ដោយ ស៊ឺន ចែងចើន|វិទ្យុសំឡេងកម្ពុជាក្រោម
សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម (UKKBS) មានមូលដ្ឋាននៅប្រទេសកម្ពុជា នៅរសៀល ថ្ងៃអាទិត្យ ២៥ តុលា ២០១៥ ម្សិលមិញនេះ បានរៀបចំមហាសន្និបាតសាមញ្ញ ដើម្បីជ្រើសរើសប្រធានថ្មី សម្រាប់អាណាត្តិទី ៥ (មានរយៈពេល ៤ ឆ្នាំក្នុងមួយអាណត្តិ) ។

មហាសន្និបាតសាមញ្ញនៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានប្រព្រឹត្តទៅ នៅសាលាគណ រាជធានីភ្នំពេញ ក្រោមអធិបតីភាពព្រះតេជព្រះគុណ យ៉ាន់ ថាត់ ព្រះចៅអធិការវត្តសិរីសោភា ហៅវត្តអង្គតាម៉ិញ និងព្រះតេជព្រះគុណ ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូត្រស្តាំ វត្តបុទុមវតី រួមទាំងមានការចូលរួមពីប្រធានសមាគមខ្មែរកម្ពុជាក្រោមនានា សាមាជិក សមាជិកា ចំនួន ១០៣ អង្គ/រូប ។
អង្គពិធី ប្រព្រឹត្តទៅរយៈពេលមួយល្ងាច ចាប់ពីម៉ោង ១:៣០ នាទី រហូតដល់ម៉ោង ៥ ល្ងាច ដោយមានកម្មវិធីបែងចែកទៅតាមលំដាប់លំដោយ តាមរបៀបវារៈដែលបានរៀបចំទុក មានដូចជា កិច្ចស្វាគមន៍ភ្ញៀវកិត្តិយសជិតឆ្ងាយ របាយការណ៍អំពីលទ្ធផលការងារអាណត្តិទី ៤ ចំណាប់អារម្មណ៍ របស់ព្រះញាណវង្ស ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូត្រស្តាំ វត្តបុទុមវតី ការប្រកាសលាលែងពីតំណែងរបស់គណៈកម្មការចាស់ ការឧទេ្ទសនាមបក្ខភាពឈរឈ្មោះបោះឆ្នោតថ្មី និងការឃោសនាស្លឹកឆ្នោតរបស់បេក្ខជនឈរឈ្មោះ ។ល។
នៅក្នុងអាណត្តិថ្មីនេះ មានបេក្ខជនឈរឈ្មោះ សម្រាប់ជ្រើសរើសធ្វើជាប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម មាន ៧ អង្គ/រូប ។ បេក្ខជនរួមមានទាំងព្រះសង្ឃ និងគ្រហស្ថ ដែលសុទ្ធសឹងតែមានដើមកំណើត មកពីដែនដីកម្ពុជាក្រោម ។ បេក្ខជនទាំង៧ អង្គ/រូបនោះ រួមមាន ទី ១ ភិក្ខុ សឺន សុផារិន្ទ ទី ២ ភិក្ខុ ត្រឹង ដង ទី ៣ ភិក្ខុ សោណ ធារី ទី ៤ ភិក្ខុ ឌឿង វិជ័យ ទី ៥ ភិក្ខុ ថាច់ ស្នាល ទី ៦ ភិក្ខុ យឿន សុខយ៉ឹង និងទី ៧ លោក ស៊ី ស័ក្តិបូរិន ។


