ដោយ ស៊ឺន ចែងចើន
នៅក្នុងឆ្នាំ ២០២១ មានពលរដ្ឋខ្មែរក្រោមមួយចំនួន ត្រូវបានជនជាតិយួនវាយសម្លាប់ ដោយសារតែរងការរើសអើងជាតិសាសន៍ និងករណីវាយធ្វើទារុណកម្មក្នុងពេលកំពុងជាប់ឃុំនៅពន្ធនាគារ រួមទាំងករណីបាញ់សម្លាប់ពលរដ្ឋខ្មែរក្រោមម្នាក់ នៅប្រទេសកម្ពុជា តែសមត្ថកិច្ចកម្ពុជា នៅមិនទាន់រកឃើញជនដៃដល់ ដែលជាមន្រ្តីនគរបាល នៅឡើយ ។ តើករណីឃាតកម្មលើពលរដ្ឋខ្មែរក្រោម បានកើតឡើង ដោយរបៀបណា? លោក ស៊ឺន ចែងចើន ធ្វើសេចក្តីសង្ខេប អំពីរឿងរ៉ាវទាំងអស់នេះ ដូចតទៅ ៖
សំណុំរឿងឃាតកម្មបាញ់សម្លាប់ពលរដ្ឋខ្មែរក្រោម កាលពីឆ្នាំ ២០២០ ដោយមន្រ្តីនគរបាល មកដល់ត្រឹមចុងឆ្នាំ ២០២១ នេះ អស់រយៈពេល ១ ឆ្នាំ ៣ ខែហើយ ដែលសមត្ថកិច្ចកម្ពុជា នៅតែមិនទាន់ចាប់ឃាតក យកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីរកយុត្តិធម៌ដល់ក្រុមគ្រួសារជនរងគ្រោះនៅឡើយ ។
ពន្លឺនៃយុត្តិធម៌សម្រាប់ពលរដ្ឋខ្មែរក្រោម ដែលត្រូវបានមន្រ្តីនគរបាលជាអ្នកជិតខាងបាញ់សម្លាប់ ហាក់នៅឆ្ងាយនៅឡើយ បើទោះជាឃាតកត្រូវបានគេស្គាល់មុខមាត់ និងអត្តសញ្ញាណ ជាច្រើនរួចហើយក្តី ។
គួររម្លឹកថា ពលរដ្ឋខ្មែរក្រោម លោក សុខ សុធន ហៅ កេន អាយុ ៣៤ មុខរបរជាជាងកាត់សក់ ត្រូវបានជនដៃដល់ដែលជាមន្រ្តីនគរបាលបាញ់ ចំនួនមួយគ្រាប់ចំដើមទ្រូងបណ្តាលឱ្យស្លាប់ភ្លាមៗ នៅហ្នឹងកន្លែង វេលាម៉ោង ១០ យប់ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ នៅក្នុងសង្កាត់ បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ក្រោយការបាញ់ប្រហារនោះ ជនដៃដល់បានឡើងជិះម៉ូតូ គេចខ្លួនបាត់ស្រមោលរហូតដល់សព្វថ្ងៃ ។
ជនដៃដល់ត្រូវបានគេដឹងថា មានឈ្មោះ លី ថារិយ ។ ក្រោយការបាញ់ប្រហាររួច រូបថតជនដៃដល់ ដែលមានពាក់ឯកសណ្ឋានជាកងកម្លាំងនគរបាលជាតិ និងមានឋានន្តរជាអនុសេនីយ៍ទោ ឬសក្តិ ២ ត្រូវបានលាតត្រដាង នៅលើបណ្តាញសង្គមផងដែរ ។
លោក សុខ សុធន ដែលត្រូវឃាតកបាញ់សម្លាប់ មានឪពុកម្តាយជាខ្មែរមកពីខេត្តឃ្លាំង ដែនដីកម្ពុជាក្រោម ប៉ុន្តែលោកមានកំណើតកើតជា នៅក្នុងប្រទេសកម្ពុជា ។
លោកមានមុខរបរជាជាងកាត់សក់ និងបានជួលផ្ទះគេបើកហាងកាត់សក់មួយកន្លែង នៅក្នុងខណ្ឌទូលគោក ហើយលោកត្រូវបានជនល្មើសបាញ់សម្លាប់ នៅខាងមុខហាងកាត់សក់របស់លោកតែម្តង ។
