បញ្ហា​ការឆ្លងកាត់​ព្រំដែន និង​ការសិក្សា​អំពី​ប្រពៃណី​របស់​ខ្មែរក្រោម​

កិច្ចប្រជុំ​លើក​ទី ១៤ នៃ​វេទិកា​អចិន្ត្រៃយ៍​របស់​អង្គការសហប្រជាជាតិ​ស្តីពី​បញ្ហា​ជនជាតិដើម (UNPFII)

​របៀបវារៈ​ទី ៨៖  ការងារ​នាពេល​អនាគត របស់​វេទិកា​អចិន្ត្រៃយ៍​

​សិក្សា​អំពី​បញ្ហា​ការឆ្លងកាត់​ព្រំដែន​, ការទទួលស្គាល់​សិទ្ធិ​របស់​ជនជាតិដើម​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ទំនិញ​, សេវាកម្ម​នៅ​ទូទាំង​តំបន់​ព្រំដែន និង​តំបន់​យោធា និង​ការសិក្សា​អំពី​ប្រពៃណី នៃ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​របស់​ជនជាតិដើម ឆ្នាំ ២០១៥

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង វត្ត​ខ្មែរ​កម្ពុជា​ក្រោម​
​វាគ្មិន​: Conduct Hang
​ប្រែ​ស​ម្រូ​ល​ជា​ភាសា​ខ្មែរ ៖ ថាច់ ប្រីជា គឿន​

នាង Conduct Hang ថ្លែងនៅក្នុងអង្គការសហប្រជាជាតិតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៥ ។

នាង Conduct Hang ថ្លែងនៅក្នុងអង្គការសហប្រជាជាតិតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៥ ។

​នៅក្នុង​ថ្ងៃទី ៣ នៃ​សប្ដាហ៍​ទី ២ របស់​កិច្ចប្រជុំ​លើក​ទី ១៤ នៃ​វេទិកា​អចិន្ត្រៃយ៍ អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) ដែល​កំពុងតែ​ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការសហប្រជាជាតិ នា​បុរី New York សហរដ្ឋអាមេរិក ចាប់ពី​ថ្ងៃទី ២០ ខែមេសា ដល់ ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០១៥ តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​អ​ធីប​តី​នៃ​កិច្ចប្រជុំ​អនុញ្ញាត​ឲ្យ​ឡើង​ថ្លែងការណ៍​ដល់​អង្គ​វេទិកា​ជា​លើក​ទី ២ ស្ដីពី​បញ្ហា​ការឆ្លងកាត់​ព្រំដែន និង​ការសិក្សា​លើ​ប្រពៃណី​ខ្មែរក្រោម ។

ខាងក្រោមជាវីដេអូសេចក្ដីថ្លែងការណ៍របស់ KKF ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៥ ជាភាសាខ្មែរ

នៅ​ថ្ងៃ​ពុធ ទី ២៩ ខែមេសា នាង ហាង  សុផាន់ យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKFYC) មកពី​ទីក្រុង​ភី​ឡា​ដែល​ភា (Philladelphia) ,  រដ្ឋ​ផែន​ស៊ី​វេ​នៀ (Pennsylvania),  សហរដ្ឋអាមេរិក បាន​អាន​នូវ​សេចក្ដីថ្លែងការណ៍​នេះ ផ្ដល់​អនុសាសន៍​ដល់​អ​ង្គ​ការ​សហប្រជាជាតិ​យ៉ាងនេះ​ថា​៖

​លោកស្រី អធិបតី​

​យើង​សូម​អរគុណ​ដល់​វេទិកា​អចិន្ត្រៃយ៍​សម្រាប់​ការសិក្សា​នេះ ដោយ​លោកស្រី​អធិបតី​ម៉ា​ហ្គិ​ន ដា​វិ​ស (Megan Davis) ដែល​បានធ្វើ​ឲ្យ​ច្បាស់​លើ​បញ្ហា​ដ៏​សំខាន់ គឺ​ការឆ្លងកាត់​ព្រំដែន​សម្រាប់​ជនជាតិដើម ។ វា​បង្ហាញ​ពី​តម្រូវការ​សម្រាប់​ទំនាក់​ទំនង​ទ្វេភាគី​ដ៏​ល្អ​ក្នុងចំណោម​ប្រទេស​សហគមន៍​ដែលមាន​ជនជាតិដើម រស់​នៅតាម​តំបន់​ព្រំដែន ។ យើង​ចង់ឃើញ​ការសិក្សា​បន្ថែមទៀត​លើ​បញ្ហា​នេះ រួមបញ្ចូល​ទាំង​តំបន់​អាស៊ី ។ ដូច្នេះ យើង​សូម​ផ្តល់​អនុសាសន៍​ដូចខាងក្រោម​៖

