សេចក្តីសង្ខេប អំពីសាវតារនៃការបង្កើត UNDRIP និងខ្លឹមសាររបស់វា
ដោយ យាង សុធារិន្ទ
សេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម ឬហៅកាត់ជាភាសាអង់គ្លេសថា UNDRIP (United Nations Declaration on the Rights of Indigenous Peoples) គឺជាឧបករណ៍ អន្តរជាតិ ត្រូវបានបោះឆ្នោតអនុម័តដោយអង្គការសហប្រជាជាតិ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០០៧ ។
UNDRIP ត្រូវបានចាប់ផ្តើមផ្តួចផ្តើមគំនិតតាក់តែងឡើងតាំងពីឆ្នាំ ១៩៨២ ក្រោយពីមាន របាយការណ៍សិក្សាមួយត្រូវបានផ្សព្វផ្សាយដោយ លោក ហូសេ អា ម៉ាទីនេស កូបូ (José R. Martinez Cobo) ដែលជាអ្នករាយការណ៍ពិសេស នៃអនុគណៈកម្មការអង្គការសហប្រជាជាតិ ស្តីពីការបង្ការការរើសអើង និងការពារជនជាតិភាគតិច ។ ការសិក្សានោះបាន រកឃើញថា ជនជាតិដើមនៅលើពិភពលោកបានជួបប្រទះនូវការរើសអើងជាលក្ខណៈប្រព័ន្ធជាច្រើន ។ ក្រោយពីរបាយការណ៍នេះត្រូវបានផ្សព្វផ្សាយ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ (ECOSOC) បានបង្កើតក្រុមការងារស្តីពីប្រជាជនជនជាតិដើម ហើយនៅឆ្នាំ ១៩៨៥ ក្រុមការងារនេះក៏បានធ្វើសេចក្តីព្រាង នៃសេចក្តីប្រកាសស្តីពីសិទ្ធិជន ជាតិដើមនេះឡើង ។
ក្រោយពីមានការពិគ្រោះយោបល់ជាច្រើនលើកច្រើនសា ទីបំផុតនៅឆ្នាំ ២០០៦ សេចក្តីព្រាង ស្តីពីសិទ្ធិជនជាតិដើម ត្រូវបានទទួលយកដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (United Nations Human Rights Council) រួចត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិបោះ ឆ្នោតអនុម័តជាផ្លូវការនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០០៧ ដោយមានសំឡេងបោះឆ្នោតគាំទ្រ ចំនួន ១៤៤ ប្រទេស ក្នុងនោះក៏មានប្រទេសវៀតណាមផងដែរ ។ ចាប់តាំងពីពេលនោះមក សិទ្ធិសេរីភាពរបស់ជនជាតិដើមដែលមានជិត ៥០០ លាននាក់រស់នៅក្នុងប្រទេសប្រមាណ ៩០ នៅទូទាំងពិភពលោក ត្រូវបានការពារដោយសេចក្តីប្រកាសនេះ ។
- សេចក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើមមានទាំងអស់ ៤៦ មាត្រា ដែលចែងអំពីសិទ្ធិសេរីភាពជា មូលដ្ឋានជាច្រើនរបស់ជនជាតិដើម ដែលរួមមាន ៖
- សិទ្ធិស្វ័យសម្រេច ឬសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង
- សិទ្ធិរក្សា និងពង្រឹងស្ថាប័ននយោបាយ ច្បាប់ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងចូលរួមយ៉ាងពេញលេញក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់រដ្ឋ
- សិទ្ធិរស់នៅប្រកបដោយសេរីភាព សន្តិភាព និងសន្តិសុខជាពលរដ្ឋ និងមិនត្រូវជាកម្មវត្ថុនៃ អំពើប្រល័យពូជសាសន៍ ឬអំពើហិង្សាណាមួយ
