ថ្ងៃនេះ ទី ១០ ខែមករា ឆ្នាំ ២០១៧ ជាខួប ១០ ឆ្នាំ ដែលព្រះសង្ឃខ្មែរក្រោមនៅភ្នំពេញ ៨ អង្គ បានទៅធ្វើបាតុកម្មនៅមុខទូតយួន នាទីក្រុងភ្នំពេញ នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០០៧ ដើម្បីទាមទារឲ្យរដ្ឋាភិបាលយួនដោះលែងព្រះសង្ឃខ្មែរក្រោម នៅខេត្តព្រះត្រពាំង ដែលត្រូវរដ្ឋាភិបាលយួនចាប់ឃុំឃាំង ករណីនាំយកព្រឹត្តិបត្រកម្ពុជាក្រោម ពីប្រទេសកម្ពុជា ទៅចែកពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។
ព្រះសង្ឃខ្មែរក្រោម ដែលត្រូវរដ្ឋាភិបាលយួនចាប់ក្នុងករណីនេះនោះ រួមមាន ព្រះតេជព្រះគុណ ថាច់ ធន វត្តកញ្ចោងកំពង់លាវ, ព្រះតេជព្រះគុណ សឺន ចែង ចើន វត្តផ្នោអណ្ដែត និង ព្រះតេជព្រះគុណ សឺន លំអាន វត្តផ្នោសង្ក្រម ។ ក្រោយមក ព្រះសង្ឃ ទាំង ៣ អង្គនេះ ត្រូវរដ្ឋាភិបាលយួនចាប់ផ្សឹក ។
នេះជាការធ្វើបាតុកម្មរបស់ព្រះសង្ឃខ្មែរក្រោម នៅមុខទូតយួន ក្នុងប្រទេសកម្ពុជា ជាលើកដំបូង ហើយក្រោយមក មានបាតុកម្មជាហូរហែ ដើម្បីទាមទារឲ្យដោះលែង ព្រះតេជព្រះគុណ ទឹម សាខន ជាដើម ៕
