ដោយ សារព័ត៌មាន ព្រៃនគរ
តើលោក ត្រឹម បេ ជានរណា?៖
បើយោងតាមគេហទំព័រ វេទិកាពាណិជ្ជកម្ម (Diễn Đàn Doanh Nghiệp ) វៀតណាមបានរាយការណ៍ថា លោក ត្រឹម បេ (Trầm Bê) កើតឆ្នាំ ១៩៥៩ ដែលមានអត្តសញ្ញាណបណ្ណលេខ 020620491 ជាជនជាតិចិន (Dân tộc: Hoa) សញ្ជាតិវៀតណាម (Quốc tịch: Việt Nam) កើតនៅខេត្តព្រះត្រពាំង ឬ ខេត្តត្រាវិញ ។ ទោះបី លោក ត្រឹម បេបានដាក់ នៅក្នុងអត្ដសញ្ញាណបណ្ណសញ្ជាតិវៀតណាមថា ជាជនជាតិចិនក៏ដោយ តែពលរដ្ឋខ្មែរក្រោម ទូទៅបានស្គាល់លោកថា ជាជនជាតិខ្មែរ តាមរយៈការសាងសង់វត្តអារាមនានា នៅក្នុងខេត្តព្រះត្រពាំង ។
លោក ត្រឹម បេ ដែលមានស្រុកកំណើត នៅភូមិបឹងរ៉ាយ ស្រុកថ្កូវ ខេត្តព្រះត្រពាំង (កម្ពុជាក្រោម) ដែលបច្ចុប្បន្នលោកមានតំណែង និងជាម្ចាស់ភាគហ៊ុនជាច្រើន មានដូចជា គណៈកម្មការមូលធនបត្រ (SSC) នៃក្រសួងហិរញ្ញវត្ថុវៀតណាម ជាប្រធានគណៈកម្មការប្រតិបត្តិធនាគារ Sacombank, ជាប្រធានគណៈកម្មការប្រតិបត្តិធនាគារភឿងណាម (Ngân hàng Phương Nam) ជាប្រធានគណៈ កម្មការប្រតិបត្តិក្រុមហ៊ុនមូលធនបត្រភឿងណាម (Công ty chứng khoán Phương Nam) និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យត្រីវអាន (Chủ tịch HĐQT Bệnh viện Triều An) ។ល។ ការកាន់កាប់តំណែងជាច្រើនដូច្នេះហើយ បានធ្វើឲ្យគ្រួសារលោកក្លាយខ្លួនជាមហាគ្រូសារ សម្បូរណ៍ទៅដោយភោគទ្រព្យច្រើនសន្ធឹសន្ធាប់ ហើយក៏ត្រូវបានគេទទួលស្គាល់ និងចាត់ទុកថា លោកជាមហាសេដ្ឋីខ្មែរ នៅឯដែនដីកម្ពុជាក្រោម។
ចំណាយលុយជួសជុល ឬកសាងវត្ត… ចង់ធ្វើអ្វីក៏បាន?៖
រយៈពេលចុងក្រោយនេះ កេរ្តិ៍ឈ្មោះរបស់ លោក ត្រឹម បេ បានល្បីនៅក្នុងសហគមន៍ពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម តាមរយៈការកសាងព្រះវិហារវត្តមួយចំនួន នៅស្រុកថ្កូវ ដូចជា វត្តបង្រៃចាស់ ជាវត្តនៅស្រុកកំណើតរបស់គាត់, វត្តដីក្រហម ជាវត្តព្រះតេជព្រះគុណ ត្រឹង យន់ អតីតៈមេគណខេត្តព្រះត្រពាំង, វត្តផ្នោដូង ជាវត្តដែលមានព្រះឧបជ្ឈាយ៍ចាស់ទុំដ៏មានឥទ្ធិពល និងបច្ចុប្បន្ន កំពុងកសាងព្រះវិហារវត្ត តាដេវ ឋិតនៅក្នុងស្រុកកំពង់ស្ពាន ដែលជាវត្តរបស់ព្រះតេជ ព្រះគុណ ថាច់ អង ព្រះមេគណខេត្ត ព្រះត្រពាំងបច្ចុប្បន្ន ។

ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមជាច្រើនបានសម្តែង ការមិនពេញចិត្តចំពោះការធ្វើបុណ្យកសាងវត្តអារាម ផ្ដាច់មុខរបស់គាត់នៅកម្ពុជាក្រោម ដោយពួកគេចាត់ទុកថា លោក ត្រឹម បេ ធ្វើបុណ្យ ដើម្បីមុខមាត់ និងយកព្រះសង្ឃដែលមានឋានៈធំៗ ធ្វើជាបង្អែកតែប៉ុណ្ណោះ។ ព្រោះ លោក ត្រឹម បេ មិនបានកសាងវត្តអារាមណា ដែលក្រីក្រគ្មានព្រះវិហារឡើយ ឃើញតែកសាងព្រះវិហារវត្តណា ដែលមានព្រះសង្ឃមានឋានៈខ្ពស់ៗ ដូចជាព្រះមេគណជាដើម ។
អ្វីដែល ធ្វើឲ្យព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម រិះគន់ជាខ្លាំងនោះ គឺរាល់វត្តអាមរាម ដែលត្រូវបានលោក ត្រឹម បេ ធ្វើការជួសជុល ឬកសាងឡើងជាថ្មីនោះ គឺសុទ្ធតែបានដាក់រូបថត គំនូររូបចម្លាក់ក្រុមគ្រួសារ និងវង្សត្រកូលរបស់គាត់ នៅទីតាំងសំខាន់ៗ ដូចជានៅលើជញ្ជាំងព្រះវិហារ ខាងមុខព្រះវិហារ ជុំវិញសងខាងព្រះវិហារ ជាដើម។ ប៉ុន្តែអ្វីដែលហួសចិត្តជាងនេះទៀតនោះ គឺខ្លោងទ្វារ ដែលជាទូទៅខ្លោងទ្វារ គេសម្គាល់តែម្យ៉ាងគត់ គឺសម្រាប់ដាក់តែឈ្មោះនាមវត្តប៉ុណ្ណោះ តែនៅពេលនេះ ខ្លោងទា្វរវត្តអារាមមួយចំនួន ដែលលោកកសាងឡើង ត្រូវបានជំនួសដោយដាក់ឈ្មោះក្រុមគ្រួសារលោក ត្រឹម បេ ទៅវិញ។
ចំណែកនៅវត្តផ្នោដូង ស្រុកថ្កូវវិញ ព្រះសង្ឃបានរិះគន់ លោក ត្រឹម បេ ថាបានឲ្យគ្រឿងចក្រមកគោះ និងរុះរើព្រះវិហារបុរាណវត្តមួយនេះ ហើយបានយកដីក្នុងខឿន ព្រះវិហារចាស់ទៅចាក់ធ្វើផ្នូរខ្មោច ឪពុកម្ដាយរបស់គាត់ តាមអ្វីមួយ ដែលគ្រួសារមួយនេះហៅថា « ដើម្បីភាពត្រជាក់ត្រជុំ » ដល់គ្រួសាររបស់ ខ្លួន ។ ព្រះសង្ឃមានការអាក់អន់ចិត្តនឹង លោក ត្រឹម បេ និង គណៈ កម្មការវត្តផ្នោដូងយ៉ាងខ្លាំង ដោយលើកឡើងថា ព្រះវិហារចាស់នោះ មិនសម នឹងត្រូវបាន លោក ត្រឹម បេ គោះចោលឡើយ ព្រោះព្រះវិហារចាស់ នោះបានសាងសង់ឡើង ដោយឈើ និងនៅរឹងមាំ នៅឡើយ។
