មកដល់ឆ្នាំថ្មី ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៣ នេះ សារព័ត៌មាន ព្រៃនគរ មានអាយុកាល ៥ ឆ្នាំ ហើយ បើគិតចាប់តាំងពីសារព័ត៌មានមួយនេះ បានធ្វើការផ្សព្វផ្សាយតាមប្រ ព័ន្ធអិនធើណិត កាលពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៨ មក ។
រយៈពេល ៥ ឆ្នាំនេះ ការបោះពុម្ពជាកាសែតប្រចាំ សប្តាហ៍ នៅព្រះរាជាណាចក្រកម្ពុជាទើបបានតែ ៣ ឆ្នាំទេ ។ ការផ្សព្វផ្សាយរបស់ សារព័ត៌មាន ព្រៃនគរ នេះ ក្នុងគោលបំណងចែករំលែក នូវដំណឹង ផ្សេងៗទាក់ទងនឹងជីវភាពរបស់ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅក្នុងដែនដី កម្ពុជាក្រោម ឬភាគខាងត្បូងនៃប្រទេសវៀតណាម និង នៅជុំវិញពិភពលោកដើម្បីឲ្យជនរួមជាតិខ្មែរនៅប្រទេសកម្ពុជា និងក្រៅប្រទេសបានជ្រាបជាព័ត៌មានអំពីខ្មែរក្រោម ។

ចាប់តាំងពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៨ ដល់ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១០ សារព័ត៌មាន ព្រៃនគរ ចេញផ្សាយប្រចាំសប្តាហ៍ តាមប្រព័ន្ធអិនធើណិតបានចំនួន ១០២ លេខ និងចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១០ ដល់ថ្ងៃទី ០១ ខែមករាឆ្នាំ ២០១៣ បានបោះពុម្ពជា កាសែតប្រចាំសប្តាហ៍នៅប្រ ទេសកម្ពុជាបានចំនួន ៣៤ លេខ ក្រោយពី សារព័ត៌មាន ព្រៃនគរ បានទទួលអាជ្ញាប័ណ្ណ ពីក្រសួងព័ត៌មានខ្មែរកាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១០ កន្លងទៅនេះ ។
ការផ្សាយតាមគេហទំព័រ៖
ចាប់តាំងពីបានបង្កើតឡើងមក សារព័ត៌មាន ព្រៃនគរ បានធ្វើការផ្សព្វ ផ្សាយព័ត៌មានតាមរយៈ គេហទំព័រប្លក់ដែលមានអាស័យដ្ឋាន http://www.preynokornews.blogspot.com ហើយយើងខ្ញុំបានចុះផ្សាយ នូវអត្ថបទព័ត៌មានជារៀងរាល់ថ្ងៃ និង កាសែត ព្រៃនគរ ជាឯកសារ PDF ជារៀងរាល់ថ្ងៃអាទិត្យបន្ទាប់កាសែតបានបោះពុម្ពចេញផ្សាយនៅក្នុងប្រទេសកម្ពុជា ។
ឆ្នាំ ២០១២ នេះ សារព័ត៌មាន ព្រៃនគរ បានបង្កើតនូវគេហទំព័រថ្មីមួយទៀតដែលមានអាស័យដ្ឋាន http://www.preynokornews.info ដើម្បីបង្កភាពងាយស្រួលដល់មិត្តអ្នកអាន ក្នុងការចូលតាមដានព័ត៌មានថ្មីៗ និងសិក្សាស្រាវ ជ្រាវនូវអត្ថបទស្រាវជ្រាវផ្សេងៗ ដែលបានចុះផ្សាយ នៅលើគេហទំព័រថ្មីមួយនេះ ។ ក្នុងលើគេហព័រថ្មីនេះ យើងខ្ញុំនឹងធ្វើការចុះផ្សាយ នូវព័ត៌មានជាតិ អន្តរជាតិភូមិសាស្ត្រកម្ពុជាក្រោម ព្រឹត្តិ ការណ៍ប្រវត្តិសាស្ត្ររបស់ខ្មែរក្រោម ប្រ វត្តិអ្នកមានកេរ្តិ៍ឈ្មោះខ្មែរក្រោម (នរណាខ្លះនៅកម្ពុជាក្រោម?) និងព្រះពុទ្ធសាសនា ជាដើម ។