ខាងក្រោមជាវីដេអូកិច្ចប្រជុំ UNPFII ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៥ ជាភាសាអង់គ្លេស

ទី ១. យើង​សូម​លើកទឹកចិត្ត​ដល់​ក្រុម​អ្នកជំនាញ​នៃ​វេទិកា​អចិន្ត្រៃយ៍ ជួយ​សម្រួល​ដល់​ការស្រាវជ្រាវ​ជាក់លាក់ នៅ​តំបន់​អាស៊ីអាគ្នេយ៍​ទាក់ទង​នឹង​បញ្ហា​ឆ្លងកាត់​ព្រំដែន​ដែល​កំពុងតែ​ត្រូវ​ប្រឈមមុខ​ដោយ​ជនជាតិដើម ដែល​កំពុងតែ​រស់នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ។​ជនជាតិដើម ត្រូវ​រង​ផលប៉ះពាល់​ដោយ​ព្រំដែន​ថ្មី​ដែល​បានដាក់​សម្ពាធ​លើ​ពួកគេ ។​

ទី ២. យើង​សូម​ជម្រុញ​ដល់​ក្រុម​អ្នកជំនាញ​នៃ​វេទិកា​អចិន្ត្រៃយ៍ សហការ​ជាមួយ​តំណាង​ជនជាតិដើម នៅ តំបន់​អាស៊ីអាគ្នេយ៍ ដើម្បី​សរុប​របាយការណ៍​និង​ផ្ដល់​អនុសាសន៍​រួមគ្នា​មួយ សម្រាប់​រដ្ឋ ឬ ប្រទេស ក្នុងការ​ពិចារណា​នៅពេល​ជួប​បញ្ហា​ការឆ្លងកាត់​ព្រំដែន ។​

ទី ៣ . យើង​សូម​ស្នើថា រដ្ឋ ឬ ប្រទេស​ដែលមាន​ជនជាតិដើម​រស់នៅ​ដាច់​តែឯង​ដោយសារ​នយោបាយ​ព្រំដែន ត្រូវដាក់​បញ្ចូល​សិទ្ធិ​របស់​ជនជាតិដើម​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​ទំនាក់ទំនង​ទ្វេភាគី ។​

​គ្រាន់​តែមាន​ទំនាក់ទំនង​ទ្វេភាគី​ដ៏​ល្អ មិនមែន​មានន័យថា បញ្ហា​នេះ បាន​ត្រូវ​ដោះស្រាយ​សម្រាប់​ជនជាតិដើម​ដោយ​ស្វ័យប្រវត្តិ នោះទេ ។ វា​ក៏​ត្រូវតែ មាន​លក្ខខណ្ឌ​ជាមុន ពេលដែល​រដ្ឋ​ពាក់ព័ន្ធ​ទាំងអស់ ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការគោរព​សិទ្ធិ​របស់​ជនជាតិដើម ជាពិសេស គោរព​តាម​មាត្រា ៣៦ នៃ​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម (UNDRIP) – សិទ្ធិ​របស់​ជនជាតិដើម ដើម្បី​ការពារ និង​អភិវឌ្ឍ​ទំនាក់ទំនង​ជាមួយ​សមា​ជិ​ក​របស់ខ្លួន និង​ប្រជា​ប្រជាជន​ផ្សេងទៀត​នៅតាម​ព្រំដែន ។ សិទ្ធិសេរីភាព​នៃ​ចលនា​ឆ្លងកាត់​ព្រំដែន ត្រូវតែ​បានការ​ពារ​ដោយ​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​តាម​មាត្រា​ទី ១២ និង ២៧ ។​

​សិទ្ធិ​ទាំងនេះ​មិនទាន់​បានដឹង​ដោយ​ជនជាតិដើម​ជាច្រើន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែលជា​កន្លែង​ដែល​បណ្តា​រដ្ឋ​សហការគ្នា​ដើម្បី​ការពារ​និង​កាត់ទោស​ជនណាម្នាក់ ដែល​បាន​ព្យាយាម​ដើម្បី​អនុវត្ត​សិទ្ធិ​របស់ខ្លួន​ដោយ​សេរី និង​ធ្វើ​ទំនាក់ទំនង​គ្នា​ក្នុង​ការឆ្លង​ព្រំដែន ។ រដ្ឋ ឬ ប្រទេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ព្យាយាម​កាត់​ផ្តាច់ទំនាក់ទំនង​ក្នុងចំណោម​ជនជាតិដើម ដើម្បី​ធ្វើ​ឲ្យ​យើង​មិនអាច​មាន​វិធី​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ដើម្បី​ការចែករំលែក​, ការលើកកម្ពស់ និង​ការការពារ​អត្តសញ្ញាណ​រួម​របស់​យើង ។​