បើទោះជាមានការត្អួញ ត្អែរ និងប្រតិកម្មជាសាធារណៈ ពីសំណាក់ព្រះសង្ឃ និងពុទ្ធបរិស័ទយ៉ាងនេះក្តី ប៉ុន្តែព្រះចៅអធិការមិនអាចធ្វើអ្វីបាននោះទេ ព្រោះខ្លាចម្ចាស់ទានគេអាក់សទ្ធា និងមិនធ្វើបុណ្យតទៅទៀត។
សូម្បីតែស្តេចកសាងវត្ត ក៏មិនហ៊ានឆ្លាក់ឈ្មោះ ឬដាក់រូបថត នៅមុខខ្លោងទ្វារ៖
បន្ទាប់ពីបណ្តាញសារព័ត៌មាននានា បានចុះផ្សាយអំពីបញ្ហានេះរួចមក ក្រុមអ្នកស្រាវជ្រាវផ្នែកព្រះពុទ្ធសាសនា បានប្រតិកម្មយ៉ាងខ្លាំង ដោយចាត់ទុកថា ទង្វើរបែបនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ការគោរពប្រតិបត្តិរបស់ពុទ្ធសាសនិកជន ហើយក្នុងប្រវត្តិសាស្ត្រពីមុនមក ក៏មិនធ្លាប់មានការធ្វើដូច្នេះឡើយ ហើយបញ្ហានេះ នឹងមិនអាចទទួលយកបានទេ។

ក្នុងការផ្តល់បទសម្ភាសន៍ជាមួយ នឹងកាសែតក្នុងស្រុក ព្រះតេជគុណ យ៉ាញ់ ឡុង (Danh Lung) ជាព្រះចៅអធិការវត្តចន្ទរង្សី-ក្រុងព្រៃនគរ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃគណៈកម្មការព្រះពុទ្ធសាសនា វៀតណាម បានមានពុទ្ធដិកាថាការដែលឆ្លាក់ឈ្មោះ សម្រាប់រំឮកដល់គុណនៃអ្នកបានចូលរួមកសាងវត្តអារាម គឺគ្មានអ្វីចំឡែកនោះទេ។ ជាធម្មតាឈ្មោះអ្នកកសាង គេច្រើនសរសេរអក្សរតូចៗ ហើយដាក់នៅទីកន្លែងណាមួយ ដែលគេមើលទៅឃើញថា សមរម្យ និងមិនប៉ះពាល់ដល់ទីសក្ការៈបូជា។ ការដាក់តាំងរូបភាព រូបចម្លាក់ និងឈ្មោះអ្នកកសាង នៅពីមុខទីសក្ការៈបូជាគឺវាមើលទៅមិនសមហេតុសមផលឡើយ។ ព្រះពុទ្ធសាសនាបង្រៀនឲ្យមនុស្សរស់នៅល្អ មិនបង្រៀនឲ្យមនុស្សមានអំនួតអួតអាង ឬមោទនភាព ចំពោះអ្វីមួយឡើយ។
ព្រះតេជគុណ ថាច់ សុខសាន្ត ព្រះចៅអធិការវត្តអង្គរាជបូរី ឬហៅថា វត្តអង្គ និងជាអនុក្រុមប្រឹក្សាភិបាលនៃគណៈកម្មការព្រះពុទ្ធសាសនាវៀតណាម ក៏បានមានពុទ្ធដិកាថា ដោយគុណអំណាចនៃការកសាងសមិទ្ធិផលនានា បានច្រើននៅក្នុងវត្ត។ ដូច្នេះ ប្រហែលជាមានការឯកភាព ពីគណៈកម្មការវត្តហើយ ទើបក្រុមគ្រួសារលោក ត្រឹម បេ ហ៊ានដាក់តាំងរូបថត រូបចម្លាក់នៃក្រុមគ្រួសាររបស់លោក។ ប៉ុន្តែ យ៉ាងណាក៏ដោយ ការធ្វើដូច្នេះ វាមិនសមភ្នែកឡើយ សម្រាប់ពុទ្ធបរិស័ទ ដែលចូលទៅគោរពបូជា ទីដែលដាក់តាំងរូបចម្លាក់នៃក្រុមគ្រួសាររបស់លោក ត្រឹម បេ នោះ។