- សិទ្ធិរស់រានមានជីវិត បូរណភាពរាងកាយ និងបញ្ញា ស្មារតី
- សិទ្ធិមិនត្រូវបានគេបណ្តេញចេញដោយបង្ខំពីដីធ្លី ឬដែនដីរបស់ខ្លួន
- សិទ្ធិប្រតិបត្តិ និងធ្វើឱ្យរស់រវើកឡើងវិញនូវប្រពៃណី ទំនៀមទម្លាប់ ជាវប្បធម៌របស់ខ្លួន រួមមានសិទ្ធិក្នុងការថែរក្សា ការពារ និងអភិវឌ្ឍអ្វីៗដែលបង្ហាញពីអត្តសញ្ញាណ វប្បធម៌របស់ខ្លួនដែលមានពីអតីតកាល បច្ចុប្បន្ន និងអនាគត ដូចជាតំបន់បុរាណវិទ្យា តំបន់ ប្រវត្តិសាស្រ្ត បុរាណវត្ថុ រចនាបថ ពិធីបុណ្យ បច្ចេកវិទ្យា សិល្បៈ ទស្សនីយភាព ការសំដែងសិល្បៈ និងអក្សរសាស្រ្ត
- សិទ្ធិបង្ហាញ ប្រតិបត្តិ អភិវឌ្ឍ និងបង្រៀនប្រពៃណីខាងជំនឿ និងសាសនារបស់ខ្លួន ពិធីបុណ្យ និងទំនៀមទម្លាប់ផ្សេងៗ ហើយមានសិទ្ធិរក្សាការពារ និងមានសិទ្ធិជា ឯកជនក្នុងការប្រើប្រាស់ទីកន្លែងសាសនា និងវប្បធម៌របស់ខ្លួន មានសិទ្ធិប្រើប្រាស់ និងគ្រប់គ្រងវត្ថុសម្រាប់ពិធីបុណ្យនានា និងមានសិទ្ធិនាំអដ្ឋិធាតុត្រឡប់មកកាន់ដែនដី កំណើត
- សិទ្ធិធ្វើឱ្យរស់រវើកឡើងវិញ ប្រើប្រាស់ អភិវឌ្ឍ និងផ្ទេរឱ្យកូនចៅជំនាន់ក្រោយនូវ ប្រវត្តិសាស្រ្ត ភាសា ច្បាប់ទំលាប់ ទស្សនវិជ្ជា ប្រព័ន្ធនៃការសរសេរ និងប្រវត្តិសាស្រ្ត ព្រមទាំងធ្វើការកំណត់ឈ្មោះ និងរក្សាឈ្មោះរបស់ពួកគេដោយខ្លួនឯង សម្រាប់ទីកន្លែង សហគមន៍ និងបុគ្គល សិទ្ធិបង្កើត និងគ្រប់គ្រងស្ថាប័ន និងប្រព័ន្ធអប់រំរបស់ខ្លួនដោយផ្តល់ការអប់រំជាភាសារបស់ខ្លួនផ្ទាល់ក្នុងលក្ខណៈសមស្រប និងវិធិសាស្រ្តតាមវប្បធម៌នៃការបង្រៀន និងរៀនសូត្ររបស់ពូកគេ
- សិទ្ធិទទួលបាននូវការអប់រំគ្រប់កំរិត និងគ្រប់រូបភាពនៃការអប់រំរបស់រដ្ឋដោយគ្មានការ រើសអើង
- សិទ្ធិទទួលបានការអប់រំទៅតាមវប្បធម៌ផ្ទាល់ខ្លួន
- សិទ្ធិបង្កើតប្រព័ន្ធផ្សព្វផ្សាយដោយប្រើភាសារបស់ខ្លួន និងមានសិទ្ធិប្រើប្រាស់តាមគ្រប់ រូបភាពនៃប្រព័ន្ធផ្សព្វផ្សាយដែលមិនមែនជារបស់ជនជាតិដើមដោយគ្មានការរើសអើង
- សិទ្ធិចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តលើរាល់បញ្ហាដែលអាចប៉ះពាល់ដល់ សិទ្ធិរបស់ពួកគេតាមរយៈតំណាងដែលជ្រើសតាំងដោយពួកគេផ្ទាល់ស្របតាមនីតិវិធី របស់ខ្លួន
- សិទ្ធិរក្សា និងបង្កើតស្ថាប័នជនជាតិដើមដែលមានតួនាទីធ្វើសេចក្តីសម្រេចចិត្តនានា
- សិទ្ធិរក្សា និងបង្កើតប្រព័ន្ធ ឬស្ថាប័ននយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ដើម្បីធានា បាននូវមធ្យោបាយក្នុងការចិញ្ចឹមជីវិត និងការអភិវឌ្ឍផ្ទាល់ខ្លួនដើម្បីចូលរួមដោយសេរី នូវគ្រប់សកម្មភាពជាប្រពៃណី និងសេដ្ឋកិច្ចផ្សេងៗទៀត
