ពិធីបុណ្យអកអំបុក ឆ្នាំ ២០១៦ នេះ ពលរដ្ឋខ្មែរក្រោមនៅតាមខេត្តនានា ទូទាំងដែនដីកម្ពុជាក្រោម បានប្រារព្ធកម្មវិធី “អំណរបុណ្យអកអំបុក” នៅតាមវត្តអារាម និងទីកម្សាន្តនានា រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ទី ១៥ ខែវិច្ឆិកា នេះ ។ នៅក្នុងពិធី “បុណ្យអកអំបុក” នេះ ពលរដ្ឋខ្មែរក្រោម នឹងរៀបចំកម្មវិធីមួយចំនួនដូចជា ពិធីប្រណាំងទូក ង, ពិធីអកអំបុក សំពះព្រះខែ, ពីធីបណ្ដែតប្រទីប, ពិធីបង្ហោះគោម និងពិធីតាំងពិព័រណ៍វប្បធម៌ខ្មែរជាដើម ។ ចំណែក នៅតាមវត្តអារាមវិញ ពុទ្ធបរិស័ទបានយកចង្ហាន់ទៅវត្តនៅថ្ងៃ ១៥ កើតខែកក្តិក និងនៅពេលយប់ មានកម្មវីធីអកអំបុក និងព្រះសង្ឃសម្ដែងធម៌ទេសនា ជាដើម ។

នៅក្នុងពិធី “បុណ្យអកអំបុក” នេះ ក្រុមទូក ង តំណាងឲ្យខេត្តនានានៅដែនដីកម្ពុជាក្រោម នឹងមកជួបជុំគ្នា ប្រណាំងនៅខេត្តចំនួន ២ គឺខេត្តព្រះត្រពាំង និងខេត្តឃ្លាំង ក្រោមការចាត់តាំងរបស់រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ។ ក្រៅពីនេះ នៅតាមខេត្តនានា ក៏មានការប្រណាំងទូក ង ដាច់ដោយឡែករបស់ខ្លួនផងដែរ ។
សម្រាប់ខេត្តព្រះត្រពាំង ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម តែងរៀបចំពិធីប្រណាំងទូក ង នាដងទន្លេកំពង់ ឋិតនៅក្នុងទីរួមខេត្តព្រះត្រពាំង នៅថ្ងៃទី ១៤ កើត ខែកត្តិក រៀងរាល់ឆ្នាំ ក្នុងពិធី “បុណ្យអកអំបុក” ។
ក្រៅពីពិធីប្រណាំងទូក ង ក៏មានកម្មវិធីសិល្បៈកម្សាន្តផ្សេងៗ ជាច្រើន សម្ដែងនៅក្បែរច្រាំងមាត់ទន្លេកំពង់ ដើម្បីមនុស្សម្នាបានទស្សនា ផងដែរ ។
ចំណែក នៅរមណិយដ្ឋានស្រះគូ ក្បែរវត្តអង្គវិញ ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមមកពីស្រុកទាំង ៨ បានរួមគ្នា ប្រារព្ធ “បុណ្យអកអំបុក” រយៈពេល ២ ថ្ងៃ គឺនៅថ្ងៃ ១៤ និង ១៥ កើត ខែកត្តិក ត្រូវ នឹងថ្ងៃទី ១៣ និងទី ១៤ ខែវិច្ឆិកា ដោយមានការចាត់តាំងកម្មវិធីកម្សាន្តជាច្រើន ដូចជា ពិធីតាំងពិព័រណ៍វប្បធម៌របស់ស្រុកនីមួយៗ និងពិធីបណ្ដែតប្រទីប នៅក្នុងស្រះគូជាដើម ។
ដោយឡែកនៅខេត្តឃ្លាំងវិញ ពិធីប្រណាំងទូក ង នឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យ អកអំបុក នៅដងទន្លេម៉ាស់ស្ប៉េរ៉ូ (Maspero) ឬទន្លេបាសាក់ ឋិតនៅក្នុងសង្កាត់ទី ៨ ទីក្រុងឃ្លាំង ។
ការប្រណាំងទូក ង នៅខេត្តឃ្លាំង ក្រៅពីក្រុមទូក ង មកពីតាមបណ្តាវត្តអារាម និងមកពីភូមិស្រុកនានា ទូទាំងខេត្ត ។ ខេត្តឃ្លាំង ក៏ជាទីកន្លែង ដែលប្រមូលផ្តុំទៅដោយក្រុមទូក ង ល្បីៗ តំណាងឲ្យខេត្តនីមួយៗ មកចូលរួមប្រណាំងផងដែរ ដូចជា ទឹកខ្មៅ, ពលលាវ , ក្រមូនស , ហូវយ៉ាង (Hậu Giang), ព្រះត្រពាំង, លង់ហោរ, ទីក្រុងព្រែកឫស្សី ជាដើម ដែលគេហៅថា ប្រណាំងលំដាប់ថ្នាក់ខេត្ត ។
សូមបញ្ជាក់ថា ពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម តែងតែប្រារព្ធពិធីបុណ្យអកអំបុក លយប្រទីប សំពះព្រះខែ និងបង្ហោះគោមនៅតាមវត្តអាមរាម និងទីកម្សាន្តនានា នៅថ្ងៃ ១៥ កើត ខែកក្ដិត រៀងរាល់ឆ្នាំ ទៅតាមប្រណីជាតិមិនដែលអាក់ខានឡើយ បើទោះបីបច្ចុប្បន្ននេះ ពលរដ្ឋខ្មែរក្រោម កំពុងរស់នៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាមយ៉ាងណាក្ដី ៕