មុនពេលចូលឆ្នាំសកល ឆ្នាំ ២០២១ ដែលនឹងឈានមកដល់នៅថ្ងៃទី ១ ខែមករា ខាងមុខនេះ ពីសហរដ្ឋអាមេរិក លោក ប្រាក់ សេរីវុឌ្ឍ ជាប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្ញើសារប្រគេន និងជូនពរសព្ទសាធុការដល់ជនរួមជាតិខ្មែរនៅគ្រប់ទិសទី ក្នុងនោះមានសមាជិក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក និងពលរដ្ឋខ្មែរក្រោម ដែលកំពុងតែរស់នៅក្រោមនឹមអាណានិគមយួន នៅដែនដីកម្ពុជាក្រោម ឲ្យបានប្រកបតែសេចក្ដីសុខសេចក្ដីចម្រើនគ្រប់ទិនទិវា ជាពិសេសឲ្យមានសិទ្ធិសេរីភាព ដូចជាជាតិសាសន៍នានាក្នុងពិភលោក ។ អមដោយសារសារប្រគេន និងជូនពរ លោក ប្រាក់ សេរីវុឌ្ឍ ក៏បានរំឭកឡើងវិញ អំពីសកម្មភាពនានា ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើនៅក្នុងឆ្នាំ ២០២០ កន្លងទៅនេះ ។ ខាងក្រោមនេះ ជាខ្លឹមសារដើមនៃសារជូនពរ ៖

សួស្តីឆ្នាំថ្មី ២០២១, ថ្ងៃពុធ ទី ២៣ ខែធ្នូ ឆ្នាំ ២០២០
សូមផ្ញើនូវសេចក្តីនឹករលឹក ជូនចំពោះ បងប្អូន មិត្រភក្តិ ជាសមាជិក និងអ្នកឧបត្ថម្ភក៍ គាំទ្រ សហព័ន្ធខ្មែរកម្ពុជាក្រោម ទាំងអស់ ជាទីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត ។
ឆ្នាំ ២០២០ គឺជាឆ្នាំដ៏លំបាក ហើយយើងទាំងអស់គ្នាកំពុងឆ្លងមកដល់ទីបំផុតនៃបទពិសោធន៍ ពេញមួយឆ្នាំនេះហើយ ។ ទន្ទឹមគ្នានឹងរដូវវិស្សមកាលលំហែសម្រាកពីការងារផង និង ជាពេលដំណាច់ឆ្នាំផងដែរនេះ ក្នុងនាមសហព័ន្ធខ្មែរកម្ពុជាក្រោម ខ្ញុំបាទសូមសង្ឃឹមយ៉ាងមុតមាំថា ទាំងក្តីវិបត្តិស្មុគ្រស្មាញ ទាំងការលំបាកតស៊ូ និងទាំងបញ្ហាប្រឈមដទៃជាច្រើនទៀត នឹងត្រូវបញ្ចប់ទៅជាមួយគ្នា នៅក្នុងឆ្នាំនេះដែរ ហើយឆ្នាំថ្មី ២០២១ ចូលមក សូមនាំមកជាមួយនូវ សុខសន្តិភាព សិរីមង្គល និងសេចក្តីចម្រើនរុងរឿង ជូនដល់ក្រុមគ្រួសារបងប្អូន និងមិត្រភក្តិ ជាទីស្នេហាគ្រប់ៗ គ្នា ។
ឥឡូវឆ្នាំនៃភាពអួអ័ព្ទ ខុសពីការរំពឹងទុករបស់យើង កំពុងរំកិលមកដល់ទីបញ្ចប់ដែរហើយ ក៏ជាពេលយើងគួរគប្បីរំលឹកអំពីសកម្មភាពទាំងឡាយ ដែល សហព័ន្ធខ្មែរកម្ពុជាក្រោម បានបំពេញការងារតស៊ូមតិ ដើម្បីទាមទារសិទ្ធិជាមូលដ្ឋាន ជូនដល់បងប្អូនខ្មែរក្រោម ដែលត្រូវយួនបំបិទមាត់មិនឲ្យបញ្ចេញសំឡេងតវ៉ា នៅដែនដីកម្ពុជាក្រោម ជាទីស្នេហាបំផុតរបស់យើងផងដែរ ។ ជាបឋម