ឆ្នាំ​ទី ៦៣ យួន​ផ្អើល​ពណ៌​លឿង

  ​ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១២ | ដោយ សឺ​ង សម្រេច​  ​

បើ​និយាយ​ពី​វាសនា​ខ្មែរក្រោម គឺ​មិនមែន ទើបតែ​រង​ទុក្ខ វេទនា​ចំនួន ៦៣ ឆ្នាំ​ចុង​ក្រោយនេះ​ទេ តែ​ ​គឺ​រាប់រយឆ្នាំ​ហើយ ដែល​ដំណក់ទឹកភ្នែក​ខ្មែរក្រោម​ហូរ​ក្លាយជា ស្ទឹង​បឹង​ទន្លេ ដោយសារ​ស្នាដៃ​យួន​ ​គ្រប់​របប​នយោបាយ ។ សព្វថ្ងៃនេះ ជួន​ជា​រដ្ឋាភិបាល​ខ្មែរ មិនបាន​បង្ហាញ​ការ​អើពើ​ឈឺឆ្អាល​នឹកគិត​ ​ដល់​ឬក៏​មាន​សេចក្តីក្លាហាន​ហ៊ាន​ងើបមុខ​តវ៉ា​ជាមួយ​រដ្ឋាភិបាល​យួន​ដែល​ជិះជាន់​ខ្មែរក្រោម​ទៀត​ ​នោះ ហាក់ដូចជា​បើកដៃ​ឱ្យ​យួន​រំលោភបំពាន​ខ្មែរក្រោម​តាម​អំពើ​ចិត្ត ។ ទោះជា​យ៉ាង ណាក៏ដោយ​ ​យើង​ជា​ខ្មែរក្រោម មិនដែល​បានប្រកាស​អំពី​ការបាត់បង់​ទឹកដី​របស់ខ្លួន​ឡើយ ។

kampucheakromMapL

ទឹកដី​កម្ពុជា​ក្រោម​ ​នៅតែ​ជា​របស់​ខ្មែរក្រោម ។ ភូមិ​ស្រុក ឈើ​ព្រៃ វត្ត​អារាម វាលស្រែ​ចំការ ទំនៀម ទម្លាប់​ប្រពៃណី​និង​ សាសនា យើង​ជា​ខ្មែរក្រោម​ស៊ូ​ខាំ​ស្មៅ​ក្រាញននៀល ការពារ​មរតក​កេរ​ដូនតា​របស់ខ្លួន​ក្នុង​ចង្កោម​ ​មច្ចុរាជ​យួន​ដ៏​កាច​សាហាវ ។ ប៉ុន្តែ​អ្នក​ដែល​ត្រូវ​ប្រកាស​ការបាត់បង់​ទឹកដី​នោះ គួរតែ​ជា​រដ្ឋាភិបាល​ ​នៃ​ប្រទេស​កម្ពុជា​ទៅវិញ​ទេ ប្រសិនបើ​រដ្ឋាភិបាល​នេះ​មាន​មនសិការ​ជាតិ​គ្រប់គ្រាន់​និង​មាន​មនុស្ស​ ​ធម៌ ចេះ​អាណិតអាសូ​ដល់​សាច់​សារ លោហិត​ជាតិខ្មែរ​របស់ខ្លួន ។​  ​

ពួក​បរទេស​យួន​បាន​រុករាន​ទន្ទ្រាន​រំលោភបំពាន​យក​ដី​ខ្មែរ រួច​ក្រោយមក​បាន​ឃុបឃិត​ជាមួយ​ “​បារាំង​ខ្លះ​’’ ដែលមាន​អំណាច ប្លន់​យក​ដី​ខ្មែរ​យ៉ាង​អយុត្តិធម៌​បំផុត​។ យើង​ប្រើពាក្យ​ថា ’’​បារាំង​ខ្លះ​’’ ​ពីព្រោះ​មិនមែន បារាំង​ទាំងអស់​ទេ ដែល​ឃុបឃិត​ជាមួយ​យួន ក្នុងការ​ពុះ​ច្រៀក​ព្រំដែន​នៃ​ប្រទេស​ ​កម្ពុជា ហើយ​ប្រគល់​ប្រជារាស្ត្រ ខ្មែរក្រោម​ទៅឱ្យ​យួន ដែល​មិន​ខុសពី​កាត់​សាច់​មួយ​ដុំ​បោះ​ឱ្យ​សត្វ​ ​ខ្លា​នោះ ។

