ដោយ ស៊ឺន ចែងចើន
មិត្តសមាគមខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា នៅថ្ងៃអាទិត្យ ២១ កុម្ភៈ ម្សិលមិញនេះ បានរៀបចំ មហាសន្និបាតវិសាមញ្ញរបស់ខ្លួនក្រោមប្រធានបទ «ពង្រឹងការងារ និងបង្ហាញសកម្មភាពសមាគម» ។
អង្គមហាសន្និបាតវិសាមញ្ញ ធ្វើឡើងនៅទីស្នាក់ការកណ្ដាលរបស់មិត្តសមាគមខ្មែរកម្ពុជាក្រោម ស្ថិតនៅ វត្តសាមគ្គីរង្សី ភូមិទ្រា ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការអញ្ចើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងឲ្យអង្គការសមាគមខ្មែរកម្ពុជាក្រោម សមាជិក សមាជិកានៃមិត្តសមាគមខ្មែរកម្ពុជាក្រោម ដែលបានអញ្ជើញមកពីរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ តាកែវ ។ល។
តាមរបាយការណ៍បង្ហាញថា រយៈពេលពីរឆ្នាំចុងក្រោយនេះ មិត្តសមាគមខ្មែរកម្ពុជាក្រោម បានធ្វើសកម្មភាពយ៉ាងខ្ជាប់ខ្ជួន ដើម្បីឆ្លើយតបទៅ នឹងតម្រូវការរបស់ប្រជាពលរដ្ឋខ្មែរក្រោម ។ ជាពិសេស សហការជាមួយអង្គការជាដៃគូ ដើម្បីរិះរកគ្រប់មធ្យោបាយ ជួយសម្រួលនូវរាល់បញ្ហា ដែលពលរដ្ឋខ្មែរក្រោម កំពុងតែជួបប្រឈម ។
របាយការណ៍ បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១៤ មកទល់ នឹងពេលនេះ មិត្តសមាគមខ្មែរកម្ពុជាក្រោម បានធ្វើសកម្មភាពជាច្រើន ដោយក្នុងនោះសម្រេចបាននូវសមិទ្ធិផលមានជាអាទិ៍ បញ្ជាក់ជូននូវលិខិតបទដ្ឋានផ្សេងៗ ដល់ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីយកទៅប្រើប្រាស់តាមសេចក្តីតម្រូវការរបស់ខ្លួន បើគិតតាំងពីឆ្នាំ ២០១៤ រហូតមកដល់ដើមឆ្នាំ ២០១៦ មិត្តសមាគមខ្មែរកម្ពុជាក្រោម បានធ្វើលិខិតបញ្ជាក់ជូនពលរដ្ឋខ្មែរក្រោម បានចំនួន ២០០ នាក់ ដែលមកពី ១៦ តំបន់ក្នុងព្រះរាជាណាចក្រកម្ពុជា ។ ការធ្វើសកម្មភាពមនុស្សធម៌ ដោយដោះស្រាយនូវរាល់កង្វះខាត់ ដែលពលរដ្ឋខ្មែរក្រោម បានជួបប្រឈមខ្លាំង ។
សម្រាប់គម្រោងផែនការណ៍ និងទិសដៅ នៅពេលខាងមុខ មិត្តសមាគមខ្មែរកម្ពុជាក្រោម បានដាក់ចេញនូវគោលការណ៍ ៩ ចំណុច ដើម្បីអនុវត្ត មានដូចជា៖
- ផែនការណ៍មូលនិធិមរណសង្គ្រោះ ។
- ផែនការណ៍រៀបចំធ្វើប័ណ្ណសមាជិក និងលិខិយបញ្ជាក់បទដ្ឋានផ្សេងៗ ។
- បន្តពង្រឹងសមត្ថភាព គុណភាពផ្ទៃក្នុងរបស់សមាគម ។
