សហព័ន្ធខ្មែរកម្ពុជាក្រោមជួបមន្ត្រី ECOSOC ដើម្បីស្នើដាក់ពាក្យចូលជាសមាជិកសាជាថ្មី

នៅ​ថ្ងៃទី ២០ ខែមេសា សប្ដាហ៍នេះ ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោមមួយក្រុម បានចូលជួប​មន្ត្រី​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង សង្គមកិច្ច ​របស់​អង្គការ​សហប្រជាជាតិ ​ហៅ​កាត់​ថា ECOSOC ដើម្បី ដាក់ពាក្យស្នើសុំសាជាថ្មី ក្នុងការឲ្យ​ សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម ចូល​ជា​សមាជិក គណៈកម្មការ​អង្គ ការក្រៅរដ្ឋាភិបាលក្នុងនាម​ជា​អ្នកផ្ដល់យោបល់ ដល់​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង សង្គមកិច្ច​របស់​អង្គ ការ សហប្រជាជាតិ ។ ការស្នើនេះ ធ្វើឡើងនៅក្នុងអង្គការសហប្រជាជាតិ ស្របពេលដែលសហព័ន្ធ ខ្មែរកម្ពុជាក្រោម ចូលប្រជុំនៅក្នុងមហាសន្និបាតលើកទី ១៧ នៃវេទិកាអចិន្ត្រៃយ៍ របស់អង្គការសហ ប្រជា ជាតិស្ដីពីបញ្ហាជនជាតិដើម នាទីក្រុង New York ចាប់ពីថ្ងៃទី ១៦ ដល់ ២៧ ខែមេសា នេះ ។

ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោមបានចូលជួបមន្ត្រី ECOSOC រួមមាន បណ្ឌិត Joshua Cooper ជាទីប្រឹក្សា, លោក ត្រឹង យ៉ាប ជាប្រ ធានរដ្ឋបាល, លោក ម៉ៅ មុនី ជាអនុប្រធាន , លោក ថាច់ ឡេននី និង លោក ត្រឹង រីកគី ជាក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។ 

​ក្រៅពីនេះ គណៈប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏បានចូលជួបតំណាង អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និង អង្គការអន្តរជាតិផ្សេងៗមួយចំនួនទៀត  ដើម្បីសុំមតិ យោបល់ បន្ថែម ពីអង្គការទាំងនេះ ថាតើសហព័ន្ធខ្មែរកម្ពុជាក្រោម ត្រូវធ្វើយ៉ាងណា ដើម្បីបានទទួលជោគជ័យ ក្នុងការ ចូល ​ជា​សមាជិក គណៈកម្មការ​អង្គការក្រៅរដ្ឋាភិបាល ក្នុងនាម​ជា​អ្នកផ្ដល់ យោបល់ដល់​ក្រុម ប្រឹក្សា​សេដ្ឋកិច្ច និង សង្គមកិច្ច​របស់​អង្គការសហប្រជាជាតិ (ECOSOC) ។

នេះជាលើកទីបីហើយ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម ដាក់ពាក្យសុំចូលជាសមាជិកអង្គការ ECOSOC បន្ទាប់ពីកាលពី ២ លើក មុន ត្រូវ ECOSOC បដិសេធការស្នើសុំចូលជាសមាជិក ដោយសារ លទ្ធផលនៃការបោះឆ្នោត  មានប្រទេសគាំទ្រឲ្យចូលជាសមាជិកតិចជាងប្រទេសដែលប្រឆាំង ៕