ខួប ៦៩ ឆ្នាំ ថ្ងៃបារាំងកាត់ដែនដីកម្ពុជាក្រោម ឲ្យជារដ្ឋចំណុះវៀតណាម

ដោយ ថាច់ ប្រីជា គឿន

នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១៨ សហព័ន្ធខ្មែរកម្ពុជាក្រោម បានរៀបចំពិធីបុណ្យខួប ៦៩ ឆ្នាំ នៃការ បាត់បង់ទឹកដីកម្ពុជាក្រោម ដោយមានការចូលរួមពិធីនេះពីភ្ញៀវជាតិជាថ្នាក់ដឹកនាំ និង សមាជិក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម និងអ្នកសិក្សាអន្តរជាតិ មកពីប្រទេសនានាជុំវិញពិភពលោក ។ ពិធីនេះ បានធ្វើ នៅក្នុងវត្តពោធិវង្ស នាទីក្រុងប៉ារិស នៃ ប្រទេសបារាំង ដើម្បីរំឭកដល់ថ្ងៃ ដែលបារាំងបានកាត់ទឹកដី កម្ពុជាក្រោម ឬ ដែនដីកូស័ងស៊ីន ឲ្យធ្វើជារដ្ឋចំណុះវៀតណាម នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ អ្នកចូលរួមបាន នាំគ្នាថ្លែងរំឭកឡើងវិញនូវប្រវត្តិនៃការបាត់បង់ទឹកដីកម្ពុជាក្រោម និង ស្វែងរកដំណោះ ស្រាយបញ្ហាចំពោះ មុខដែលពលរដ្ឋខ្មែរក្រោមកំពុងតែប្រឈមនឹងការរំលោភសិទ្ធិមនុស្សពីសំណាក់រដ្ឋា ភិបាលវៀតណាម ។

ពិធីនេះ ចាប់ផ្ដើមពីម៉ោង ១ កន្លះ រហូតដល់ម៉ោង ៥ រសៀល ។ បន្ទាប់ពី ប្រធានប្រតិបត្តិ នៃសហព័ន្ធខ្មែរ កម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ បានអុជធូបទៀន បូជាចំពោះ ឆាយាលក្ខណ៍ ឧកញ៉ា សឺង គុយ ជាវីរបុរសជាតិកម្ពុជាក្រោម រួច  អង្គប្រជុំបានធ្វើកិច្ចនមស្ការចំពោះព្រះរតនត្រ័យ, សមាទាននិច្ចសីល និង បង្សុកូលឧទ្ទិសកុសលដល់វីរជនខ្មែរក្រោមគ្រប់អង្គ និងរូប ដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិ និង សាសនានៅដែនដីកម្ពុជាក្រោម ។ បន្ទាប់មក អ្នកចូលបានរួមគ្នាគោរពទង់ជាតិកម្ពុជាក្រោម ដោយ សេចក្ដីគោរពយ៉ាងស្មឹងស្មាធិ៍ ។

ដំបូង អធិបតី នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម លោក ថាច់ វៀន បានថ្លែងសារស្វាគមន៍ទៅកាន់ភ្ញៀវជាតិ និង អន្តរជាតិដែលបានចូលរួមនៅក្នុងពិធីបុណ្យថា លោកមានមោទនភាពចំពោះសន្និសីទអន្តរជាតិ ដែល សហព័ន្ធខ្មែរកម្ពុជាក្រោម ទើបតែបានធ្វើនៅក្នុងអគារព្រឹទ្ធសភាបារាំង នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០១៨ និង លោកថា សហព័ន្ធខ្មែរកម្ពុជាក្រោម ចាត់ទុកព្រឹត្តិការណ៍ធំចំនួនពីរជាពិធីបុណ្យប្រចាំជាតិរបស់ខ្មែរ ក្រោម គឺ ព្រឹត្តិការណ៍ ១០ ធ្នូ ជាថ្ងៃដែលអង្គការសហប្រជាជាតិ បានអនុម័តសេចក្ដីប្រកាសជាសកលស្ដី ពីសិទ្ធិមនុស្ស នៅឆ្នាំ ១៩៤៨ និង ព្រឹត្តិការណ៍ ៤ មិថុនា ជាថ្ងៃដែលបារាំងបានកាត់ទឹកដីកម្ពុជាក្រោម ប្រគល់ឲ្យធ្វើជារដ្ឋចំណុះរបស់វៀតណាម នៅឆ្នាំ ១៩៤៩ ។

ប្រធាន សហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ បានថ្លែងអំពីសកម្មភាពផ្សេង របស់សហព័ន្ធខ្មែរ កម្ពុជាក្រោម នៅលើឆាកអន្តរជាតិដែលបានធ្វើក្នុងមួយឆ្នាំកន្លងទៅនេះ ។

អតីតអធិបតី នៃសហព័ន្ធខ្មែរកម្ពុជាក្រោម លោក តោ គិម ថុង បានថ្លែងអំពីប្រវត្តិសាស្ត្រកម្ពុជាក្រោម និង អំពីសារៈសំខាន់ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម តែងតែប្រារព្ធពិធីរំឭកខួប ទិវា ៤ មិថុនា ជារៀងរាល់ឆ្នាំ ។ លោកថា ការប្រារព្ធពិធីខួបទិវា ៤ មិថុនា ជាការវាយតបទៅនឹងការកាឡៃប្រវត្តិសាស្ត្រកម្ពុជាក្រោម ពី សំណាក់រដ្ឋាភិបាលយួន ជាដើម ។