- សិទ្ធិទទូលបាននូវដំណោះស្រាយ និងយុត្តិធម៌
- សិទ្ធិទទួលបានសេវាកម្មសង្គមកិច្ច និងសុខាភិបាលគ្រប់បែបយ៉ា់ងដោយគ្មានការរើស អើង
- សិទ្ធិលើដីធ្លី ដែនដី និងធនធានដែលមាន ឬបានកាន់កាប់ ឬប្រើបា្រស់ ឬបានទទួល ជាប្រពៃណី សិទ្ធិជាម្ចាស់ប្រើប្រាស់ អភិវឌ្ឍ និងគ្រប់គ្រងដីធ្លី និងធនធានដែលខ្លួនមាន
- សិទ្ធិទទួលបានដំណោះស្រាយតាមមធ្យោបាយផ្សេងៗដែលរួមទាំងការធ្វើឱ្យដូចដើមវិញ ឬត្រូវផ្តល់សំណងត្រឹមត្រូវ យុត្តិធម៌ និងស្មើភាពសម្រាប់ដីធ្លី ទឹកដី និងធនធាន នានាដែលជនជាតិដើមភាគតិចមាន ឬបានកាន់កាប់ ឬបានប្រើប្រាស់ជាប្រពៃណី ហើយដែលត្រូវបានដកហូតយក បានកាន់កាប់ បានប្រើប្រាស់ ឬបានធ្វើឱ្យអន្តរាយ ដោយគ្មានការយល់ព្រមដោយសេរី និងមិនបានប្រាប់ឱ្យដឹងជាមុនដល់ជនជាតិដើម ពាក់ព័ន្ធ
- សិទ្ធិរក្សា គ្រប់គ្រង ការពារ និងអភិវឌ្ឍមរតកវប្បធម៌ ចំណេះដឹងជាប្រពៃណី ការសំដែងនូវវប្បធម៌ជាប្រពៃណី ក៏ដូចជាការបង្ហាញឱ្យគេដឹងអំពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងវប្បធម៌របស់ពួកគេ រួមមានទាំងធនធានមនុស្ស ធនធានពន្ធុ គ្រាប់ពូជ ឱសថ ចំណេះដឹងខាងរុក្ខជាតិ និងសត្វព្រៃ ប្រពៃណីនិយាយផ្ទាល់មាត់ អក្សរសាស្រ្ត រចនាបថ កីឡា ល្បែងប្រពៃណី សិល្បៈសំដែង និងទស្សនីយភាព
- សិទ្ធិរក្សា គ្រប់គ្រង ការពារ និងបង្កើតឡើងវិញនូវកម្មសិទ្ធិបញ្ញាលើមរតកវប្បធម៌ ចំណេះដឹងជាប្រពៃណី និងការសំដែងវប្បធម៌ប្រពៃណី
- ជនជាតិដើមដែលត្រូវបានបែងចែកដោយព្រំដែនអន្តរជាតិ មានសិទ្ធិរក្សា និងបង្កើត ទំនាក់ទំនង កិច្ចប្រាស្រ័យ សហការគ្នា រួមទាំង សកម្មភាពនានាក្នុងគោលបំណងខាង ជំនឿសាសនា វប្បធម៌ នយោបាយ សេដ្ឋកិច្ច និង សង្គមកិច្ចជាមួយនឹងសមាជិកផ្ទាល់ របស់ពួកគេ និងជាមួយអ្នកដទៃទៀតដែលនៅក្រៅព្រំដែន
- សិទ្ធិក្នុងការទទួលជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសពីរដ្ឋ និងតាមរយៈកិច្ច សហការអន្តរជាតិដើម្បីទទួលបាននូវសិទ្ធិដែលមានចែងនៅក្នុងសេចក្តីប្រកាសនេះ
- សិទ្ធិទទួលបាននូវសេចក្តីសម្រេចដោយឆាប់រហ័សតាមរយៈនីតិវីធិត្រឹមត្រូវ និងយុត្តិធម៌ចំពោះដំណោះស្រាយលើជំលោះ និងវិវាទជាមួយរដ្ឋ ឬភាគីផ្សេងទៀត ក៏ដូចជាវិធីដោះស្រាយប្រកបដោយប្រសិទ្ធភាពចំពោះរាល់ការរំលោភសិទ្ធិបុគ្គល និងសិទ្ធិសមូហភាព ។
ក្រៅពីនោះក៏នៅមានសិទ្ធិមួយចំនួនទៀតដូចជា
- សិទ្ធិទទួលបានសញ្ជាតិ
- សិទ្ធិរួចផុតពីការរើសអើងគ្រប់រូបភាព
- សិទ្ធិមិនស្ថិតក្នុងកម្មវត្ថុ នៃការបង្ខំឱ្យរស់នៅលាយឡំក្នុងសហគមន៍ផ្សេង ឬការបំផ្លាញវប្បធម៌របស់ខ្លួនឡើយ
- សិទ្ធិស្ថិតនៅជាសមាជិកសហគមន៍ជនជាតិដើម ឬសង្គមជាតិស្របតាមប្រពៃណី និងទំនៀមទម្លាប់របស់សហគមន៍ និងសង្គមជាតិ