ខ្ញុំសូមសម្ដែងនូវការដឹងគុណជាពិសេសនិងអស់ពីដួងចិត្ត ចំពោះការចំណាយពេលវេលាដ៏មានតម្លៃ និងទឹកចិត្តសទ្ធាជ្រះថ្លាបរិច្ចាគទ្រព្យសម្បត្តិ របស់បងប្អូន មិត្រភក្តិ ចូលរួមជួយឧបត្ថម្ភ សហព័ន្ធខ្មែរកម្ពុជាក្រោម ឲ្យមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីបំពេញការងាររបស់ខ្លួនបានពេញលេញ ទោះបីនៅក្នុងកាលៈទេសៈដ៏លំបាក និងព្រួយបារម្ភក៍ ពីជំងឺរាតត្បាត កូវីដ-១៩ ក៏ដោយ ។ ក្រុមការងាររបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម បានលើកសេចក្តីព្រួយលំបាក កើតពីជំងឺរាតត្បាតដាក់ទៅម្ខាង ហើយបន្តសកម្មការងារជាក្រុមៗ តស៊ូមតិទាមទារសិទ្ធិស្របច្បាប់ឲ្យខ្មែរក្រោម តាមស្ថានភាព អំណោយ និងគ្រប់បែបផែន ។ ជាលទ្ធផលពេញមួយឆ្នាំ ២០២០ នេះ ប្រសិទ្ធិភាពការងារ ដែលគួរឲ្យលើក ទឹកចិត្ត រួមមាន៖
មុនពេលរោគរាតត្បាត កូវីដ-១៩ មិនទាន់រីករាលដាល នៅសហរដ្ឋអាមេរិក មន្ត្រីតំណាង សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលរួមក្នុងសកម្មភាពដូចតទៅ៖
- ថ្ងៃទី ១៦ ដល់ ១៧ ខែមករា៖ លោក ប្រាក់ សិរីវុឌ្ឍ លោក រីគ្គី ត្រឹង និង លោកស្រី ជូលៀត ត្រឹង បានជួបពិភាក្សាការងារជាមួយមន្ត្រី ក្រសួងការបរទេសសហរដ្ឋអាមេរិក មន្ត្រីនៃគណៈកម្មការអន្តរសាសនា សេរី នៃសហរដ្ឋអាមេរិក ។ ឱកាសនោះដែរ លោក ប្រាក់ សិរីវុឌ្ឍ ក៏បានទទួលជួបសម្ភាសន៍ជាមួយ វិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ផ្នែកខេមរភាសា ផងដែរ ។
- ថ្ងៃទី ២២ ខែមករា៖ លោក ម៉ៅ មុនី បានអញ្ជើញទៅ អង្គការសហប្រជាជាតិ នៅបុរីញូវយ៉ក ដើម្បីចូលរួមវគ្គពិភាក្សានៃគណៈកម្មការ អង្គការមិនមែនរដ្ឋាភិបាល ដែលត្រូវសើរើពិនិត្យឡើងវិញនូវពាក្យសុំសមាជិកភាពរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងឋានៈជាអ្នកពិគ្រោះស្ថានការណ៍ជាមួយស្ថាប័ន អ៊ីកូសក (ECOSOC) នៃ អ.ស.ប ។ ពាក្យសុំរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ត្រូវបានពន្យាលើកទៅពេលក្រោយវិញ ។ ប្រសិនបើកិច្ចពិភាក្សាមិនត្រូវបានលុបចោល ដោយសាររោគរាតត្បាតមករារាំងទេនោះ ពាក្យសុំរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងត្រូវលើកយកមកពិនិត្យជាថ្មីនៅ ខែមករា ឆ្នាំ ២០២១ ខាងមុខនេះ ជាមិនខាន ។
