ដោយ គឹម សាវតា
ក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា សំណង់ផ្ទះល្វែង និងបុរីជាច្រើន បានរីកដុះដាល ដោយ មានការសាងសង់ ជា បន្តបន្ទាប់ ប៉ុន្តែ សម្រាប់ពលរដ្ឋខ្មែរក្រោម ច្បាស់ជាចាំច្បាស់ជាងគេ គឺបុរីមួយឈ្មោះថា បុរីព្រៃនគរ ព្រោះថាបុរីមួយនេះ ប្រមូលផ្តុំដោយពលរដ្ឋខ្មែរក្រោម ជាច្រើនគ្រួសាររស់នៅ និងមានអង្គការ សមាគមខ្មែរកម្ពុជាក្រោម មួយចំនួន ក៏បានបោះទីតាំង នៅទីនោះផងដែរ ។ តើបុរីព្រៃនគរ មានទីតាំង នៅកន្លែងណា? និងថាតើ បុរីដែលភាគច្រើនមានពលរដ្ឋខ្មែរក្រោមរស់នៅនោះ មានប្រវត្តិយ៉ាងណា? ។

លោក អៀង កុសល គឺជាពលរដ្ឋខ្មែរក្រោមមួយរូប ដែលបានចាកចេញពីស្រុកកំណើត ក្នុងខេត្តព្រះត្រពាំងមកនៅប្រទេសកម្ពុជា តាំងពីឆ្នាំ ១៩៨៣ ដោយមករស់នៅ ក្នុងរាជធានីភ្នំពេញ ។ តែរស់នៅបាន ១ ឆ្នាំ លោកក៏បានទៅរស់នៅក្នុងជំរំជនភៀសខ្លួនមួយ នៅព្រំដែនកម្ពុជា-ថៃ ។ លុះដល់ឆ្នាំ ១៩៩៣ លោក បានវិលមករស់នៅទីក្រុងភ្នំពេញវិញ ដោយមានតួនាទីជាមន្ត្រីយោធា ។ ការរស់នៅរបស់លោកហាក់ដូចជា មិនមានកន្លែងស្នាក់អាស្រ័យជាក់លាក់នោះទេ រហូតមកដល់ឆ្នាំ ២០០៥ លោកអាចមានទីលំនៅច្បាស់លាស់ ក្នុងរាជធានីភ្នំពេញនោះ គឺលោកបានទិញដី ដែលសហគមន៍លក់ជូនពលរដ្ឋខ្មែរក្រោម ក្នុងតម្លៃសមរម្យអាចឲ្យលោកមានលទ្ធភាព ។ កន្លែងដែលលោកទិញដីនោះ មានឈ្មោះថា បុរីព្រៃនគរ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោក អៀង កុសល «២០០៥ ខ្ញុំមករស់នៅទឹកដីហ្នឹងហើយ តាមពិតខ្ញុំធ្វើ ខ្ញុំចាប់ផ្ដើមរៀបចំសន្សំលុយ ម្ដងបន្តិច ម្ដងបន្តិច យកមកធ្វើផ្ទះថ្មតែម្ដង» ។
បុរសវ័យជាង ៦០ ឆ្នាំរូបនេះ បន្តថា នៅពេលដែលលោកមករស់នៅក្នុងបុរីព្រៃនគរនេះ គឺមានអារម្មណ៍កក់ក្ដៅដោយសារតែពេលលោកមករស់នៅ គឺភាគច្រើនអ្នកដែលរស់នៅទីនោះ គឺជាពលរដ្ឋដែលមកពីដែនដីកម្ពុជាក្រោម ដូចគ្នា ។
លោក អៀង កុសល «មិនអីទេ សុទ្ធតែគ្នាយើង រស់នៅត្រឹមត្រូវអត់មានភ័យខ្លាច ហើយទី ១ ទៀត ក្មេងទំនើងអីក៏អត់មាន ហើយចោរលួចចោរប្លន់អីក៏អត់សូវ គឺរស់នៅសុខសាន្តតាំងពីហ្នឹងមករហូត» ។