- មានសិទ្ធិចំពោះភាពថ្លៃថ្នូរ និងភាពចំរុះនៃវប្បធម៌ ប្រពៃណី ប្រវត្តិសាស្រ្ត និងបំណងប្រាថ្នា ដែលត្រូវឆ្លុះបញ្ចាំងយ៉ាងសមស្របនៅក្នុងការអប់រំ និងព័ត៌មាន សាធារណៈ
- សិទ្ធិមិនស្ថិតនៅក្រោមលក្ខខណ្ឌនៃការរើសអើងណាមួយនៃពលកម្ម ដូចជាការងារ ឬប្រាក់បៀវត្សរ៍
- សិទ្ធិក្នុងការលើកកំពស់លក្ខខណ្ឌសេដ្ឋកិច្ច និងសង្គមកិច្ច រួមមានដូចជាក្នុងវិស័យអប់រំ ការងារ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបណ្តុះបណ្តាលឡើងវិញនូវលំនៅឋាន អនាម័យ និងសុខភាព
- សិទ្ធិចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងការសម្រេចចិត្តលើកម្មវិធីសុខភាព លំនៅឋាន កម្មវិធីសេដ្ឋកិច្ច និងសង្គមកិច្ចដែលប៉ះពាល់ដល់ពួកគេ
- សិទ្ធិក្នុងការប្រើប្រាស់ឱសថបុរាណរបស់ខ្លួន និងរក្សាវិធីប្រតិបត្តិផ្នែកសុខភាព រួមទាំងការអភិរក្សរុក្ខជាតិ សត្វ និងរ៉ែ ដែលចាំបាច់ សម្រាប់ធ្វើឱសថ
- សិទ្ធិស្មើគ្នាចំពោះបទដ្ឋានសុខភាពខាងរាងកាយ និងផ្លូវចិត្តកំរិតខ្ពស់បំផុត
- សិទ្ធិរក្សា និងពង្រឹងទំនាក់ទំនងខាងជំនឿសាសនាជាមួយនឹងដីធ្លី ដែនដី ដែនទឹក ឆ្នេរសមុទ្រ និងធនធានផ្សេងៗទៀតដែលមាន ឬកាន់កាប់ និងបានប្រើប្រាស់ជា ប្រពៃណី និងដើម្បីលើកកំពស់ការទទួលខុសត្រូវចំពោះកូនចៅជំនាន់ក្រោយ
- សិទ្ធិក្នុងការអភិរក្ស និងការពារបរិស្ថាន និងសកម្មភាពផលិតកម្មលើដីធ្លី ដែនដី និងធនធាននានា
- សកម្មភាពយោធាមិនត្រូវអនុញ្ញាតឱ្យមាននៅលើដីធ្លី ឬដែនដីរបស់ជនជាតិដើមឡើយ ប្រសិនជាគ្មានភស្តុតាងបញ្ជាក់ថាមាន ការគំរាមកំហែងធ្ងន់ធ្ងរដល់ផលប្រយោជន៍ សាធារណៈពាក់ព័ន្ធទេ ឬប្រសិនជាគ្មានការយល់ព្រមដោយសេរី ឬតាមការស្នើសុំពី ជនជាតិដើមពាក់ព័ន្ធនោះទេ
- សិទ្ធិសម្រេច និងបង្កើតផែនការអាទិភាព និងយុទ្ធសាស្រ្តនានាសម្រាប់ការអភិវឌ្ឍ ឬការប្រើប្រាស់ដីធ្លី ឬដែនដី និងធនធានផ្សេងទៀត
- សិទ្ធិក្នុងការកំណត់អត្តសញ្ញាណ ឬសមាជិកភាពរបស់ខ្លួនផ្ទាល់ស្របតាមទំនៀម ទម្លាប់ និងប្រពៃណី
- សិទ្ធិក្នុងការលើកកំពស់ បង្កើត និងរក្សារចនាសម្ព័ន្ធស្ថាប័នរបស់ខ្លួន និងទំនៀមទម្លាប់ សាសនា ប្រពៃណី នីតិវិធី និងវិធីប្រតិបត្តិជាពិសេសរបស់ពួកគេ
- សិទ្ធិចំពោះការទទួលស្គាល់ ការគោរពប្រតិបត្តិ និងការអនុវត្តសន្ធិសញ្ញា កិច្ចព្រម ព្រៀង និងកិច្ចចាត់ចែងក្នុងន័យស្ថាបនាដទៃទៀតដែលបានសម្រេចឡើងជាមួយរដ្ឋ ឬជាមួយឧត្តរាធិការី ព្រមទាំងមានសិទ្ធិឱ្យរដ្ឋផ្តល់កិត្តិយស និងគោរពសន្ធិសញ្ញា កិច្ចព្រមព្រៀង និងកិច្ចចាត់ចែងក្នុងន័យស្ថាបនាផ្សេងទៀត ។