ចែករំលែកព័ត៌មានតាមបណ្ដាញសង្គម៖
ព័ត៌មានដែលបានចុះផ្សាយតាមគេហទំព័រ យើងខ្ញុំបានចែករំលែកអត្ថបទព័ត៌មានទាំងនេះ នៅតាមបណ្ដាញសង្គមផ្សេងៗដូចជា Facebook និង Twitter ផងដែរ ។ តាមរយៈបណ្ដាញសង្គមទាំងនេះ លោកអ្នកនឹងទទួលបានព័ត៌មានថ្មី នៅលើទំព័រ Facebook និង Twitter របស់លោកអ្នក ប្រសិនបើលោកអ្នកចុចភ្ជាប់ចូលជាសមាជិក នៃទំព័រ Facebook និង Twitter របស់ សារព័ត៌មាន ព្រៃនគរ ។
ទូរទស្សន៍ ព្រៃនគរ (PTV)៖
នៅឆ្នាំ ២០១៣ នេះ សារព័ត៌មាន ព្រៃនគរ បានបន្ថែម “កម្មវិធីទូរទស្សន៍ តាមប្រព័ន្ធអិនធើណិត” មួយទៀត ដែលកម្មវិធីនេះ យើងខ្ញុំមានធ្វើសេចក្ដីរាយការណ៍ជាវីដេអូខ្លីៗផ្សព្វផ្សាយនៅលើបណ្ដាញសង្គម Youtube ដែលមានអាសយដ្ឋាន http://www.youtube. com/user/preynokornews ។ សម្រាប់លោកអ្នកដែលមានភ្ជាប់ប្រព័ន្ធ អិនធើណិត អាចចូលទស្សនានូវកម្មវិធីទូរទស្សន៍របស់យើងខ្ញុំ បានគ្រប់ពេលវេលា ។
ផលិតកម្ម ព្រៃនគរ៖
ឆ្នាំ ២០១២ កន្លងទៅនេះ សារព័ត៌មាន ព្រៃនគរ បានផលិតថាសស៊ីឌី ចម្រៀង ផលិតកម្ម ព្រៃនគរ Vol.1 ដែលមានចំណងជើងថា “នឹកស្រុក” ។ ខ្លឹមសារនៃបទចម្រៀងទាំងនេះទាក់ទងនឹងស្ថានភាពពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ដែលបាននិពន្ធ និងរៀប រៀងដោយ លោក សឺង សម្រេច ប្រ ធានផ្នែកព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។ ថាសស៊ីឌីចម្រៀងនេះ យើងខ្ញុំមានដាក់លក់នៅសហរដ្ឋអាមេរិក និងនៅសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រ ចាំរដ្ឋនិងប្រទេសនានា ។
ឆ្នាំថ្មីនេះ យើងខ្ញុំមានគម្រោងថានឹងផលិត Vol ថ្មីជាបន្តទៀត ដើម្បីបានបំរើអារម្មណ៍លោកអ្នកគ្រប់មជ្ឈដ្ឋាន ។
បោះពុម្ពជាកាសែតនៅកម្ពុជា៖
ដោយយល់ឃើញថា ពលរដ្ឋខ្មែរនិងខ្មែរក្រោម មានកង្វះខាតលទ្ធភាពក្នុងការប្រើប្រាស់អិនធើណិត ទើប គណៈកម្មការ សារព័ត៌មាន ព្រៃនគរ សម្រេច ធ្វើការបោះពុម្ពជាកាសែតចេញផ្សាយប្រចាំសប្តាហ៍ នៅទីក្រុងភ្នំពេញ ហើយបានចែកចាយទៅដល់ពលរដ្ឋខ្មែរក្រោម នៅតាមខេត្តនានាក្នុងប្រទេសកម្ពុជា ដើម្បីពួកគាត់បានទទួលនូវព័ត៌មានថ្មីៗ ស្តីអំពីស្ថានភាពខ្មែរក្រោម នៅដែនដីកម្ពុជាក្រោមនិងនៅក្នុងពិភពលោក ។