នៅមុន​ការ​កាត់ផ្តាច់​ទឹកដី​ខ្មែរ​ជា​ផ្លូវ ការណ៍​នៅ​ឆ្នាំ​១៩៤៩ អ្នកតំណាងរាស្ត្រ​បារាំង​ដែល​ ​មាន​យុត្តិធម៌​មួយចំនួន ក្នុងនោះ​មាន​លោក រ៉ឺ​ណេ កា​ពី​តង់ (Rene Capitant) បាន​ខំតស៊ូ​ការពារ ផលប្រយោជន៍​ខ្មែរ​ដោយ​ព​ន្យ់​ដល់​រដ្ឋាភិបាល​បារាំង​ថា ’’​ជាង​ផល ប្រយោជន៍​ទៅទៀត កម្ពុ​ជាមាន​ ​សិទ្ធិ​នៅ​កូសាំងស៊ីន​…​ជនជាតិខ្មែរ​ភាគតិច ចង់​ថែរក្សា​នូវ​វិសេស​និយម (​មានន័យ ថា​ចង់​រស់ក្នុង​ ​ភាពថ្លៃថ្នូរ​ដាច់ដោយឡែក ប្រកបដោយ​សេចក្តី​ស្ងប់ស្ងៀម​ក្នុងនាម​ពូជសាសន៍​ខ្មែរ​) ក្នុង​ស្វ័យភាព​ ​របស់គេ ។ បារាំង​និង​សហភាព​បារាំង ត្រូវតែ​បំពេញ​ករណីយកិច្ច​រប​ស់​ខ្លួន​ចំពោះ​ប្រទេស​កម្ពុជា គឺ​ ​ករណីយកិច្ច​ការពារ​ធានា​ភក្តី និង​ដឹងគុណ​ដល់​រដ្ឋ​មួយ ដែល​បានបង្ហាញ​នូវ​ភាព​ទៀងត្រង់ និង​ ​ស្មោះត្រង់​ជានិច្ច ’’(១) ។