ក្រោយពីគណៈកម្មការរៀបចំការបោះឆ្នោត អានជីវប្រវត្តិសង្ខេបរបស់បេក្ខជនចប់សព្វគ្រប់រួចមក ។ បេក្ខជនថ្មី ដែលឈរឈ្មោះសម្រាប់ប្រជែងយកតំណែងប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ក៏បានឡើងឃោសនាស្វែងរកសំឡេងឆ្នោតរៀងៗ ខ្លួន ។ ជាបន្តទៅនេះ សូមប្រិយមិត្តអ្នកស្តាប់វិទ្យុ សំឡេងកម្ពុជាក្រោម តាមដានការឃោសនាស្វែងរកសំឡេងឆ្នោតរបស់បេក្ខជនទាំង ៧ អង្គ/រូប ។ ដោយចាប់ផ្តើមពីបេក្ខជនដំបូងគេគឺ ភិក្ខុ សឺន សុផារិន្ទ បេក្ខជនដែលបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ និងធម្មវិន័យថ្នាក់ឯក ហើយបច្ចុប្បន្នមានតួនាទីជាអនុប្រធានការិយាល័យសិក្សាធិការនៃសម្ព័ន្ធសមណនិ ស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដូចតទៅ ៖
យើងងាកមកស្តាប់ការឃោសនារបស់បេក្ខជន ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដូចបេក្ខជន ខាងលើដែរ តែតួនាទីបច្ចុប្បន្នជាប្រធានការិយាល័យវប្បធម៌នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជា ក្រោម ។ សូមស្តាប់បេក្ខជនលេខរៀងទី ២ ភិក្ខុ ត្រឹង ដង តើព្រះអង្គ មានគោលនយោបាយ អ្វីខ្លះ ដើម្បីទាញយកសំឡេងគាំទ្រ ពីសមាជិក សមាជិកា ចូលរួមបោះឆ្នោតទាំង ១០៣ អង្គ/រូប៖
បេក្ខជនទីលេខរៀងទី ៣ ដែលធ្វើឲ្យផ្ទុះសំណើច កក្រើកកម្មវិធីទាំងមូល និងជាបេក្ខជនមានជំនាញផ្នែក ព័ត៌មានវិទ្យា ឬ IT ហើយបច្ចុប្បន្នមានមុខតំណែងជាសហប្រធានការិយាល័យទ្រទ្រង់នៃសម្ព័ន្ធសមណនិ ស្សិត-និស្សិតខ្មែរកម្ពុជាក្រោម នោះគឺភិក្ខុ សោណ ធារី ។ បេក្ខជនអង្គនេះ មានគោលនយោបាយជាចម្បង នោះគឺស្វែងរកថវិកា បើសិនជាព្រះអង្គ បានការផ្តល់ទុកចិត្តឲ្យធ្វើជាប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិត ខ្មែរកម្ពុជាក្រោម ។
មិនខុសពីបេក្ខជន សោណ ធារី នោះដែរ ភិក្ខុ ឌឿង វិជ័យ បេក្ខជនលេខរៀងទី ៤ ក៏មានគោលនយោបាយ តែមួយគត់ នោះគឺស្វែងរកថវិកា ដើម្បីទ្រទ្រង់សម្ព័ន្ធ បើព្រះអង្គជាប់ជាប្រធាន ។ បេក្ខជន ដែលមានសង្ឃ ដីកាហ្មត់ចត់ ម៉ឹងម៉ាត់ និងមោះមុតនោះ ទើបតែបញ្ចប់បាក់ឌុប ហើយមានគម្រោងបន្តការសិក្សា នៅថ្នាក់ឧត្តមសិក្សា បានឃោសនារកសំឡេងឆ្នោត សម្រាប់ខ្លួនយ៉ាងដូច្នេះ ៖
ចំណែក បេក្ខជនមួយអង្គ ដែលបានបញ្ជប់ការសិក្សាថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឬគរុកោសល្យឆ្នាំទី ៣ នៅឯទឹកដីកម្ពុជាក្រោម ហើយបច្ចុប្បន្នកំពុងរៀន នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ ផ្នែកភាសា អង់គ្លេស ឯណេះវិញ ក៏មិនធម្មតាដែរ ។
