ដោយ យន់ សាមៀន | RFA Khmer
អង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ស្នើឱ្យរដ្ឋាភិបាលវៀតណាម ដោះលែងពលរដ្ឋខ្មែរក្រោមម្នាក់ ដែលកំពុងជាប់ឃុំ និងឈប់ធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ដទៃទៀត ដែលប្រើប្រាស់បណ្ដាញសង្គម ដើម្បីបញ្ចេញមតិ ។ សំណើនេះ ធ្វើឡើងស្របពេល ដែលក្រសួងការបរទេសអាមេរិក ក៏រកឃើញដែរថា អាជ្ញាធរវៀតណាម កំពុងបំបិទសិទ្ធិសេរីភាពផ្នែក អ៊ីនធឺណិត របស់ពលរដ្ឋខ្មែរក្រោមផងដែរ ។

នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី ១៣ មិថុនា ថា អាជ្ញាធរវៀតណាម កំពុងប្រើប្រាស់លេសគ្រប់យ៉ាង ដើម្បីធ្វើបាបពលរដ្ឋខ្មែរក្រោមណា ដែលហ៊ានរិះគន់រដ្ឋាភិបាលវៀតណាម តាមរយៈបណ្ដាញសង្គម ។ ការលើកឡើងនេះ ដោយសារតែរដ្ឋាភិបាលវៀតណាម កាលពីពេលថ្មីៗ នេះ ទើបតែបានផាកពិន័យប្រាក់យ៉ាងធ្ងន់ធ្ងរទៅលើយុវជនខ្មែរក្រោមពីរនាក់ ដោយសារតែម្នាក់ហ៊ានរិះគន់ ករណីវៀតណាមចែកអង្ករអត់គុណភាពដល់ខ្មែរក្រោម និងម្នាក់ទៀតរឿងចែកចាយព័ត៌មាន ពីសហព័ន្ធខ្មែរកម្ពុជាក្រោម ជុំវិញខួបបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម លើកទី ៧១ ឆ្នាំ កាលពីថ្ងៃទី ៤ មិថុនា កន្លងទៅ៖ «ទាំងនេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់ថា វៀតណាមតាមដានយ៉ាងយកចិត្តទុក្ខដាក់ ចំពោះការប្រើប្រាស់បណ្ដាញសង្គមរបស់ពលរដ្ឋទូទៅ ហើយវៀតណាមប្រើប្រាស់ច្បាប់ដ៏តឹងរ៉ឹងរបស់គេ ដើម្បីផ្ដន្ទាទោសនរណា ដែលហ៊ាន រិះគន់រដ្ឋាភិបាល ។ បច្ចុប្បន្ននេះបណ្ដាញសង្គម (Facebook) បានក្លាយជាជម្រើសដ៏សំខាន់មួយដែលគេប្រើប្រាស់ ដើម្បីទាក់ទងគ្នា និងចែកចាយព័ត៌មានអំពីព្រឹត្តិការណ៍កើតឡើងនៅប្រទេសវៀតណាម ។ ខ្ញុំគ្មានអ្វីភ្ញាក់ផ្អើលនោះទេ ដែលអាជ្ញាធរវៀតណាម ផ្ដន្ទាទោសខ្មែរក្រោម ដោយសារតែការបញ្ចេញមតិ ។ ការផ្តន្ទាទោសនេះ ជាការំលោភសេរីភាពនៃការបញ្ចេញមតិ ។ ពលរដ្ឋខ្មែរក្រោមទាំងនោះ មិនត្រូវរងការចោទប្រកាន់ទាំងនោះទេ ។ តាមពិតអាជ្ញាធរវៀតណាមវិញទេ ដែលត្រូវបកស្រាយពីបញ្ហាអ្វីដែលកើតមាន ។ ដូចជាករណី មានការចោទប្រកាន់ថា អង្ករដែលវៀតណាមចែកឱ្យខ្មែរក្រោម នោះគ្មានគុណភាពជាដើម ។ ការចោទប្រកាន់ទាំងនោះ អាចជាប់ពាក់ព័ន្ធ នឹងករណីអំពើពុករលួយ ឬក៏អាចជាបញ្ហារបស់មន្ត្រីថា្នក់ក្រោម ដែលត្រូវតែត្រួតពិនិត្យ ។ ករណីផ្សេងទៀត ខ្មែរក្រោមខ្លះ បានលើកយកព័ត៌មាន ស្ដីពីសហព័ន្ធខ្មែរក្រោមមកនិយាយ អាជ្ញាធរវៀតណាមមិនត្រូវធ្វើទុកបុកម្នេញពលរដ្ឋខ្មែរក្រោម ដោយសារតែពួកគេស្រង់សំដី របស់អង្គការនៅក្រៅប្រទេស មកនិយាយនោះទេ» ។
លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) បន្តទៀតថា ការបន្តធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម ពីសំណាក់អាជ្ញាធរវៀតណាមនេះ ដោយសារតែវៀតណាម រើសអើងពូជសាសន៍ខ្មែរ និងខ្លាចខ្មែរក្រោម ទាមទារបំបែករដ្ឋទៅថ្ងៃអនាគត៖ «អាជ្ញាធរវៀតណាម បានគាបសង្កត់ពលរដ្ឋខ្មែរក្រោម អស់ជាច្រើនទសវត្សហើយ ។ វៀតណាមចាត់ទុកខ្មែរក្រោមថា ជាក្រុមមនុស្សមិនស្មោះត្រង់ នឹងវៀតណាម ។ វៀតណាមរើសអើង នឹងខ្មែរក្រោម ដោយសារតែពូជសាសន៍ ភាសា និងសាសនា ខុសប្លែកនឹងជនជាតិវៀតណាម ។ ពលរដ្ឋទាំងនោះ មិនគួរត្រូវគេចាប់ខ្លួនដាក់ពន្ធនាគារ ឬផាកពិន័យ ដោយសារតែការប្រើប្រាស់សិទ្ធិបញ្ចេញមតិនោះទេ ។ នេះជាឧទាហរណ៍មួយ ដែលវៀតណាមប្រើប្រាស់អំណាចរបស់ខ្លួនដើម្បីបំបិទសិទ្ធិរបស់ពលរដ្ឋខ្មែរក្រោម ។ ជារៀងរាល់ពេល ខ្មែរក្រោមតែងទទួលរងការរំលោភបំពានទាំងនេះ ពីសំណាក់អាជ្ញាធរវៀតណាម ដោយសារតែខ្មែរត្រូវគេរើសអើង ហើយអាជ្ញាធរសង្ស័យពួកគេចង់ បំបែករដ្ឋ ចេញពីប្រទេសវៀតណាម ។ អាជ្ញាធរវៀតណាម តែងតែស្វែងរកលេសគ្រប់យ៉ាង ដើម្បីចាប់ខ្មែរកម្ពុជាក្រោមដាក់ពន្ធនាគារ» ។
ខ្មែរក្រោម នៅជុំវិញពិភពលោក ទើបប្រារព្ធខួបបាត់បង់ទឹកដីខ្មែរក្រោមលើកទី ៧១ ឆ្នាំ ដែលបារាំង បានកាត់ទឹកដីខ្មែរក្រោមទាំងខុសច្បាប់ទៅឱ្យវៀតណាម កាលពីឆ្នាំ ១៩៤៩ ។ ក្នុងទិវាបាត់បង់ទឹកដីនោះ សហគមន៍ខ្មែរកម្ពុជាក្រោម ប្រកាសស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជា ប្តឹងទៅតុលាការអន្តរជាតិទាមទារដីខ្មែរពីវៀតណាមមកវិញ និងទាមទារសិទ្ធិជាម្ចាស់ដើមកំណើត ដើម្បីអាចមានសិទ្ធិស្វ័យសម្រេចវាសនាដោយខ្លួនឯងទៅថ្ងៃអនាគត ។