បុរសដែលមានសម្បុរស មាឌធំរូបនេះបន្ថែមថា ក្រោយពីលោកបានចេញពីស្រុកកំណើត ក្នុងខេត្តព្រះត្រពាំង ហើយមករស់នៅលើទឹកដីនៃប្រទេសកម្ពុជានេះ គឺលោកមិនមានដី ឬ កេរដំណែលអ្វីនៅដែនដីកម្ពុជាក្រោមនោះទេ ហើយលោកបានចាត់ទុកផ្ទះ នៅក្នុងបុរីព្រៃនគរនេះ គឺដូចជាស្រុកកំណើតរបស់លោក ព្រោះលោកនឹងមិនត្រឡប់ទៅរស់ស្រុកកំណើតវិញដែរ គឺរស់នៅក្នុងបុរី ដែលសំបូរពលរដ្ឋខ្មែរក្រោមរស់នៅនេះ ជារៀងរហូត ។
លោក អៀង កុសល «ខ្ញុំអត់មានទេ អត់មានគិតថាចាកចេញទៅណាទៀតទេ ដោយសារអី កន្លែងខ្ញុំហ្នឹងគឺរស់នៅដោយសុខសាន្ត តាំងពីផ្លូវច្បាប់ តាំងពីអីស្រួល ខ្ញុំអត់មានគិតចង់ចាកចេញទេ ពិតមែនតែផ្ទះខ្លីតូច ក៏ខ្ញុំអត់ចង់ចេញទៅណាផ្សេងទៀតទេ» ។
ផ្ទះក្នុងបុរីព្រៃនគរនេះ ភាគច្រើនជាផ្ទះថ្ម មានទទឹងជាង ៤ ម៉ែត្រ និងបណ្ដោយប្រហែល ១០ ម៉ែត្រ និងមានផ្លូវខ្លះក្រាលបេតុង និងខ្លះទៀតក្រាលថ្ម និងមានអង្គការសមាគម ខ្មែរកម្ពុជាក្រោម ចាំជួយគាំពារដល់ការរស់នៅរបស់ពលរដ្ឋខ្មែរក្រោម ផងដែរ ។
អ្នកស្រី កង រែក ពលរដ្ឋខ្មែរក្រោមមួយរូបទៀត ដែលរស់នៅក្នុងបុរី ព្រៃនគរ ដែរនោះ បានប្រាប់អ្នកយកព័ត៌មាន វិទ្យុសំឡេងកម្ពុជាក្រោម ដែរថា ដំបូងឡើយ អ្នកស្រីរស់នៅសំណង់អនាធិបតេយ្យមួយ នៅម្ដុំមន្ទីរពេទ្យព្រះកុសុមៈ ឬហៅថាពេទ្យលោកសង្ឃ ប៉ុន្តែ ដោយពិបាករស់នៅ ហើយអ្នកស្រីបានដឹងថា មានពលរដ្ឋខ្មែរក្រោមច្រើនរស់នៅក្នុង បុរីព្រៃនគរ នេះ អ្នកស្រីក៏បានសន្សំប្រាក់ទិញដី ដើម្បីធ្វើផ្ទះក្នុងបុរីនេះផងដែរ ។
អ្នកស្រី កង រែក «ដូចថាជួយសម្រុះសម្រួល ដូចថាយើងខ្មែរកម្ពុជាក្រោមទាំងអស់គ្នាអីចឹង ស្រុះស្រួលគ្នារកស៊ី ជួបជុំគ្នាសប្បាយអរអីចឹង ធ្វើកម្មវិធីអីម្យ៉ាងៗ មានកម្ពុជាក្រោមមកអ៊ូអរសប្បាយ» ។

