អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ចាប់ផ្ដើមធ្វើយុទ្ធនាការកាលពីថ្ងៃទី ៧ ខែធ្នូ រហូតដល់ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៨ ដើម្បីទាមទារឲ្យដោះលែងអតីតបុគ្គលិកអាស៊ីសេរី ទាំងពីរនាក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ។

ក្នុងយុទ្ធនាការនេះ អង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឲ្យពលរដ្ឋទាំងអស់រួមគ្នាសរសេរលិខិតអំពាវនាវជាភាសាខ្មែរ ឬភាសាអង់គ្លេសក៏បាន ដោយទីមួយទាមទារ ឲ្យអាជ្ញាធរកម្ពុជា ដោះលែងលោក អ៊ួន ឈិន និង លោកយាង សុធារិន្ទ (យាង សុជាមេត្តា) ដែលជាអ្នកទោសមនសិការជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ និងត្រូវទម្លាក់ចោលរាល់បទចោទប្រកាន់មកលើពួកគាត់ទាំងអស់ ។ ទីពីរ ទាមទារឲ្យអាជ្ញាធរបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ការតាមដាន និងចំណាត់ការផ្លូវច្បាប់ ដែលជាចេតនារឹតត្បិតសិទ្ធិសេរីភាពផ្នែកសារព័ត៌មាន និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ។ លិខិតអំពាវនាវនេះ ត្រូវផ្ញើទៅលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងចម្លងជូនលោករដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ឲ្យបានមុនថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៨ ។ អង្គការលើកលែងទោសអន្តរជាតិ ក៏ស្នើឲ្យអ្នកចូលរួមក្នុងការសរសេរលិខិតអំពាវនាវ ផ្ញើលិខិតនេះទៅមន្ត្រីតំណាងទូតកម្ពុជា ប្រចាំនៅក្រៅប្រទេសផងដែរ ។
យុទ្ធនាការនេះធ្វើឡើងចំពេលមេធាវីការពារក្តី លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ បានដាក់ពាក្យប្តឹងឧទ្ធរណ៍ជំទាស់ នឹងដីកាសម្រេចបន្តឃុំខ្លួនកូនក្តីលោក នៅថ្ងៃព្រហស្បតិ៍ ទី ៧ ខែធ្នូ នេះ ។ នេះជាបណ្ដឹងសុំនៅក្រៅឃុំជាលើកទី ២ ហើយ ដែលមេធាវីបានស្នើសុំ បន្ទាប់ពីចៅក្រមស៊ើបសួរបានបដិសេធចោលបណ្តឹងលើកទី ១ កាលពីថ្ងៃទី ៤ ខែធ្នូ កន្លងទៅនេះ ។
មេធាវីការពារក្តី លោក កែវ វ៉ាន់នី បានឱ្យដឹងថា មូលហេតុដែលលោកដាក់ពាក្យបណ្ដឹងឧទ្ធរណ៍នេះ ដោយសារតែដីកាសម្រេចរបស់ចៅក្រមស៊ើបសួរមិនអនុញ្ញាតឱ្យកូនក្តីទាំងពីររបស់លោកនៅក្រៅឃុំជារឿងអយុត្តិធម៌បំផុត៖ «» ។
លោកបញ្ជាក់ថា គ្មានហេតុផលចាំបាច់ណាមួយ ដែលចៅក្រមស៊ើបសួរត្រូវឃុំខ្លួនកូនក្តីលោកទាល់តែសោះ ដោយហេតុថា កូនក្តីរបស់លោកទាំងពីរមានទីលំនៅច្បាស់លាស់ ហើយកូនក្តីលោកសន្យាថា នឹងមិនបង្កបញ្ហាប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈឱ្យមានការច្របូកច្របល់ឡើយ ។ ជាគោលការណ៍ច្បាប់ជនត្រូវចោទត្រូវតែមានសេរីភាព ។
លោក កែវ វ៉ាន់នី បានឱ្យដឹងបន្តថា លោកនឹងដាក់សារណាការពារទៅសភាស៊ើបសួរសាលាឧទ្ធរណ៍នៅពេលខាងមុខនេះ ។ ជាមួយគ្នានេះដែរ លោកស្នើឱ្យសភាស៊ើបសួរសម្រេចទាត់ចោលសេចក្ដីសម្រេចរបស់ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ និងស្នើសុំឱ្យដោះលែងកូនក្តីលោកនៅក្រៅឃុំដោយឥតលក្ខខណ្ឌ ។ សភាស៊ើបសួរសាលាឧទ្ធរណ៍ត្រូវបើកសវនាការមុនអង្គសេចក្ដីក្នុងរយៈពេល ១៥ ថ្ងៃ បន្ទាប់ពីទទួលបានពាក្យស្នើសុំជាលើកទី ២ នេះ ៕ RFA