ដោយ ថាច់ ប្រីជា គឿនl សារព័ត៌មាន ព្រៃនគរ
ថ្ងៃអង្គារ ០១ រោច ខែអាសាឍ ឆ្នាំម្សាញ់ បញ្ចស័ក ព. ស. ២៥៥៧ ត្រូវនឹងថ្ងៃទី ២៣ ខែ កក្កដា គ. ស. ២០១៣ ជាថ្ងៃព្រះសង្ឃ ចូលវស្សានៅតាមវត្តអារាមនានា រយៈពេល ៣ ខែ តាមវិន័យពុទ្ធប្បញ្ញាត្ត ។ នៅដែនដីកម្ពុជាក្រោមព្រះសង្ឃខ្មែរក្រោមដែលជាអ្នកប្រតិបត្តិតាមព្រះពុទ្ធសាសនាថេរវាទជិត ២០០០ ឆ្នាំ ហើយនោះ ក៏បានចួលវស្សានៅថ្ងៃនេះផងដែរ ។ មុនថ្ងៃ ១៥ កើត ខែអាសាឍ គឺមុនថ្ងៃចូលវស្សាមួយថ្ងៃ
ក្នុងអំឡុងពេលមួយសប្តាហ៍ព្រះសង្ឃខ្មែរក្រោមនៅតាមវត្តអារាមនានាបាននិមន្តចេញ ពីវត្តមួយទៅកាន់ វត្តមួយដើម្បីធ្វើវត្ត ឬ យកវត្តគ្រូឧបជ្ឈាយ៍របស់ខ្លួនរៀងៗអង្គ ។

ក្នុងឱកាសព្រះសង្ឃចូលវស្សានេះ សារព័ត៌មាន ព្រៃនគរ សុំលើកយកអត្ថបទ មួយមាន ចំណងជើងថា «បុណ្យចូលព្រះវស្សា» ដែលបានស្រង់ចេញទាំងស្រុង ពីសៀវភៅ «កម្ពុជសុរិយា » ត្រង់ទំព័រ ៤៣ បោះពុម្ពឆ្នាំទី ៤៩ លេខ ២ ខែមេសា -ឧសភា- មិថុនា ពុទ្ធសករាជ ២៥៣៩ គ្រឹស្តសករាជ ១៩៩៥ មកផ្សាយបន្តមានខ្លឹមសារដូចខាងក្រោម ។
ទិដ្ឋភាពទូទៅ៖
ក្នុងការចូលព្រះវស្សារបស់ព្រះភិក្ខុសង្ឃក្នុងព្រះពុទ្ធសាសនាដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិ និងអនុញាត ទុកនៅពុំមានពិធីអ្វីអមរួមផ្សំច្រើនទេគឺកាលណាពេលវេលានៃការចូលព្រះវស្សាមកដល់ ព្រះភិក្ខុសង្ឃ គ្រាន់ តែជួបជុំគ្នាក្នុងអាវាសវត្ត (ឧបោសថាគារ) ហើយអធិដ្ឋានបាលីចូល ព្រះវស្សាជាការស្រេច ។ ដោយឡែកការចូលព្រះវស្សានៅប្រទេសកម្ពុជា មានការអមដោយ កម្មវិធីមួយចំនួន ផ្សេងទៀតដូចជា ពិធីសិតទៀនព្រះវស្សាការបរវណាទៀនព្រះវស្សា និងសំពត់សាដក (សំពត់ងូតទឹកភ្លៀង) ព្រមទាំង ការបវរណាបច្ច័យបួន ដល់ភិក្ខុសង្ឃសម្រាប់ត្រៀមសម្រាប់ការប្រើប្រាស់ របស់ព្រះសង្ឃក្នុងរដូវចាំ ព្រះវស្សាជាដើម ។