ជុំវិញករណីឃាតកម្មនេះ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ធ្លាប់បានថ្លែងប្រាប់សារព័ត៌មានព្រៃនគរ កាលពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២១ ថា សមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនជនល្មើសបាននៅឡើយ ។ ជនដៃដល់ គឺជាមន្រ្តីនគរបាលនៃសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ហើយជនដៃដល់ក៏ត្រូវបានបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិផងដែរ ។ នេះជាការបញ្ជាក់របស់លោក ឆាយ គឹមខឿន ។
ចំណែកអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បញ្ជាក់បន្ថែម នៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២១ ថា ក្រុមសមត្ថកិច្ចជំនាញកំពុងតែរកឃាតកនៅឡើយ ។ លោកអះអាងថា ក្រុមជំនាញមិនដែលបោះបង់ករណីឃាតកម្មនេះ ចោលនោះទេ ។
គួរបញ្ជាក់ថា លេខាធិការដ្ឋាន នៃអង្គការ សមាគមខ្មែរកម្ពុជាក្រោមប្រចាំនៅកម្ពុជា កាលពី ខែតុលា ឆ្នាំ ២០២០ ក៏បានចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យសមត្ថកិច្ចចាប់ខ្លួនជនដៃដល់ ដែលបានបាញ់សម្លាប់លោក សុខ សុធន មកផ្តន្ទាទោសទៅតាមច្បាប់ ។
ជនរងគ្រោះលោក សុខ សុធន និង ភរិយាមានកូនចំនួន ៤ នាក់នៅក្នុងបន្ទុក ។ ក្រោយពីបាត់ បង់ស្វាមីដែលជាបង្គោលដ៏រឹងមាំ នៅក្នុងគ្រួសារ អ្នកស្រី សុខម៉េង ដែលជាភរិយា ត្រូវទទួលរ៉ាប់រងមើលថែទាំចិញ្ចឹមបីបាច់កូនស្រីទាំង ៤ ដែលមានអាយុចន្លោះពី ១ ឆ្នាំ ដល់ ១១ ឆ្នាំតែម្នាក់ឯង ។
ឥឡូវ! យើងងាកមកតាមដានករណីឃាតកម្ម ដែលបានកើតឡើងទៅលើពលរដ្ឋខ្មែរក្រោម នៅឯដែនដីកម្ពុជាក្រោម វិញម្តង ។ អំពើឃាតកម្ម ដែលមានទម្រង់បែបព្រៃផ្សៃ បានកើតមានផ្ទួនៗ គ្នា នៅកម្ពុជាក្រោម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ក្នុងនោះ ក៏មានករណីស្លាប់ដោយអាថ៍កំបាំងផងដែរ ។
ករណីដំបូងក្នុងឆ្នាំ ២០២១ នេះ ក្រុមឃាតក ជាជនជាតិយួន បានចាក់សម្លាប់ទៅលើកម្មករខ្មែរក្រោម ៤ នាក់ ហើយនៅក្នុងហេតុការណ៍នោះ បណ្តាលឲ្យមនុស្ស ២ ស្លាប់ និង ២ នាក់ទៀត រងរបួសធ្ងន់ ។
