នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ថាច់ ង៉ុក ថាច់ ពីប្រទេសកាណាដាបានផ្ញើសាររំលែកទុក្ខ ប្រគេនចំពោះ ព្រះសង្ឃវត្តសាមគ្គីរង្សី និង ព្រះតេជព្រះ គុណ ថាច់ ហាន់ ព្រះចៅអធិការវត្តពុទ្ធិកៈខ្មែរនៅទីក្រុង Las Vegas សហរដ្ឋអាមេរិក ដែលត្រូវជាបងបង្កើតរបស់ព្រះសពព្រះភិក្ខុ ថាច់ ខាន់ គ្រូសូត្រឆ្វេងវត្តសាមគ្គីរង្សី ដែលបានទទួលអនិច្ចធម្ម កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៤ ។

សារលិខិតមានសេចក្ដីថា៖
ព្រះតេជព្រះគុណជាទីគោរព
តាងនាមសហព័ន្ធខ្មែរកម្ពុជាក្រោម យើងខ្ញុំព្រះករុណា ខ្ញុំបាទ មានសេចក្តីរន្ធត់ក្រៀមក្រំយ៉ាងខ្លាំងចំពោះមរណភាពរបស់ ព្រះភិក្ខុ ថាច់ ខាន់ ដែលជាគ្រូសូត្រឆ្វេងនៃ វត្តសាមគ្គីរង្សី-កម្ពុជាក្រោម ឋិតនៅក្នុងក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៥ កន្លងទៅនេះ ។
ព្រះភិក្ខុ ថាច់ ខាន់ បានបំពេញនូវតូនាទីជាកុលបុត្រដ៏ប្រសើរដោយបានសាងព្រះផ្នួសសងគុណមាតាបិតា និងបានបំពេញកាតព្វកិច្ចក្នុងនាមជាកុលបុត្រខ្មែរក្រោមមួយអង្គ ដោយបានចូលរួមបំរើការងារក្នុងសង្គមខ្មែរយ៉ាងសកម្ម នាពេលកន្លងមក ។
ព្រះទ័យសន្ដោសសង្គ្រោះដល់ជនរងគ្រោះខ្មែរដែលមកពីបណ្តាខេត្តនានា នៅក្នុងប្រទេសកម្ពុជា និងការចូលរួមសកម្មភាពដើម្បីសិទ្ធិសេរីភាពជំនឿសាសនា និងសង្គមនៅប្រទេសកម្ពុជាជានិច្ច របស់ព្រះភិក្ខុ ថាច់ ខាន់ ជាគំរូមួយសម្រាប់ព្រះសង្ឃខ្មែរនានាយកតម្រាប់តាម ។
សូមឲ្យវិញ្ញាណក្ខន្ធរបស់ ព្រះភិក្ខុ ថាច់ ខាន់ បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃាតឡើយ ។
ខាងក្រោមជារូបថត ថ្នាក់ដឹកនាំសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា ចូលគោរពព្រះសព ភិក្ខុ ថាច់ ខាន់ នៅវត្តសាមគ្គីរង្សី ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥ ។ រូបថតៈ ស៊ឺន ចែងចើន|ព្រៃនគរ