កម្មវិធី​រៃអង្គាសប្រាក់ ជួយឧបត្ថម្ភ​ដល់​ក្រុមយុវជន​ខ្មែរក្រោម​

​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ទីក្រុង Philadelphia រដ្ឋ Pennsylvania កាលពី​ថ្ងៃទី ២៥ មេសា ២០១៥ បានរៀបចំ​កម្មវិធី​ជួបជុំ​សមាជិក សមាជិកា នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រមាណ​ជាង ១០០ នាក់ ដែល​និមន្ត និង​អញ្ជើញ​មកពី​បណ្តា​រដ្ឋ​នានា ក្នុង​ទឹកដី​សហរដ្ឋអាមេរិក និង​ប្រទេស​មួយចំនួន​ក្នុង​ពិភពលោក ។​

​ការរៀបចំ​កម្មវិធី​ជួបជុំ​បងប្អូន​ខ្មែរក្រោម ក្នុង​គោលបំណង​រំ​ឮ​ក​ពី​សកម្មភាព​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ធ្វើ​ការតស៊ូ​មតិ នៅលើ​ឆាក​អន្តរជាតិ​កន្លងមក ។​

​សមាជិក​តំណាង​ឲ្យ​រដ្ឋ​និ​មួយៗ បាន​ឡើង​ថ្លែង​មតិ​ម្នាក់​ម្តងៗ ទៅកាន់​មនុស្ស​ចូលរួម នៅក្នុង​កម្មវិធី​ជួបជុំ​នោះ ទាក់ទង​ទៅ នឹង​សកម្មភាព​ការងារ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ការ​ផ្តោតទៅលើ​បញ្ហា​កង្វះ​ផ្នែក​អប់រំ​ខាង​សិទ្ធិមនុស្ស​របស់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ដែលជា​ម្ចាស់​ស្រុក នៅឯ​ដែនដី​កម្ពុជា​ក្រោម ។​

​បន្ទាប់ពី​ជួប​សំណេះសំណាល​គ្នា​រួចមក អ្នកចូលរួម​ទាំងអស់ បាននាំគ្នា​បរិច្ចាក​ប្រាក់​ផ្ទាល់ខ្លួន ដើម្បី​ជួយឧបត្ថម្ភ​ដល់​ក្រុមយុវជន ដែល​ចូល​រូ​ម​វេទិកា​អចិន្ត្រៃយ៍ ស្តីពី​បញ្ហា​ជនជាតិដើម លើក​ទី ១៤ នៅ​ទីស្នាក់ការ​កណ្តាល​នៃ​អង្គការសហប្រជាជាតិ នា​បូរី​ញូវយ៉ក់ សហរដ្ឋអាមេរិក ចាប់ពី​ថ្ងៃទី ២០ ខែមេសា ដល់​ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០១៥ ។​

​គួរ​រំ​ឮ​កថា ចាប់ពី​ឆ្នាំ ២០០៤ មក រៀងរាល់ឆ្នាំ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តែង​តែង​ចូល​ថ្លែងការណ៍ ស្ដីអំពី​បញ្ហា​សិទ្ធិមនុស្ស​ខ្មែរក្រោម នៅក្នុង​វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ ស្ដីពី​បញ្ហា​ជនជាតិដើម ដើម្បី​ជម្រាប​ដល់​សហគមន៍​អន្តរជាតិ​បានដឹង​ពី​ទុក្ខ​កង្វល់​ផ្សេងៗ របស់​ពលរដ្ឋ​ខ្មែរក្រោម ដែល​ត្រូវបាន​រំលោភបំពាន​ពី​រដ្ឋាភិបាល វៀតណាម សព្វថ្ងៃ ។​

សូមបញ្ជាក់ថា នៅ​ថ្ងៃ​ចន្ទ​ទី ២៧ មេសា នេះ ជា​សប្តាហ៍​ទី ២ ហើយ ដែល​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះសង្ឃ យុវជន និង​យុវតី​ខ្មែរក្រោម បាន​ចូលរួម​ស្តាប់ និង​ថ្លែងការណ៍​នៅក្នុង​វេទិកា​អចិន្ត្រៃយ៍ នៃ​អង្គការសហប្រជាជាតិ ស្ដីពី​បញ្ហា​ជនជាតិដើម នៅ​ទីស្នាក់ការ​កណ្តាល​នៃ​អង្គការសហប្រជាជាតិ នា​បូរី​ញូវយ៉ក់ ។​

​ព័ត៌មាន​លម្អិត​ទាក់ទង នឹង​សកម្មភាព​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូលរួម​កិច្ចប្រជុំ​លើក​ទី ១៤ នៃ​វេទិកា​អចិន្ត្រៃយ៍​ស្ដី​បញ្ហា​ជនជាតិដើម ។ សហការី​នៃ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម និង​ភ្នាក់ងារ​ទូរទស្សន៍​ព្រៃនគរ នឹងធ្វើ​សេចក្តី​រាយ​ការ​ជា​បន្តបន្ទាប់ ។ ដូច្នេះ សូម​លោកអ្នក​រង់ចាំ​តាមដាន​ព្រឹ​តិ្ត​ការណ៍​នេះ កុំបី​ខាន ៕​ ខាងក្រោម​នេះ ជា​រូបភាព​ខ្លះៗ ពី​សកម្មភាព​កម្មវិធី​រៃអង្គាសប្រាក់ និង​ក្រុមយុវជន​ខ្មែរក្រោម ចូល​រូ​ម​វេទិកា​អចិន្ត្រៃយ៍ ស្តីពី​បញ្ហា​ជនជាតិដើម នៅ​ទីស្នាក់ការ​កណ្តាល​នៃ​អង្គការសហប្រជាជាតិ នា​បូរី​ញូវយ៉ក់ ។​

KKF2015 (0) KKF2015 (1) KKF2015 (2) KKF2015 (3) KKF2015 (4) KKF2015 (5) KKF2015 (6) KKF2015 (7) KKF2015 (8) KKF2015 (9) KKF2015 (10) KKF2015 (11) KKF2015 (12) KKF2015 (13) KKF2015 (14) KKF2015 (15) KKF2015 (16) KKF2015 (17) KKF2015 (18) KKF2015 (19) KKF2015 (21) KKF2015 (22) KKF2015 (23) KKF2015 (24) KKF2015 (25) KKF2015 (26)