ចំណែក​លោក ប៉ូល កុ​ស្ត ផ្លូ​រ៉េ រដ្ឋមន្ត្រីក្រសួង​នាយ​សមុទ្រ​បារាំង​បាន​ ​ធានា​ដល់​គណប្រតិភូ​ខ្មែរ ព្រមទាំង​បាន​ជូន ដំណឹង​ដល់​ព្រះមហាក្សត្រ​ខ្មែរ ពី​កិច្ចព្រមព្រៀង​រវាង​ ​លោក ប្រធានាធិបតី​បារាំង វ៉ាំ​ង​សង់ អូ​រី​យ៉ូ​ល និង​ស្តេច​យួន បាវ ដាយ ចុះ​ថ្ងៃទី ៨ ខែ​មិនា ឆ្នាំ​ ១៩៤៨ ផង ដែល​មានន័យថាៈ ’’​ការត្រួតត្រា​ទៅលើ​ជនជាតិ ដែល​មិនមែន​យួន ហើយ​ដែល​បាន​ ​រស់ នៅ​តាំងតែ​ពី​យូរយារ​ណាស់​មកហើយ នៅលើ​ទឹកដី​ដែល​ទើបនឹង​កំណត់​ថ្មី​ថា ជា​ទឹកដី​របស់​ ​វៀតណាម​នោះ ហើយ​ដែល​ឋិត នៅក្រោម​ការត្រួតត្រា​រហូត​មក​របស់​អាណាចក្រ អណ្ណាម នឹងត្រូវ​ ​ផ្តល់ឱ្យមាន លក្ខន្តិកៈ​ពិសេស​ចំពោះ​អ្នក​ទាំងនោះ ដោយ​អធិរាជ បាវ​ដាយ​។ លក្ខន្តិកៈ​នេះ នឹងត្រូវ​ ​កំណត់ឡើង ដោយមាន​ការយល់ព្រម​ពី​រដ្ឋាភិបាល​បារាំង​ផង នៅក្នុង​ការ គោរព​ប្រពៃណី និង​ ​ទំនៀមទម្លាប់​របស់គេ ។ ក្នុងការ​ចរចារ​គ្នា រវាង​កម្ពុជា​-​បារាំង គណប្រតិភូ បារាំង​បានស្នើ សុំឱ្យ​ ​បញ្ចូល​ក្នុង​សន្ធិសញ្ញា នូវ​ខ​ដែលមាន​សារសំខាន់​មួយ គឺ​ផ្នែក ខាង​បារាំង រដ្ឋាភិបាល​សូមបញ្ជាក់ថា ខ​សំខាន់​នៃ​សន្ធិសញ្ញា​បារាំង​-​វៀតណាម ស្តីពី​ជនភាគតិច​នៅលើ​ទឹកដី វៀតណាម​ក៏ត្រូវ​អនុវត្ត​ដែរ​ ​ចំពោះ​ជនជាតិខ្មែរ​ភាគតិច (​ខ្មែរក្រោម​) ហេតុដូច្នេះ លក្ខន្តិកៈ​នេះ នឹងត្រូវ​ធ្វើឡើង​ដោយមាន​ការ​ ​យល់ព្រម​ពី​រដ្ឋាភិបាល​បារាំង ក្នុងការ​ការពារ​ប្រពៃណី និង​ទំនៀម ទម្លាប់​របស់គេ ។ ម្យ៉ាងទៀត​រដ្ឋា​ ​ភិ​បាល​បារាំង​សន្យា​គាំទ្រ​ប្រជាពលរដ្ឋ​ខ្មែរ ចំពោះ​ការប្រើប្រាស់ ដោយ​សេរី​នូវ​ទន្លេមេគង្គ និង​កំពង់​ ​ផែ​ព្រៃនគរ (​កិច្ចប្រជុំសភា​បារាំង និតិ​កាល​ថ្ងៃទី​២១ ឧសភា​ឆ្នាំ ១៩៤៩ ស្តីពី​លក្ខន្តិកៈ​កូស័ងស៊ីន​) (២) ។​  ​

ចំណែក​លោក ម៉ាក រុក​កាត​(Mark Rucat) អ្នក​នាំសារ​គណកម្មការ​បារាំ​ង​នាយ​សមុទ្រ បាន​ជម្រាប​ ​ទៅ​សភា​បារាំង​ថាៈ​’’​គណកម្មការ​បាន​បញ្ចូល​ក្នុង​គម្រោង​ច្បាប់​វិញ ពី​ការទាមទារ​របស់​ខ្មែរ​តាម​ ​គំនិត​របស់​សភា​សហ​ភាព​បារាំង ។

ការទាមទារ​នេះ វា​មិន​គ្រាន់តែ​ទាមទារ​តាមច្បាប់​ទេ លើសពី​ ​នេះ​ទៅទៀត យើង​យល់ថា​វា មកពី​ប្រទេសមួយ​ដែល​ស្មោះត្រង់​នឹង​យើង​រហូត នៅពេល​លំបាក​ ​ក៏ដូចជា​នៅពេល​សប្បាយរីករាយ យើង​កំពុង តែ​ធ្វើឱ្យ​កម្ពុជា​ស្តាយ​ខ្លួន​មកពី​ការទុកចិត្ត​លើ​យើង​ ​និង​បាន​ស្ម័គ្រចិត្ត​ចូល​មុនគេ ជា​សមាជិក​សហភាព បារាំង​…’’​។

ការទាមទារ​តវ៉ា​រប​ស់​បារាំង​’’​ចិត្តល្អ​’’ គឺ​បានត្រឹមតែ​ល្អមើល​ប៉ុណ្ណោះ  ។ ទីបំផុត យួន​ត្រូវ​បានទទួល​ជោគ​លាភ​ជា​ដី កម្ពុជា​ក្រោម​ក្នុងនាម​ ​ខ្លួន​ជា​អ្នក​ឈ្លានពាន​ល្បិច​ខ្ពស់ នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។​  ​

ការ​រំឭក​ប៉ុណ្ណេះ អាច​បញ្ជាក់ថា រវាង​ខ្មែរ​ជា​ប្រទេស​បាត់បង់​ទឹកដី បា​រាំងជា​អាជ្ញាកណ្តាល​ដ៏​អ​យុ​តិ​ ​ធម៌ និង​យួន​ជា​ចោរប្លន់​ទឹកដី រដ្ឋាភិបាល​ខ្មែរ​នាពេលនោះ ក៏មាន​ការគិតគូ​រដ​ល់​វាសនា​ខ្មែរក្រោម​ ​លះ​ដែរ​ទោះបី​ការ ទាមទារ​នោះ ធ្វើឡើង​ក្នុងន័យ​អស់សង្ឃឹម​យ៉ាងណាក្តី ។

រហូតមកដល់ ឆ្នាំ​ ១៩៨៦ ព្រះមហាក្សត្រ​ខ្មែរ នរោត្តម សីហនុ ក៏​នៅតែ​បាន​បញ្ជាក់ដែរថា​៖ “​ខ្ញុំ​មិនដែល​ទទួលយក​ ​តាម ផ្លូវច្បាប់ ថា​អំពើ​របស់​វៀតណាម​ទៅលើ​ទឹកដី កម្ពុជា​ក្រោម ជា​រឿង​មួយ​ដែល​មិនអាច​វិល​ថយ​ ​ក្រោយ​មកវិញ​នោះទេ​’’(៣) ។

ជាមួយ​ព្រះមហាក្សត្រ ព្រមទាំង រដ្ឋាភិបាល​ខ្មែរ​ដែល​យកចិត្ត​ទុក​ ​ដាក់​ចំពោះ​ខ្មែរក្រោម ក៏​យួន​មិនបាន​ថយក្រោយ​សូម្បី​តែមួយ​ជំហាន ក្នុង​ផែនការ​បំបាត់​ពូជ​ ​សាសន៍​ខ្មែរ​នៅ​កម្ពុជា​ក្រោម ចុះ​ទម្រាំ​ដល់​រដ្ឋាភិបាល​ខ្មែរ​បច្ចុប្បន្ន​វិញ​នោះ គឺ​គ្មានអ្វី​ក្រៅពី​ការ​សុខ​ ​ចិត្ត ’’​ចោល​សាច់​ស្រវា​ឆ្អឹង​’’​នោះឡើយ បើ​និយាយ​ឱ្យ​ស្រួល​ស្តាប់ គឺ​ច្រាន​ខ្មែរ​គ្នាឯង​ចោល​ហើយ​ ​ឱប​យួន​ទើប មាន​ផលប្រយោជន៍​។

