ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ព្រះសង្ឃខ្មែរ នៅដែនដីកម្ពុជាក្រោម នៅតែបង្ហោះគោម ក្នុងពិធីបុណ្យអកអំបុក បើទោះបីរដ្ឋាភិបាលបក្សកុម្មុយនិស្ត វៀតណាមហាមឃាត់យ៉ាងណាក៏ដោយ ។ ការបង្ហោះគោមនេះ ត្រូវបានព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅតាមភូមិ ស្រុក និងវត្តអារាមនានាបង្ហោះយ៉ាងគគ្រឹកគគ្រេង បន្ទាប់ពីបានផ្អាកអស់ជាច្រើនឆ្នាំកន្លងមកដោយសាររដ្ឋាភិបាលបក្ស កុម្មុយនិស្តវៀតណាម បានចេញសេចក្ដីសម្រេចមួយហាមពលរដ្ឋទូទាំងប្រទេស មិនឲ្យបង្ហោះ គោម ចាប់ តាំងពីឆ្នាំ ២០០៩ មក ។ នៅក្នុងពិធី “បុណ្យអកអំបុក” ប្រចាំឆ្នាំ ពុទ្ធសករាជ ២៥៥៩ គ្រឹសករាជ ២០១៥ នេះ ព្រះសង្ឃ និងពល រដ្ឋខ្មែរនៅដែនដីកម្ពុជាក្រោម មិនត្រឹមតែហ៊ានចេញមុខចំៗសាមគ្គីគ្នាបង្ហោះគោម ប៉ុណ្ណោះទេ ថែមទាំងបាននាំគ្នាថត ទិដ្ឋភាពពិធីបង្ហោះគោមទាំងនោះ បង្ហោះឡើងបណ្ដាញសង្គម Facebook ដើម្បីផ្សព្វផ្សាយ យ៉ាងទួលំទូលាយទៀត ផង ។
ព្រះសង្ឃខ្មែរក្រោមមួយអង្គ គង់នៅក្នុងវត្តមួយ នាទីរួមខេត្តព្រះត្រពាំង បានសរសេរនៅលើទំព័រ Facebook របស់ ព្រះអង្គដោយបានភ្ជាប់ជាមួយនឹងរូបថតពិធីបង្ហោះគោមថា បើទោះបីរដ្ឋាភិបាលវៀតណាមហាមឃាត់យ៉ាងណា ក៏ព្រះអង្គនៅតែបង្ហោះដែរ ព្រោះថា ការបង្ហោះគោមជាប្រពៃណីរបស់ពលរដ្ឋខ្មែរក្រោម មានមករាប់ពាន់ឆ្នាំហើយ ។
ព្រះសង្ឃអង្គនេះ បានសេរសេរថា៖
“ទោះបីមិនឲ្យក៏បង្ហោះដែរ ព្រោះប្រពៃណីខ្មែរមានរាប់ពាន់ឆ្នាំមកហើយ ខ្មែរត្រូវតែរក្សាចឹង ឆេះក្បាលអាណា?”
លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀង តឹង យ៉ុង បានចេញសេចក្ដីសម្រេចមួយចុះ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០០៩ និងមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០០៩ បានហាមពលរដ្ឋវៀតណាមទូទាំងប្រទេស មិនឲ្យបង្ហោះ គោមគ្រប់រូប ភាពតាមអ្វីមួយដែលលោកលើកឡើងថា ដើម្បីបង្ការគ្រោះអគ្គិភ័យ ។
ចាប់តាំងពីមានសេចក្ដីសម្រេចហាមមិនឲ្យបង្ហោះគោមនេះមក គេសង្កេតឃើញប៉ុន្មានឆ្នាំកន្លងមកនេះ នៅតាមវត្ត អារាម និងភូមិស្រុកនានាទូទាំងដែនដីកម្ពុជាក្រោម តិចមានកម្មវិធីបង្ហោះគោមខ្លាំងណាស់ នៅក្នុងពិធីបុណ្យ អកអំបុក ព្រោះខ្លាចអាជ្ញាធរវៀតណាមពិន័យជាប្រាក់ និងរករឿងចោទប្រកាន់ថា ប្រឆាំងនឹងរដ្ឋាភិបាលបក្សកុម្មុយនិស្តយួន ជាដើម ។
ព្រះសង្ឃ និង ពលរដ្ឋខ្មែរក្រោមបានអះអាងថា ការដែលរដ្ឋាភិបាលចេញសេចក្ដីសម្រេចហាមមិនឲ្យពលរដ្ឋបង្ហោះគោម នេះ គឺធ្វើឡើងក្នុងគោលបំណងលុបបំបាត់ប្រពៃណីរបស់ខ្មែរ នៅកម្ពុជាក្រោមដែលធ្លាប់មាន តាំងពី បុរាណកាលមកតែ ប៉ុណ្ណោះ ។
ព្រះតេជព្រះគុណ ថាច់ សុវណ្ណតារា ព្រះសង្ឃវត្តមហាពោធិវ័ន (តាថៀវ) នៃស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង សព្វថ្ងៃ ជាសមណនិស្សិតកំពុងតែសិក្សានៅមហាវិទ្យាល័យមហាចុឡាឡុងករណ៍រាជវិទ្យាល័យ នាខេត្តអយធ្យា ប្រទេស ថៃ បានមានថេរដីកា ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមថា ការដែលរដ្ឋាភិបានវៀតណាមហាមមិនឲ្យព្រះសង្ឃ និងពលរដ្ឋខ្មែរ ក្រោមបង្ហោះគោមនេះ ជាចេតនាមួយក្នុងការលុបបំបាត់វប្បធម៌ ប្រពៃណីជាតិខ្មែរនៅ ដែនដីកម្ពុជាក្រោម ។
“មូលហេតុដែលគេលើកឡើងចឹង ក្នុងគោលបំណង គេចង់លុបបំបាត់វប្បធម៌ទំនៀមទម្លាប់របស់ខ្មែរតែប៉ុណ្ណោះ ដើម្បី មិនឲ្យចៅខ្មែរយើងស្គាល់វប្បធម៌របស់ជាតិ កាលណាលែងស្គាល់វប្បធម៌របស់ជាតិហើយ ខ្លួនឯង ក៏ចាប់ផ្ដើម អស់ ស្គាល់តែម្ដង” ។
ព្រះតេជព្រះគុណ ថាច់ សុវណ្ណតារា បានមានពុទ្ធដីកាបន្តទៀតថា ពេលព្រះអង្គនៅស្រុកមិនអាចបង្ហោះគោមដោយ សេរីភាពបានទេ ទើបពេលមករៀនដល់ប្រទេសថៃ ព្រះអង្គ និងសមណនិស្សិតខ្មែរក្រោមដទៃទៀត បានរួមគ្នា ធ្វើកម្មវិធី “បុណ្យអកអំបុក” ទៅតាមប្រពៃណីជាតិ ក្នុងនោះ ក៏មានពិធីបង្ហោះគោមផងដែរ ដោយព្រះអង្គលើកឡើងថា “ដើម្បី ធ្វើឲ្យគោមខ្មែរក្រោមរបស់ព្រះអង្គបានហោះឡើងដោយសេរីភាព” ។
ព្រះតេជព្រះគុណ ថាច់ សុវណ្ណតារា មានពុទ្ធដីកាថា៖
“កម្មវិធីបង្ហោះគោមជាការពិសេសបំផុត ព្រោះនៅកម្ពុជាក្រោម យើងបង្ហោះមិនបានសេរីភាព ចឹងទេ ពេលអាត្មាមក ដល់ប្រទេសថៃហើយ គឺត្រូវធ្វើម៉េចឲ្យគោមហ្នឹងហោះឡើងដោយសេរីភាព” ។
បង្ហោះគោមជាពិធីដ៏សំខាន់មួយ ដែលព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម តែងតែងបង្ហោះនៅតាមវត្តអារាម នានា នៅក្នុងពិធីបុណ្យអកអំបុក រៀងរាល់ឆ្នាំ នារាត្រីថ្ងៃ ១៥ កើតខែកត្ដិក ៕