លោកលី ឈួន ចាងហ្វាងសារព័ត៌មានព្រៃនគរ កាលពីថ្ងៃទី៥មករា បានដាក់ពាក្យបណ្ដឹងមួយទៅសាលាខណ្ឌដូនពេញ ដើម្បីប្តឹងសុំឲ្យលោកអភិបាលខណ្ឌដូនពេញ ចេញមុខអន្តរាគមន៏ករណីកងសន្តិសុខសាលាខណ្ឌដូនពេញម្នាក់ បានឆក់យកម៉ាស៊ីនថតរបស់អ្នកសារព័ត៌មានព្រៃនគរ នៅពេលរាយការណ៏ព័ត៌មាននៅទីលានប្រជាធិបតេយ្យ។

លោកសឺន ចែងចឺន អ្នកយកព័ត៌មានរបស់សារព័ត៌មានព្រៃនគរបាននិយាយថា នៅពេលដែលលោកកំពុងបំពេញភារកិច្ច និងកំពុងតែថត នូវព្រឹត្តិការណ៍ការបណ្ដេញចេញរបស់ក្រុមសមត្ថកិច្ចទៅលើបាតុករគណបក្សសង្គ្រោះជាតិ ក្រុមកងសន្តិសុខបានស្រែកឲ្យគ្នីគ្នាចាប់លោកសឺន ចែងចឺន និងបានប្រីដំបងបុកចំចុងដង្ហើម ដែលធ្វើឲ្យមានការឈឺចុកចាប់ ហើយភ្លាមៗនោះក្រុមសន្តិសុខក៏បានឆ្លៀតឆក់យកម៉ាស៊ីនថតរូបមួយគ្រឿងពីរូបគាត់ម៉ាក់ Canon 600D ដែលមានតម្លៃជាង១០០០ដុល្លារ។
ក្រុមអ្នកសារព័ត៌មានជាច្រើននាក់ នៅថ្ងៃទី៥មករាបានទៅជួបលោកគឹម វុត្ថា ប្រធានសន្តិសុខខណ្ឌដូនពេញ នៅសាលាខណ្ឌ តែត្រូវបានលោកគឹម វុត្ថា បញ្ជាក់ថាលោកមិនបានដឹងពីករណីនេះទេ ព្រោះមានសន្តិសុខច្រើន មិនមែនមានតែសន្តិសុខសាលាខណ្ឌដូនពេញនោះទេ។ នេះបើតាមការបញ្ជាក់ពីលោកសឺន ចែងចឺន។
វិទ្យុខ្មែរអន្តរជាតិវាយោអេសអឹម មិនអាចសុំការបំភ្លឺពីលោកសុខ សម្បត្តិ អភិបាលខណ្ឌដូនពេញ និងលោកគឹម វុត្ថា ប្រសន្តិសុខខណ្ឌដូនពេញបានទេ។
លោកពុយ គា អ្នកឆ្លើយឆ្លងព័ត៌មានជប៉ុនក្យូដូ បានយល់ថាការប្រតិបត្តិការជាទូទៅរបស់អាជ្ញាធរ ប្រសិនបើអាជ្ញាធរមិនអនុញ្ញាត្តិឲ្យថត ហើយអ្នកព័ត៌មាននៅតែថត អាជ្ញាធរមានសិទ្ឋិដកហូត និងលុបចោលរូបថតទាំងនោះតែត្រូវប្រគល់ម៉ាស៊ីនថតឲ្យទៅអ្នកថតវិញ។
លោកក៏បានសុំឲ្យអាជ្ញាធរប្រគល់ម៉ាស៊ីនថតរូបឲ្យអ្នកសារព៏ត៌មានវិញ គ្ប្រសិនបានដកហូតពិតមែនតែអាជ្ញាធរមានសិទ្ឋិ រប់គ្រាន់ក្នុងការលុបចោលរូបថតដែលបានថត។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី៤មករា សាលារាជធានីភ្នំពេញ បានបញ្ជាឲ្យកងកម្លាំងសមត្ថកិច្ច និងកម្លាំងស៊ីវិល បណ្ដេញក្រុមអ្នកតវ៉ាទាំងនោះចេញពីទីលានប្រជាធិបតេយ្យភ្លាមៗ សូម្បីតែអ្នកសារព័ត៌មានក៏ត្រូវបានសមត្ថកិច្ចបណ្ដេញចេញមិនឲ្យ ថតរូបផងដែរ។ ដោយៈ វណ្ណ វុត្ថា – វិទ្យុខ្មែរអន្តរជាតិវាយោ