ដោយ ស៊ឺន ចែងចើន l VOKK
នៅថ្ងៃអាទិត្យទី ១៤ ខែមករា នេះ ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ជាប្រធាននាយកដ្ឋាន ព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងជាព្រះចៅអធិការវត្តខេមររង្សី បានធ្វើពិធីបុណ្យផ្កាសាមគ្គី មួយនៅវត្ត ខេមររង្សី នាទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ដើម្បីរៃអង្គាសប្រាក់យក ទៅកសាង សាលាបាលីនៅវត្តបទុមសាគរ ហៅវត្តកំពង់ស្ពាន ឋិតនៅក្នុងស្រុកកំពង់ស្ពាន ខេត្ត ព្រះត្រពាំង ដែលជាវត្តកំណើតរបស់ព្រះអង្គ ។
នៅក្នុងពិធីបុណ្យនេះ ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា បានថ្លែងថា សាលាបាលី ដែលព្រះអង្គ ជាមួយនឹងគណៈកម្មការវត្តបទុមសាគរ (កំពង់ស្ពាន) កសាងនោះ កំពុងតែដំណើរការសាងសង់ ។ សាលាបាលីនេះ ធ្វើតាមលំនាំរចនាបទ្មខ្មែរ មាន ៤ បន្ទប់ និងការិយាល័យសម្រាប់គ្រូ បង្រៀន ១ បន្ទប់ មាន ទទឹង ១៦ ម៉ែត្រ បណ្ដោយ ២៧ ម៉ែត្រ និង កម្ពស់ ១៧ ម៉ែត្រ កន្លះ ។
នៅកម្ពុជាក្រោម សាលាអក្សរសាស្ត្រខ្មែរ និងការសិក្សាផ្នែកពុទ្ធិកសិក្សា មានតែក្នុងវត្តអារាម ប៉ុណ្ណោះ ។ ដោយសារតែវត្តអារាមមានសាលារៀនសម្រាប់ព្រះសង្ឃ និងកូនចៅខ្មែរសិក្សានេះហើយ ទើបធ្វើឲ្យ ជាតិខ្មែរ នៅកម្ពុជាក្រោម បានគង់វង្សរហូតមកដល់ សព្វថ្ងៃ ។
ព័ត៌មានបន្ថែមសូមទាក់ទង ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា តាមទូរស័ព្ទ លេខ (408) 550-5060