រៀងរាល់ឆ្នាំនៅប្រទេសកម្ពុជា ពេលបុណ្យចូលព្រះវស្សាជិតចូលមកដល់ពុទ្ធសាសនាខ្មែរ តែងតែនាំយក ទៀនព្រះវស្សាមានតូច មានធំ និងសំពត់ សាដកព្រមទាំងបច្ច័យបួន ទៅប្រគេនព្រះសង្ឃ សម្រាប់ ចាំព្រះវស្សា ព្រោះ ថាព្រះសង្ឃដែលបានបវរណាចូលព្រះ វស្សាហើយពុំអាននិមន្តត្រាច់ចរទៅទីឆ្ងាយ ដើម្បីបិណ្ឌបាត្របានទេ ។ ម្យ៉ាងវិញទៀតចំពោះសមណសិស្សដែលស្នាក់នៅរៀនសូត្រឆ្ងាយ ស្រុកកំណើតត្រូវបានអនុញាតិឱ្យឈប់សំរាកចំនួនពីរសប្តាហ៍ ដើម្បីសួរសុខទុក្ខញោមញាតិនៅស្រុក កំណើតនិងបិណ្ឌបាត្របច្ច័យបួនសម្រាប់ត្រៀមចូលព្រះ វស្សាផងដែរ ។
លុះដល់ថ្ងៃ ១៥ កើត ខែអាសាឍ មុនថ្ងៃចូលព្រះវស្សាមួយថ្ងៃ ពុទ្ធបរិស័ទតែង ជួបជុំគ្នានៅវត្ត ដើម្បីហែទៀនព្រះវស្សា សាដក គ្រឿងបរិក្ខា និងគ្រឿងសក្ការៈប្រទក្សិណព្រះវិហារ បន្ទាប់មកនិមន្តព្រះ សង្ឃចំរើនព្រះបរិត្ត និងវេរទៀនព្រះវស្សា និងបរិក្ខាផ្សេងៗដល់ព្រះសង្ឃ លុះព្រឹកឡើងមានពិធីវេរភក្តា ហារដល់ព្រះសង្ឃទៀត ។ លុះដល់ថ្ងៃ ១រោច ខែអាសាឍ ព្រះភិក្ខុសង្ឃជួបជុំគ្នានៅរោងឧបោស ថបន្ទាប់មកព្រះមហាថេរ មានប្រកាសអំពីការចូលព្រះវស្សានិង ធ្វើការក្រើនរំឭកអំពីវិន័យ ដែលទាក់ទង នឹងការចាំព្រះវស្សាដល់ព្រះសង្ឃគ្រប់ព្រះអង្គបានជ្រាបបន្ទាប់មកព្រះភិក្ខុសង្ឃធ្វើការនមស្សការចំពោះព្រះរតនត្រ័យ លុះរួចរាល់ហើយ ព្រះសង្ឃក៏អធិដ្ឋានបាលីចូលព្រះវស្សាថា “ឥមស្មឹ អាវាសេឥមំ តេមាសំ វស្សំ ឧបេមិ ។ ទុតិយម្បិ ឥមស្មឹ …………វស្សំ ឧបេមិ ។ តតិយម្បិ ឥមស្មឹ……………វស្សំ ឧបេមិ” ។ មានន័យថា « ខ្ញុំព្រះករុណា សូមនៅចាំព្រះវស្សាអស់បី នៃ ខែក្នុង អាវាសនេះ ជាវារៈពីរដងផង និងជាវារៈបីដងផង » ជាកិច្ចបញ្ចប់នៃពិធីចូលព្រះវស្សា ។
បុព្វហេតុនៃការចូលព្រះវស្សា៖
សម័យនោះ ព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តវេឡុវ័ន ទៀបក្រុងរាជគ្រឹះគ្រានោះឯងព្រះអង្គ មិនទាន់បាន បញ្ញត្ត និងអនុញាត នៃការចាំព្រះវស្សានៅឡើយទេ ។ ភិក្ខុនាសម័យនោះក៏ចេញដើរទៅកាន់ទីគោចរ ផ្សេងៗអស់ហេមន្តរដូវខ្លះអស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ ។ មនុស្សទាំងឡាយមានពួកពាហិរ សាសនា ជាដើម (អ្នកកាន់សាសនាដទៃ) ក៏ពោលទោសតិះដៀលបន្តុះបង្អាប់ថា ពួកសមណៈជាសាក្យបុត្តមិន សមបើនឹងដើរ (ខុសរដូវកាល) ជាន់ស្មៅស្រស់ ជាន់សត្វល្អិតៗ ឱ្យវិនាសសោះ សូម្បីពួកបរិព្វាជកមានលទ្ធិដទៃជាអ្នកពោលធម៌អាក្រក់ក៏គង់នឹងសំងំឈប់សម្រាកចាំវស្សា ឬសូម្បីពួកសត្វស្លាប ទៀតសោតក៏គង់តែធ្វើសំបុកលើចុងឈើហើយសំងំឈប់ សំរាកចាំវស្សាដែរ ។ លមនុស្សទាំងឡាយ នោះកំពុងលើកទោសបែបនោះ ពួកភិក្ខុសង្ឃក៏បានឮច្បាស់ នឹងត្រចៀកផ្ទាល់ហើយក៏នាំសេចក្តីនោះ ទៅក្រាបបង្គំទូលថ្វាយដល់ព្រះសម្ពុទ្ធ ។ ព្រះសាស្តាទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយ មកអនុញ្ញាតថា «អនុជានាមិ ភិក្ខវេ វស្សំ ឧបគន្តុំ» មានន័យថា «ម្នាល! ភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឱ្យភិក្ខុចូលព្រះវស្សា» ។
អត្ថប្រយោជន៍នៃការចូលព្រះវស្សា៖
ថេរវេលានៃការគង់ចាំព្រះវស្សាបីខែនេះ ជារយៈពេលមួយមានតម្លៃពិសេសណាស់សម្រាប់ព្រះសង្ឃក្នុង ព្រះពុទ្ធសាសនា ។ កាលមុនថ្ងៃចូលព្រះវស្សា ព្រះសង្ឃតែងចេញគោចរទៅ ទីផ្សេងៗ ដើម្បីផ្សាយ សាសនា ឬ សិក្សារៀនសូត្រនៅទីក្រៅអាវាស មានការប្រតិបត្តិវិបស្សនាធុរៈ ក្នុងព្រៃជ្រៅជាដើម តែកាលបើដល់ថ្ងៃចូលព្រះវស្សាហើយ ព្រះសង្ឃទាំងនោះត្រឡប់មក វត្តអារាមវិញ ។ ការជួបជុំរបស់ ព្រះសង្ឃដែលនិមន្តមកពី កន្លែងផ្សេងគ្នា តែងនាំមកនូវបទ ពិសោធន៍ និងចំណេះដឹងផ្សេងៗគ្នា ពេលនោះព្រះអង្គអាចចែករំលែកនិងបង្រៀននូវចំណេះដឹងទាំងនោះដល់ព្រះភិក្ខុផងគ្នា ដែលមានចំណេះ វិជ្ជាតិចតួចជាង ។ មិនត្រឹមតែប៉ុណ្ណោះការចូលព្រះវស្សា ជាពេលវាលាតឹងរឹងមួយក្នុងការប្រតិបត្តិ របស់ព្រះសង្ឃមានន័យថា ព្រះអង្គព្យាយាមបំពេញទាំងវិបស្សនាធុរៈ ទាំងគន្ថធុរៈ ឱ្យកាន់តែចាស់ក្លាជាង ពេលណាៗទាំងអស់ ដើម្បីសន្សំផល្លាអានិសង្សសំរាប់ខ្លួនផង និងសម្រាប់ជីវិត ដែលរស់នៅក្នុងលោក នេះផង ៕