ចំពោះ ព្រឹត្តិការណ៍កើតឡើងនៃការប្រើហិង្សាកាប់សម្លាប់នេះ កម្មករខ្មែរក្រោម ៤ នាក់ ដែលធ្វើការនៅខេត្តទទួលតាមោក ហើយវៀតណាម ប្តូរឈ្មោះទៅជាខេត្តបិញយឿង ត្រូវជនជាតិយួនមួយក្រុម លើកគ្នាព្រួតវាយបណ្តាលឲ្យស្លាប់កម្មករខ្មែរក្រោម ២ នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ហើយ ២ នាក់ផ្សេងទៀត រងរបួសធ្ងន់បញ្ជូនមកសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ ។
កម្មករខ្មែរក្រោមមួយរូប ឈ្មោះ គឹម តឹង ស្ថិតនៅក្នុងហេតុការណ៍ឃាតកម្មនោះ ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មានព្រៃនគរ ថា មនុស្សពីរនាក់ ដែលត្រូវជាមា និងក្មួយបានស្លាប់ក្នុងហេតុការណ៍ ព្រួតវាយសម្លាប់ ពីសំណាក់ជនជាតិវៀតណាមមួយក្រុម ក្រោយចេញកពីម្មវិធីជប់លៀងលាគ្នា ដើម្បីត្រឡប់ទៅស្រុក ចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរ ។
សាក្សី ជាកម្មករខ្មែរក្រោម ដដែលរូបនេះ បញ្ជាក់ថា មូលហេតុនៃការវាយប្រហារលើកម្មករខ្មែរក្រោម ដែលបណ្តាលឲ្យស្លាប់ពីរនាក់ បានកើតឡើងនៅយប់ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២១ ដោយសារតែពួកគេនិយាយគ្នាជាភាសាខ្មែរ នៅក្នុងពិធីជប់លៀងមួយ ហើយក្រុមជនជាតិយួនទាំងនោះ គិតថា ជាការនិយាយដៀមដាមដាក់ពួកគេ ក៏ព្រួតគ្នាវាយចាក់ឲ្យស្លាប់កម្មករខ្មែរក្រោម ២ នាក់ និងរងរងរបួសធ្ងន់ ២ នាក់ ។
ស្រដៀងគ្នានេះដែរ កម្មករខ្មែរក្រោមម្នាក់ទៀត ឈ្មោះ សឺន ហៀង អះអាងថា អំពើវាយតប់កាប់សម្លាប់ខ្មែរក្រោមបែបនេះ ធ្លាប់កើតមានឡើងជារឿយៗ ចំពោះពលករចំណាកស្រុកខ្មែរក្រោម ព្រោះជនជាតិវៀតណាមទាំងនោះ មានចរិតស្អប់ខ្មែរក្រោម ទាំងពីដើមរៀងមក ។ កម្មកររូបនេះ លើកឡើងថា ការណីឃាតកម្មនេះ បង្កឡើង ដោយសារកម្មករជនជាតិវៀតណាមទាំងនោះ រើសអើង និងប្រកាន់ពូជសាសន៍ មកលើខ្មែរក្រោម ។
សូមបញ្ជាក់ថា យុវជនខ្មែរក្រោម ២ រូប ដែលរងអំពើហិង្សាវាយកាប់ចាក់ពីសំណាក់ជនជាតិយួននោះ ម្នាក់ឈ្មោះ ថាច់ ចំរើន អាយុ ២៥ ឆ្នាំ និងម្នាក់ទៀតឈ្មោះ ថាច់ ចៀង អាយុ ២៣ ឆ្នាំ មានស្រុកកំណើត នៅភូមិតាអោក ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ។