- ចាប់ពីថ្ងៃទី ១៤ ដល់ ១៨ ខែកុម្ភៈ៖ សមាជិកមួយក្រុមតំណាងឲ្យសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម នៃទីក្រុងសាន់ហូស្សេ (San Jose) សហរដ្ឋអាមេរិក ដឹកនាំដោយលោក ថាច់ ត្វង និង លោក ថាច់ ជួន បានធ្វើដំណើរទៅរដ្ឋហាវ៉ៃ ដើម្បីជួយលោកបណ្ឌិត ចូស្វ័រ ឃូភឺរ (Joshua Cooper) ក្នុងការងារជួសជុលផ្នែកខាងក្រៅគេហដ្ឋានរបស់គាត់ ។ នេះជាសកម្មភាពមួយ ដែល សហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើដូចជាការផ្ដល់រង្វាន់លើកទឹកចិត្តមួយ ជូនម្តាយ លោក បណ្ឌិត ឃូភឺរ ។ កាយវិការសប្បុរសរបស់ក្រុមការងារនៃសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ទីក្រុងសាន់ហូស្សេ នេះ គឺចង់បង្ហាញអំពីទឹកចិត្តថ្លែងអំណរគុណតបចំពោះ លោក បណ្ឌិត ឃូភឺរ ដែលបានស្ម័គ្រចិត្តជួយជ្រោមជ្រែងការងារ សហព័ន្ធខ្មែរកម្ពុជាក្រោម អស់រយៈពេលជាងមួយទសវត្សរ៍កន្លងទៅនេះ ។
- ចាប់ពីថ្ងៃទី ១៦ ដល់ ២០ ខែកុម្ភៈ ៖ លោក ម៉ៅ មុនី ជាអនុប្រធានប្រតិបត្តិ សហព័ន្ធខ្មែរកម្ពុជាក្រោម បានអញ្ជើញទៅការិយាល័យនៃកិច្ចការរដ្ឋហាវ៉ៃ (Office of Hawaii Affairs) ដើម្បីសិក្សាអំពីទម្រង់នៃការអនុវត្ត ស្តីពីការសម្រេចវាសនាខ្លួន ដោយខ្លួនឯង របស់ជនជាតិដើមហាវ៉ៃ ។ នៅសាកលវិទ្យាល័យ វែសហូវ៉ា, (West Oahu University) រដ្ឋហាវ៉ៃ ដដែល លោក ម៉ៅ មុនី បានទទួលអញ្ជើញទៅធ្វើបទឧទ្ទេសនាមមួយស្តីអំពី «នរណាជាខ្មែរក្រោម និងខ្មែរក្រោម នៅឯណា?» ដែលបានធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងក្លា នៅក្នុងចំណោមនិស្សិតទាំងអស់នៃថ្នាក់សិក្សារបស់លោកបណ្ឌិត ចូស្វ័រ ឃូភឺរ នៅពេល នោះ ។ ការងារគួរឲ្យភ្ញាក់ផ្អើលមួយទៀត គឺ លោក ម៉ៅ មុនី ត្រូវបានអញ្ជើញឲ្យទៅថ្លែងសុន្ទរកថា នៅឯសន្និសីទ ស្តីពីសិទ្ធិមនុស្ស នៅអង្គនីតិប្បញ្ញត្តិរដ្ឋហាវ៉ៃ ដែលបានទាញនូវការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ក្រុមអ្នកច្បាប់ នៅទីនោះ ។
- ថ្ងៃទី ២៦ ខែកុម្ភៈ៖ លោក រីគ្គី ត្រឹង និង បណ្ឌិត ចូស្វ័រ ឃូភឺរ បានជួបពិភាក្សាការងារជាមួយមន្ត្រីក្រសួងការបរទេស នៃសហរដ្ឋអាមេរិក ។