​នៅ​ឆ្នាំ ២០០៧ ព្រះតេជព្រះគុណ ទឹម សា​ខន ព្រះសង្ឃ​មួយអង្គ​ក្នុងប្រទេស​កម្ពុជា ដែលមាន​ដើមកំណើត​មកពី​កម្ពុជា​ក្រោម ត្រូវ​រដ្ឋាភិបាល​កម្ពុជា​ចាប់ខ្លួន​និរទេស​ទៅ​ប្រទេស​វៀតណាម​ផ្តន្ទាទោស រួច​ដាក់ពន្ធនាគារ ។ រដ្ឋាភិបាល​ទាំងពីរ បាន​ចោទ​ព្រះសង្ឃ​ពីបទ​ឧក្រិដ្ឋ ដោយមាន​ទំនាក់​ទំនងជា​មួយអង្គ​ការ សិ​ទិ្ធ​មនុស្ស​របស់​ខ្មែរក្រោម​នៅក្រៅ​ប្រទេស និង​ការផ្តល់​ជម្រក​ដល់​ជនជាតិដើម​ខ្មែរក្រោម​ស្នាក់នៅ​បណ្ដោះអាសន្ន ពេលដែល​ពួកគេ​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​ចេញពី​ប្រទេស​កម្ពុជា​ទៅ​កម្ពុជា​ក្រោម និង​ភៀសខ្លួន​ពី​កម្ពុជា​ក្រោម​ទៅ​ប្រទេស​កម្ពុជា ។ ការឃុបឃិត​គ្នា​រវាង​រដ្ឋ​និង​រដ្ឋ​នេះ គឺជា​រឿង​ធម្មតា​នៅក្នុង​តំបន់​អាគ្នេយ៍ ដែលជា​កន្លែង​មួយ អាច​នឹងត្រូវ​ផ្តន្ទាទោស​សម្រាប់​អ្នក​ដែល​ឆ្លងកាត់​ព្រំដែន ដោយសារ​ការចោទប្រកាន់​ថា វា​ធ្វើ​ឲ្យ “​ប៉ះពាល់​” ដល់​មិត្តភាព​របស់​រដ្ឋ​ជាច្រើន ។​
​ដោយសារតែ​សមាជិក​ត្រូវ​ឋិត​នៅក្នុង​សភាព​ឯកោ​នៅតាម​ព្រំដែន​នៃ​ប្រទេស​នានា ។ ការធ្វើទំនាក់ទំនង​ឆ្លង​ព្រំដែន វា​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ជនជាតិដើម ក្នុងការ​រក្សា​អត្ដ​សញ្ញាណ​និង​វប្បធម៌​របស់​ពួកគេ ។​

​ទំនាក់ទំនង​ទាំងនេះ មានដូចជា ពិធីបុណ្យ​ប្រពៃណី​សាសនា ដូចជា បុណ្យ​កឋិនទាន​នៅតាម​វត្ត​អារាម នានា ជាដើម ។ ចំពោះ​ជនជាតិដើម​ខ្មែរក្រោម​នៃ​ដែនដី​សណ្ត​ទន្លេមេគង្គ យើង​សង្ឃឹមថា ភាគី​ទាំងពីរ​សងខាង​ព្រំដែន​អាច​ទៅមក​ដោយ​សេរី ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យ​ទាំងនេះ ដោយ​គ្មាន​ការឃ្លាំមើល​, ការបំភិតបំភ័យ ឬ ការយាយី​ពី​រដ្ឋាភិបាល​វៀតណាម ឡើយ ។​

​ជនជាតិដើម​ម៉ុង​តា​ញ៉ា ឬ ជនជាតិ Degar នៃ​តំបន់​ខ្ពង់រាប​ភាគ​កណ្តាល​របស់​ប្រទេស​វៀតណាម ស្ទើរ​តែមាន​គ្មាន​ទំនាក់ទំនង​ជាមួយ​បងប្អូន​របស់​ពួកគេ​នៅក្នុង​តំបន់​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា និង​ការផ្លាស់ប្ដូរ​គ្នា​ទៅវិញ​មក​នៅលើ​វិស័យ​វប្បធម៌ ។ ពួកគេ​បានរស់នៅ និង​ជួញដូរ​ជាមួយគ្នា មុនពេល​មាន​ព្រំដែន​ដែល​បានទទួល​ស្គាល់​ដោយ​អន្តរជាតិ​នាពេល​បច្ចុប្បន្ន ។ ទំនាក់ទំនង​វប្បធម៌​ក្នុងពេល​កន្លងមក ត្រូវគេ​ធ្វើ​ឲ្យ​បាក់​ទឹកចិត្ត​ដោយសារតែ​វា​ត្រូវគេ​មើលឃើញថា ជាការ​គំរាមកំហែង​មួយ​ដែល​នឹងធ្វើ​ឱ្យទៅជា “​ភាពមិន​ចុះសម្រុង​គ្នា​” សម្រាប់​ក្រុម​ជនភាគតិច​ជាច្រើន​នៅក្នុង​ប្រទេស​វៀតណាម ។​

