ចៅ ហេន អ្នកធ្វើដំណើរ​ចូល​មាត់​ខ្លា​ដើម្បី​លាតត្រដាង​ការរំលោភ​សិទ្ធិ​លើ​ខ្មែរក្រោម​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

លោក ចៅ ហេន (Châu Hên) កើតឆ្នាំ ១៩៥៤ នៅស្រុកស្វាយទង ខេត្តមាត់ជ្រូក ត្រូវបាននគរបាលវៀតណាមចាប់ដាក់គុក កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ និងត្រូវតុលាការបក្សកុម្មុយនិស្តវៀតណាមផ្ដន្ទាទោសនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១១ ឲ្យជាប់គុក ២ ឆ្នាំ ពីបទ “បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធា រណៈ និងបង្កអសន្តិសុខទីសាធារណៈ” តាមមាត្រាទី ១៤៣ និង ២៤៥ នៃក្រមព្រហ្មទណ្ឌរបស់វៀតណាម ។ ការចាប់ខ្លួននេះធ្វើឡើង ពេលដែលលោកបានធ្វើមាតុភូមិនិវត្តពីប្រទេសថៃត្រឡប់ទៅស្រុកកំណើតវិញ បន្ទាប់ពីអង្គការ UNHCR បដិសេធឋានៈជាជនភៀសខ្លួនរបស់លោក ។ ពេលចេញពីគុក លោកនិងភរិយា បានភៀសខ្លួនទៅប្រទេសថៃជាលើកទី ២ ដើម្បីសុំសិទ្ធិជ្រកកោននៅក្នុងអង្គការ UNHCR ហើយត្រូវបានអង្គការមួយនេះបញ្ជូនឲ្យទៅតាំងទីលំនៅ នៅសហរដ្ឋអាមេរិក ក្នុងខែច្ឆិកា ឆ្នាំ ២០១៤ ។

វត្តអង្គតាមិញ ជាយក្រុងភ្នំពេញ ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០០៩: លោក ចៅ ហេន កំពុងបង្ហាញឯកសារដែលអាជ្ញាធរវៀតណាមរឹបយកដីធ្លី របស់ខ្លួននៅកម្ពុជាក្រោម ។ រូបថត៖ ថាច់ ប្រីជា គឿន
វត្តអង្គតាមិញ ជាយក្រុងភ្នំពេញ ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០០៩: លោក ចៅ ហេន កំពុងបង្ហាញឯកសារដែលអាជ្ញាធរវៀតណាមរឹបយកដីធ្លី របស់ខ្លួននៅកម្ពុជាក្រោម ។ រូបថត៖ ថាច់ ប្រីជា គឿន

លោក ចៅ ហេន (Châu Hên) កើតឆ្នាំ ១៩៥៤ នៅក្រុមទី ១ ភូមិអាងឡើយ ឃុំចៅឡាំង ស្រុកស្វាយទង ខេត្តមាត់ជ្រូក ( Tổ I ấp An Lợi xã Châu Lăng huyện Tri Tôn tỉnh An Giang ) ជាអ្នកដែលហ៊ានចេញមុខដឹកនាំពលរដ្ឋខ្មែរក្រោមនៅស្រុកស្វាយទង ធ្វើបាតុ កម្មទាមទារឲ្យអាជ្ញាធរវៀតណាមសងដីកេរដូនតា របស់ខ្លួនមកវិញ ។ ឪពុករបស់លោកឈ្មោះ ចៅ ហ៊ាន (Chau Hien) និង ម្ដាយឈ្មោះ នាង ញ៉ាញ់ ( Neang Nhanh) ។ ភរិយារបស់លោកឈ្មោះ នាង ភឿន (Neang Phuon) កើតឆ្នាំ ១៩៥៤ អ្នកស្រុកស្វាយទងដូចរូបលោកដែរ ហើយបានស្លាប់នៅខេត្តនន្ទបុរី ប្រទេសថៃ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៤ ។

ដឹកនាំធ្វើបាតុកម្មទាមទារដីធ្លី ៖

កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០០៨ លោក ចៅ ហេន បានដឹកនាំប្រជាពលរដ្ឋខ្មែរក្រោមជាង ៦០០ នាក់ ធ្វើបាតុកម្មទាមទារដីស្រែចម្ការ ដែលអាជ្ញាធរវៀតណាមរឹបអូសក្នុងអំឡុងពេល ឆ្នាំ ១៩៨០ ។ បន្ទាប់ពីបានដឹកនាំធ្វើបាតុកម្ម នៅយប់ថ្ងៃដដែល វេលាម៉ោង ៣ ជិតភ្លឺ លំនៅឋានរបស់គាត់ ត្រូវបានគេគប់គ្រាប់បែកចូលក្នុងផ្ទះ ក្នុងគោលបំណងគម្រាមដល់អាយុជីវិតរបស់គាត់ និងគ្រួសារ ។

ភៀសខ្លួននយោបាយទៅប្រទេសថៃលើកទី ១៖

បន្ទាប់ពីមានការគម្រាមកំហែងដល់សន្តិសុខផ្ទាល់ខ្លួន លោក ចៅ ហេន និងគ្រូសារបានរត់គេចខ្លួនទៅកាន់អង្គការ UNHCR នៅប្រទេសថៃឲ្យជួយអន្តរាគមន៍ ក្នុងនាមជាជនភៀសខ្លួន តែត្រូវអង្គការនេះមិនទទួលស្គាល់ ហើយបានណែនាំពួកគាត់ឲ្យវិលទៅផ្ទះនៅកម្ពុជាក្រោមវិញ ដោយអះអាងថា មិនមានការចាប់ខ្លួននោះ ទេ ។
យោងតាមលិខិតបដិសេធឋានៈជនភៀសខ្លួន ជាភាសាអង់ គ្លេសមួយច្បាប់របស់អង្គការ UNHCR ប្រចាំប្រទេសថៃ ចុះថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១០ ជូនចំពោះ លោក ចៅ ហេន ដោយផ្ទាល់ដៃ បានបញ្ជាក់ថា អំពីមូលហេតុនៃការបដិសេធថា៖

“លោកមិនអាចត្រូវបានគាំពារក្នុងឋានៈជាជនភៀសខ្លួន ក្នុងបន្ទុករបស់អង្គការ UNHCR ទៀតទេ” ។

ដំណើរមាតុភូមិនិវត្តចូលមាត់ខ្លា៖

ពេលបានលិខិតបដិសេធនេះ លោក ចៅ ហេន និង ភរិយាបានទ្រាំបន្តរស់នៅក្នុងប្រទេសថៃ ដោយមិនមានលិខិតស្នាមពីអង្គការ UNHCR អស់រយៈពេល ៨ ខែ ទើបបានសម្រេចចិត្តត្រឡប់ទៅស្រុកកំណើតវិញនៅក្នុងខែធ្នូ ឆ្នាំ ២០១៤ ។ មុនពេលត្រឡប់ចូលស្រុក លោក ចៅ ហេន បានមានប្រសាសន៍ថា លោកដឹងច្បាស់ណាស់ថា ពេលដល់ស្រុកកំណើត រដ្ឋាភិបាលវៀតណាមប្រាកដនឹងមិនឲ្យរូបលោកបានរួចខ្លួននោះទេ គឺលោកនឹងត្រូវចូលគុកយួនជា មិនខាន ។ តែដោយសារលោកចង់បញ្ជាក់ឲ្យអង្គការ UNHCR ដឹងថា រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម បានរំលោភបំពានលើសិទ្ធិសេរីភាពខ្មែរក្រោមដល់កម្រិតណា លោកត្រូវតែប្ដេជ្ញាចិត្តដើរចូលមាត់ខ្លាទាំងសេចក្ដីក្លាហាន ។

ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១១: លោក ចៅ ហេន ដេកព្យាបាលជំងឺទាំងជើងជាប់ខ្នោះ បន្ទាប់រង ទារុណកម្មក្នុងគុក ។
ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១១: លោក ចៅ ហេន ដេកព្យាបាលជំងឺទាំងជើងជាប់ខ្នោះ បន្ទាប់រង ទារុណកម្មក្នុងគុក ។

ដូចអ្វីដែល លោក ចៅ ហេន បានរំពឹងទុក ពេលដែលរូបលោកនិងភរិយាទៅដល់ផ្ទះភ្លាម នគរបាលយួនបានមកឡោមព័ទ្ធចាប់លោកតាំងតក់ក្រហល់យកឃុំឃាំង នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ ។

