ដោយ ស៊ឺន ចែងចើន
គណៈកម្មការទ្រទ្រង់ទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» នៃមិត្តសមាគមខ្មែរកម្ពុជាក្រោម នៅប្រទេសកម្ពុជា នៅរសៀលថ្ងៃទី ១៧ វិច្ឆិកា ២០១៧ នេះ នឹងរៀបចំពិធីក្រុងពាលីសែនព្រេនដល់ម្ចាស់ទឹក ម្ចាស់ដី សុំសេចក្តីសុខ សេចក្តីចំរើន ទៅតាមទំនៀមទម្លាប់របស់ខ្មែរ តាំងពីបុរាណមក ដើម្បីរំកិលទូក ង ចុះទឹក ត្រៀមចូលរួមអបអរព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ប្រពៃណីជាតិ ដែល នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ២០១៨ ខាងមុខនេះ ។

ប្រធានគណៈកម្មការទ្រទ្រង់ទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» និងជាប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម លោក ថាច់ ឡែន ឲ្យដឹងថា ពិធីនេះ មានការចូលរួមជាអធិបតី ពីព្រះចៅអធិការវត្តភ្នំពេញថ្មី ព្រះតេជព្រះគុណ ប៉ាង សុដា ព្រះចៅអធិការ វត្តសាមគ្គីរង្សី ហៅវត្តខ្មែរក្រោម និងព្រះសង្ឃក្នុងវត្ត គណៈកម្មការអាចារ្យ តំណាងអង្គការ សមាគមខ្មែរកម្ពុជាក្រោម គណៈកម្មការគ្រប់គ្រងទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» និងក្រុមកីឡាករអុំទូកជាច្រើននាក់ ។ លោកបានរៀបរាប់ពីសកម្មភាពនៃពិធីក្រុងពាលី យ៉ាងនេះថា៖
ចំពោះក្រុមកីឡាករទូក ង លោក ថាច់ ឡែន បានឲ្យដឹងថា ទូក ង ដែលរៀបចំពិធីក្រុងពាលី រំកិលចុះទឹកនៅពេលនេះ មានចំនួន ៣៥ នាក់ ដោយក្រុមកីឡាករទាំងនោះ ភាគច្រើនជា ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅប្រទេសកម្ពុជា និងមួយចំនួន មកពីដែនដីកម្ពុជាក្រោមផង ។
ទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» ជាទូកតំណាងឲ្យខ្មែរក្រោមទាំងនៅក្នុងស្រុក និងក្រៅស្រុកតែមួយគត់ ដែលចូលរួមអុំប្រណាំង ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរ ។ ទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» ធ្លាប់បានចូលរួមប្រកួត ប្រជែងក្នុងពិធីបុណ្យជាតិជាច្រើនលើករួចមកហើយ និងទទួលបានជ័យលាភីគួរជាទីមោទនៈ នាពេលអុំប្រណាំង កាលពីប៉ុន្មានឆ្នាំកន្លងមកនេះ ។

ប្រធានគណៈកម្មការទ្រទ្រង់ទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» សម្តែងនូវក្តីសប្បាយរីករាយ ចំពោះសប្បុរសជនជិតឆ្ងាយ ដែលបានជួយឧបត្ថម្ភថវិកា និងសម្ភារៈផ្សេងៗ ដើម្បីជួយគាំទ្រលើកទឹកចិត្តដល់ក្រុមកីឡាករទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» ។ លោកក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបន្តចូលរួមជួយឧបត្ថម្ភទៅតាមលទ្ធភាព ដល់ក្រុមកីឡាករ ក្នុងរយៈពេល ៣ ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក ដែលទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» បានចូលរួមអុំប្រណាំង ដើម្បីលើកស្ទួលដល់សកម្មភាពវប្បធម៌ប្រពៃណីដ៏ឧត្តុង្គឧត្តមនេះ ។
គួរជម្រាបជូនថា ទូក ង របស់ខ្មែរក្រោម មានឈ្មោះជាផ្លូវការថា “ខ្មែរកម្ពុជាក្រោមមានជ័យ” ត្រូវបានបង្កើតឡើង ដោយពលរដ្ឋខ្មែរក្រោម និងបានចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកតាំងពីឆ្នាំ ២០០១ មក ។
ដោយឡែក នៅដែនដីកម្ពុជាក្រោមឯណោះ ពលរដ្ឋខ្មែរក្រោម ក៏បានធ្វើពិធីបុណ្យអុំទូកនេះ ជារៀងរាល់ឆ្នាំដែរ ។ ចំណែក ការបង្កើតទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» គឺខ្មែរក្រោមមានបំណងចូលរួម ក្នុងការថែរក្សាទំនៀមទម្លាប់នេះ ឲ្យគង់វង្សតទៅទៀត ។

និមិត្តសញ្ញានៃទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» គឺរូបរាហូចាប់ច័ន្ទ រំលេចទៅដោយទង់ពណ៌ខៀវ លឿង ក្រហម ដែលជាទង់ជាតិរបស់ខ្មែរកម្ពុជាក្រោម ទទួលស្គាល់ដោយអង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង (Unrepresented Nation and Peoples Organization) ហៅកាត់ជាភាសាអង់គ្លេសថា UNPO ។ សម្រាប់សម្លៀកបំពាក់របស់កីឡាករវិញ គឺមាន ៣ ឈុត ដោយក្នុងមួយឈុតៗ រំលេខដោយពណ៌ខៀវ លឿង និងក្រហម ដែលជាពណ៌នៃទង់ជាតិខ្មែរកម្ពុជាក្រោមដែរ ៕