ដោយ ស៊ឺន ចែងចើន
នៅរាត្រីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ គណៈកម្មការប្រឡង បានរៀបចំពិធីប្រកាសលទ្ធផល ប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ-ទុតិយភូមិ នាសម័យប្រឡងផ្នែកពុទ្ធិកសិក្សា នៅមណ្ឌលប្រឡងវត្តពិសីវរារាម (ពិសី) ដែលជាម្ចាស់ផ្ទះរៀបចំពិធីប្រលងរួមថ្នាក់ខេត្ត ។ ពិធីប្រកាសលទ្ធផលនេះ មានការនិមន្ត និងអញ្ចើញចូលរួមពីព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរក្រោម នៅចំណុះជើងវត្តនានា នៃខេត្តព្រះត្រពាំង ។ នៅរាត្រីថ្ងៃដដែលនោះដែរ គណៈកម្មការរៀបចំកម្មវិធីប្រឡង នឹងប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រប្រគេន និងជូនដល់បេក្ខសមណសិស្ស-សិស្ស ព្រមទាំងផ្តល់ជារង្វាន់លើកទឹកចិត្តដល់បេក្ខសមណសិស្ស-សិស្ស ទៅតាមលំដាប់លេខរៀង ចាប់ពីលេខ ១ រហូតដល់លេខចុងបញ្ចប់ ។

គួរជម្រាបជូនថា គណៈមន្ត្រីសង្ឃ គណៈកម្មការមេប្រយោគ គ្រូបង្រៀន និងបេក្ខសមណសិស្ស-សិស្សទាំង ២ ថ្នាក់ នៃសាលាពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៤ ឬថ្នាក់បាលីរង និងសាលាពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ៣ ឬថ្នាក់គរុកោសល្យទី ៣ នៅទូទាំងខេត្តព្រះត្រពាំង ដែលបាននិមន្តមកសិក្សា នៅតាមវត្តអារាមនានា ក្នុងខេត្តមួយនេះ បានមកជួបជុំគ្នា នៅវត្តមណ្ឌលប្រឡង វត្តពិសីវរារាម (ពិសី) ស្រុកកន្លង់ ដើម្បីចូលរួមក្នុងកម្មវិធីប្រឡងរួមបញ្ចប់ថ្នាក់ខេត្ត ប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃ ៧ កើត ដល់ថ្ងៃ ៩ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវ នឹងថ្ងៃទី ៣១ ខែមករា ដល់ថ្ងៃទី ២ ខែកុម្ភៈ គ.ស ២០២០ ក្រោមការចាត់តាំងរបស់អាគារសិក្សាធិការនៃគណៈមន្ត្រីសង្ឃថ្នាក់ខេត្តព្រះត្រពាំង ។
យោងតាមគណនីហ្វេសប៊ុករបស់ព្រះតេជព្រះគុណ ថាច់ ឌីណេ ដែលជាសមាជិកគណៈកម្មការរៀបចំកម្មវិធីប្រឡងផ្នែកពុទ្ធិកសិក្សា បានបង្ហោះជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី ៣១ ខែមករា ឲ្យដឹងថា សមណសិស្សទាំង ២ ថ្នាក់ ដែលបានចូលប្រឡងរួមបញ្ចប់ថ្នាក់ ក្នុងឆ្នាំសិក្សាពុទ្ធសករាជ ២៥៦៣ នេះ សរុបទាំងអស់មានចំនួន ៤៥៣ អង្គ និងរូប ក្នុងនោះ ក៏មានមានយុវ័ន យុវតី ចូលរួមប្រឡងផង ។ ចំណែកគណៈកម្មការមេប្រយោគ ដែលបាននិមន្ត និងអញ្ជើញមកពីវត្តនានា ដើម្បីកែវិញ្ញាសា និងសម្រេចលទ្ធផលប្រឡង មានចំនួន ២១២ អង្គ និងរូប ។ សរុបបេក្ខសមណសិស្ស-សិស្សទាំង ២ ថ្នាក់ និងគណៈកម្មការមេប្រយោគ មានចំនួន ៦៦៥ អង្គ និងរូប ។

គណនីហ្វេសប៊ុករបស់ព្រះតេជព្រះគុណ ថាច់ ឌីណេ បានបញ្ចាក់ទៀតថា សិស្សានុសិស្ស ដែលរៀនផ្នែកពុទ្ធិកមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិទូទាំងខេត្តព្រះត្រពាំង មានទាំងអស់ ២១ បន្ទប់ ដោយក្នុងនោះ ថ្នាក់ពុទ្ធិកម្យមសិក្សាបឋមភូមិ មាន ១៧ បន្ទប់ និងថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ មាន ៤ បន្ទប់ ។
ចំពោះវិញ្ញាសាប្រឡង សម្រាប់ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៤ មានចំនួន ១២ គឺព្រះវិន័យ តែងសេចក្ដី សរសេរតាមអាន ធម្មបទ វេយ្យាករណ៍បាលី ភាសាខ្មែរ ព្រះគាថា ព្រះអភិធម្ម ទស្សនៈពុទ្ធសាសនា អង់គ្លេស ទូរេនិទាន គណិតវិទ្យា និងថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ៣ មានចំនួន ១០ វិញ្ញាសា គឺសរសេរតាមអាន ព្រះបាតិមោក្ខ បរមាធិប្បាយ សាសនាសកលលោក កំណាព្យខ្មែរ ភាសាខ្មែរ សម្ព័ន្ធ មង្គលត្ថទីបនី អង់គ្លេស គណិតវិទ្យា ។
កម្មវិធីសិក្សាថ្នាក់ពុទ្ធិកសិក្សា នៅខេត្តព្រះត្រពាំង ជាកម្មវិធីសិក្សាមួយ ផ្ដោតលើការរៀនអក្សរសាស្ត្រខ្មែរ និងភាសាបាលី ក្រោមការចាត់តាំងរបស់គណៈមន្ត្រីសង្ឃខ្មែរ នៅដែនដីកម្ពុជាក្រោម ដែលមានឈ្មោះថា “សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ” ។ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ បានបង្កើតឡើង នៅក្នុងឆ្នាំ ១៩៦៥ ដោយព្រះតេជព្រះគុណ សឺង វង់ (Son Vong) អតីតព្រះបាឡាតគណខេត្តព្រះត្រពាំង ។ សមាគមមួយនេះ ដើរតួនាទីបណ្ដុះបណ្ដាលវិស័យអប់រំដល់ពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោម បានសិក្សារៀនសូត្រទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ។