ដោយ ស៊ឺន ចែងចើន| VOKK
លេខាធិការដ្ឋាន ដែលជាបណ្តុំនៃអង្គការសមាគមខ្មែរកម្ពុជាក្រោម ប្រចាំនៅប្រទេសកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី ១១ ខែកុម្ភៈ នេះ បានរៀបចំសន្និបាតប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ ២០១៧ ប្ដូរវេនប្រធានលេខាធិការដ្ឋាន និងលើកផែនការឆ្នាំ ២០១៨ ។
អង្គសន្និបាត ប្រព្រឹត្តទៅពេញមួយព្រឹករបស់លេខាធិការដ្ឋាន ធ្វើឡើងនៅទីស្នាក់ការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ស្ថិតនៅសហគមន៍បុរីព្រៃនគរ ភូមិគោកឃ្លាំង សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការនិមន្ត និងអញ្ចើញចូលរួមរបស់ព្រះសង្ឃ ពលរដ្ឋខ្មែរក្រោម សមាជិក សមាជិកា ថ្នាក់ដឹកនាំ និងតំណាងឲ្យអង្គការសមាគមខ្មែរកម្ពុជាក្រោម ទាំង ១២ ដែលជាសមាជិករបស់លេខាធិការដ្ឋាន ប្រមាណ ៥០ អង្គ និងរូប ។
នេះជាលើកទី ៧ ហើយ ដែលលេខាធិការដ្ឋាននៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា បានរៀបចំឲ្យមានសន្និបាតឡើង បន្ទាប់ពីស្ថាប័នមួយនេះ ត្រូវបានបង្កើតឡើង នៅចុងឆ្នាំ២០១១ ។ សន្និបាតប្រចាំឆ្នាំនេះ បានធ្វើការបូកសរុបសមិទ្ធផល ដែលបានធ្វើក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ការកែទម្រង់គោលនយោបាយមួយចំនួន និងរៀបចំគម្រោងផែនការ សម្រាប់អនុវត្តឆ្នាំ ២០១៨ ដោយក្នុងនោះ ក៏មានពង្រីកការទំនាក់ទំនងប្រទេសក្នុងតំបន់ និងអន្តរជាតិបន្ថែមទៀត ។

លោក សឺន ជុំជួន ជាប្រធានលេខាធិការដ្ឋាន ដែលផុតអាណត្តិ បានឡើងធ្វើរបាយការណ៍ ស្តីពីសកម្មភាពឆ្នាំ ២០១៧ ដែលដឹកនាំដោយរូបលោក ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ។ លោកបានលើកឡើង តាមរយៈរបាយការណ៍រូបភាពថា ក្នុងឆ្នាំ ២០១៧ កន្លងមកនេះ លេខាធិការដ្ឋានសម្រេចបានសមិទ្ធផលជាច្រើន រួមមាន សកម្មភាពក្នុងកម្រិតតំបន់ និងអន្តរជាតិ, ការបើកវគ្គបណ្តុះបណ្តាល ស្តីពីសិទ្ធិមនុស្ស ការតស៊ូមតិ ដល់ពលរដ្ឋខ្មែរក្រោម នៅខេត្តតាកែវ ខេត្តពោធិ៍សាត ខេត្តសៀមរាប, ការចែករំលែកបទពិសោធន៍ទាក់ទិន នឹងបញ្ហាប្រឈមរបស់ខ្មែរក្រោម ទៅដល់អង្គការជាតិ និងអន្តរជាតិ, ការតស៊ូមតិ និងកិច្ចអន្តរាគមន៍ទៅលើករណីព្រះតេជព្រះគុណ មាស វិចិត្រ និងករណីភាពស្របច្បាប់របស់ខ្មែរក្រោម នៅខេត្តសៀមរាប, សកម្មភាពបញ្ហារបស់ខ្មែរក្រោម តារយៈសារព័ត៌មាន មានជាអាទិ៍យុទ្ធនាការផ្សព្វផ្សាយពីរបាយការណ៍ស្រាវជ្រាវបញ្ហារបស់ខ្មែរក្រោម នៅកម្ពុជា, កិច្ចសហប្រតិបត្តិការជាមួយអង្គការជាដៃគូ, កិច្ចការវប្បធម៌ និងសង្គមកិច្ច ដោយបានចុះទៅសួរសុខទុក្ខ លោកស្រី ព្រំ យ៉ាង អតីតនាយិកា អង្គការស្ត្រីខ្មែរកម្ពុជាក្រោម រៃអង្គាសថវិកា សម្រាប់ទូក ង ខ្មែរកម្ពុជាក្រោមមានជ័យ ចូលរួមពិធីបុណ្យផ្សេងៗ ជួយរៃអង្គាសថវិកា ជូនដល់ព្រះសង្ឃខ្មែរក្រោម ដែលរងគ្រោះជាប់ពន្ធនាគារ ចូលរួមពិធីប្រគេនអាហារូបករណ៍របស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម, ការចូលរួមសកម្មភាពការងារសង្គម មានដូចជា ចូលរួម និងរៀបចំពិធីខួបព្រះតេជព្រះគុណ អ៊ាង សុខធឿន ដែលសុគតដោយអាថ៍កំបាំង ទិវា ៤ មិថុនា ទិវាជនជាតិដើម ចូលរួកសិក្ខាសាលា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ភ្ជាប់ជាមួយកម្ពុជាក្រោម ទិវាសិទ្ធិមនុស្សអន្តរជាតិ ។ល។
លោកក៏បានបញ្ជាក់ដែរថា ចំពោះសកម្មភាពក្នុងកម្រិតតំបន់ និងអន្តរជាតិ ជាពិសេសនៅប្រទេសចិន គឺលោកបានអញ្ជើញទៅដោយផ្ទាល់ ដើម្បីធ្វើបទបង្ហាញអំពីបញ្ហារបស់ខ្មែរក្រោម ដល់ក្រុមសាស្ត្រាចារ្យ នៅក្នុងសាកលវិទ្យាល័យមួយរបស់ចិន ដែលសាលានេះ មានតួនាទីផ្សព្វផ្សាយនូវវប្បធម៌ និងអារិយធម៌របស់ក្រុមជនជាតិ នៅតំបន់អាស៊ី ។
បន្ទាប់ពីអង្គសន្និបាត បានស្តាប់នូវរបាយការណ៍របស់អង្គការ សមាគមខ្មែរកម្ពុជាក្រោមនានាបានឡើងធ្វើសេចក្ដីរាយការណ៍ ស្តីពីសកម្មភាពការងារប្រចាំឆ្នាំរបស់ខ្លួន ដើម្បីជម្រាបដល់អ្នកចូលរួមសន្និបាតបានជ្រាបរួចមក ។ លោក តាំង សារៈ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា បានប្រកាសតែងតាំងលោក ប៊ុន មុនី ហៅ ថាច់ ឡែន ជាប្រធានលេខាធិការដ្ឋានអាណត្តិទី ៧ សម្រាប់ឆ្នាំ ២០១៨ ។
ភ្លាមៗ ក្រោយប្រកាសឲ្យចូលកាន់តំណែង ប្រធានលេខាធិការដ្ឋានអាណត្តិថ្មីរូបនេះ បានឡើងប្តេជ្ញាចិត្តថា នឹងបំពេញភារកិច្ចរបស់ខ្លួនឲ្យកាន់តែសកម្ម និងបន្តរាល់សកម្មភាពការងារ ឬគម្រោងផែនការណា ដែលមិនទាន់សម្រេចពីប្រធានចាស់ និងយកមកអនុវត្តនៅក្នុងឆ្នាំខាងមុខប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

អង្គសន្និបាត បានបន្តកិច្ចពិភាក្សា ដោយផ្តោតទៅលើការកែទម្រង់គោលនយោបាយមួយចំនួន ការដាក់ទិសដៅសម្រាប់ឆ្នាំ ២០១៨ ការបង្កើតផែនការរួមសម្រាប់អង្គការសមាគមខ្មែរកម្ពុជាក្រោមទាំងអស់ ។ ក្រៅពីនេះ សន្និបាតក៏បានលើកឡើង ពីការប្រឈមផ្នែកហិរញ្ញវត្ថុ និងមធ្យោបាយដើម្បីស្វែងរកមូលនិធិទ្រទ្រង់ទាំងនោះផង ។ បន្ថែមពីលើនេះ សន្និបាត នឹងធ្វើការផ្លាស់ប្ដូររចនាសម្ព័ន្ធការងារ ការពង្រឹងសមត្ថភាពសមាជិកសកម្ម ដែលមានស្រាប់ និងការលើកទឹកចិត្តឲ្យព្រះសង្ឃ និងនិស្សិតខ្មែរក្រោម ដែលមានសមត្ថភាពចូលរួមឲ្យបានច្រើនក្នុងសកម្មភាពការងាររបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម ។