លោក សឺន យឿង ប្រធានសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ដែលជាអ្នករៀបចំបង្កើតបុរីព្រៃនគរដំបូងបង្អស់បានបញ្ជាក់ប្រាប់ថា ៖ «នៅទីនេះ ដែលយើងខ្ញុំដាក់ឈ្មោះថា សហគមន៍ឥតលំនៅដ្ឋានដោយសារតែបងប្អូនយើង (ខ្មែរក្រោម) សុទ្ធតែនៅផ្ទះជួល យើងអត់មានផ្ទះ ដូចបងប្អូនមួយចំនួនដែល នៅតាមចិញ្ចើមផ្លូវ គាត់នៅតែផ្ទះជួយអីចឹង ក៏យើងរួមមតិគ្នាមក បង្កើតជាសហគមន៍ ដែលដាក់ឈ្មោះថា សហគមន៍ឥតលំនៅដ្ឋាន ។ ក្រោយពីនោះ យើងក៏សន្សំប្រាក់ទៅតាមគោលការណ៍របស់អង្គការ សមាគមយើងហ្នឹង ក្រោយមកយើងបានទិញដីនៅកន្លែងនេះ ៥ ហិចតានៅឆ្នាំ ២០០០ ហ្នឹង ហើយយើងក៏រៀបចំរចនាសម្ព័ន្ធ នៅទីនេះ ដោយមាន URC (អង្គការ) គាត់អ្នកជួយគូសប្លង់ សម្រាប់ឲ្យយើង ហើយយើងសហការជាមួយសាលាក្រុងដើម្បីជួយដល់ប្រជាពលរដ្ឋយើង ដែលឥតលំនៅដ្ឋាន គាត់អត់មានផ្ទះហ្នឹង គាត់មានលទ្ធភាព ដើម្បីទិញដីហ្នឹងសាងសង់ផ្ទះ» ។
លោក សឺន យឿង បន្តថា បន្ទាប់ពីរៀបចំហេដ្ឋារចនាសម្ព័ន្ធ លើដីចំនួន ៥ ហិកតារនេះ គឺបែងចែកបានដីឡូត៍ចំនួន ៧៦០ ឡូត៍ស្មើនឹង ៧៦០ គ្រួសារ ដោយលក់ជូនពលរដ្ឋខ្មែរក្រោមក្នុងតម្លៃ ១៦៥ ដុល្លាសហរដ្ឋអាមេរិកក្នុងមួយឡូត៍ ក្រោយមកទៀតក៏រៀបចំចាក់ដីបំពេញ ព្រោះតំបន់នោះ ជាតំបន់លិចទឹក ។
លោក សឺន យឿង «ដល់ពេលយើងរៀបចំគណៈកម្មការ និងបងប្អូនប្រជាពលរដ្ឋ រកឈ្មោះថា យើងដាក់ថាយ៉ាងម៉េចនៅកន្លែងនេះ ហើយដោយយោងថា សុទ្ធតែខ្មែរក្រោមទាំងអស់ យើងក៏ដាក់ថា បុរីព្រៃនគរ រហូតមកដល់ពេលនេះ» ។

តែទោះជាយ៉ាងណា បើតាមលោក សឺន យឿង រហូតមកដល់ពេលនេះ មានពលរដ្ឋខ្មែរក្រោមមួយចំនួនបានផ្លាស់ប្ដូរទីលំនៅទៅកន្លែងផ្សេង ដោយមូលហេតុផ្សេងៗ ដែលធ្វើឲ្យចំនួនពលរដ្ឋខ្មែរក្រោម ដែលរស់នៅសព្វថ្ងៃមា នតែប្រមាណ ៣៧០ គ្រួសារប៉ុណ្ណោះ ។
ក្រៅពីបុរី ព្រៃនគរ ប្រជាពលរដ្ឋទូទៅ នៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា បានសំគាល់កន្លែងមួយថា មានពលរដ្ឋខ្មែរក្រោម រស់នៅច្រើនផ្សេងទៀត ដូចជា ម្ដុំផ្សារសាមគ្គី ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ម្ដុំវត្តសាមគ្គីរង្សី ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យជាដើម ៕