ដោយ យន់ សាមៀន | RFA Khmer
ពលរដ្ឋ និងព្រះសង្ឃ នៅកម្ពុជាក្រោម ព្យាយាមបង្រៀនអក្សរខ្មែរដល់កូនចៅ ដើម្បីរក្សាអត្តសញ្ញាណជាតិ និងដើម្បីលើកកម្ពស់វប្បធម៌ អរិយធម៌ខ្មែរ ។ ខ្មែរក្រោម តែងដាស់តឿនកូនចៅឲ្យទៅរៀនអក្សរខ្មែរ នៅតាមវត្តអារាម ដែលមានព្រះសង្ឃ និងគ្រូជាអ្នកបង្រៀន ដោយមិនគិតពីការនឿយហត់ ។ គ្រូបង្រៀន នៅកម្ពុជាក្រោម ខិតខំបណ្ដុះបណ្ដាលកុមារខ្មែរក្រោម ឲ្យចេះអក្សរសាស្ត្រជាតិ ដោយមិនគិតពីប្រាក់ខែឡើយ ។

ពលរដ្ឋ និងព្រះសង្ឃ នៅកម្ពុជាក្រោម តែងដឹកនាំឲ្យកូនចៅទៅរៀនអក្សរខ្មែរ ដើម្បីកុំឲ្យភ្លេចដើមកំណើតរបស់ខ្លួន ។ ខ្មែរក្រោម មិនបណ្ដោយឲ្យកូនចៅមិនចេះអក្សរសាស្ត្រជាតិនោះទេ ទោះបីជាពួកគាត់ ស្ថិតនៅក្រោមការត្រួតត្រារបស់រដ្ឋាភិបាលវៀតណាមក៏ដោយ ក៏ពួកគាត់ខិតខំលើកទឹកចិត្តកូនចៅឲ្យទៅរៀនអក្សរខ្មែរដែរ ។
ព្រះសង្ឃខ្មែរក្រោម ដែលតែងជួយបង្រៀនអក្សរខ្មែរដល់កុមារ នៅកម្ពុជាក្រោម ព្រះភិក្ខុ ចៅ ញ៉ាណ មានថេរដីកាប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ថា ព្រះអង្គតែងឆ្លៀតពេលទំនេរបង្ហាត់បង្រៀនអក្សរខ្មែរ ដល់កុមារខ្មែរ ដែលបានមករៀននៅវត្តរំដួលទួលសូភី ។ ព្រះអង្គយល់ថា អក្សរសាស្ត្រជាតិជាគ្រឿងកំណត់សម្គាល់អត្តសញ្ញាណរបស់ជាតិនីមួយៗ ហើយបើអក្សររលត់ ជាតិនឹងរលាយ ។ ព្រះអង្គជំរុញឲ្យឪពុកម្ដាយត្រូវនាំកូនមកសិក្សាអក្សរខ្មែរឲ្យបានគ្រប់គ្នា ដើម្បីកុំឲ្យអក្សរខ្មែរបាត់បង់ និងជាការដឹងគុណដល់ដូនតា ដែលខំរក្សាអក្សរសាស្ត្រជាតិទុកមកដល់សព្វថ្ងៃ៖ «ព្រោះអីខ្មែរយើងនៅទីនេះ បើសិនជាអត់មានវត្តទេទាំងអក្សរសាស្ត្រខ្មែរ ភាសាខ្មែរអី គឺអត់និយាយបានទេ ។ អត់និយាយបាន ទាំងអត់និយាយបាន ទាំងអត់សរសេរបាន អ៊ីចឹងបើសិនជាមានវត្តអារាមទៅដើរតួយ៉ាងសំខាន់ក្នុងការអប់រំឲ្យមានសីលធម៌ និងឲ្យការរីកចម្រើនទាំងអក្សរសាស្ត្រទាំងភាសា ឲ្យនិយាយបានត្រឹមត្រូវ សរសេរបានត្រឹមត្រូវ ។ អ៊ីចឹងអក្សរសាស្ត្រខ្មែរយើងទៅមុខទៀតនឹងរីកចម្រើន» ។