ចំណែកព្រះតេជគុណ ធិត ញ៉ឹកតឺ (Thích Nhật Từ) ជាសមាជិកក្រុមប្រឹក្សាភិបាលនៃគណៈកម្មការព្រះពុទ្ធសាសនាវៀតណាម និងអនុប្រធាននៃវិជ្ជាស្ថានពុទ្ធសាសនាវៀតណាម ប្រចាំទីក្រុងព្រៃនគរ ក៏បានមានពុទ្ធដិកាថា នៅក្នុងផ្លូវព្រះពុទ្ធសាសនា ការកសាងវត្តអារាមមួយៗ គឺពឹងអាស្រ័យទៅលើពុទ្ធបរិស័ទ ដែលជាចំណុះជើងវត្តរបស់ខ្លួន។ វត្តអារាមខ្លះ ម្ចាស់ទានគេមានសទ្ធា និងធនធានច្រើន ដូច្នេះគេជួយកសាងវត្តផ្តាច់មុខ។ រីឯវត្តខ្លះទៀត គឺត្រូវការជួយជ្រោមជ្រែង ពីសំណាក់ពុទ្ធបរិស័ទរាប់ពាន់គ្រួសារ។ ដូច្នេះ ប្រការដែលមានអ្នកចូលរួមកសាងយករូបថតមកដាក់តាំង នៅទីសក្ការៈសំខាន់ៗ ក្នុងវត្ត វាអាចធ្វើឲ្យពុទ្ធបរិស័ទយល់ច្រឡំថា វត្តនេះជារបស់លោក ក ឬ លោក ខ ជាដើម។ ម្ចាស់ទានគួរតែយល់ថា សទ្ធាដែលយើងជួយកសាងវត្ត ឬធ្វើបុណ្យអ្វីក៏ដោយ គឺវាស្ថិតនៅលើចិត្តរបស់យើង មិនមែនការដាក់តាំងរូបថតរបស់ខ្លួន ដើម្បីមោទនាភាពថា យើងបានកសាងសមិទ្ធិផលអ្វីនោះទេ។ ព្រោះវត្តអារាម គឺជាទីគោរពបូជា ជាសាធារណៈ សម្រាប់ពុទ្ធបរិស័ទទូទៅ។
យល់ស្រប់ទៅ នឹងការបញ្ចេញមតិរបស់ព្រះតេជគុណខាងលើនេះដែរ ប្រវត្តិវិទូ លោកបណ្ឌិត ង្វ៉ៀង ញ៉ា (Nguyễn Nhã) បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនា នៅប្រទេសវៀតណាម រាប់ពាន់ឆ្នាំមកនេះ បើទោះបីជាការរួមចំណែកកសាងវត្តអារាមច្រើនបំផុតក្តី ប៉ុន្តែពុំមានពុទ្ធសាសនិកជនណាហ៊ានដាក់ឈ្មោះ នៅ នឹងច្រកចូលរបស់ខ្លោងទ្វារ ឬព្យួររូបថត ដែលជាកន្លែងសំខាន់ៗ ដូច្នេះឡើយ។ បើទោះបីជាខ្លួនបានកសាងសមិទ្ធិផល នៅក្នុងវត្តជាច្រើនក៏ដោយ គឺគេគ្រាន់តែដាក់ឈ្មោះ នៅក្នុងបន្ទះតូចមួយប៉ុណ្ណោះ។
ព្រះតេជគុណ លី ហុង ជាព្រះឧបជ្ឈាយ៍ និងជាសមាជិកក្រុមប្រឹក្សាមជ្ឈិមនៃព្រះពុទ្ធសាសនាវៀតណាម បានមានពុទ្ធដិកាថា បើសិនជាលោក ត្រឹម បេ ចង់រំឮកដល់បុព្វការីជនរបស់ខ្លួន គឺលោកអាចធ្វើចេតីយ៍ នៅទីកន្លែងទីធ្លានៃបរិវេនវត្ត ដើម្បីធ្វើទីសក្ការៈបូជាដល់អ្នកមានគុណទាំងនោះ។ ការធ្វើដូច្នេះ យើងអាចដាក់តាំងរូបថត ឬឆ្លាក់អក្សរតាមអ្វីដែលចង់បាន គឺមិនមានទាស់ខុសអ្វីឡើយ៕