វៀតណាម​ ឲ្យ​សំណូក​ទៅ​សមាជិកសភា​អឺរ៉ុប​ ដើម្បី​ជា​ថ្នូរ​ នឹង​ការ​គាំទ្រ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​មួយ​វរៀ​តណាម

គណៈកម្មាធិការ​សភា​អឺរ៉ុប​ ទទួលបន្ទុក​ពាណិជ្ជកម្ម​អន្តរជាតិ​ កាលពី​ថ្ងៃទី​ ២០​ ខែមករា​ សប្តាហ៍​កន្លងទៅ​នេះ​ បាន​បោះឆ្នោត​អនុម័ត​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​វៀតណាម​ ។ មុន​ការបោះឆ្នោត​នេះ​មួយថ្ងៃ​ សមាជិកសភា​អឺរ៉ុប​ម្នាក់​ បាន​លើកឡើង​ថា​ ស្ថានទូត​វៀតណាម​ បាន​ឲ្យ​សំណូក​ទិញ​ទឹកចិត្ត​សមាជិកសភា​នៃ​សភា​អឺរ៉ុប​ ដើម្បី​បាន​សំឡេង​គាំទ្រ​អនុម័ត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ។

អ្នកស្រី​ Ellie​ Chowns សមាជិកសភា​អឺរ៉ុប​ ​បង្ហោះនៅ​លើ​ទំព័រ Twitter​ ផ្ទាល់ខ្លួន​ បង្ហាញពីការ​ទទួលអំណោយ​​ជាស្រាសំ​ប៉ាញ ពី​ស្ថានទូត​វៀតណាម ។
អ្នកស្រី​ Ellie​ Chowns សមាជិកសភា​អឺរ៉ុប​ ​បង្ហោះនៅ​លើ​ទំព័រ Twitter​ ផ្ទាល់ខ្លួន​ បង្ហាញពីការ​ទទួលអំណោយ​​ជាស្រាសំ​ប៉ាញ ពី​ស្ថានទូត​វៀតណាម ។

គណៈកម្មការ​នៃ​សភា​អឺរ៉ុប​ (EP​) ទើបតែ​បើក​ការស៊ើបអង្កេត​បញ្ហាផ្ទៃក្នុង​មួយ​ ​ក្រោយពី​សមាជិកសភា​របស់​ខ្លួន​ ប្រកាស​ថា​ ខ្លួន​បាន​ទទួល​នូវ​កាដូ​ជា​ស្រា​សំ​ប៉ាញ​ ពី​មន្ត្រី​ស្ថានទូត​វៀតណាម​ ​មុន​ការបោះឆ្នោត​អនុម័ត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អឺរ៉ុប​ជាមួយ​ នឹង​ប្រទេស​វៀតណាម​ ។ នេះ​បើ​យោង​តាម​កាសែត​ Express​ ចេញផ្សាយ​កាលពី​ថ្ងៃទី​ ២៣​ ខែ​ ​មករា​ នេះ​ ។

យោង​តាម​កាសែត​របស់​អង់គ្លេស​ សមាជិកសភា​អឺរ៉ុប​ម្នា​ក់ៗ​ ត្រូវតែ​អនុវត្ត​តាម​លក្ខន្តិកៈ​យ៉ាង​តឹងរ៉ឹង​ក្នុង​ការ​ប្រឆាំង​ នឹង​អំពើពុករលួយ​ ។ ពួកគេ​មិន​អាច​ទទួល​នូវ​អំណោយ​ពី​ខាង​ ក្រៅ​ ដែល​មានតម្លៃ​ត្រឹម​ ១៥០​ អឺ​រ៉ូ​ (ប្រហែល​ ៣. ៨៥០.០០០​ ដុង​ ឬ ប្រមាណ​ ១៦៥​ ដុល្លារ​ សហរដ្ឋអាមេរិក​) ។ ​សមាជិកសភា​អឺរ៉ុប​មាន​ក្រម​ប្រតិបត្តិ​ដោយមាន​បទបញ្ញត្តិ​យ៉ាង​ច្បាស់​ស្ដីពី​ “ទំនាស់​ផលប្រយោជន៍​” ដើម្បី​ទប់ស្កាត់​សមាជិក​របស់​ខ្លួន​ត្រូវ​គេ​ទិញ​ ។