ដោយមើលឃើញពីតម្លៃរបស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ពីអាណត្តិមួយទៅអាណត្តិ មួយ កាន់តែរីកចម្រើនប្រសើរជាងមុន ។ ជាពិសេសរៀមច្បងជាថ្នាក់ដឹកនាំមុនៗ បានដឹកនាំអង្គការមួយ នេះ សម្រេចគោលដៅ និងសមិទ្ធិផលសំខាន់ៗ ដូចបានគ្រោងទុក ។ បេក្ខជន ដែលមិនសូវវោហាស័ព្ទដូចបេក្ខជន ដែលបានឃោសនាមុនៗ នេះ មានលេខរៀងទី ៥ ព្រះនាម ថាច់ ស្នាល បានប្តេជ្ញាខ្ពស់ ក្នុងការដឹកនាំ អង្គការសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ឲ្យកាន់តែរីកចម្រើន ឆ្ពោះទៅមុខ បន្ថែមទៀត បើព្រះអង្គបានធ្វើជាប្រធានក្នុងអាណត្តិទី ៥ នេះ ៖
ធ្លាប់ចូលរួមសង្គមយ៉ាងសកម្មទាំងនៅឯកម្ពុជាក្រោម រហូតនិមន្តមកប្រទេសកម្ពុជា ក៏នៅតែចូលរួមបម្រើ សង្គមដដែល ។ ក្នុងតំណែងជាប្រធានដំណាងឲ្យព្រះសង្ឃខ្មែរក្រោម នៅកុដិ ១៧ នៃវត្តបុទុមវតី បេក្ខជនលេខរៀងទី ៦ ភិក្ខុ យឿន សុខយ៉ឹង ក៏មានគោលនយោយបាយ មិនខុសពីបេក្ខជនលេខរៀងទី ៥ ដែរ ។ ពោលគឺ នៅពេលព្រះអង្គជាប់ឆ្នោតជាប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ព្រះអង្គ នឹងដឹកនាំអង្គការសម្ព័ន្ធឲ្យកាន់តែប្រសើរជាង ឬលើសពីថ្នាក់ដឹកនាំ អាណត្តិមុនៗ ៖
បេក្ខជនចុងក្រោយបង្អស់មានលេខរៀងទី ៧ ឈ្មោះ ស៊ី ស័ក្តិបូរិន ។ បេក្ខជនរូបនេះ មានលក្ខណៈពិសេស ប្លែកជាងបេក្ខជនទាំង ៦ រូបខាងលើ ខុសប្លែកពីគេត្រង់ថា លោកជាគ្រហស្ថតែម្នាក់គត់ ដែលឈរឈ្មោះ សម្រាប់ប្រកួតប្រជែងក្នុងការបោះឆ្នោត តំណែងជាប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ជាមួយ នឹងបេក្ខជនទាំង ៦ ដែលសុទ្ធតែជាព្រះសង្ឃ ។ យ៉ាងណាក៏ដោយចុះ លោក ស៊ី ស័ក្តិបូរិន ហាក់ដូចមិនមានសង្ឃឹមទាល់តែសោះ ក្នុងការជាប់ឆ្នោតជាប្រធានសម្ព័ន្ធ ។ លោកមានប្រសាសន៍ ទៅកាន់អ្នកចូលរួមបោះឆ្នោតថា បេក្ខជនដែលជាព្រះសង្ឃ បានទាញយកប្រជាប្រិយភាព និងសំឡេង ឆ្នោតពីលោកអស់ហើយ ។ សូមស្តាប់ប្រសាសន៍របស់លោក ៖
បន្ទាប់ពីបេក្ខជន ឡើងប្រកាសឃោសនា ស្វែងរកសំឡេងឆ្នោតរៀងៗ ខ្លួនចប់សព្វគ្រប់រួចមក ។ លោក សាម៉ោរ៉ា លេខាធិការនៃគណៈកម្មការរៀបចំការបោះឆ្នោត បានពន្យល់អំពីនិតីវិធីនៃការបោះឆ្នោត យ៉ាងដូច្នេះ ៖
ពិធីបោះឆ្នោត ក៏បានចាប់ផ្តើម ដោយគណៈកម្មការរៀបចំការបោះឆ្នោត បានហៅឈ្មោះអ្នកបោះឆ្នោត ម្តងម្នាក់ៗ ដែលសរុបអ្នកមានវត្តមាន ចូលរួមបោះឆ្នោតទាំងអស់ ១០៣ អង្គ/រូប រហូតដល់ចប់ ៖

