ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
(San Jose, CA) ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក នៅថ្ងៃទី ២២ ខែកម្ភៈ ឆ្នាំ ២០១៥ នេះ បានរៀបចំការឆ្នោតប្រកបដោយលទ្ធិប្រជាធិបតេយ្យមួយ នៅក្នុង បរិវេណវត្តខេមររង្សី ដើម្បីជ្រើស រើសប្រធានក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រចាំទីក្រុង San Jose ។ ពិធីនេះ មានការចូលរួមពីពលរដ្ឋ ខ្មែរអាមេរិកនៅទីក្រុង San Jose យ៉ាងច្រើនកុះករ ក្រោមអធិបតីភាពព្រះ តេជព្រះគុណ សឺង យ៉ឹង រតនា ព្រះចៅធិការវត្តខេមរង្សី និងជាប្រធាននាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជា ក្រោម និងមានការចូលរួមពីចាស់ ព្រឹទ្ធាចារ្យជាច្រើនរូបធ្វើជាគណៈកម្មការរៀបចំការបោះឆ្នោត ។ លទ្ធផល លោក លឹម ភីលីប ត្រូវជាប់ឆ្នោតធ្វើជាប្រ ធានក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រចាំទីក្រុង San Jose មួយ អាណត្តិបន្តទៀត បន្ទាប់ពីអ្នកចូលរួមបោះ ឆ្នោតជូនរូបលោកដ៏ច្រើនលើសលប់ចំនួន ៥៧ សំឡេងគាំទ្រថា “Yes” និង ២ សំឡេងមិនគាំទ្រថា “No” ។
មុនពេលបោះឆ្នោត អតីតៈគណៈកម្មការសាខាគណបក្សសង្គ្រោះជាតិ ប្រចាំទីក្រុង San Jose ដឹកនាំដោយ លោក លឹម ភីលីប បានឡើងបកស្រាយ និងធ្វើបទបង្ហាញអំពីសមិទ្ធផលដែលក្រុមរបស់ខ្លួនបានធ្វើនាពេលកន្លងមក ដើម្បីគាំទ្រដល់គណបក្សសង្គ្រោះជាតិនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន, អំពីមូលហេតុនាំឲ្យមានការបោះ ឆ្នោត, ទិសដៅទៅអនាគត និងសំនួរចម្លើយទៅកាន់ថ្នាក់ដឹកនាំអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រចាំទីក្រុង San Jose ។ តាមការបញ្ជាក់របស់ លោក តាំង ឆូយ ហេរញ្ញិក នៃគណៈកម្មការអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រចាំទីក្រុង San Jose ដែលបានឡើងថ្លែងនៅក្នុងកិច្ចប្រជុំថា ចាប់តាំងពីឆ្នាំ ២០១៣ ដល់ ខែមេសា ឆ្នាំ ២០១៤ ក្រុមរបស់លោកបានរៃអង្គាសប្រាក់ជូនទៅគណបក្សសង្គ្រោះជាតិ នៅប្រទេសកម្ពុជា បានចំនួន ១០ ម៉ឺន ៥ ពាន់ ៤៨ និង ៧៧ សែន ដុល្លារ សហរដ្ឋអាមេរិក ដែលជាចំនួនប្រាក់ឧបត្ថម្ភដល់គណបក្សសង្គ្រោះជាតិនៅស្រុកខ្មែរ ច្រើនជាងគេទាំងអស់នៅក្នុងពិភពលោក ។