រយៈពេល ៥ ឆ្នាំ កន្លងមក ក្រុមសហការីស្មគ្រចិត្ត នៃ សារព័ត៌មាន ព្រៃ នគរ របស់យើងខ្ញុំ បានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត មិនខ្លាចការនឿយហត់ សុទ្ធ តែជាអ្នកស្ម័គ្រចិត្ត ធ្វើការមិនគិតពីកម្រៃឡើយ ដើម្បីផ្សាយជូនលោកអ្នកនូវដំណឹង និងព័ត៌មាន ដែលអាចជឿទុកចិត្តបាន និងជាព័ត៌មានដែលលោកអ្នកត្រូវការស្តីពីជីវភាពជនជាតិដើមខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម សព្វថ្ងៃ ។
ម្យ៉ាងទៀត ការផ្សាយរបស់ សារព័ត៌មាន ព្រៃនគរ ក៏គង់មិនផុតពីមានការខ្វះខាតផ្នែកបច្ចេកទេស និងកំហុសឆ្គងផ្សេងៗ ដោយអចេតនាមិនខានឡើយ ។ ទុកជាយ៉ាងនេះក្តី យើងខ្ញុំក្រុមការផ្សាយនៃ សារព័ត៌មាន ព្រៃនគរ មានមោទនភាពខ្លាំងណាស់ ដែលបានបំរើលោកអ្នកនិងសង្គមជាតិខ្មែរ ជាពិសេស គឺ ខ្មែរក្រោមដែលកំពុងតែឋិតនៅក្រោមនឹមអាណានិគម បក្សកុម្មុយនិស្ត នៃប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម សព្វថ្ងៃ ។ អ្វីដែលជាមោទនភាព និងក្តីរីករាយខ្លាំងជាងនេះទៀតនោះ គឺ ពេលដែលយើងបានដឹងថា សារព័ត៌មាន ព្រៃនគរ មានអ្នកនិយមចូលចិត្តអានច្រើន នៅលើគេហ ទំព័រ ក៏ដូចជាការជួយគាំទ្រអានតាមកា សែត ដែលបានបោះពុម្ពនៅប្រទេស កម្ពុជា ។ នេះហើយគឺជាពានរង្វាន់ដ៏ធំមួយសម្រាប់លើកទឹកចិត្ត ដល់ក្រុមការ ងារយើងខ្ញុំ ដើម្បីបន្តផ្សព្វផ្សាយតទៅមុខទៀត ។ យើងខ្ញុំប្តេជ្ញាចិត្តថា នឹង ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីបន្តការផ្សាយក្នុងឆ្នាំ ២០១៣ នេះឲ្យ កាន់តែប្រសើរជាងមុនថែមទៀត ។
សារព័ត៌មាន ព្រៃនគរ បានចាប់បដិសន្ធិជារូបរាងឡើងកាលពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៨ ដោយមានព្រះតេជព្រះគុណ សឺង យ៉ឹង រតនា នៅវត្ត ខេមររង្សី ទីក្រុងស្សាហូសេ រដ្ឋកាលី ហ្វនៀ សហរដ្ឋអាមេរិក ជាអភិបាលការផ្សាយ និង ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន នៅទីក្រុងបាងកក ប្រទេសថៃ ជានិពន្ធនាយក និងមានសហការីមួយចំនួនទៀតនៅប្រទេសកម្ពុជា និងនៅកម្ពុជាក្រោម បានស្ម័គ្រចិត្តជួយផងដែរ ។ ដល់ថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១០ សារព័ត៌មាន ព្រៃនគរ មាន លោក លី ឈូន ជាអ្នកទទួលខុសត្រូវផ្នែកច្បាប់ក្នុងការសុំអាជ្ញាបណ្ណបោះពុម្ពកាសែតនៅប្រទេសកម្ពុជាជាចាងហ្វាង នៅកម្ពុជា ។
ឆ្នាំថ្មី ឆ្នាំ ២០១៣ នេះ យើងខ្ញុំសូមប្រសិទ្ធិពរដល់លោកអ្នកជនរួមជាតិ នៅគ្រប់ទិសទីបានជួបតែសេចក្តីសុខសេច ក្តីចម្រើន គ្រប់គ្រប់ទិនទិវារាត្រីកុំបីខាន ជាពិសេសបានទទួលពុទ្ធពរ ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយហោង ៕
សហរដ្ឋអាមេរិក ថ្ងៃទី ០១ ខែមករា គ.ស. ២០១៣ ព. ស. ២៥៥៦
ក្រុមការផ្សាយនៃ
សារព័ត៌មាន ព្រៃនគរ