ពលរដ្ឋខ្មែរក្រោម មិនត្រឹមតែរក្សាអក្សរខ្មែរឲ្យគង់វង្សតកូនតចៅនោះទេ ពួកគាត់ថែមទាំងខំប្រឹងថែនូវតម្លៃវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់មិនឲ្យសាបសូន្យទៀតផង ដូចជាពិធីបំបួសនាគ ពិធីមង្គលការ បុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌ និងបុណ្យកឋិនជាដើម ។
ចំណែកព្រះសង្ឃមួយអង្គ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយ ក្នុងទីក្រុងព្រៃនគរ ព្រះភិក្ខុ ចៅ ដូរ៉ន មានថេរដីកាថា ព្រះអង្គសិក្សាមុខជំនាញអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ។ ព្រះអង្គជ្រើសរើសមុខវិជ្ជានេះ ដោយសារស្រឡាញ់ និងចង់ថែរក្សាព្រលឹងរបស់ជាតិឲ្យបានគង់វង្ស ។ ភិក្ខុរូបនេះ មានថេរដីកាទៀតថា ព្រះអង្គនឹងយកចំណេះជំនាញទៅសាបព្រោះដល់កុមារខ្មែរក្រោម ឲ្យចាប់អារម្មណ៍ចំពោះអក្សរខ្មែរកាន់តែច្រើនថែមទៀត ដើម្បីលើកស្ទួយអក្សរសាស្ត្រជាតិ៖ «សិស្សណាៗ ក៏ដោយ សាលាណាៗ ក៏ដោយ គឺបង្រៀនទាំងអស់ មកពីគ្នាគាត់សុទ្ធតែសិស្សជំនាន់របស់សម្ដេចសង្ឃ នៅនៅឡើយ ។ អ៊ីចឹង អារឿងវិស័យអក្សរសាស្ត្រផ្នែកខាងហ្នឹងគឺរឹងណាស់បង រឹងរឹងមែនទែន ទាំងពីរភាសាគឺពួកគាត់រឹងណា» ។
នៅកម្ពុជាក្រោម អក្សរខ្មែរភាគច្រើនបើកបង្រៀនតែតាមវត្តអារាមប៉ុណ្ណោះ ចំណែកភូមិស្រុកដែលនៅឆ្ងាយពីវត្ត អ្នកមិនបានបញ្ជូនកូនទៅរៀន ឪពុកម្ដាយ ឬអាណាព្យាបាល ជាអ្នកបង្ហាត់បង្រៀនដោយផ្ទាល់នៅផ្ទះ ។
ពលរដ្ឋខ្មែរក្រោមម្នាក់ ដែលមានស្រុកកំណើតនៅខេត្តព្រះត្រពាំង ជាអ្នកនាំភ្ញៀវទេសចរណ៍ និងធ្លាប់ជាគ្រូបង្រៀនភាសាខ្មែរ ដល់ព្រះសង្ឃ និងយុវជន គឺលោក ឡឹម ហ្វាងយ៉ាង ឲ្យដឹងថា លោកត្រេកអរពេល ដែលឃើញសិស្សានុសិស្ស ប្រឹងប្រែងរៀនអក្សរខ្មែរ ។ លោករំពឹងថា អក្សរសាស្ត្រខ្មែរនឹងរីកចម្រើន នៅលើទឹកដីកម្ពុជាក្រោម ហើយលោកជំរុញកូនខ្មែរត្រូវយកចិត្តទុកដាក់រៀនអក្សរខ្មែរឲ្យបានពូកែ ចាំហក់ទៅរៀនភាសាបរទេសបន្ថែមទៀត ដើម្បីធ្វើជាយានក្នុងការទំនាក់ទំនងទូទៅ៖ «វត្តអារាមបណ្ដាភូមិ បណ្ដាវត្តដែលខំបណ្ដុះបណ្ដាលទោះបីក្មេងសម្រាករៀនពីរបីខែខំខ្នះខ្នែង