ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
មន្ទីរជនជាតិខេត្តឃ្លាំង បានប្រកាសឲ្យសរសេរអក្សរសម្រាប់ហៅខ្មែរក្រោមជាអក្សរយួនថា “Khmer” ជំនួសឲ្យពាក្យ “Kho’me” វិញ សម្រាប់ប្រើប្រាស់នៅក្នុងលិខិតរដ្ឋបាលនៃរដ្ឋាភិបាលយួន នៅក្នុងខេត្តឃ្លាំង ។ ការចេញសេចក្ដីប្រកាសនេះ ដោយសារនាពេលកន្លងមក ជនជាតិយួនបានសរសេរអក្សរយួនហៅជនជាតិ ខ្មែរនៅកម្ពុជាក្រោមថា “Kho’me” [ឃើ-មែ] ឬ “Mien” [មៀង] ដែលពាក្យនេះ ត្រូវពលរដ្ឋខ្មែរក្រោមចាត់ទុក្ខ ថាជាពាក្យដែលមានន័យ “មាក់ងាយ” ដល់ប្រជាជាតិខ្មែរ ។

យោងតាមសេចក្ដីប្រកាស លេខ 106 / BDT – PTT & DB ចុះថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៧ ដោយ គណៈជនជាតិ (Ban Dan Toc) ខេត្តឃ្លាំង “ស្ដីពីការឯកភាពក្នុងការប្រើប្រាស់ពាក្យ “Khmer” នៅក្នុងលិខិតរដ្ឋ បាលនៃរដ្ឋបាល” បានបញ្ជាក់ថា៖ “គណៈកម្មការជនជាតិសូមប្រកាសដល់គ្រប់ស្ថាប័ន និងអង្គភាពនៅក្នុងខេត្តឲ្យបានជ្រាបថា នៅពេលធ្វើលិខិតរដ្ឋបាលនាពេលក្រោយ សូមឯកភាពប្រើពាក្យ “Khmer” ដើម្បីសំដៅលើជនជាតិខ្មែរ នៅក្នុងលិខិតរដ្ឋបាលនៃរដ្ឋាភិបាល” ។
ធម្មតាឈ្មោះជនជាតិខ្មែរនៅក្នុងភាសាអង់គ្លេសគេសរសេរថា “Khmer” តែជនជាតិយួនសរសេរនៅក្នុងអក្សរ យួនជា ”Kho’me” វិញ ។ នៅក្នុងឯកសារបុរាណរបស់យួន ជនជាតិយួនបានប្រើនាមសព្ទសម្រាប់សម្គាល់ ជនជាតិខ្មែរថា “កាវ-ម៉ៀង” (Cao Miên = 高棉) ឬ “កាវ-ម៉ាង” (Cao Man) ។ មុនឆ្នាំ ១៩៧៥ នៅក្នុង សម័យសាធារណរដ្ឋវៀតណាម ជនជាតិយួនបានហៅខ្មែរក្រោមឈ្មោះជាភាសាយួនជាច្រើនទៀត ដូចជា Cul, Cur, Việt gốc Miên, Thổ ជាដើម ។
កាលពី ៣៦ ឆ្នាំមុន គណៈកម្មាធិការលេខាធិការមជ្ឈិមបក្សនៃរដ្ឋាភិបាលកុម្មុយនិស្តយួន ក៏ធ្លាប់បានចេញ សេចក្ដីណែនាំមួយ លេខ 117-CT/TU ចុះថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ១៩៨១ និងក្រោយមក ប្រធានគណៈកម្មាធិការ គណៈរដ្ឋមន្ត្រី នៃប្រទេសវៀតណាម ក៏បានចេញសេចក្ដីណែនាំមួយទៀត លេខ 122-CT ចុះថ្ងៃទី ១២ ខែឧសភា ឆ្នាំ ១៩៨២ ណែនាំឲ្យជនជាតិយួនសរសេរឈ្មោះសម្រាប់ហៅជនជាតិខ្មែរថា “Khơ-me” មិនមែនសរសរពាក្យ “Khmer” ទេ ។ សេចក្ដីណែនាំកាលនោះ រដ្ឋាភិបាលយួនបានឲ្យប្រើពាក្យ “Khơ-me” ជំនួសពាក្យ người Miên, người Thổ, người Việt gốc Miên, người Khờ-me, người Man, người Mọi ជាដើម ។
សូមបញ្ជាក់ថា មន្ទីរជាតិខេត្តឃ្លាំង ជាសាខាប្រចាំខេត្តឃ្លាំងរបស់ស្ថាប័នក្រសួងជនជាតិរបស់រដ្ឋាភិបាល បក្សកុម្មុនិស្តយួន ។ ក្រសួងនេះជាស្ថាប័នតំណាងជនជាតិភាគតិចទាំង ៥៣ នៅក្នុងប្រទេសវៀតណាម ក្នុងនោះ មានជនជាតិខ្មែរ ឬខ្មែរក្រោម ផងដែរ ដែលរដ្ឋាភិបាលយួនចាត់ទុកថាជាជនជាតិភាគតិចមួយ នៅដែនដីកម្ពុជាក្រោម ។ សហព័ន្ធខ្មែរកម្ពុជាក្រោម បានទាមទារឲ្យរដ្ឋាភិបាលយួនហៅ និងទទួលស្គាល់ ខ្មែរក្រោម ថាជាជនជាតិដើម ៕
………………………