សិទ្ធិរបស់ជនជាតិដើម ក្រៅតែពីត្រូវបានទទួលស្គាល់ និងការពារដោយសេចក្តីប្រកាសស្តីពី សិទ្ធិជនជាតិដើម សិទ្ធិរបស់ពួកគេក៏ត្រូវបានបានទទួលស្គាល់ និងការពារដោយឧបករណ៍ សិទ្ធិមនុស្សអង្គការសហប្រជាជាតិផ្សេងៗទៀតដែរ ។
ជាក់ស្តែង មាត្រា ១ នៃ UNDRIP ចែងថា «ជនជាតិដើមជាសមូហភាព ឬជាបុគ្គល មានសិទ្ធិ ទទួលបានយ៉ាងពេញលេញនូវសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានដែលទទួលស្គាល់ដោយ ធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងច្បាប់សិទ្ធិ មនុស្សអន្តរជាតិនានា» ។
សេចក្តីប្រកាសនេះក៏បានចែងអំពីកាតព្វកិច្ចរបស់រដ្ឋជាភាគី ។ មាត្រា ៣៨ នៃសេចក្តី ប្រកាសនេះចែងថា «រដ្ឋទាំងឡាយដោយមានការពិគ្រោះយោបល់ និងសហការជាមួយ ជនជាតិដើម ត្រូវចាត់វិធានការសមស្រប រួមទាំងវិធានការតាមផ្លូវច្បាប់ផង ដើម្បីសម្រេច គោលដៅ នៃសេចក្តីប្រកាសនេះ» ។
ដើម្បីតាមដានលើប្រសិទ្ធភាព និងធានាលើកកំពស់ការគោរព នៃការអនុវត្តសេចក្តីប្រកាស នេះ អង្គការសហប្រជាជាតិបានបង្កើតនូវយន្តការមួយចំនួន ក្នុងនោះរួមមាន វេទិកាអចិន្រ្តៃយ៍ អង្គការសហប្រជាជាតិស្តីពីបញ្ហាជនជាតិដើម ឬហៅកាត់ជាភាសាអង់គ្លេសថា UNPFII (United Nations Permanent Forum on Indigenous Issues) ។
UNPFII គឺជាស្ថាប័នផ្តល់ប្រឹក្សាយោបល់កម្រិតខ្ពស់ដល់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងនៅខែកក្កដា ឆ្នាំ ២០០០ ដោយមានអាណត្តិ ដើម្បីដោះស្រាយបញ្ហារបស់ជនជាតិដើមទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម វប្បធម៌ បរិស្ថាន ការអប់រំ សុខាភិបាល និងសិទ្ធិមនុស្ស ។
វេទិកានេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០២ មក ដែល ជាទូទៅមាន រយៈពេល ១០ ថ្ងៃ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនាបុរីញូវយ៉ក សហរដ្ឋ អាមេរិក និងពេលខ្លះនៅការិយាល័យអង្គការសហប្រជាជាតិប្រចាំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។
សហព័ន្ធខ្មែរកម្ពុជាក្រោមបានចូលថ្លែងការណ៍នៅក្នុងវេទិកា UNPFII នេះ ចាប់តាំងពីឆ្នាំ ២០០៤ ពោលគឺបីឆ្នាំក្រោយពីបានចូលជាសមាជិក នៃអង្គការប្រជាន និងប្រជាជាតិគ្មាន តំណាង UNPO (Unrepresented Nations and Peoples Organization) នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០០១ ។
ក្រៅពីវេទិកា UNPFII អង្គការសហប្រជាជាតិក៏នៅមានយន្តការចំនួន ២ ផ្សេងទៀតដើម្បី ដោះស្រាយបញ្ហារបស់ជនជាតិដើមផងដែរ ។ យន្តការទាំងនោះមានយន្តការអ្នកជំនាញស្តីពី សិទ្ធិជនជាតិដើម និងអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិជនជាតិដើម ៕