​ជីវភាព​រស់នៅ​របស់​ជនជាតិដើម​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ គឺ​អាស្រ័យ​នៅលើ​ដី​និង​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​លាតសន្ធឹង​ឆ្លងកាត់​ព្រំដែន​ជាច្រើន ។ ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម ឬ​វៀតណាម​ខាងត្បូង​គឺ​អាស្រ័យ​លើ​តំបន់​ដីសណ្ត​ទន្លេមេគង្គ និង​ទន្លេមេគង្គ​ដែល​លាតសន្ធឹង​នៅ​ទូទាំងប្រទេស​ភូមា លាវ កម្ពុជា​និង​វៀតណាម ឬ ដែនដី​កម្ពុជា​ក្រោម ។ ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​សា​យ៉ា​ប៊ូ​រី នៃ​ប្រទេស​លាវ វា​គំរាមកំហែង និង​រំខាន​ដល់​ទន្លេមេគង្គ​ខាងក្រោម​, ដៃទន្លេ​តូចៗ និង​បឹង​ដែល​នៅជាប់​គ្នា ។​

​ទន្លេ​ខ្មៅ ជា​ប្រភព​ដ៏​សំខាន់​សម្រាប់​ជីវិត​របស់​ប្រជាជន​តៃ ។ បច្ចុប្បន្ន ទំនប់​វា​រី​អគ្គិសនី​ដ៏​ធំ​ចំនួន ៣ បានធ្វើ​ឡើង គឺ ទំនប់​វា​រី​អគ្គិសនី​បិ​ន​ហ្វា (Binh Hoa) បង្កើតឡើង​នៅ​ឆ្នាំ ១៩៩៤, ទំនប់​វា​រី​អគ្គិសនី​ស៊ើ​ង​ឡា (Son La) នៅ​ឆ្នាំ ២០១២ និង​ទំនប់ ឡាយ​ចូ​វ (Lai Chau) នឹងត្រូវ​ធ្វើ​ឲ្យ​សម្រេច​ជា​ស្ថាពរ​នៅ​ឆ្នាំ ២០១៧ ខាងមុខនេះ ។ ទំនប់​ទាំងនេះ វា​បាន​បំផ្លាញ​វាលស្រែ និង​បាន​ជម្រុញ​ឲ្យ​ពលរដ្ឋ​តៃ ប្រមាណ ២00.000 នាក់ បាន​រត់​ចេញពី​តំបន់ភ្នំ​ហួតហែង ។ ទាំងនេះ គឺ​គ្រាន់តែ​ជា​ឧទាហរណ៍​មួយចំនួន ក្នុង ចំណោម​បញ្ហា​ជាច្រើន​ទៀត ដែល​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជនជាតិដើម នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ព្រោះ​វា​បាន​នឹង​បំផ្លេចបំផ្លាញ​ដល់​វិស័យ​កសិកម្ម​, ជលផល ធ្វើ​ឲ្យ​ធ្លាក់ចុះ​វិស័យ​ពាណិជ្ជកម្ម និង​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​នៅតាម​បណ្តោយ​ដង​ទន្លេមេគង្គ និង​បាន​បង្ខំ​ឱ្យ​ជនជាតិដើម​ផ្លាស់ប្តូរ​ទីលំនៅ ។​

​យើង​សង្ឃឹមថា នឹង​បាន​មើល​នូវ​ការស្រាវជ្រាវ នាពេល​អនាគត​របស់​ជនជាតិដើម​ភាគតិច​នៅ​តំបន់​អាស៊ីអាគ្នេយ៍ បាន​ត្រូវ​ដាក់បញ្ចូល​នៅក្នុង​ការសិក្សា​ឆ្លងកាត់​ព្រំដែន ៕

សូមអរគុណ ។

…………………………………

ទាញយកសេចក្ដីថ្លែងការណ៍ភាសាអង់គ្លេស UNFII 15 Item 8_ Cross Border Issues_MeganDavis

រូបថតក្រុមប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោមនៅក្នុង UNPFII ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៥

1-KKF April 29, 2015 2-KKF April 29, 2015 3-KKF April 29, 2015