ស្របពេលមានសំណើពីអង្គការសិទ្ធិមនុស្សអន្តរជាតិនេះដែរ ក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏បានបញ្ចេញរបាយការណ៍ស្ដីពីសេរីភាពសាសនា កាលពីសប្ដាហ៍មុន ដោយរកឃើញថា ពេញមួយឆ្នាំ កាលពីឆ្នាំ ២០១៩ វៀតណាម បានប្រើប្រាស់ច្បាប់សន្តិសុខ ផ្នែកអ៊ីនធឺណិត ជាលេសក្នុងពេលចាប់ខ្លួន និងសួរចម្លើយ ពលរដ្ឋខ្មែរក្រោម ។ របាយការណ៍បន្តថា ខ្មែរក្រោមបានរងគ្រោះ ដោយសារពួកគេប្រើប្រាស់បណ្ដាញសង្គម ចែកចាយព័ត៌មានរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ។ ក្រសួងការបរទេសសហរដ្ឋអាមេរិកថា សហព័ន្ធខ្មែរក្រោម អះអាងថា វៀតណាមចោទប្រកាន់សហព័ន្ធថា ជាក្រុមបំបែករដ្ឋ ប៉ុន្តែសហព័ន្ធខ្មែរកម្ពុជាក្រោម ជាអង្គការធ្វើការងារ ដើម្បីសេរីភាពផ្នែក សាសនា និងសិទ្ធិមនុស្ ស។ ក្រសួងការបរទេសអាមេរិកក៏រកឃើញថា ព្រះសង្ឃខ្មែរក្រោម ក៏ត្រូវបានវៀតណាម បង្ខំឱ្យចូលធ្វើទាហាន ដោយមិនអាចប្រកែកបាន ទោះបីប្រទេសវៀតណាម មិនមានសង្គ្រាមក៏ដោយ ។
ដោយឡែក ករណីបញ្ហាដីធ្លី នៅកម្ពុជាក្រោមវិញ កាលពីដើមខែ មិថុនានេះ មានពលរដ្ឋខ្មែរក្រោមម្នាក់ ត្រូវបានសមត្ថកិច្ចវៀតណាម ប្រើប្រាស់ហិង្សា វាយ និងចាប់ខ្លួន ហើយកំពុងជាប់ឃុំឃាំងមិនឱ្យជួបសាច់ញាតិ និងគ្មានមេធាវីការពារក្ដីរហូតមកទល់ពេលបច្ចុប្បន្ននេះ ។ ពលរដ្ឋខ្មែរក្រោម រូបនោះ ជាអ្នកស៊ីឈ្នួលធ្វើដី ដើម្បីឱ្យពលរដ្ឋខ្មែរក្រោមផ្សេងទៀតធ្វើស្រែចម្ការ មុនពេលអាជ្ញាធរវៀតណាមរឹបអូសយក កាលពីចុងខែឧសភា បណ្ដាលឱ្យផ្ទុះអំពើហិង្សា ។
លោក ហ្វ៊ីល រ៉ូប៊ើតសុន លើកឡើងថា ករណីនេះបង្ហាញថា អាជ្ញាធរវៀតណាម គ្មានសមត្ថភាពដោះស្រាយវិបត្តិដីធ្លី ហើយពេលខ្លះមន្ត្រីពុករលួយ រឹបអូសដីធ្លីពលរដ្ឋ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន៖ «បញ្ហាសិទ្ធិដីធ្លី និងកម្មសិទ្ធិដីធ្លី កំពុងកើតឡើងជាបន្តបន្ទាប់នៅវៀតណាម ដោយសារតែអាជ្ញាធរគ្មានសមត្ថភាពដោះស្រាយ ។ ដូចលោកដឹងហើយថា នៅវៀតណាម ដីទាំងអស់ ជាកម្មសិទ្ធិរបស់រដ្ឋ ។ យើងឃើញជាញឹកញយថា មន្ត្រីពុករលួយប្រើប្រាស់អំណាចនេះ ដើម្បីរឹបអូសយកដីធ្លីពលរដ្ឋ តាមតែចិត្តគេចង់បាន ។ ក្នុងករណីដែលខ្មែរក្រោម តវ៉ាប្រឆាំងការរឹបអូសយកដីធ្លីរបស់ពួកគេ វៀតណាមត្រូវតែស្ដាប់ការតវ៉ារបស់គេ ។ អាជ្ញាធរវៀតណាម មិនត្រូវធ្វើទុក្ខបុកម្នេញ ឬក៏ចាប់ខ្លួនពួកគេនោះទេ ។ អាជ្ញាធរក៏មិនត្រូវឃុំខ្លួនខ្មែរក្រោម មិនឱ្យជួបមុខមនុស្ស និងមេធាវីដែរ ។ បញ្ហាដែលកើតមានឡើងនោះ គឺថា ច្បាប់ព្រហ្មទណ្ឌវៀតណាម អនុញ្ញាតឱ្យប៉ូលិស រារាំងមិនឱ្យមេធាវី អាចជួបកូនក្តីរបស់ពួកគេបានរហូតដល់ការស៊ើបអង្កេតរបស់ប៉ូលិសបញ្ចប់ ។ ជារឿយៗ យើងឃើញថា ពេលជនសង្ស័យឋិតក្នុងការឃុំខ្លួនរបស់ប៉ូលិស សមត្ថកិច្ចតែងធ្វើទារុណកម្មពួកគេ ។ ខ្ញុំបារម្ភថា ខ្មែរក្រោមរូបនេះ ដែលកំពុងរងការឃុំខ្លួន អាចនឹងរងការធ្វើទារុណកម្ម ។ សមត្ថកិច្ចត្រូវតែដោះលែងគាត់ជាបន្ទាន់។ ប្រសិន គាត់ប្រព្រឹត្តបទល្មើសហិង្សា ធ្ងន់ធ្ងរនោះ ជាករណីផ្សេង ប៉ុន្តែបើគាត់គ្រាន់តែតវ៉ារឿងដីធ្លីនោះ អាជ្ញាធរវៀតណាមមិនត្រូវចាប់ខ្លួនគាត់នោះទេ» ៕
លោក ហ្វ៊ីល រ៉ូប៊ើតសុន លើកឡើងថា ខ្មែរក្រោម នឹងពិបាកស្វែងរកយុត្តិធម៌ និងដំណោះស្រាយ ពីអាជ្ញាធរវៀតណាមណាស់ ដោយសារតែរដ្ឋាភិបាលកុម្មុយនិស្តវៀតណាម មានចរិតពីធម្មជាតិមក គឺធ្វើបាបពលរដ្ឋខ្លួនឯង និងមានប្រវត្តិរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ។ ប៉ុន្តែ លោកថា ខ្មែរក្រោម កំពុងរស់នៅលើទឹកដីកំណើតរបស់ពួកគេ អាចងើបឡើងទាមទារសិទ្ធិសេរីភាព និងតស៊ូមតិ តាមរយៈសហព័ន្ធខ្មែរកម្ពុជាក្រោម និងអង្គការផ្សេងទៀតដើម្បីបន្លឺសំឡេងទាមទាររកយុត្តិធម៌ ប្រឆាំងការចាប់ខ្លួនដោយខុសច្បាប់ ការធ្វើទារុណកម្ម និងការរើសអើងជាដើម ។ លោកថា ខ្មែរក្រោមត្រូវតែផ្សព្វផ្សាយជាសាធារណៈករណីរំលោភបំពានទាំងនោះ ឱ្យគេឯងដឹងលឺ រហូតដល់វៀតណាមដឹងថា សហគមន៍អន្តរជាតិកំពុងតាមដានទង្វើរបស់ខ្លួនទៅលើពលរដ្ឋខ្មែរក្រោម និងបញ្ឈប់ការរំលោភបំពានទាំងនោះ ៕