លើសពីនេះ ផែនការសកម្មភាព សម្រាប់នៅកម្ពុជាក្រោម លេខាធិការដ្ឋាន នឹងបន្តស្វែងរកដំណោះស្រាយឲ្យទាន់សភាពការណ៍ សម្រាប់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ដែលកំពុងរងការរំលោភសិទ្ធិ ការធ្វើទុកបុកម្នេញ និងបញ្ហាផ្សេងៗ ទៀត ដែលខ្មែរក្រោមកំពុងប្រឈម ។ ចំណែក នៅកម្ពុជាវិញ លេខាធិការដ្ឋាន នឹងបន្តដោះស្រាយបញ្ហាលំបាក ដែលពលរដ្ឋខ្មែរក្រោមកំពុងជួបប្រទះ និងបន្តស្វែងរកិច្ចអន្តរាគមន៍ ពីរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ភាពស្របច្បាប់ ដល់ពលរដ្ឋខ្មែរក្រោម នៅពេលពួកគាត់ឡើងមករស់នៅប្រទេសកម្ពុជា ។
គួរជម្រាបជូនថា លេខាធិការដ្ឋានអង្គការ សមាគមខ្មែរកម្ពុជាក្រោម តែងធ្វើពិធីប្តូរវេនប្រធានមួយឆ្នាំម្តង ដោយធ្វើការជ្រើសរើសប្រធានមួយរូប មកពីអង្គការ សមាគម ឬស្ថាប័នជាសមាជិក មកកាន់តំណែង ជាប្រធានលេខាធិការដ្ឋាន ។ នៅឆ្នាំ ២០១៧ លោក សឺន ជុំជួន ប្រធានបណ្តាញយុវជនខ្មែរកម្ពុជាក្រោម និងជានាយកកម្មវិធីនៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ត្រូវបានជ្រើសតាំងជាប្រធានលេខាធិការដ្ឋាន សម្រាប់អាណត្តិទី ៦ ។
សូមបញ្ជាក់ដែរថា លេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោម ជាស្ថាប័នមួយបង្កើតឡើង ដើម្បីទទួលបន្ទុកចាត់ចែងការងាររួមរបស់ខ្មែរកម្ពុជាក្រោម នៅព្រះរាជាណាចក្រកម្ពុជា និងជាមធ្យោបាយយបម្រើឲ្យអង្គការ សមាគមខ្មែរកម្ពុជាក្រោមទាំងអស់ ធ្វើការដោយឈរលើគោលនយោបាយខ្មែរកម្ពុជាក្រោមរួមតែមួយ ។
លេខាធិការដ្ឋាននេះ បានបង្កើតឡើង កាលពីឆ្នាំ ២០១១ ដោយមានការចូលរួមរបស់អង្គការ សមាគម និងស្ថាប័នចំនួន ១១ ។ ស្ថាប័ន ដែលជាតំណាងរបស់ពលរដ្ឋខ្មែរក្រោម មានមូលដ្ឋាន នៅព្រះរាជាណាចក្រកម្ពុជា ទាំងនោះរួមមាន ៖
- ១ សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម
- ២ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម
- ៣ មិត្តសមាគមខ្មែរកម្ពុជាក្រោម
- ៤ សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និង អភិវឌ្ឍន៍
- ៥ សហគមន៍ខ្មែរកម្ពុជាក្រោម
- ៦ មូលនិធិសម្រាប់អ្នកក្រីក្រ
- ៧ អង្គការខ្មែរកម្ពុជាក្រោមដើម្បីអភិវឌ្ឍន៍
- ៨ មជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម
- ៩ កម្មវិធីបណ្ដាញយុវជនខ្មែរកម្ពុជាក្រោម
- ១០ សារព័ត៌មានព្រៃនគរ
- ១១ អង្គការស្ត្រីខ្មែរកម្ពុជាក្រោម
រូបភាពខ្លះៗ នៃអង្គសន្និបាតប្រចាំឆ្នាំរបស់លេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោម ។ រូបថតៈ ស៊ឺន ចែងចើន