កាលខែ ៤ ពីឆ្នាំ ២០១៣ ដល់ ខែ ៤ ឆ្នាំ ២០១៤ នេះ ហើយចំនួនលុយទាំងអស់ ១០ ម៉ឺន ៥ ពាន់ ៤៨ និង ៧៧ សែន ។
ថ្លែងនៅក្នុងអង្គប្រជុំ លោក លឹម ភីលីប បានបញ្ជាក់អំពីមូលហេតុនាំឲ្យមានការបោះឆ្នោតថា សាខាគណបក្ស សង្គ្រោះជាតិ ប្រចាំទីក្រុង សាន ហូស្សេ (San Jose) មានគម្រោងរៀបចំការបោះនេះតាំងពីខែមិថុនា ឆ្នាំ ២០១៤ មកម្ល៉េះ ក្រោយពីគណបក្សសង្គ្រោះជាតិនៅប្រទេសកម្ពុជា ចេញបទបញ្ជាមួយឲ្យអ្នកគាំទ្រនៅក្រៅប្រទេស ធ្វើការបោះឆ្នោត ដើម្បីជ្រើសរើសថ្នាក់ដឹកនៅតាមតំបន់នីមួយៗ ។
លោក លឹម ភីលីម ថ្លែងថា៖
ខ្ញុំចង់រៀបរាប់បន្តិចពីការបោះឆ្នោត ។ កាលពីខែ ៦ គណបក្សសង្គ្រោះជាតិបាន ចេញបទបញ្ជាមួយឲ្យអ្នកគាំទ្រ នៅក្រៅប្រទេស ធ្វើការបោះឆ្នោត ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រតិបត្តិ នៅគ្រប់តំបន់ ។ យើងនៅសាហូសេ ក៏បានចាប់ផ្តើមប្រជុំគណកម្មការបោះឆ្នោត គ.ជ.ប ហ្នឹង ។ ប្រជុំខែ ១០ យើងក៏បានជួបជុំគ្នា ចឹងទៅមានគណៈកម្មការមួយចំនួន គាត់សុំលាលែង ។
បន្ទាប់ពីការធ្វើបទបង្ហាញគណៈកម្មការចាស់ និងការចោទសួរពីអ្នកចូលរួម កម្មវិធីបោះឆ្នោតបានប្រព្រឹត្តទៅដោយ យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និងតម្លាភាពក្រោមអធិបតីរបស់ព្រះសង្ឃ និងអ្នកសង្កេតការ ។ គណៈកម្មការរៀបចំ ការបោះឆ្នោតបានផ្ដល់ឱកាសចំហឲ្យអ្នកចូលរួមមកពីគ្រប់ភាគីឈរឈ្មោះជាបេក្ខជនប្រធានក្រុមអ្នកគាំទ្រគណ បក្សសង្គ្រោះជាតិ ប្រចាំទីក្រុង San Jose តែគ្មានបេក្ខជនណាឈរឈ្មោះឡើយ ។ ទីបំផុត អ្នកចូលរួមក៏សម្រេច បោះឆ្នោតតាមរបៀប “Yes” គាំទ្រ និង “No” មិនគាំទ្រ ឲ្យលោក លឹម ភីលីប ធ្វើជាប្រធាន ។ ក្រោយពីការបោះ ឆ្នោតរួច លោក បៃ សារិត ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតជាមួយនឹង លោក ហៀក សុខុម បានដឹកនាំធ្វើការរាប់សន្លឹកឆ្នោតដោយមានព្រះសង្ឃ និងអ្នកចូលរួមធ្វើជាសាក្សី ។ លទ្ធផល លោក លឹម ភីលីប ទទួលបាន ៥៧ សំឡេងគាំទ្រ និង ២ សំឡេងមិនគាំទ្រ ។