ពាក់ព័ន្ធនឹងករណីឃាតកម្មវាយសម្លាប់នេះ សមត្ថកិច្ចវៀតណាម នៅខេត្តទួលតាមោក នៅថ្ងៃទី ១៣ មេសា ឆ្នាំ ២០២១ ឲ្យដឹងថា ពួកគេចាប់បានជនដៃដល់ជាជនជាតិវៀតណាមទាំងនោះរួចហើយ ។ ក្រុមជនល្មើសមានស្រុកកំណើតនៅខេត្តក្រមួនស ដែលវៀតណាមដាក់ឈ្មោះថ្មី ថា ខេត្ត គៀង យ៉ាង (Kieng Giang) ។ នគរបាលវៀតណាម អះអាងថា ពួកគេកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសជនដៃដល់ ទៅតាមច្បាប់ ។
ជិត ៥ ខែក្រោយមក នៅខែសីហា ឆ្នាំ ២០២១ យុវជនខ្មែរក្រោមរងគ្រោះម្នាក់ទៀត បានស្លាប់ដោយការវាយធ្វើទារុណកម្ម ក្នុងពេលកំពុងជាប់ឃុំ នៅពន្ធនាគារខេត្តពលលាវ ដោយសារតែនៅលើសាកសពជនរងគ្រោះមានស្នាមធ្វើទារុណកម្មជាច្រើនកន្លែង ។
ករណីស្លាប់ចុងក្រោយ នៅខេត្តពលលាវ នេះ បើតាមសាច់ញាតិរបស់យុវជនរងគ្រោះ បានចោទមន្ត្រីពន្ធនាគារ ថា ធ្វើទារុណកម្មបណ្ដាលឲ្យក្មួយប្រុសខ្លួនស្លាប់ ។ ជនរងគ្រោះជាយុវជនខ្មែរក្រោម ឈ្មោះ ផាន តឿង អាយុ ២៥ ឆ្នាំ រស់នៅ ភូមិព្រែកណ្ដាល ឃុំស្នែត ទីក្រុងពលលាវ ខេត្តពលលាវ (Ấp Giồng Giữa A, Xã Vĩnh Trạch Đông, Thành Phố Bạc Liêu, Bạc Liêu) បានស្លាប់ក្នុងពេលមន្ត្រីពន្ធនាគារបញ្ជូនទៅព្យាបាលជំងឺ នៅមន្ទីរពេទ្យ កាលពីព្រឹកថ្ងៃទី ២៩ ខែសីហា ។
អ្នកស្រី ថាច់ ធី យ៉ាញ ដែលត្រូវជាម្ដាយមីងបង្កើតរបស់ជនរងគ្រោះឈ្មោះ ផាន តឿង ឲ្យវិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មាន ព្រៃនគរ ដឹងថា ក្មួយប្រុសរបស់គាត់ ត្រូវសមត្ថកិច្ចខេត្តពលលាវ ចាប់ខ្លួនបញ្ជូនទៅដាក់ពន្ធនាគារអស់រយៈពេល ៣ ខែមកហើយ ។ ប៉ុន្តែ មិនបញ្ជាក់ថា យុវជនរូបនោះ បានប្រព្រឹត្តពាក់ព័ន្ធនឹងបទល្មើសអ្វីឡើយ ។
សាច់ញាតិរបស់ជនរងគ្រោះរូបនេះ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២១ មន្ត្រីពន្ធនាគារខេត្តពលលាវ បានទាក់ទងមកក្រុមគ្រួសារ ឲ្យទៅមើលជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលជំងឺ ។ ប៉ុន្តែ ពេលប្អូនប្រុសរបស់ជនរងគ្រោះ ទៅដល់មន្ទីរពេទ្យ បែរជាឃើញសាកសពជនរងគ្រោះ ត្រូវក្រុមគ្រូពេទ្យធ្វើកោសល្យវិច័យរួចទៅហើយ ដោយឃើញមានស្នាមថ្នេរដេរវះកាត់ នៅលើពោះក្មួយរបស់គាត់ទៅវិញ ។
ក្រុមគ្រួសារសាច់ញាតិរបស់យុវជនខ្មែរក្រោមខាងលើ បានសួរនាំមន្ត្រីពន្ធនាគារ និងនគរបាល ពីមូលហេតុនៃការស្លាប់នេះ ប៉ុន្តែ ពួកគេបដិសេធពុំផ្តល់ព័ត៌មានលម្អិត អំពីករណីស្លាប់កូនរបស់គាត់នោះឡើយ ។