តាម​កាសែត​ Express​ បាន​ស្រង់​សម្ដី​របស់​អ្នកនាំពាក្យ​ នៃ​សភា​អឺរ៉ុប​ បញ្ជាក់​អំពី​ក្រម​ប្រតិបត្តិ​ ឬ លក្ខន្តិកៈ​របស់​សភា​អឺរ៉ុប​ថា​ មិន​អាច​ទទួលអំណោយ​ ដែល​មានតម្លៃ​លើស​ពី​ ១៥០​ អឺ​រ៉ូ​ បាន​ឡើយ​ និង​ពួកគេ​ត្រូវ​បាន​គេ​ជម្រុ​ញឲ្យ​សង​អំណោយ​ទាំងនោះ​ ទៅ​ម្ចាស់​ដើម​វិញ​ ។

នៅ​ថ្ងៃទី​ ២០​ ខែមករា​ សមាជិកសភា​អឺរ៉ុប​ អ្នកស្រី​ Ellie​ Chowns​ បាន​ផ្សាយ​នៅ​លើ​ទំព័រTwitter​ ផ្ទាល់ខ្លួន​នូវ​រូបថត​ដប​ស្រា​សំ​ប៉ាញ​ ​ភ្ជាប់​ជាមួយ​សារ​របស់​ស្ថានទូត​វៀតណាម​ ផ្ដាំ​ថា​៖ “ ថ្ងៃស្អែក​ គណៈកម្មាធិការ​សភា​អឺរ៉ុប​ទទួលបន្ទុក​ពាណិជ្ជកម្ម​អន្តរជាតិ​ នឹង​បោះឆ្នោត​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អឺរ៉ុប​ និង​ វៀតណាម​ (EVFTA​)” ។ អ្នកស្រី​បន្ត​ទៀត​ថា​៖“ ថ្ងៃនេះ​ ខ្ញុំ​បាន​ទទួល​របស់​ទាំងនេះ​ នៅក្នុង​ការិយាល័យ​របស់ខ្ញុំ​ គឺ​ ស្រា​សំ​ប៉ាញ​ ពី​ស្ថានទូត​វៀតណាម​ ។ វា​ជា​ទង្វើ​មួយ​មិន​សម​ និង​ ឥត​អៀន​ខ្មាស់​ទាល់តែសោះ​ ។ ខ្ញុំ​ នឹង​ សង​ទៅ​ពួកគេ​វិញ​ និង​ពន្យល់​ឲ្យ​ពួកគេ​ដឹង​ថា​ ការ​ដោះលែង​អ្នកទោស​នយោបាយ​ វា​មាន​ឥទ្ធិពល​មក​លើ​ខ្ញុំ​ ច្រើនជាង​” ។

ប្រភព​ព័ត៌មាន​ បាន​ឲ្យដឹង​ទៀត​ថា​ ក្រៅពី​អ្នកស្រី​ Chowns​ សមាជិកសភា​អឺរ៉ុប​ដ៏​ទៃ​ទៀត​ ក៏បាន​ទទួលអំណោយ​ជា​កាដូ​ ដូចគ្នា​នេះ​ដែរ​ ពី​ស្ថានទូត​វៀតណាម​ ។

អ្នកស្រី​ Ellie​ Chowns សមាជិកសភា​អឺរ៉ុប​ ។
អ្នកស្រី​ Ellie​ Chowns សមាជិកសភា​អឺរ៉ុប​ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះផ្សាយ​លើ​ គេហទំព័រ​សភា​អឺរ៉ុប​ នៅ​ថ្ងៃទី​ ២១​ ខែមករា​ នេះ​ថា​ គណៈកម្មាធិការ​សភា​អឺរ៉ុប​ទទួលបន្ទុក​ពាណិជ្ជកម្ម​អន្តរជាតិ​ បាន​បោះឆ្នោត​នៅ​ថ្ងៃទី​ ២០​ ខែមករា​ គាំទ្រ​ឱ្យ​វៀតណាម​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ហៅ​កាត់​ FTA​ ជាមួយ​សហភាព​អឺរ៉ុប​ ក្រោម​សំឡេង​យល់ព្រម​ ២៩​ សំឡេង​ ​ជំទាស់​ ​៦ និង​ អនុប្បវាទ​ ៥ ។