ប្រធានផែនការនៃសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ត្រឹង ម៉ាន់ រិន្ទ បានថ្លែងបកស្រាយនឹងចម្ងល់អំពីស្ថិតិ ប្រជាជនខ្មែរក្រោមថា សហព័ន្ធខ្មែរកម្ពុជាក្រោម ជាចលនាទាមទារសិទ្ធិសេរីភាពជូនខ្មែរក្រោម នៅកម្ពុជា ក្រោម ទោះបីខ្មែរក្រោមមានតែម្នាក់ ក៏ជាសិទ្ធិមនុស្សដូចគ្នា ។ ការថ្លែងនេះ ដើម្បីឆ្លើយតបនឹងការលើក ឡើងរបស់ លោក ត្រាំង ឆាត ប៊ុត ជាអ្នកសរសេរសៀវភៅប្រវត្តិសាស្ត្រកម្ពុជាក្រោមមានចំណងជើងថា “កម្ពុជាក្រោម អំណាចគ្មានខ្មែរក្រោម” ថា ចំនួនប្រជាជនខ្មែរក្រោមនៅកម្ពុជាក្រោម នៅមិនទាន់ឯកភាព គ្នា ។

សូមបញ្ជាក់ថា ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ប្រធានាធិបតី បារាំង ឈ្មោះ វ៉ែន សង់ អូ រិ យោល (Vincent Auriol) បាន ប្រកាស ច្បាប់ លេខ ៤៩-៧៣៣ ប្រគល់ទឹកដីកូស័ងស៊ីន ឬ ដែនដីកម្ពុជាក្រោម ទៅជារដ្ឋ ចំណុះវៀតណាម ។ សេចក្ដីប្រកាសនេះ មាន សេចក្តី ទាំងស្រុង ដូចតទៅ នេះ ៖

“យោងតាម មតិ ពី រដ្ឋសភា នៃ សហភាព បារាំងសែស , រដ្ឋសភា និង ក្រុមប្រឹក្សា នៃ សាធារណរដ្ឋ បារាំង បាន សម្រេច ហើយ អនុមតិ ដោយ រដ្ឋសភា នៃ សាធារណរដ្ឋ បារាំង ប្រធានាធិបតី នៃ សាធារណរដ្ឋ ប្រកាស ច្បាប់ ដូចតទៅ នេះ ៖

មាត្រា ១ – ក្នុង ក្របខណ្ឌ មាត្រា ៦០ នៃ សាធារណរដ្ឋ បារាំងសែស និង តាម មតិ របស់ សភា កូស័ងស៊ីន នា សម័យប្រជុំ ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ១៩៤៩ លក្ខន្តិកៈ ទឹកដី កូ ស័ង ស៊ិន ត្រូវបាន កែប្រែ តាម មាត្រា ដូច ខាងក្រោម ៖

មាត្រា ២ – ទឹកដី កូស័ងស៊ីន ត្រូវបាន ត ភ្ជាប់ ទៅជា រដ្ឋ ចំណុះ របស់ យួន យោងតាម សេចក្តីប្រកាស រួម ចុះ ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ១៩៤៨ និង សេចក្តីប្រកាស របស់ រដ្ឋា ភិ បាល បារាំង ចុះ ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៤៨ ។ ទឹកដី កូស័ងស៊ីន ឈប់ ស្ថិតនៅក្នុង លក្ខន្តិកៈ ជា ទឹកដី ឯនាយសមុទ្រ របស់ បារាំង ទៀតហើយ ។

មាត្រា ៣ – ក្នុងករណី ដែល លក្ខន្តិកៈ ស្រុក យួន ត្រូវ កែប្រែ លក្ខន្តិកៈ កូស័ងស៊ីន ត្រូវ ចាត់ទុកជា កម្មវត្ថុ នៃ ការ សម្រេចចិត្ត របស់ សភា ខាងលើ ដូច បាន ចែង នៅក្នុង មាត្រា ៧៥ នៃ រដ្ឋធម្មនុញ្ញ ( ជំពូក ៨ នៃ សភា បារាំងសែស ) ។

ច្បាប់ នេះ នឹង ត្រូវបាន អនុវត្ត ដូចជា ច្បាប់ រដ្ឋ ។

ធ្វើ នៅ ទូ លូ ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩
ហត្ថលេខា
វែ នស ង់ អូ រិ យ៉ូ ល ( ប្រធានាធិបតី )
ហត្ថលេខា
ហង់ រី កឿ យ ( នាយករដ្ឋមន្ត្រី )
ហត្ថលេខា
ប៉ូល កូ ស ផ្ល រ៉េ ( រដ្ឋមន្ត្រី ទឹកដី បារាំង ឯនាយសមុទ្រ )

យោងតាម សហព័ន្ធខ្មែរកម្ពុជាក្រោម ដែនដីកូស័ងស៊ីន ឫុ កម្ពុជា ក្រោម មាន ទំហំ ៦៧ ពាន់ ៧០០ គីឡូម៉ែត្រ ក្រឡា នៅ តំបន់ ដីសណ្ត ទន្លេមេគង្គ ឬ ភាគខាងត្បូង នៃ ប្រទេសវៀតណាម សព្វថ្ងៃ ។

៦៩ ឆ្នាំ នៅក្រោមរបប នៃ ការគ្រប់គ្រងរបស់យួន មានសេចក្ដីរាយការណ៍ជាហូរហែមកថា ពលរដ្ឋ ខ្មែរក្រោមរងការរំលោភសិទ្ធិមនុស្ស និងការធ្វើទុក្ខបុក្ខម្នេញជាទម្ងន់ពីរដ្ឋាភិបាលវៀតណាម ៕

………………………………………………..

កម្រងរូបថតខួប ៦៩ ឆ្នាំ នៃ ទីវាបារាំងកាត់ដែនដីកម្ពុជាក្រោម ឲ្យជារដ្ឋចំណុះវៀតណាម ធ្វើនៅទីក្រុងប៉ារិស ប្រទេសបារាំង ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១៨