ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នឹងប្រារព្ធខួប ៦៦ ឆ្នាំ ថ្ងៃកម្ពុជាក្រោមឋិតនៅ ក្រោមអាណានិគមវៀតណាម នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៥ ខាងមុខនេះ នៅវត្តសាមគ្គីរង្សី នាទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដើម្បីរំឭកដល់ថ្ងៃដែលបារាំងបានកាត់ដែនដីកម្ពុជាក្រោមប្រគល់ឲ្យវៀតណាមគ្រប់គ្រងលើពលរដ្ឋ ខ្មែរក្រោម្ចាស់ស្រុក កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។

យោងតាមកិច្ចប្រជុំរបស់គណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោម តាមរយៈស្កៃ (Skype) នៅថ្ងៃទី ១៦ ខែ កុម្ភៈ បានសម្រេចថា ឆ្នាំនេះ សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងប្រារព្ធពិធីជួបជុំដ៏ធំមួយនៅប្រទេសកម្ពុជា ដើម្បីរំឭកដល់ “ខួប ៦៦ ឆ្នាំ ថ្ងៃកម្ពុជាក្រោមឋិតនៅក្រោមអាណានិគមវៀតណាម” នៅក្នុងសាលាបីជាន់ដែលសហព័ន្ធខ្មែរកម្ពុជា ក្រោម កំពុងតែសាងសង់នៅក្នុងបរិវេណវត្តសាមគ្គីរង្សី ឋិតនៅជាយទីក្រុងភ្នំពេញ សព្វថ្ងៃ ។
យោងតាមសេចក្ដីសម្រេចដដែល ពិធីជួបជុំនេះ សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងចាត់អ្នកតំណាងរបស់ខ្លួននៅតាមប្រ ទេសនានាក្នុងពិភពលោកឲ្យទៅចូលរួមក្នុងកម្មវិធីនេះ និងមានអញ្ជើញមន្ត្រីតំណាងស្ថានទូតប្រទេសនានាក្នុងប្រ ទេសកម្ពុជាឲ្យចូលរួមជាភ្ញៀវកិត្តិយសផងដែរ ។
របៀបវារៈ នៃ “ខួប ៦៦ ឆ្នាំ ថ្ងៃកម្ពុជាក្រោមឋិតនៅក្រោមអាណានិគមវៀតណាម” ឆ្នាំនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងរៀបចំកម្មវិធីដូចជា ថ្លែងសារស្ដីពីប្រវត្តិព្រត្តិការណ៍ ផ្សព្វផ្សាយសៀវភៅ និងឯកសារទាក់ទងនឹងរឿងកម្ពុជា ក្រោម ដែលបានបោះពុម្ព និងផលិតដោយសហព័ន្ធខ្មែរកម្ពុជាក្រោមឲ្យភ្ញៀវបានជ្រាប និងបង្ហាញអំពីសកម្មភាព សហព័ន្ធខ្មែរកម្ពុជាក្រោមដែលបាន ធ្វើការតស៊ូមតិនៅក្នុងឆាកអន្តរជាតិ នាពេលកន្លងមកដើម្បីឲ្យវៀតណាមគោរព សិទ្ធិខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម និងដើម្បីឲ្យសហគមន៍អន្តរជាតិស្គាល់ខ្មែរក្រោមជានរណា និងកម្ពុជាក្រោម នៅកន្លែងណា ជាដើម ។
ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ០៤ ខែមិថុនា សហព័ន្ធខ្មែរកម្ពុជាក្រោម នៅគ្រប់ទិសទីជុំវិញភពផែនដី បានស្រុះស្រួលគ្នាប្រារព្ធពិធីបុណ្យកាន់ទុក្ខដើម្បីរំឭកដល់ “ថ្ងៃកម្ពុជាក្រោមឋិតនៅក្រោមអាណានិគមវៀតណាម” ឬ “ថ្ងៃបារាំងប្រគល់ ដែនដីកម្ពុជាក្រោមឲ្យវៀតណាមគ្រប់គ្រង” ។
កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ប្រធានាធិបតីបារាំងឈ្មោះ វ៉ែនសង់ អូរិយោល (Vincent Auriol) បានប្រ កាសច្បាប់ លេខ ៤៩-៧៣៣ សម្រេចកាត់ទឹកដីកូស័ងស៊ីន ឬ កម្ពុជាក្រោម ឲ្យភ្ជាប់ទៅជារដ្ឋចំណុះរបស់ វៀតណាម ។ ចាប់តាំងពីពេលនោះ មកដល់ឆ្នាំ ២០១៥ នេះ មានរយៈពេល ៦៦ ឆ្នាំហើយ ដែលពលរដ្ឋ ខ្មែរក្រោមរាប់លាននាក់នៅកម្ពុជាក្រោមឋិតនៅក្រោមអាណានិគមរបស់វៀតណាម ៕