អ្នកស្រី ថាច់ ធី យ៉ាញ បានបន្ថែមថា នៅពេលក្រុមគ្រួសារសាច់ញាតិដឹងថា ជនរងគ្រោះបានស្លាប់ទៅហើយ ក៏ស្នើទៅអាជ្ញាធរវៀតណាម ឲ្យប្រគល់សាកសពមកសាច់ញាតិយកទៅធ្វើបុណ្យនៅផ្ទះ ។ ដំបូងឡើយ ក្រុមអាជ្ញាធរបានសន្យាថា នឹងដឹកសពក្មួយរបស់គាត់មកធ្វើបុណ្យតាមប្រពៃណី ព្រមទាំងចាត់ឲ្យមានអ្នកតំណាងចូលរួមផង ។ ប៉ុន្តែ នៅពេលដែលសមត្ថកិច្ចដឹកសាកសពមកដល់ផ្ទះ បែរជាបង្ខំឲ្យឪពុក ដែលជាមនុស្សថ្លង់ និងត្រចៀកធ្ងន់ (ស្តាប់មិនលឺតែម្តង) និងម្តាយមានជំងឺស្លាប់មួយចំហៀងខ្លួនផងនោះ ចុះហត្ថលេខាលើកំណត់ហេតុមួយ ដែលគេមិនច្បាស់ថា កំណត់ហេតុនោះ មានខ្លឹមសារយ៉ាងណាទេ និងផ្តល់ប្រាក់សំណងចំនួន ៥ លានដុង ឬស្មើប្រមាណ ២២០$ ប៉ុណ្ណោះ ។
អ្នកស្រី ថាច់ ធី យ៉ាញ បានអះអាងថា សពយុវជនឈ្មោះ ផាន តឿង ត្រូវរងអំពើហិង្សា ដោយអ្នកស្រីកត់សម្គាល់ឃើញថា មានស្លាកស្នាមជាំ និងមានហូរឈាមច្រើនត្រង់កញ្ចឹងក ជាដើម ។
ទាក់ទងនឹងករណីនេះ លោក ប៊ុន មុនី ហៅ ថាច់ ឡែន ជាប្រធានលេខាធិការដ្ឋាននៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម ចំនួន ៧ អង្គភាព បានសម្តែងការសោកស្តាយយ៉ាងក្រៃលែង ចំពោះសោកនាដកម្ម ដែលបានកើតឡើង ម្តងហើយម្តងទៀត ចំពោះពលរដ្ឋខ្មែរក្រោម និងក្រុមគ្រួសារជនរងគ្រោះ ដែលមានកូនស្លាប់យ៉ាងអាថ៍កំបាំង នៅក្នុងពន្ធនាគារ ។ លោកថា ស្របពេលដែលពលរដ្ឋខ្មែរក្រោម កំពុងរងគ្រោះ ដោយសារតែមានពលរដ្ឋខ្មែរក្រោម ជាច្រើននាក់បានស្លាប់ និងឆ្លងជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ និងក៏កំពុងប្រឈមមុខបញ្ហាខ្វះខាតស្បៀងអាហារ ដោយសារតែអាជ្ញាវៀតណាម ដាក់ចេញនូវវិធានការរាំងខ្ទប់ប្រឆាំងនឹងជំងឺឆ្លងនេះ ។ អាជ្ញាធរវៀតណាម នៅថ្នាក់មូលដ្ឋាន បានឆ្លៀតឱកាសធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោមបន្ថែមទៀត ។
លោក ប៊ុន មុនី លើកឡើងថា នេះមិនមែនជាករណីលើកទីមួយទេ ដែលពលរដ្ឋខ្មែរក្រោម បានស្លាប់ក្នុងភាពអាថ៍កំបាំង និងដោយមិនដឹងមូលហេតុ នោះទេ ។ លោកស្នើឲ្យអាជ្ញាធរវៀតណាម បើកការស៊ើបអង្កេតករណីស្លាប់យុវជនខ្មែរក្រោមរូបនោះ ។ លោកក៏បាន អំពាវនាវដល់សហព័ន្ធខ្មែរកម្ពុជាក្រោម ស្នើទៅស្ថានប័នសិទ្ធិមនុស្សអន្តរជាតិ ជួយអន្តរាគមន៍ទៅវៀតណាម ឲ្យឈប់ធ្វើទុកបុកម្នេញដល់ពលរដ្ឋខ្មែរក្រោមផង ។
