួយទៀតសមត្ថកិច្ចចោទប្រកាន់លោក ប៉ាង សុដា ថា បានរារាំងវិធានបង្ការការពារការរាតត្បាតជំងឺកូវីដ-១៩ របស់សមត្ថកិច្ច ។ លោកឲ្យដឹងទៀតថា ការចាប់ខ្លួនអតីតសង្ឃ ប៉ាង សុដា កើតឡើងក្នុងទឹកដីរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែកញ្ញា៖ «គេផ្ដាំថា កុំឲ្យបិទទូរស័ព្ទហ្នឹងឲ្យសោះ ទុកទំនាក់ទំនងគ្នា ប៉ុន្តែ គាត់ (លោក ប៉ាង សុដា) ក៏បិទទូរស័ព្ទហ្នឹងទៅហើយ ចឹងធ្វើឲ្យកើតឡើងក្រោយ ដូច្នេះ គេលែងហើយ ប៉ុន្តែ មិនអនុវត្តទៅតាមការស្នើរបស់គេ ដល់ចឹងកាលពីថ្ងៃម្សិលមិញ បានគេសាកសួររឿងរ៉ាវ គេបញ្ជូនទៅព្រៃស» ។
លោក ប៊ុន មុនី ប្រាប់វិទ្យុអាស៊ីសេរីទៀតថា សមាគមន៍ខ្មែរកម្ពុជាក្រោម បានទាក់ទងទៅសាច់ញាតិលោក ប៉ាង សុដា ពីការផ្ដល់មេធាវីជួយការពារក្ដី ប៉ុន្តែ សាច់ញាតិអតីតសង្ឃរូបនេះ នៅស្ទាក់ស្ទើរមិនទាន់ឆ្លើយបែបណា នៅឡើយទេ ដោយប្រាប់ថា ពេលនេះ ពួកគេកំពុងពឹងពាក់ថ្នាក់លើម្នាក់ឲ្យជួយសម្រួលរឿងនេះ៖ «ពួកខ្ញុំបានត្រៀមលក្ខណៈហើយអស់ថា នឹងជួយគាត់យើងមានមេធាវីខ្មែរក្រោមស្រាប់ហ្នឹង ប៉ុន្តែ គ្រួសារគាត់ឆ្លើយចឹងមកយើងមានការខកចិត្ត ប៉ុន្តែមិនខកចិត្តអីខ្លាំងក្លាទេ គ្រាន់តែថា យើងត្រៀមអស់ហើយ ប៉ុន្តែ ដល់ចំលើយមកពីគ្រួសារគាត់ថា បានទំនាក់ទំនងជាមួយថ្នាក់លើណាមួយជួយសម្រួលការងារលោកគ្រូហ្នឹងហើយ» ។
វិទ្យុអាស៊ីសេរី បានព្យាយាមសុំការបំភ្លឺពីប្អូនប្រុសលោក ប៉ាង សុដា ប៉ុន្តែ មិនទទួលបានការឆ្លើយតបទេ ។ រីឯមេធាវីខ្មែរក្រោម លោក ស៊ឺន ជុំជួន ប្រាប់ថា ក្នុងនាមលោកជាខ្មែរក្រោម ដូចគ្នា លោកត្រៀមខ្លួនជានិច្ចក្នុងការជួយការពារក្ដីដល់អន្ទឹត ប៉ាង សុដា ប៉ុន្តែ គិតមកដល់ថ្ងៃទី ១៥ ខែកញ្ញា លោកមិនទាន់ទទួលបានសំណើពីជនជាប់ឃុំ និងសាច់ញាតិនៅឡើយទេ ។
ទាក់ទងករណីឃុំខ្លួននេះដែរ អ្នកនាំពាក្យនគរបាលរាជធានី ភ្នំពេញលោក សាន សុខសីហា និយាយថា គ្មានករណីឃុំខ្លួននេះទេ៖ «ខ្ញុំអត់ដឹងទេ តែខ្ញុំដឹងថា អត់មាន បើសិនជាមានខ្ញុំទទួលបានព័ត៌មាន» ។
ទោះមានការអះអាងបែបនេះ ពីលោក សាន សុខសីហា ក្តី ប៉ុន្តែ ក្រុមការងារសហគមន៍ខ្មែរកម្ពុជាក្រោម សុទ្ធតែលើកឡើងដូចៗ គ្នាថា អន្ទឹត ប៉ាង សុដា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងយកទៅឃុំនៅពន្ធនាគារព្រៃសហើយ ។
វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺបន្ថែម ពីអ្នកនាំពាក្យពន្ធនាគារលោក នុត សវនា បានទេនៅថ្ងៃទី ១៥ ខែកញ្ញា ។
លោក ប៉ាង សុដា ត្រូវបានមន្ត្រីសង្ឃខេត្តកំពង់ចាម ចាប់ផ្សឹក និងបញ្ជូនមកសាកសួរបន្តនៅភ្នំពេញ ក្នុងក្រសួងមហាផ្ទៃកាលពីថ្ងៃទី ២ ខែកញ្ញា ។ ដំបូងឡើយអាជ្ញាធរចោទប្រកាន់ថា លោកបានល្មើសវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ប៉ុន្តែ ចុងក្រោយលោក ប៉ាង សុដា ប្រាប់ប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន ថា លោកបានប្រព្រឹត្តអសីលធម៌ប៉ះពាល់ដល់ព្រះពុទ្ធសាសនាទៅវិញ ។ ទោះបីជាយ៉ាងនេះក្តី សង្គមស៊ីវិលថា ការសារភាពនេះ ហាក់បីធ្វើឡើងដោយការបង្ខំ និងជាការរៀបចំទុកជាមុន ។
អតីតសង្ឃខ្មែរក្រោម លោក ប៉ាង សុដា ជាព្រះចៅអធិការវត្ត វង្សគតបូរីសេរីភ្នំពេញថ្មី ខេត្តកំពង់ចាម តាំងពីឆ្នាំ ១៩៩៥ រហូតដល់ថ្ងៃចាប់ផ្សឹក ។ ក្រៅពីជាចៅអធិការវត្តព្រះអង្គក៏ជាទីប្រឹក្សា និងធម្មទូតសម្តេចព្រះសង្ឃរាជ នន្ទ ង៉ែត ទៀតផង ។ ក្រៅពីការងារសាសនា ព្រះអង្គក៏សកម្មនឹងការងារសង្គមដោយឧបត្ថម្ភថវិកា ស្បៀងអាហារ និងសម្ភារៈដល់ពលរដ្ឋក្រីក្រជាដើម ។
ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំកម្ពុជាលោក តាំង សារៈ ប្រាប់ថា ពេលនេះ សហព័ន្ធរបស់លោករង់ចាំមើលចំណាត់ការរបស់តុលាការសិន ។ លោកថា បើសិនតុលាការមិនផ្ដល់យុត្តិធម៌លើរឿងនេះ ខាងសហព័ន្ធនឹងធ្វើអន្តរាគមន៍ ៕