គណៈកម្មការរៀបចំការបោះឆ្នោត បានបើកហឹបឆ្នោត ដើម្បីរាប់សន្លឹកឆ្នោត ។ ហើយក៏បានប្រកាស លទ្ធផល យ៉ាងដូច្នេះ ៖
ជាលទ្ធផល បេក្ខេជនមានលេខរៀងទី ១ គឺ ភិក្ខុ ឯកប្បញ្ញោ សឺន សុផារិន្ទ បានជាប់ជាប្រធាន សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម សម្រាប់អាណត្តិ្កទី ៥ នេះ ។ ព្រះអង្គបានទទួលសំឡេង គាំទ្រចំនួន ៥៧ សំឡេង នៃសំឡេងឆ្នោតសរុប ១០៣ សំឡេង ។
ព្រះតេជព្រះគុណ សឺន សុផារិន្ទ បានសម្តែងនូវសេចក្តីរីរាយ ត្រេកអរជាខ្លាំង ក្រោយពីលទ្ធផលបង្ហាញថា ព្រះអង្គបានជាប់ឆ្នោតធ្វើជាប្រធានសម្ព័ន្ធអាណត្តិ្កទី ៥ ។ តាមរយៈវិទ្យុសំឡេងកម្ពុជាក្រោម ព្រះតេជ ព្រះគុណ សឺន សុផារិន្ទ បានថ្លែងអំណរគុណ ទៅកាន់អ្នកចូលរួមបោះឆ្នោត ដែលបានផ្តល់ការទុកចិត្ត មកលើព្រះអង្គ ។ ព្រះតេជព្រះគុណ សឺន សុផារិន្ទ ក៏បានបង្ហាញពីយុទ្ធសាស្ត្រ និងគោលនយោបាយថ្មី សម្រាប់អាណត្តិថ្មី នៅពេលដែលព្រះអង្គចូលកាន់តំណែងជាប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិត ខ្មែរកម្ពុជាក្រោម ក្នុងពេលដ៏ខ្លីខាងមុខនេះ ៖
សូមបញ្ជាក់ថា ភិក្ខុ ឯកប្បញ្ញោ សឺន សុផារិន្ទ ជាព្រះសង្ឃខ្មែរក្រោម មានស្រុកកំណើតនៅភូមិឈើទាល (Giong Dau) ឃុំក្រសាំង (Hoa An) ស្រុកកំពង់ស្ពាន (Cau Ke) ខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម ។ ព្រះអង្គបានសាង ផ្នួសនាឆ្នាំ ១៩៩៧ នៅក្នុងខណ្ឌសីមា វត្តមជ្ឈិមារាម ហៅវត្តកណ្ដាល ជាវត្តខ្មែរមួយនៅស្រុកកំណើត របស់ ព្រះអង្គ ។ ឆ្នាំ ២០០៥ ព្រះអង្គបាននិមន្តទៅបន្តការសិក្សានៅប្រទេសកម្ពុជា និងបន្ទាប់មក ព្រះអង្គបាន និមន្តចេញពីប្រទេសកម្ពុជា ទៅបន្តការសិក្សានៅប្រទេសថៃថែមទៀត ។ ក្រោយពីបានបញ្ចប់ការសិក្សាថ្នាក់ អនុបណ្ឌិតនៅប្រទេសថៃ ព្រះអង្គបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ហើយបានចូលធ្វើការស្មគ្រចិត្តឲ្យ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម រហូតដល់ថ្ងៃដែលព្រះអង្គបានជាប់ឆ្នោតជាប្រធាន នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៥ ៕
ខាងក្រោមជារូបថត ការបោះឆ្នោតអាណត្តិកាលទី ៥ នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម (UKKBS) ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៥ ។ រូបថតៈ ស៊ឺន ចែងចើន