ទីក្រុង និង​រដ្ឋ​ជាង ៥០ នៅ​អាមេរិក បាន​ប្ដូរ​ឈ្មោះ​ថ្ងៃ Columbus Day ទៅជា​ថ្ងៃ​ជនជាតិដើមវិញ​

ដោយ ថាច់ ប្រីជា គឿន

​យ៉ាងហោចណាស់​មាន​ទីក្រុង​ចំនួន ៤ បាន​ចូលរួម​ធ្វើការ​តស៊ូ​មតិ​ជាមួយ នឹង​ទីក្រុង និង​រដ្ឋ​នានា ទូទាំង​សហរដ្ឋអាមេរិក ដើម្បី​ទាមទារ​ឲ្យ​រដ្ឋ​សហព័ន្ធ​អាមេរិក​ប្ដូរ​ថ្ងៃ​ឈប់សម្រាក់ Columbus Day ទៅជា​ថ្ងៃ​ជនជាតិដើម ឬ Indigenous Peoples Day វិញ ។

​ទីក្រុង​ទាំង ៤ នោះ រួមមាន Austin នៃ​រដ្ឋ Texas, Salt Lake City នៃ​រដ្ឋ Utah, Los Angeles និង San Luis នៃ​រដ្ឋ California បានធ្វើ​ចលនា​រួមជាមួយ​គ្នា ដើម្បី​ផ្លាស់ប្ដូរ​ថ្ងៃ Columbus Day ដែល​បាន​អនុវត្ត​ជា​ផ្លូវការ នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ទី ២ នៃ​ខែតុលា ជា​រៀងរាល់ឆ្នាំ អស់​ជាង ៨០ ឆ្នាំ​មក ហើយ​នោះ ឲ្យ​ទៅជា​ថ្ងៃ​ជនជាតិដើម (Indigenous Peoples Day) ដើម្បី​ឲ្យ​រដ្ឋាភិបាល​ទទួល ស្គាល់​នូវ​ការជិះជាន់ និង​កាប់សម្លាប់​របស់​ពួក​អាណា​និគមជន​អឺរ៉ុប មកលើ​ក្រុម​ជនជាតិដើម អាមេរិក​ស្បែក​ក្រហម (Native Americans) ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​របស់​អាមេរិក និង​ការរួម ចំណែក​របស់​ក្រុម​ជនជាតិដើម ក្នុងការ​អភិវឌ្ឍ​ទឹកដី​សហរដ្ឋអាមេរិក ។​

​កាលពី​ខែសីហា កន្លងទៅនេះ ក្រុមប្រឹក្សា​ទីក្រុង Los Angeles នៃ​រដ្ឋ California បាន​បោះ ឆ្នោត សម្រេច​ប្តូរ​ឈ្មោះ Columbus Day ឲ្យ​ទៅជា Indigenous Peoples Day វិញ ប៉ុន្តែ​វា​ត្រូវអនុវត្ត ជា​ផ្លូវការ​នៅ​ឆ្នាំ ២០១៩ ខាងមុខ ដើម្បី​រង់ចាំ​សេចក្តីព្រាងច្បាប់ និង​បទបញ្ជា​ថ្មី ។​

​មេដឹកនាំ​ចលនា ទិវា​ជនជាតិដើម​រដ្ឋ​ម៉ាស្សា​ជូ​សេត (Indigenous Peoples’ Day Massachusetts) ជា​អង្គការ​មួយ​ធ្វើ​ការតស៊ូ​ន​មតិ​ឲ្យ​មានការ​ទទួលស្គាល់​ទូទាំង​រដ្ឋ​ម៉ា​ស្សាជូ​សេត អ្នកស្រី Mahtowin Munro បាន​ថ្លែងប្រាប់​សារព័ត៌មាន Al Jazeera ថា ៖ “​វា​ជាការ​សំខាន់ ណាស់ ក្នុងការ​លុបបំបាត់​ទិវា Columbus Day ។ ត្រូវតែ​លុបបំបាត់ រាល់​ការ​ប្រារព្ធ​ពិធីបុណ្យ រំឭក​ដល់ Columbus ពីព្រោះ​គាត់​មិនមែនជា​វីរបុរស​ទេ​” ។

​អ្នកស្រី​បន្តទៀតថា​៖ “​យើង​ដឹង​ច្បាស់​ថា Columbus និង​មនុស្ស​របស់គាត់​បានសម្លាប់ រំលោភ និង​ជិះជាន់ មកលើ​ជនជាតិដើម​រាប់ពាន់នាក់ ។ វា​ជាការ​យល់ច្រឡំ​មួយ​ដែល​លើកឡើងថា លោក គ្រឹ​ស្តុ​ប​ផើ កូ​ឡំ​បូស (Christopher Columbus) ជា​អ្នក​រកឃើញ​ទឹកដី​អាមេរិក ខណៈ​ជនជាតិដើម​របស់​យើង​តែងតែ​និយាយថា គាត់​ជា​អ្នក​ឈ្លានពាន​ទឹកដី​របស់​យើង​” ។​

​គ្រឹ​ស្តុ​ប​ផើ កូ​ឡំ​បូស (Christopher Columbus) ជា​អ្នករុករក និង​ជា​នាវិក​ជនជាតិ​អ៊ីតាលី កើត​នៅ​ឆ្នាំ ១៤៥១ ។ លោក​បានធ្វើ​នាវាចរណ៍​តាម​មហាសមុទ្រ​មកដល់​ទឹកដី​អាមេរិក នៅ​ឆ្នាំ ១៤៩២ ។ ដំណើរ​របស់លោក បានបង្ហាញ​នូវ​ទ្វីបអាមេរិក និង​បើកផ្លូវ​ឲ្យ​ពួក​អឺរ៉ុប​មក​ធ្វើ​អាណា និគម​ទឹកដី​អាមេរិក រហូតមកដល់​សព្វថ្ងៃ ៕