រឿងនេះ ខ្មែរក្រោម​ដែល​ភៀសខ្លួន រត់​ចូលមក ប្រទេស​កម្ពុជា​ ​ក៏បាន​ដឹង ខ្មែរក្រោម​នៅ ក្នុងស្រុក​ក៏បាន​ទទួល​ចម្ហាយ ធ្វើ​ឱ្យគេ​មាន​អារម្ភ​ថា ពេលនេះ គឺ​ខ្នង​ទល់​ ​ជញ្ជាំង​ហើយ មានតែ​ការតស៊ូ ខ្លួន​ទី ពឹង​ខ្លួន ដោយ​ពឹង​យោង​លើ​ច្បាប់​អន្តរជាតិ​និង​ប្រទេស​នានា​ ​ដែល​ស្រឡាញ់​របប​ប្រជាធិបតេយ្យ ការពារ​យុត្តិធម៌​ក្នុង​លោក​ជា​បង្អែក​តែ ប៉ុណ្ណោះ ។ គឺ​ដោយ​ការ​ ​សម្រេចចិត្ត ក្នុង​ការតស៊ូ​ដើម្បី​’’​សិទ្ធិ​ក្នុង​ការរស់នៅ​’’ ដ៏​ត្រឹមត្រូវ នេះឯង ដែល​ខ្មែរក្រោម​មិន​ស្លាប់​ជា​ ​ដាច់ខាត​ហើយ​ដែល​ធ្វើឱ្យ​យួន​កំពុងតែ​ភ័យ​ផ្អើល​នឹង​ស្រមោល​ខ្លួនឯង ។​  ​

សព្វថ្ងៃនេះ នៅ​កម្ពុជា​ក្រោម អាជ្ញាធរ​យួន​មិន​ខុសពី​សត្វ​ក្របី ដែល​ផ្អើល​នឹង​ស្បង់​ចីវរ​ព័ណ៌ លឿង​ ​របស់​ព្រះសង្ឃ​ខ្មែរ ។ ដោយ​ទង់ជាតិ​របស់​យួន​ក៏​ពណ៌​លឿង​ដែរ យួន​ក៏​ចាប់ផ្តើម​ផ្អើល​នឹង​អំពើ​ ​ឧ​ក្រិដ​ដ៏​ច្រើន ដែល​កំពុងតែ​បក់ រវិច​ជាមួយ​ទង់​ពណ៌​លើង​នោះ ជា​និម្មិត​រូប​នៃ​អំពើអាក្រក់​ដែល​ ​ខ្លួន​បាន​សាបព្រោះ​ចំពោះ ខ្មែរក្រោម​ដ៏​ស្លូតត្រង់​។ កាន់តែ​ផ្អើល កាន់តែ​រឹតបន្តឹង​ចំពោះ សេរីភាព​ ​សាសនា​ខ្មែរក្រោម​យួន​កាន់តែ​ឈាន​លើ ផ្លូវខុស ផ្ទុយ នឹង​ច្បាប់​អន្តរជាតិ ។​

​ចំពោះ​យើង​ជា​ខ្មែរក្រោម ការ​រំលឹក​ខួប​ឆ្នាំ​ទី​៦៣ ដែល​បារាំង​កាត់​ដី​ពី​ខ្មែរ ហើយ​រុញ​យើង​ឱ្យទៅ​រស់​ ​ក្រោម​នឹម​ដែក របស់​យួន ខ្មែរក្រោម​យើង​ត្រូវតែ​ប្តេជ្ញា រក្សា​ការពារ​កម្ពុជា​ក្រោម​ឱ្យបាន រួមជាមួយ​ទំ​ ​នៀម​ទម្លាប់ ប្រពៃណី និង​ជំនឿ សាសនា ដែល​យួន​ក៏បាន​សុខចិត្ត នៅពេល​ទទួល​ការផ្ទេរ​ដី​ពី​ ​បារាំង​ហើយ​សេចក្តីប្រកាស របស់​អង្គការ​សហ ប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិដើម​ក៏មាន​ចែង​ដែរ ៕   ​

កំណត់សំគាល់​៖ 

(១) (២) (៣) យោងតាម​សៀវភៅ​’’​កម្ពុជា​ក្រោម អំណាច​គ្មាន​ខ្មែរក្រោម​’’ ឯកសារ​ប្រវត្តិសាស្ត្រ  ​រៀបរៀង​ចងក្រង ដោយ​លោក ត្រាំ​ង​ឆាត ប៊ុត បោះពុម្ព​នៅ​ឆ្នាំ ២០០៥ ។​