ដោយ ស៊ឺន ចែងចើន|VOKK
សមណនិស្សិត និងនិស្សិតខ្មែរក្រោម ចំនួន ២៦ អង្គ និងរូប ដែលមានជីវភាពខ្វះខាត់ក្នុងការសិក្សារៀនសូត្រ នៅព្រឹកថ្ងៃអាទិត្យទី ១៣ សីហា ២០១៧ នេះ ទទួលបានអាហារូបករណ៍ ពីសម្ព័ន្ធសមណសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ។

នៅក្នុងពិធីចែកអាហារូបករណ៍ប្រចាំឆ្នាំ ២០១៧ នេះ ត្រូវបានរៀបចំឡើង នៅទីស្នាក់ការកណ្ដាលរបស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ឋិតក្នុងកុដិលេខ ១៧ វត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពព្រះមុនីកោសល ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូត្រស្តាំ វត្តបទុមវតីរាជវរារាម និងដោយមានការនិមន្ត និងអញ្ជើញចូលរួមពីគណៈកម្មការ សមាជិក សមាជិកា សិស្ស-និស្សិតនៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម តំណាងអង្គការ សមាគមខ្មែរកម្ពុជាក្រោម និងសប្បុរសជន ព្រមទាំងកុមារា កុមារី ប្រមាណជាង ១៥០ អង្គ/នាក់ ។
ថ្លែងក្នុងពិធីប្រគល់អាហារូបករណ៍ដល់សមាជិក សមាជិកា ប្រចាំឆ្នាំ ២០១៧ ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ សឺន សុផារិន្ទ មានថេរដីកាថា មូលហេតុនៃការផ្តល់អាហារូបករណ៍នេះ ដោយមើលឃើញពីកង្វះខាតថវិកាក្នុងការសិក្សារៀនសូត្ររបស់សមាជិក-សមាជិកា សិស្ស-និស្សិត នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដែលកំពុងរៀននៅតាមបណ្តាមហាវិទ្យាល័យ ក្នុង និងក្រៅប្រទេស ហើយក៏ស្របទៅតាមទស្សនវិស័យអភិវឌ្ឍន៍ធនធានមនុស្ស និងគោលបំណងរួម ចំណែកក្នុងការកសាងសង្គមជាតិរបស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដែលតាមពាក្យ ស្លោករបស់ខ្លួនថា «ធនធានមនុស្ស ជាមូលដ្ឋានគ្រឹះនៃការកសសាងសង្គម» ។
នៅក្នុងរបាយការណ៍ ស្តីពីការផ្តល់អហារូបករណ៍ ព្រះតេជព្រះគុណ សឺន សុផារិន្ទ បានជម្រាបជូនអ្នកចូលរួមក្នុងពិធីចែកអាហារូបករណ៍នោះថា ចាប់តាំងពីឆ្នាំ ២០១០ រហូតមកដល់បច្ចុប្បន្ននេះ គឺជាលើកទី ៨ ហើយ ដែលសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានផ្តល់អាហារូបករណ៍ ៥០ ភាគរយសម្រាប់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ។ នៅក្នុងឆ្នាំ ២០១៧ នេះ សម្ព័ន្ធប្រគល់អាហារូបករណ៍ដល់សមណនិស្សិត-និស្សិតខ្មែរក្រោម ចំនួន ២៦ អង្គ/រូប ដោយក្នុង ១ អង្គៗ និងម្នាក់ៗ ទទួលបានថវិកាចំនួន ២៥០$ ក្នុងនោះ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្នុង ១ អង្គៗ និងម្នាក់ៗ ទទួលបានថវិកា ៤០០$ ។
