សារប្រគេន និងជូនពរឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ របស់អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម

សារប្រគេន និង ជូនពរឆ្នាំថ្មី
ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ គ.ស. ២០១៧

សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់,
សូមគោរពដល់បងប្អូនជនរួមជាតិនៅក្នុងស្រុក និងក្រៅប្រទេសជាទីស្រឡាញ់រាប់អាន,

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ព. ស. ២៥៦១ គ. ស. ២០១៧ តាងនាមសហពន្ធខ្មែរកម្ពុជាក្រោម ខ្ញុំព្រះករុណា ខ្ញុំបាទ សូមប្រគេន និងជូនសព្វសាធុកាពរ សិរីសួស្តី ជ័យមង្គលវិបុលសុខគ្រប់ប្រការ ចូរកើតមានឡើងដល់ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទាំងអស់ ដែលកំពុងរស់នៅលើទឹកដីកម្ពុជាក្រោម និង នៅជុំវិញពិភពលោក កំពុងបំពេញភារកិច្ចយ៉ាងមមាញឹក ទាំងកម្លាំងកាយ ចិត្ត ថវិកា និងស្មារតីមនសិការ ចំពោះបុព្វហេតុ ជាតិ មាតុភូមិ និងសាសនា សូមប្រកបតែនិងសេចក្តីសុខ សេចក្តីចម្រើន ជានិច្ចនិរន្តរ៍តរៀងទៅ ។

លោក ថាច់ វៀន អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម ។
លោក ថាច់ វៀន អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម ។

នៅក្នុងឆ្នាំ ២០១៧នេះ សហព័ន្ធខ្មែរកម្ពុជាក្រោម មានផែនការឆ្ពោះទៅកាន់មាតុភូមិ កម្ពុជាក្រោម និងបេសកកម្មសំខាន់ៗលើឆាកអន្តរជាតិ ដូចតទៅនេះ ៖

1. ថ្ងៃទី២៣ ខែមករា ប្រជុំគណកម្មការនាយកអង្គការ UNPO នៅព្រុស្សែល នៃប្រទេស បែលហ្សិក,
2. ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ចូលថ្លែងការណ៍ក្នុងវេទិកាអចិន្រ្តៃយ៍ អង្គការសហ ប្រជាជាតិ ស្តីពីបញ្ហាជនជាតិដើ់ម (UNPFII) នាបូរីញូវយ៉ក សហរដ្ឋអាមេរិក,
3. នៅថ្ងៃទី ១២/១៣ ខែឧសភា សហព័ន្ធខ្មែរកម្ពុជាក្រោម ចួលប្រជុំគណៈកម្មាធិការនាយក នៃអង្គ ការយូអិនភីអូ (UNPO) នៅទីក្រុងព្រុស្សែល នៃប្រទេសបែលហ្សិក,
4. នៅថ្ងៃទី ២៦ដល់២៨ មិថុនា ចូលរួមមហាសន្និបាតអង្គការ អ៊ុនប៉ូ នៅទីក្រុង Edinburgh, នៃប្រទេស Scotland,
5. នៅថ្ងៃទី ១០ដល់១៤ កក្កដា សិក្ខាសាលាស្តីពី យន្តការជំនាញផ្នែកសិទ្ធិជនជាតិដើម (EMRIP) រៀបចំឡើង ដោយអង្គការសហប្រជាជាតិនៅទីក្រុង Genève នៃប្រទេស ស្វិស,
6. មួយអាទិត្យក្នុងខែសីហា ដែលមិនទាន់កំណត់ថ្ងៃ និងមានសិក្ខាសាលា Speak- Out រៀបចំឡើង នៅទីក្រុង ឡាហេ ដោយអង្គការ UNPO ស្តីអំពីក្បួនរដ្ឋបាល និងការទូត សំរាប់រៀនធ្វើទំនាក់ទំនង (lobby) ជាមួយសភាអ៊ឺរ៉ុប និងអង្គការសហប្រជាជាតិក្នុងកិច្ចការសង្គមស៊ីវិល ។

សកម្មភាពទាំងអស់នេះ គឺដើម្បីជម្រុញឲ្យសហគមន៍អន្តរជាតិ បានដឹងអំពីបញ្ហាខ្មែរក្រោម ដែលកំពុងតែប្រឈមមុខនឹងការរំលោភសិទ្ធិ របស់យើងជាជនជាតិដើម ពីសំណាក់រដ្ឋាភិបាល យួនបច្ចុប្បន្ន និងឲ្យ យុវជនខ្មែរក្រោមរៀនសូត្រធ្វើការសំរាប់អនុវត្តផែនការនានារបស់សហព័ន្ធទៅអនាគត ។

សព្វថ្ងៃនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ជាសមាជិកពេញសិទ្ធិ នៃនាយកដ្ឋានព័ត៌មានសាធារណៈនៃអង្គការសហប្រជាជាតិ (UNDPI), នៃសហព័ន្ធប្រណាំងទូក ង អន្តរជាតិ (IDBF), នៃអង្គការប្រជាជាតិ គ្មានអ្នកតំណាង (UNPO ) និងវេទិកាអចិន្រ្តៃយ៍អង្គការ សហប្រជាតិ ស្តីពីបញ្ហាជនជាតិដើម (UNPFII) ដែលមាន ផែនការពិសេស ត្រូវអនុវត្តឲ្យបានសំរេចនូវការទាមទាសិទ្ធិសំរេចវាសនាខ្លួនដោយខ្លួនឯង ។

សូមទេវតាឆ្នាំថ្មី ជួយផ្តល់ឥទ្ធិពល និងការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ, សមាជិក សមាជិកា និងយុវជន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រមទាំងបងប្អូនរួមជាតិគ្រប់រូប ឲ្យមានសុឆន្ទៈសាមគ្គីជាតិតស៊ូ ដោយអហឹង្សា ឆ្ពោះទៅរកសិទ្ធិ សម្រេចវាសនាខ្លួនដោយខ្លួនឯង ពីនឹមអាណានិគមយួនសព្វថ្ងៃ។ ប៉ុន្តែ សូមរំឭកពាក្យចាស់បូរាណលោកថា “ទេវតានិងជួយយើង ទាល់តែយើងជួយខ្លួនឯងសិន”។ វឌ្ឍនភាព សង្គម និងសាសនាបានចាប់កើតឡើងហើយ ប៉ុន្តែយើងត្រូវតែខិតខំលំអរឲ្យបានប្រសើរថែមទៀត ។

ឆ្នាំថ្មី គំនិតថ្មី តាងនាមសហព័ន្ធខ្មែរកម្ពុជាក្រោម ខ្ញុំព្រះករុណា ខ្ញុំបាទ សូមប្រសិទ្ធិពរសិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការសារជាថ្មីម្តងទៀត ប្រររគេននិងជូនដល់ ថ្នាក់ដឹកនាំ សមាជិក សមាជិកា យុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រមទាំងបងប្អូនជនរួមជាតិ នៅជុំវិញពិភពលោក ឲ្យជួបប្រទះតែនិង ពុទ្ធពរទាំងឡាយ៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
បារីស, ប្រទេសបារាំង, ថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០១៧

ដោយសេចក្តីគោរព,

ពីខ្ញុំព្រះករុណា-ខ្ញុំបាទ ថាច់ វៀន
អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម

…………………………………..

ទាញយកលិខិតនេះ ជា PDF