យ៉ាងណាក៏ដោយ​ ដើម្បី​ទទួល​ និង​ រក្សា​កិច្ច​ព្រមព្រៀង​នេះ​បាន​ វៀតណាម​ត្រូវ​គោរព​លក្ខខណ្ឌ​ជាច្រើន​ ដាក់ចេញ​ដោយ​សហភាព​អឺរ៉ុប​ រាប់ទាំង​ការគោរព​សិទ្ធិមនុស្ស​ សិទ្ធិ​ការ​ ងារ​ និង​ការ​ការពារ​បរិស្ថាន​ ។

តាម​ប្រភព​ដដែល​ នៅពេល​កិច្ច​ព្រមព្រៀង​នេះ​ ដាក់​ឱ្យ​ដំណើរការ​ វៀតណាម​អាច​នាំ​ទំនិញ​ដោយ​រួច​កាតព្វកិច្ច​ពន្ធគយ​ទៅ​សហភាព​អឺរ៉ុប​ ចំនួន​ ៧១​ ភាគរយ​នៃ​ទំនិញ​សរុប​ ដែល​ខ្លួន​នាំទៅ​តំបន់​នេះ​ ដូចគ្នា​ដែរ​ សហភាព​អឺរ៉ុប​ ទទួល​បាន​មក​ការលើកលែង​ចំនួន​ ៦១​ ភាគរយ​នៃ​ទំនិញ​សរុប​ដែល​ខ្លួន​នាំទៅ​កាន់​វៀតណាម​វិញ​ ។

ប្រភព​ដដែល​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា​ ទំនិញ​វៀតណាម​នាំទៅ​សហភាព​អឺរ៉ុប​ក្រោម​កិច្ច​ព្រមព្រៀង​នេះ​ គឺ​មាន​រាប់បញ្ចូល​ផលិតផល​កសិកម្ម​ដូចជា​ អង្ករ​ ខ្ទឹមស​ និង​ស៊ុត​ ឯទំនិញ​សហភាព​អឺរ៉ុប​ នាំទៅ​វៀតណាម​វិញ​ មាន​ម៉ូតូ​ រថយន្ត​ ឱសថ​ សារធាតុគីមី​ ស្រា​ សាច់​មាន់​ និង​សាច់​ជ្រូក​ ជាដើម​ ។

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប​-វៀតណាម​ ត្រូវ​បាន​ក្រសួងផែនការ​ និង​វិនិយោគ​វៀតណាម​ រំពឹង​ថា​ នឹង​ជួយ​ជំរុញ​ទំហំ​នៃ​ការ​នាំ​ទំនិញ​ចេញ​របស់​វៀតណាម​ទៅ​សហ​គម​អឺរ៉ុប​ កើនឡើង​ ២០​ ភាគរយ​ នៅ​ឆ្នាំ​ ២០២០​ – ៤២.៧៥​ ភាគរយ​ នៅ​ឆ្នាំ​ ២០២៥​ និង​ ៤៤.៣៧ភាគរយ​ នៅ​ឆ្នាំ​ ២០៣០​ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​លើ​ទំព័រ​ព័ត៌មាន​អន​ឡា​ញរ​បស់​រដ្ឋាភិបាល​វៀតណាម​ ។

ប្រភព​ខាងលើក៏​បានបញ្ជាក់​ថា​ វៀតណាម​ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​លំដាប់​ទី​ ២ ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន​ តាម​ពីក្រោយ​ប្រទេស​សិង្ហបុរី​ ដោយ​ទំហំ​ពាណិជ្ជកម្ម​នាំចេញ​ទំនិញ​ និង​សេវាកម្ម​របស់​ប្រទេស​នេះ​ទៅកាន់​តំបន់​អឺរ៉ុប​ សរុប​មានតម្លៃ​ ៥១​ ពាន់​ ២រយ​លាន​អឺ​រ៉ូ​ក្នុង​មួយឆ្នាំ​ ៕