តាមរបាយការណ៍ដដែលបង្ហាញថា ចាប់តាំងពីឆ្នាំ ២០០៧ រហូតមកដល់ឆ្នាំ ២០១៧ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានបញ្ជូនសមណនិស្សិត-និស្សិតខ្មែរក្រោមទៅបន្តការសិក្សានៅក្រៅប្រទេស រួមមានប្រទេសថៃ និងប្រទេសឥណ្ឌា បានចំនួន ១១ លើក ហើយសរុបមានសមណនិស្សិតចំនួន ១១៣ អង្គ ។ សម្រាប់ឆ្នាំ ២០១៧ នេះដែរ អង្គការមួយនេះ ក៏បានបញ្ជូនសមណនិស្សិតទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៅប្រទេសថៃ មានចំនួន ១០ អង្គដែរ ។ ចំណែកការផ្តល់អាហារូបករណ៍ ៥០ ភាគរយ ដល់សមណនិស្សិត-និស្សិតក្រីក្រ នៅព្រះរាជាណាចក្រកម្ពុជាវិញ គិតចាប់តាំងឆ្នាំ ២០១០ រហូតមកដល់បច្ចុប្បន្នសរុបមានចំនួន ១៤៧ អង្គ និងរូប ។ ដោយឡែក សិស្សានុសិស្សប្រមាណជាង ៥០ នាក់ ក៏ទទួលបានសិក្ខូបករណ៍ និងថវិកាខ្លះ ពីសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ផង ។
មិនខុសពីឆ្នាំមុនៗ ដែរ ក្រៅតែពីការផ្តល់អាហារូបករណ៍ដល់សមណនិស្សិត និងនិស្សិតបន្តការសិក្សានៅក្នុងស្រុក និងក្រៅស្រុក សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ក៏បានផ្តល់ថវិកា សម្រាប់បំប៉នវគ្គបណ្តុះបណ្តាលជំនាញខ្លីៗ ទាក់ទង នឹងបច្ចេកវិទ្យាអេឡិកត្រូនិច ដល់គណកម្មការ សមាជិក សមាជិកា ថែមទៀតផង ។
ជាមួយគ្នានេះដែរ ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ សឺន សុផារិន្ទ បានអំពាវនាវទៅកាន់ម្ចាស់ជំនួយទាំងនៅក្នុងប្រទេស និងក្រៅប្រទេសឲ្យបន្តគាំទ្រសកម្មភាពរបស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដើម្បីជួយឧបត្ថម្ភថវិកា សម្រាប់បំពេញនូវតម្រូវការងារប្រចាំឆ្នាំ និងមានលទ្ធភាពអាចរៀបចំពិធីប្រគេន និងជូនអាហារូបករណ៍ដល់សមណនិស្សិត-និស្សិតក្រីក្រ ដែលកំពុងសិក្សានៅក្នុងប្រទេស និងការបញ្ជូនសមណនិស្សិតទៅបន្តការសិក្សានៅឯបរទេស នៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីបុព្វហេតុបណ្តុះបណ្តាលធនធានមនុស្ស និងការចូលរួមចំណែកក្នុងការកសាងសមង្គមជាតិ ។
សូមបញ្ជាក់ថា សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ជាអង្គការមួយ ដែលទទួលស្គាល់ជាផ្លូវការ កាលពីថ្ងៃទី ២១ ខែមថុនា ឆ្នាំ ២០០២ ដោយក្រសួងមហាផ្ទៃ ។ អង្គការមួយនេះ តែងតែធ្វើសកម្មភាពប្រមូលផ្តុំរវាងសមណនិស្សិត និងនិស្សិតមានដើមកំណើតមកពីដែនដីកម្ពុជាក្រោម ឲ្យមានការសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីជួយគ្នាទៅវិញទៅមក ក្នុងការសិក្សារៀនសូត្រ ផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីរបស់ខ្លួនជាដើម ៕
ខាងក្រោមនេះ ជារូបភាពខ្លះៗ ពីសកម្មភាពរបស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ក្នុងថ្ងៃចែកអាហារូបករណ៍ដល់សមណនិស្សិត និងនិស្សិតក្រីក្រ នៅថ្ងៃទី ១៣ សីហា ២០១៧ ។ រូបថតៈ ស៊ឺន ចែងចើន