ជុំវិញករណីនេះដែរ លោក ម៉ៅ មុនី ជាអនុប្រធាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានជំរុញ និងពាវនាវឲ្យរដ្ឋាភិបាលវៀតណាម អនុវត្តកាតព្វកិច្ចរបស់ខ្លួន ឲ្យបានពេញលេញក្នុងការគោរពអនុសញ្ញា និងពិធីសារបន្ថែម ស្ដីពីការប្រយុទ្ធប្រឆាំងអំពើទារុណកម្ម ។ លោកថា វៀតណាម បានចុះកិច្ចព្រមព្រៀង ផ្តល់សច្ចាប័នទទួលយកច្បាប់អន្តរជាតិ ស្ដីពីប្រឆាំងអំពើទារុណកម្មជាមួយអង្គការសហប្រជាជាតិ នៅឆ្នាំ ២០១៣ ហើយបានប្រតិបត្តិតាមកិច្ចព្រមព្រៀង លើពិធីសារបន្ថែមនៃអនុសញ្ញានេះ នៅឆ្នាំ ២០១៥ ។
សូមបញ្ជាក់ថា មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀត ដែលឃោរឃៅ អមនុស្សធម៌ ឬ បន្ថោកបន្ទាប នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៨៤ និងបានចូលជាធរមាននៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ១៩៨៧ ដោយមានប្រទេសមួយចំនួន នៅលើសកលលោក រួមទាំងប្រទេសវៀតណាមផង បានទទួលស្គាល់ និងបានចូលជាភាគីមួយនៃអនុសញ្ញាខាងលើនេះ ។
គួរជម្រាបជូនថា ទាក់ទងនឹងករណីស្លាប់របស់យុវជនខ្មែរក្រោម នៅក្នុងមន្ទីរឃុំឃាំងនេះដែរ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ យុវជនខ្មែរក្រោម ឈ្មោះ ហ្វិញ ចុង (Huynh Chung) អាយុ ១៩ ឆ្នាំ នៅខេត្តព្រះត្រពាំង ក៏ស្លាប់ដោយមានស្នាមជាំ នៅលើដងខ្លួនដែរ ហើយត្រូវសមត្ថកិច្ចវៀតណាម យកទៅវះពោះ និងក្បាល ដោយមិនមានការអនុញ្ញាតពីម្ដាយឪពុកជនរងគ្រោះនោះឡើយ ។ រដ្ឋាភិបាលវៀតណាម នៅពេលនោះ បានមបំភ្លឺករណីនេះថា ស្លាប់ដោយសារជំងឺគាំងបេះដូង ឬដាច់សរសៃឈាម ដែលភាសាអង់គ្លេសហៅថាស្ត្រូក (Stroke) ។
យុវជនខ្មែរក្រោម ហ្វិញ ចុង បានចូលធ្វើជាទាហានយួន នៅក្នុងបន្ទាយយោធភូមិភាគទី ៩ នៃកងទ័ពប្រជាជនវៀតណាម ឬក្វឹងឃូជិន (Quan Khu 9) នាខេត្តដុងថាប (ខេត្តផ្សាដែក) ហើយត្រូវស្លាប់យ៉ាងអាថ៌កំបាំង ដោយសាកសពរបស់យុវជនជនរងគ្រោះ ត្រូវទាហានយួនវះកាត់ តាំងពីពោះដល់ក និងក្បាល ព្រមទាំងមានស្នាមជាំពេញដងខ្លួនផង ។ ក្រុមគ្រួសារសពរបស់យុវជនរងគ្រោះរូបនោះ អះអាងថា ជាករណីត្រូវគេសម្លាប់ និងបានថ្កោលទោសចំពោះទង្វើរបស់ក្រុមទាហានយួន និងទាមទារឲ្យមានការស៊ើបអង្កេត និងបកស្រាយឲ្យបានច្បាស់លាស់នូវករណីស្លាប់ដ៏អាថ៌កំបាំងនេះ ។