លោក ហៀក សុខុម ក្រុមគណៈកម្មការរៀបចំការបោះឆ្នោតបានបញ្ជាក់ថា៖
គិតឃើញថា ពេលនេះ ជាជោគជ័យមួយសំខាន់សម្រាប់សានហូសេយើង ដែលយើងបោះឆ្នោតពេញសោយលទ្ធិប្រជាធិបតេយ្យ ដោយប្រជាជនបោះឆ្នោតឲ្យ មិនមែនដោយលើកតម្កើងគ្នាយើងទេ ។ Register ដូបមាន ៥៧ ឆ្នោត សរសេរថា «YES» ហើយ ២ សំឡេងថា «NO» ។ ដូច្នេះ លក្ខណៈប្រជាធិបតេយ្យនេះ វាពេញលក្ខណៈបរិបូណ៌មែនទែន ។
អ្នកចូលរួមបោះឆ្នោតសម្ដែងក្ដីសប្បាយរីករាយចំពោះលទ្ធផលឆ្នោតថា ប្របកដោយលទ្ធិប្រជាធិបតេយ្យ និងតម្លា ភាព ហើយបានបញ្ជាក់ថា ខ្លួនបានបោះឆ្នោតជូន លោក លឹម ភីលីប ព្រោះលោកជាមនុស្សស្មោះត្រង់នឹងជាតិ ជាអ្នកអធ្យាស្រ័យល្អ មានចំណេះដឹងខ្ពង់ខ្ពស់ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំសង្គមខ្មែរនៅក្នុងទីក្រុង San Jose ជាដើម ។
បន្ទាប់ពីបានជាប់ឆ្នោតជាប្រធាន លោក លឹម ភីលីប បានថ្លែងអំពីការយល់ឃើញរបស់ខ្លួនថា៖
បានទទួលលទ្ធផលបោះឆ្នោត ដោយមានសំឡេងគាំទ្រជាច្រើន ឲ្យខ្ញុំបន្តការងារទៅមុខទៀត ។ ខ្ញុំមានចិត្តរំភបណាស់ ពីព្រោះ នេះជាការបង្ហាញឲ្យឃើញថា អ្វីដែលខ្ញុំធ្វើមក ភាគច្រើនអ្នកគាំទ្រពេញចិត្ត មិនខុសឆ្គងអីធំដុំទេ ហើយទៅអនាគត់ទៀត ចឹងខ្ញុំខំបន្តការងារខ្ពស់ដដែល កិច្ចការអ្វីៗ ត្រូវតែពិភាក្សាជាមយយគណៈកម្មការ អ្នកគាំទ្រ ។ អ្វីៗ ខ្ញុំមិនអាចធ្វើទៅរួចតែឯកឯងទេ ម្ល៉ោះហើយ ការដែលមានគេគាំទ្រហ្នឹង គេឃើញមកថា អ្វីដែលខ្ញុំធ្វើហ្នឹងគឺល្អ គឺត្រឹមត្រូវ ហើយបើគេមិនចូលចិត្តកន្លែងណាមួយ គេអាចសួរខ្ញុំពេលណាក៏បានដែរ ។ ចឹង! ខ្ញុំអរណាស់ ដែលមានសំឡេងឆ្នោតជាច្រើនគាំទ្រខ្ញុំ ។
ចំណែក លោក ឡោ ឡៃសូរ ដែលទើបតែត្រូវបាន លោក លឹម ភីលីប តែងតាំងឲ្យធ្វើជាអនុប្រធាន បានថ្លែង អំពីការយល់ឃើញរបស់ខ្លួនថា៖
ថ្ងៃនេះ យើងបានបោះឆ្នោតចប់ហើយ លទ្ធផលឃើញថា អ្នកបានជួយសង្គ្រោះជាតិល្អនោះ បានជាប់បន្តទៅទៀត ។ យើងចង់រៀបចំបក្សសង្គ្រោះជាតិនៅទីក្រុងសានហុសេហ្នឹង ឲ្យជាគំរូមួយ ធ្វើការដើម្បីជាតិសុទ្ធសាធ ដោយពុំគិតគូពីរឿងបុគ្គលក្រុមណាមួយទាល់តែសោះ ។ ហើយយើងធ្វើម៉េចប្រជាធិបេយ្យនេះ មិនមែនចាំតែដូចគ្នាទេ ។ ពាក្យថា ប្រជាធិបតេយ្យគឺជារបប់មួយ ដែលយើងជ្រើសរើសយកមកប្រើ ដើម្បីជៀសវាងកុំឲ្យឈ្លោះគ្នា កុំឲ្យច្បាំងគ្នា ។ ដូច្នេះ យើងទាំងអស់គ្នាហ្នឹង ដឹកនាំទាល់តែភាគច្រើនគេយល់ព្រម ថានេះ វាត្រូវ នេះវាខុស ឲ្យគេបោះឆ្នោតទៅ ឲ្យគេជ្រើសរើសទៅ ថានេះ ចង់ឲ្យធ្វើ ឬមិនចង់ កន្លែងហ្នឹងឲ្យយកភាគច្រើនទៅ ហើយអ្នកដែលមតិភាគតិចត្រូវតែគាំទ្រមតិភាគច្រើន ។ នៅកន្លែងណាក៏ដោយក្នងុពិភពលោក បើកាលណាឲ្យភាគច្រើនបានសុខ ភាគច្រើនហ្នឹងគាំទ្រគឺអ្នកដឹកនាំហ្នឹងល្អ ហើយចង់នាំលទ្ធិប្រជាធិបតេយ្យចូលប្រទេសយើង ស្គាល់ថាប្រជារាស្ត្រជាធំ ។
លោក វីលាម តាន អ្នកគាំទ្រ ដែលបានបោះឆ្នោតជូន លោក លឹម ភីលីប មានប្រសាសន៍ថា៖
គោលបំណងមកទីនេះ គឺមករើសប្រធាន CNRP នៅសានហូសេ ។ ការបោះឆ្នោតនេះ មានលក្ខណៈត្រឹមត្រូវ ។ ប្រជាជននៅសានហូសេហ្នឹង មករើសប្រធានលោក លឹម ភីលីប ដែលគាត់ជាប់ឆ្នោតនៅថ្ងៃនេះ ។ លទ្ធផលរបស់គាត់ហ្នឹង តាំងពីដើមមកគឺ ជួយខ្មែរច្រើនណាស់ ។
អ្នកស្រី ស៊ីវិន ទេព មានប្រសាសន៍ថា៖
បោះឲ្យ ភីលីប លឹម ។ ពីព្រោះ ភីលីប លឹម ជាអ្នកដឹកនាំល្អ មានការព្យាយាមអំណត់ ចេះទាក់ទងចាស់ក្មេង ប្រជាជននៅក្នុងសហគមន៍ខ្មែរ នៅសានហូសេនេះ ហើយមានចិត្តអំណត់មិនប្រកាន់ មិនចេះខឹង ចេះរួបរួមគ្នា ហើយជាពិសេស អត់មានអ្នកណាមានលក្ខណល្អដែលបង្ហាញដូចគាត់នៅឡើយទេ ។
លោក កែវ វាសនា មានប្រសាសន៍ថា៖
មកថ្ងៃនេះ គឺមករួបរួមបងប្អូនខ្មែរយើងទាំងអស់គ្នា ដែលនៅសានហូសេនេះ ហើយ នឹងមកបោះឆ្នោតជ្រើសរើសគណកម្មការថ្មី នៅទីក្រុងសានហូសេ ដែលយើងទាំងអស់គ្នាហ្នឹងជួយបន្តខាង CNRP ។ បានបោះឆ្នោតជូនលោក ភីលីប ។ ព្រោះថា លោក ភីលីប បានលះបង់ច្រើនមកហើយ ៗ ឃើញការស្អាតស្អំ ចិត្តទូលុះទូលាយ ដែលថា ខ្មែរយើងត្រូវការមនុស្សរបៀបនេះភាគច្រើន ។
មុនពេលការបោះឆ្នោត មានការចូលរួមជំទាស់ពីក្រុមអតីតៈប្រធានគណបក្សសិទ្ធិមនុស្ស និងជាអតីតៈ អនុប្រធាន ទី ១ នៃសាខាគណបក្សសង្គ្រោះជាតិប្រចាំទីក្រុង San Jose លោក ជុំ សុជាតិ ផងដែរ ។