ក្រោយពេលចាប់ខ្លួន លោក ចៅ ហេន នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ ការិយាល័យនគរបាលស៊ើបអង្កេតស្រុកស្វាយទង (Co Quan Canh Sat Dieu Tra Huyen Tri Ton) នៃរដ្ឋាភិបាលវៀតណាម បានចេញសេចក្ដីជូនដំណឹងមួយដល់គ្រួសារ លោក ចៅ ហេន ថា ពួកគេបានឃុំខ្លួនលោក ចៅ ហេន ជាបណ្ដោះអាសន្នរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ដល់ទី ២០ ខែធ្នូ ឆ្នាំ ២០១០ នៅមន្ទីរឃុំឃាំងបណ្ដោះអាសន្នរបស់នគរបាលស្រុកស្វាយទង (Nha Tam Giu Cong An huyen Tri Ton) ។ មូលហេតុនៃការចាប់ខ្លួននេះ សេចក្ដីជូនដំណឹងបានបញ្ជាក់់ថា ដោយសារ លោក ចៅ ហេន បាន “បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបង្កអសន្តិសុខទីសាធារណៈ“ ។ បន្ទាប់មក នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១០ ការិយាល័យនគរបាលដដែល បានចេញសេចក្ដីជូនដំណឹងមួយទៀតថា ពួកគេនឹងបន្តឃុំខ្លួន លោក ចៅ ហេន ជាបណ្ដោះអាសន្នរយៈពេល ៨៧ ថ្ងៃថែមទៀត គឺចាប់ពី ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១០ តទៅ អំពីការណីដូចគ្នា ។

បន្ទាប់ពីឃុំឃាំង លោក ចៅ ហេន ជាបណ្ដោះអាសន្នអស់រយៈពេល ៣ ខែរួចមក នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១១ តុលាការបក្សកុម្មុយនិស្តវៀតណាម នៃខេត្តមាត់ជ្រូក (An Giang ) បានប្រកាសសាលក្រមផ្ដន្ទាទោសឲ្យលោកឲ្យជាប់គុក ២ ឆ្នាំ ពីបទ “បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបង្កអសន្តិសុខទីសាធារណៈ” តាមមាត្រា ទី ១៤៣ និង ២៤៥ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ភៀសខ្លួននយោបាយទៅប្រទេសថៃលើកទី ២៖

បន្ទាប់ពីជាប់គុក និងរងទារុណកម្មអស់ពីរឆ្នាំ លោក ចៅ ហេន ត្រូវបានរដ្ឋាភិបាលវៀតណាមដោះលែងវិញ នៅឆ្នាំ ២០១២ ។

នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១២ មន្ទីរ ៨ (Tong Cuc VIII) នៃគុកដិនទ័ន (Trai Giam Dinh Thamh) បានចេញសេចក្ដីសម្រេចដោះលែង លោក ចៅ ហេន ឲ្យចេញពីពន្ធនាគារ វិញ ។

ពេលបានចេញពីពន្ធនាគារ លោក ចៅ ហេន និង ភរិយា ឈ្មោះ នាង ភឿន បានភៀសខ្លួនទៅប្រទេសថៃ ជាលើកទី ២ ដើម្បីសុំសិទ្ធិជ្រកកោនក្នុងនាមជាជនភៀសខ្លួននយោបាយ ក្នុងអង្គការ UNHCR ហើយបានអង្គការមួយនេះផ្ដល់ឋានៈជាជនភៀសខ្លួនតែពីរនាក់ប្ដីប្រពន្ធតែប៉ុណ្ណោះ ។ ចំណែកកូនៗរបស់គាត់ ត្រូវបានអង្គការ UNHCR ពិចារណាឡើងវិញពីឋានៈជាជនភៀសខ្លួនរបស់ពួកគេ ។

ខណៈដែលលោក និង ក្រុមគ្រួសារកំពុងភៀសខ្លួននៅប្រទេសថៃ និងកំពុងរងចាំឱកាសចេញទៅប្រទេសទី ៣ អ្នកស្រី នាង ភឿន បានទទួលអនិច្ចកម្មដោយជំងឺនៅក្នុងផ្ទះជួល នាផ្សារស៊ីម៉ុងមឿង ខេត្តនន្ទបុរី នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៤ ។

ទីបំផុត នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៤ លោក ចៅ ហេន ត្រូវ បានអង្គការ UNHCR បញ្ជូនទៅតាំងទីលំនៅក្នុងនាមជាជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ នៅសហរដ្ឋអាមេរិក ដោយសុវត្ថិភាព ៕