សូមបញ្ជាក់ផងដែរថា លោក ហ្វិញ សាញ់ ត្រូវជាឪពុករបស់យុវជន ហ្វិញ ចុង ដែលត្រូវរដ្ឋាភិបាលយួនចាប់ទៅធ្វើជាទាហាន ក្នុងគោលនយោបាយបំពេញកាតព្វកិច្ចយោធានោះ ក៏បានទទួលមរណៈភាព ក្រោយពីការស្លាប់កូនប្រុសរបស់លោកជាង ៨ ខែ ដោយសាររងការប្រឈមនឹងសម្ពាធផ្លូវចិត្ត ដែលរដ្ឋាភិបាលវៀតណាម មិនស្វែងរកយុត្តិធម៌ជូនកូនរបស់លោក ព្រមទាំងមិនផ្ដល់ជាសំណងរដ្ឋប្បវេណី ដូចអ្វីដែលខ្លួន បានសន្យាដល់គ្រួសាររបស់លោកនោះ ។
ករណីធ្វើទារុណកម្មចុងក្រោយនេះ គឺនៅថ្ងៃទី ២៩ ខែសីហា ២០២១ កើតទៅលើកម្មករខ្មែរក្រោម ចំណាកស្រុកម្នាក់ ឈ្មោះ ទ្រឿង វ៉ាំង ប៊ិញ អាយុ ៤៧ ឆ្នាំ នៅភូមិបឹងស្នៀត ឃុំដៃនង ស្រុកអណ្ដូងទឹក ខេត្តឃ្លាំង ត្រូវកងសន្តិសុខប៉ុស្តិ៍យាមរក្សាគម្លាតសង្គម ក្នុងសង្កាត់មួយ ក្នុងខេត្តដូនណៃ ព្រួតគ្នាវាយដំច្រំធាក់ បណ្ដាលឲ្យបាក់ដៃម្ខាង និងស្នាមរបួសជាំពេញខ្លួន ។ ហេតុការណ៍ ដែលឈានទៅដល់ការវាយធ្វើទារុណកម្មនេះ ដោយសារតែក្រុមសន្តិសុខវៀតណាម យកលេសថា ប្ដីប្រពន្ធជនរងគ្រោះឈ្លោះប្រកែកគ្នា នៅក្នុងម៉ោងបំរាមគោចរ ចន្លោះពីម៉ោង ៦ យប់ដល់ ៦ ព្រឹក ។
គួរកត់សំគាល់ថា នៅប្រទេសវៀតណាម ជារឿយៗ ត្រូវបានក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិ តែងចេញផ្សាយរបាយការណ៍ជាបន្តបន្ទាប់ ស្តីពីស្ថានភាពការធ្វើទារុណកម្មអ្នកទោស នៅតាមពន្ធនាគារ ក្នុងប្រទេសកុម្មុយនិសមួយនេះ ។ របាយការណ៍របស់ អង្គការសិទ្ធិមនុស្សអន្តរជាតិទាំងនោះ រកឃើញថា អ្នកទោស នៅក្នុងប្រទេសវៀតណាម ត្រូវគេវាយធ្វើបាប ធ្វើទារុណកម្មតាមរួបភាពផ្សេងៗ ដូចជា ឃុំអ្នកទោសក្នុងគុកងងឹត ដាក់ឃុំឃាំងអ្នកទោសក្នុងបន្ទប់ចង្អៀត គ្មានអនាម័យ អំពើទារុណកម្មអ្នកទោស និងអ្នកទោស ពោល គឺមន្រ្តីពន្ធនាគារបើកដៃឲ្យអ្នកទោសគ្រប់គ្រងអ្នកទោសដូចគ្នានៅតាមបន្ទប់ និងតាមអគារពន្ធនាគារ ជាដើម ។
ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ក៏បានរកឃើញដែរថា ឆ្នាំគុកបានវាយធ្វើបាបអ្នកទោសដែរ រីឯនគរបាល នៅតាមមូលដ្ឋាន ក៏បានវាយធ្វើទារុណកម្មជនសង្ស័យ ដើម្បីបង្ខំយកចម្លើយសារភាពមុនបញ្ជូនទៅតុលាការ ។ ក្រៅពីនេះ ក៏មានអំពើទារុណកម្មផ្សេងៗ ទៀត នៅក្នុងពន្ធនាគារដែរ ដូចជាវាយដំច្រំទាត់ ធាក់ និងទះកំផ្លៀង ជាដើម ៕