លោក ជុំ សុជាតិ ដែលជាមនុស្សម្នាក់បានលាលែងតំណែងចេញពីសាខាគណបក្សសង្គ្រោះជាតិ ប្រចាំទីក្រុង San Jose ហើយបែរជាបច្ចុប្បន្នអះអាងថា ខ្លួនជាប្រធានសាខាគណបក្សសង្គ្រោះជាតិ ប្រចាំទីក្រុង San Jose សហរដ្ឋ អាមេរិក ដែលហៅកាត់ជាភាសាអង់គ្លេសថា SAN JOSE – CNRP – USA ដែលមិនមានការបោះឆ្នោតចំហនោះ បានបញ្ជាក់អំពីមូលហេតុដែលនាំឲ្យក្រុមលោកមិនអាចចូលរួមឈរឈ្មោះបោះឆ្នោតជាមួយគេ នៅថ្ងៃនេះបាន ដោយសារ នាពេលកន្លងមក គាត់តូចចិត្តនឹងគណៈកម្មការចាស់ចំពោះបញ្ហាមួយចំនួន ដូចជាកិច្ចប្រជុំម្ដងៗ មិនមានអ្នកជូនដំណឹងដល់គាត់តាមអ៊ីមែលដល់ទៅបួនដង និង តូចចិត្តនៅពេលដែល លោក សម រង្ស៊ី មកទស្សនកិច្ចនៅ San Jose ម្ដងៗមានគេឧបត្ថម្ភលុយច្រើន តែដល់ លោក កឹម សុខា វិញបែរជាបានលុយតិច ជាដើម ទើបលោកសម្រេចចិត្តទៅបង្កើតគណៈកម្មការសាខាគណបក្សសង្គ្រោះជាតិប្រចាំទីក្រុង San Jose ថ្មីមួយទៀត ដែលមានឈ្មោះកាត់ជាភាសាអង់គ្លេសថា SAN JOSE – CNRP – USA តាមរយៈបណ្ដាញរបស់ លោក គា រី ដែលតាំងខ្លួនថាជាប្រធានគណបក្សសង្គ្រោះជាតិសហរដ្ឋអាមេរិក ឬ CNRP-USA ។
លោក ជុំ សុជាតិ បានថ្លែងទៅកាន់អ្នកចូលរួមដែលសម្ដីរបស់គាត់ត្រូវបានគេមើលឃើញថា ហាក់ដូចជាលំអៀង ទៅរក លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានរដ្ឋសភានៃប្រទេសកម្ពុជា យ៉ាងនេះ ថា៖
ពេលដែលប្រជុំណា អត់មានអ៊ីម៉ែលមកខ្ញុំសោះ ៤ ដង ក្នុងការប្រជុំ ។ ហេតុអ្វីបានបងប្អូនមិនអញ្ជើញរូបខ្ញុំ ។ តែរឿងដែលសំខាន់បំផុតនោះ បញ្ហាដែលចោទឡើង គឺបង្កើតបក្ស NA ។
បញ្ហានេះ អ្នកគ្រូ បៃ សុផានី បានឡើងបកស្រាយឆ្លើយតបនឹង លោក ជុំ សុជាតិ ថា អ្នកស្រី និងអ្នកចូលរួមទាំង អស់ដែលមានវត្តមានមកបោះឆ្នោតនេះ សុទ្ធតែជាគណបក្សសង្គ្រោះជាតិតែមួយទេ ដោយគ្មានអ្នកម្នាក់ជាគណ បក្ស សម រង្ស៊ី ឬ ជា គណបក្សសិទ្ធិមនុស្ស ទៀតទេ ។
អ្នកគ្រូ សុផានី បានបញ្ជាក់ថា៖
ដូចខ្ញុំស្តាប់លោកមិញអ៊ីចឹង លោកហាក់ជា ចាប់តែកំហុស ។ ដូច្នេះ ការចាប់កំហុសនេះ មិនអាចរកផ្លូវដោះស្រាយឃើញទេ ។ ខ្ញុំសូមជម្រាបថា កាលណោះ ខ្ញុំជាសមាជិកគណបក្ស សម រង្ស៉ី តាំងពីគណបក្សជាតិខ្មែរ រហូតដល់គណបក្សសង្គ្រោះជាតិ ។ ហេតុអ្វី បានជាខ្ញុំគាំទ្រគណបក្សសង្គ្រោះជាតិ ពីព្រោះក្នុងគោលដៅចង់រួបរួមជាតិ រួបរួមគ្នា ។ ដូច្នេះ វាគ្មានអ្នកទៅស្រឡាញ់ រង្ស៉ី ជាងគេ គ្មានអ្នកទៅស្រឡាញ់លោក កិម សុខា ជាងគេ អត់ទេ គឺដូចគ្នា ។