ខ្ញុំយល់ឃើញថាក្នុងលក្ខណៈហ្នឹងទី ១ ទៅកន្លែងខឿនវប្បធម៌របស់ខ្លួនថា ដើម្បីរក្សាទំនៀមទម្លាប់ផង ហើយយើងឃើញថារយៈពេលខ្លីមួយខែពីរហ្នឹង វារៀនគ្មានបានប៉ុន្មានមែន ប៉ុន្តែថាយើងបើកបានប្រចាំអ៊ីចឹង បណ្ដាភូមិស្រុក បើបានអ៊ីចឹងក៏ល្អដែរ» ។
ជុំវិញរឿងនេះដែរ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំកម្ពុជា និងជាអ្នកនិពន្ធប្រលោមលោករឿង វាសនាបុប្ផាខ្មែរក្រោម លោក តាំង សារៈ លើកឡើងថា នៅកម្ពុជាក្រោមមានបង្រៀនអក្សរខ្មែរដល់កូនខ្មែរ នៅតាមវត្តអារាម តែតាមសាលារដ្ឋ គឺវៀតណាមមិនទាន់អនុញ្ញាតឲ្យមានកម្មវិធីសិក្សាភាសាខ្មែរបានទូលំទូលាយទេ ។ លោកស្នើដល់រដ្ឋាភិបាលវៀតណាម កុំដាក់សម្ពាធមកលើខ្មែរក្រោម ពេលដែលខ្មែរក្រោមបង្រៀនអក្សរខ្មែរដល់កូនចៅរបស់ពួកគេ ។ លោកលើកទឹកចិត្តឪពុកម្ដាយត្រូវជំរុញកូនឲ្យប្រឹងរៀនអក្សរខ្មែរ ទោះជាមានជីវភាពលំបាកយ៉ាងណាក៏ដោយ មិនត្រូវបោះបង់អក្សរខ្មែរចោលទេ៖ «ដំបូងបង្អស់ គឺសូមឲ្យមន្ត្រីសង្ឃ នៅក្នុងដែនដីកម្ពុជាក្រោមនោះណា ត្រូវធ្វើម៉េចការជ្រើសរើសគ្រូឲ្យ ទោះបីជារៀននៅក្នុងសាលាវត្តហ្នឹងក្ដី ក៏ត្រូវរើសគ្រូព្រះសង្ឃអង្គណា ដែលលោកស្ទាត់សំខាន់គឺអក្ខរាវិរុទ្ធ ហើយនឹងពាក្យពេចន៍របស់ខ្មែរចាំឲ្យទៅបង្រៀនសិស្ស» ។
អាណានិគមនិយមបារាំង បានផ្ទេរទឹកដីខ្មែរកម្ពុជាក្រោមទាំង ២១ ខេត្ត និងកោះចំនួន ២ ទៅឲ្យវៀតណាមគ្រប់គ្រងបន្តទាំងខុសច្បាប់ កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ បច្ចុប្បន្នមានពលរដ្ឋខ្មែរក្រោមប្រមាណដប់លាន (១០.០០០.០០០) នាក់ កំពុងរស់នៅក្រោមការត្រួតត្រារបស់វៀតណាម ។
ពលរដ្ឋខ្មែរក្រោម ដែលតែងតែចេញមុខបង្រៀនអក្សរខ្មែរដល់កូនខ្មែរក្រោម អ្នកខ្លះត្រូវអាជ្ញាធរវៀតណាម ចោទប្រកាន់ថា មានគំនិតចង់រើបម្រះពីការគ្រប់គ្រងរបស់វៀតណាម ដូចជាករណីលោក លី ចិន្ដា ជាដើម ដែលវៀតណាមចាប់ដាក់ពន្ធនាគារ ដោយសារលោកបើកសាលាបង្រៀនអក្សរខ្មែរ នៅវត្តមួយ ក្នុងស្រុកព្រៃជាប់ ខេត្តឃ្លាំង កម្ពុជាក្រោម ៕