នៅពេលដែលជំងឺ កូវីដ-១៩ ចាប់ផ្តើមរីករាលដាល គម្រោងការធ្វើដំណើរទាំងប៉ុន្មានសម្រាប់កិច្ចការតស៊ូមតិ ដើម្បីសិទ្ធិខ្មែរក្រោម ដែលបានរៀបចំហើយរបស់មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម ត្រូវអាក់ខាន ។ ក្នុងនោះ មានដូចជា ត្រូវបង្ខំចិត្តលុបចោលសន្និសីទសាកលមួយ ដែលគ្រោងនឹងរៀបចំធ្វើនៅប្រទេសអូស្ត្រាលី ហើយបានប្តូរសម្រួលមកជារបៀបធ្វើការតាមបែបប្រយោលវិញ សកម្មភាពទាំងនោះ រួមមាន៖
- ថ្ងៃទី ៣០ ខែឧសភា៖ សហព័ន្ធខ្មែរកម្ពុជាក្រោម និង វិទ្យាស្ថានហាវ៉ៃដើម្បីសិទ្ធិមនុស្ស បានរៀបចំទូរសន្និសីទប្រយោលមួយ ក្រោមប្រធានបទ «សម្រេចវាសនាដោយខ្លួនឯង និងការអភិវឌ្ឍប្រកបដោយចីរភាពជាមួយនឹងរបៀបគម្លាតសង្គម» ។
- ថ្ងៃទី ០៣ មិថុនា (ត្រូវនឹងថ្ងៃទី ០៤ នៅកម្ពុជាក្រោម) សហព័ន្ធខ្មែរកម្ពុជាក្រោម បានរៀបចំទូរសន្និបាតមួយ ដើម្បីរំលឹកព្រឹត្តិការណ៍ថ្ងៃទី ០៤ ខែមិថុនា ។
- ថ្ងៃទី ២០ ខែមិថុនា៖ លោក ប្រាក់ សិរីវុឌ្ឍ បានផ្តល់បទសម្ភាសន៍ ជាមួយនឹងវិទ្យុសំឡេងសហរដ្ឋ អាមេរិក (VOA) អំពីការរំលឹកនៃទិវាជនភៀសខ្លួនពិភពលោក ។ ខ្មែរក្រោម មានជនភៀសខ្លួនជាង ៦០ គ្រួសារនៅប្រទេសថៃ កំពុងស្វែងរកឋានៈជាជនភៀសខ្លួន ក្នុងស្ថានភាពដ៏លំបាកនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម សូមអំពាវនាវ សមាជិក និងសប្បុរសជន មេត្តាជួយជាវិភាគទាន ដល់បងប្អូនជនភៀសខ្លួនខ្មែរក្រោម ដែលកំពុងប្រឈមបញ្ហាគ្រប់ជំពូក នៅក្នុងដំណាក់កាលនៃជំងឺរាតត្បាតដ៏គួរឲ្យបារម្ភនេះ ។
- ចាប់ពីថ្ងៃទី ២៦ ដល់ ២៧ ខែមិថុនា៖ សហព័ន្ធខ្មែរកម្ពុជាក្រោម វិទ្យាស្ថានហាវ៉ៃ ដើម្បីសិទ្ធិមនុស្ស និងអង្គការមិនមែនរដ្ឋាភិបាលដទៃផ្សេងទៀត បានរួមគ្នារៀបចំទូរសន្និសីទ ដើម្បីរំលឹកដល់ធម្មនុញ្ញអង្គការសហប្រជាជាតិ ក្រោមប្រធានបទ «បញ្ជាក់ឡើងវិញ នូវជំនឿរបស់យើងលើសិទ្ធិមនុស្សជាមូលដ្ឋាន និង ជម្រុញការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងសេរីភាពកាន់តែរីកធំ» ។
- ថ្ងៃទី ១២ ខែកញ្ញា (ត្រូវថ្ងៃ ១៣ ខែកញ្ញា នៅកម្ពុជាក្រោម) សហព័ន្ធខ្មែរកម្ពុជាក្រោម បានរៀបចំកម្មវិធីពិភាក្សាតាម ទូរសន្និបាតរំលឹកទិវា នៃសេចក្តីប្រកាស ស្តីអំពីសិទ្ធិជនជាតិដើម ។
- ថ្ងៃទី ០៩ ខែធ្នូ (ថ្ងៃទី ១០ ខែធ្នូ នៅកម្ពុជាក្រោម) សហព័ន្ធខ្មែរកម្ពុជាក្រោម បានរៀបចំទិវារំលឹកខួប ៧២ ឆ្នាំ នៃ សេចក្តីប្រកាសជាសកល ស្តីអំពី សិទ្ធិមនុស្សអន្តរជាតិ ។