ចំណែកអនុប្រធានសាខាគណបក្សសង្គ្រោះជាតិប្រចាំ San Jose សហរដ្ឋអាមេរិក (SAN JOSE – CNRP – USA ) ដែលទើបតែត្រូវបានគេតែងតាំងថ្មីៗ លោក ថាច់ ចួន បានឡើងចោទសួរ លោក លឹម ភីលីប ប្រធាន ក្រុមអ្នកគាំគណបក្សសង្គ្រោះជាតិ ប្រចាំទីក្រុង San Jose ជាប់ឆ្នោតថា ហេតុអ្វីបានជា គណបក្សសង្គ្រោះជាតិ ប្រចាំទីក្រុង San Jose មិនព្រមរំលាយ CNRP-NA ដែលមានយូរហើយចោល ហើយមកចូលរួមជាមួយ CNRP-USA ដែលទើបតែបង្កើតថ្មីតែមួយ ។ សំនួរនេះ ត្រូវបាន លោក ឡោ ឡៃសូរ អនុប្រធាន អ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ ប្រចាំទីក្រុង San Jose ដែលទើបតែត្រូវបានតែងតាំងដោយ លោក លឹម ភីលីប ប្រធានជាប់ឆ្នោត ឆ្លើយថា បើចង់លុប CNRP-NA ចោល មានតែលុប CNRP-USA ចោលដែរ ទើបត្រឹមត្រូវ ។
វាដូចយកទំនាស់បញ្ហាយកដាក់ ។ យើងធ្វើដើម្បីសង្គ្រោះជាតិ អត់មានគិតពីក្រុមណាទេ ។ ប៉ុន្តែ សូមកុំឲ្យថា ជួបបុគ្គលនោះ កុំទទួលស្គាល់អ្នកនេះ បុគ្គលនេះ កុំទទួលស្គាល់អ្នកនោះ ជាលេសដើម្បីបង្កើតជម្លោះ ។ ខ្ញុំយល់ថា នេះជារឿងបុគ្គល ៗ មួយណាខុស គឺរឿងបុគ្គល កុំបំផ្លាញ់ជាតិទាំងមូល ។
គណៈកម្មការអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រចាំទីក្រុង San Jose ដែលបានកើតចេញពីការបោះឆ្នោតនៅថ្ងៃ នេះ ជាក្រុមមួយដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ បើកចំហឲ្យមានការចូលរួមដោយលទ្ធិប្រជាធិបតេយ្យ និងជាក្រុមមួយឯករាជ្យ មិនឋិតនៅក្រោមការបញ្ជាពីបុគ្គល ឬ ក្រុមណាមួយនៅក្រៅប្រទេសឡើយ ។ ក្រុមនេះ បង្កើតឡើងដើម្បីជួយឧបត្ថម្ភដល់គណបក្សសង្គ្រោះជាតិនៅប្រទេសកម្ពុជា និងសម្រាប់ជួយគ្នាក្នុងគ្រាមានអាសន្ន នៅក្នុងសហគមន៍ខ្មែរ នាទីក្រុង San Jose តែម្ដង ។ អ្នកធ្វើជាប្រធាន និងអ្នកគាំទ្រគ្រាន់តែជាអ្នកស្មគ្រចិត្ត និង មិនទទួលបានកម្រៃអ្វីសម្រាប់ផ្ទាល់ខ្លួនឡើយ ៕