- រៀបចំបង្កើតសាខា និងអនុសាខារបស់សមាគមតាមទីក្រុង និងតាមបណ្តាខេត្ត តាមដែលអាចធ្វើទៅបាន ។
- រៀបចំផែនការណ៍អប់រំ ជួយទ្រទ្រង់សមាជិក សមាជិកា ដែលពុំមានមានលទ្ធភាពគ្រប់គ្រាន់ ឲ្យកូនចៅបន្តការសិក្សា ។
- បន្តចលនាវប្បធម៌ និងប្រពៃណី មានជាអាទិ៍ គឺ រក្សាទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» ។
- រៀបចំសកម្មភាពមនុស្សធម៌ ពិនិត្យជម្ងឺ ដល់សមាជិក សមាជិកា ក្នុងពេលសមស្របណាមួយ ។
- ប្តេជ្ញាប្រកាន់គោលជំហរអព្យាក្រឹត ថែរក្សាប្រពៃណីល្អរបស់សមាគម សំដៅពង្រឹងប្រសិទ្ធិភាពការងារ ដើម្បីឆ្លើយតបជូនសមាជិក សមាជិកា ទៅតាមតម្រូវការ ។
- មិត្តសមាគមខ្មែរកម្ពុជាក្រោម បានតម្កល់សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកថា ជាអង្គការកំពូលតែមួយគត់ ដើម្បីនាំយកសិទ្ធិសេរីភាព និងសិទ្ធិសម្រេចវាសនាខ្លួន ដោយខ្លួនឯង មកជូនប្រជាពលរដ្ឋខ្មែរក្រោម ។
សូមបញ្ជាក់ថា មិត្តសមាគមខ្មែរកម្ពុជាក្រោម បង្កើតឡើងមុនដំបូងបង្អស់ នៅឆ្នាំ ១៩៣៧ ក្រោមការផ្តួចផ្តើមរបស់លោកឧកញ៉ា ឡឹម ឯម និងសហការីរបស់លោក នៅឯដែនដីកម្ពុជាក្រោម ។ ការបង្កើតមិត្តសមាគមខ្មែរកម្ពុជាក្រោម នេះឡើង គឺដើម្បីបំពេញនូវអត្ថប្រយោជន៍ដល់ជនរួមឈាមខ្មែរក្រោម ក្នុងគោលបំណងផ្សារភ្ជាប់ជាមួយព្រះរាជាណាចក្រកម្ពុជា ។ សមគមនេះ ធ្វើសកម្មភាពរហូតដល់ឆ្នាំ ១៩៧៥ ហើយក៏ត្រូវផ្អាកមកវិញ ក្នុងចន្លោះរបបប្រល័យពូជសាសន៍ ប៉ុល ពត និងសម័យរដ្ឋកម្ពុជា ។
លុះក្រោយថ្ងៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរបស់ព្រះរាជាណាចក្រកម្ពុជា មិត្តសមាគមខ្មែរកម្ពុជាក្រោម បានរៀបចំបង្កើតឡើងវិញ ក្រោមគំនិតជួយផ្តួចផ្តើមរបស់លោក សឺន យិន លោក គឹម ភៀន លោក ច័ន្ទ សុខា លោក ថាច់ សាង លោក គៀង សាំថឈើន លោក គឺម ញ៉ លោក អ៊ុយ សុភ័ក្ត្រ លោក ថាច់ សឿន លោក ហែម ឫទ្ធី អ្នកស្រី ហែម សោភា លោក ថាច់ ឡាង ព្រមទាំងឥស្សរជនខ្មែរក្រោមមួយចំនួនទៀត ។ល។ បានធ្វើឲ្យសមាគមនេះ ប្រសូតឡើងពេញលក្ខណៈច្បាប់សាជាថ្មី នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ១៩៩៣ ៕
ខាងក្រោមជារូបថតខ្លះៗ ពីអង្គមហាសន្និបាតវិសាមញ្ញនៃមិត្តសមាគមខ្មែរកម្ពុជាក្រោម ៖ រូបថតៈ ស៊ឺន ចែងចើន