ក្នុងខណៈពេលកំពុងប្រឈមនឹងការលំបាកដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩ ខ្មែរក្រោម អ្នកគ្មានសំឡេង នៅតែបន្តទទួលរងនូវអំពើរំលោភសិទ្ធិមនុស្ស ពីសំណាក់រដ្ឋាភិបាលកុម្មុយនិស្តវៀតណាម ។ សហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជូនរបាយការណ៍ជាច្រើន ជូនទៅអង្គការសហប្រជាជាតិ ទៅកាន់ប្រទេសម្ចាស់ជំនួយទៅឲ្យប្រទេសវៀតណាម និងអង្គការមិនមែនរដ្ឋាភិបាលនានា ដែលកំពុងតស៊ូមតិដើម្បីសិទ្ធិមនុស្ស ឲ្យរួមគ្នាថ្កោលទោសប្រទេសវៀតណាម ចំពោះការរំលោភសិទ្ធិមកលើខ្មែរក្រោម មានដូចជា សិទ្ធិលើដីធ្លី សេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិជំនឿសាសនា ។ ផលប៉ះពាល់បណ្តាលពីរោគ កូវីដ-១៩ បានធ្វើឲ្យសហព័ន្ធខ្មែរកម្ពុជាក្រោម ត្រូវផ្លាស់ប្តូរមធ្យោបាយក្នុងការតស៊ូមតិ ដើម្បីសិទ្ធិរបស់ខ្មែរក្រោម និងវិធីទាក់ទងសកម្មភាពការងារប្រចាំថ្ងៃរបស់ខ្លួន ។ សហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រើប្រាស់បណ្តាញសង្គម និង ទូរសន្និបាតប្រយោល ដើម្បីចែករំលែកព័ត៌មាន ។ ក្រុមការងារប្រព័ន្ធផ្សព្វផ្សាយ សំឡេងកម្ពុជាក្រោម (VOKK) បានអភិវឌ្ឃសមត្ថភាពការងាររបស់ខ្លួនកាន់តែប្រសើរឡើង ហើយបានធ្វើការងារដ៏អស្ចារ្យ ដើម្បីបង្ហាញបច្ចុប្បន្នភាព ជូនសមាជិក និងប្រិយមិត្តអ្នកគាំទ្រទាំងឡាយ អំពីសកម្មភាពរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម និងសកម្មភាពរំលោភសិទ្ធិមនុស្សមកលើខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។ បន្ថែមលើនេះ ក្នុងរយៈប៉ុន្មានខែថ្មីៗនេះ តំណាងគណៈកម្មការយុវជនរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម កញ្ញា វឺជីនៀ ថាច់ បានរៀបចំខ្សែវីដេអូជាភាសាអង់គ្លេសតាមបណ្តាញអ៊ីនធើណែត ក្រោមប្រធានបទ «ឈ្វេងយល់ និងអភិរក្សអត្តសញ្ញាណខ្មែរក្រោមនៅកម្ពុជាក្រោម និងនៅបរទេស» ។
ឆ្នាំថ្មីនៃឆ្នាំសាកល ចូលមកដល់ យើងនៅតែរក្សាការប្តេជ្ញាចិត្តយ៉ាងមឺងម៉ាត់ដោយគ្មានញញើត ក្នុងការស្វែងរកយុត្តិធម៌ សម្រាប់ខ្មែរក្រោម អ្នកដែលត្រូវគេបំបិទសំឡេង នៅដែនដីកម្ពុជាក្រោម ជាទីស្នេហារបស់យើង លុះត្រាបានជោគជ័យជាស្ថាពរ ។
សួស្តីឆ្នាំថ្មី ឆ្នាំ ២០២១!
ដោយសេចក្តីស្រឡាញ់ រាប់អាន ដ៏ជ្រាលជ្រៅបំផុត ។
ហត្ថលេខា និង ត្រា
ប្រាក់ សិរីវុឌ្ឍ
ប្រធានប្រតិបត្តិ សហព័ន្ធខ្មែរកម្ពុជាក្រោម