សហព័ន្ធខ្មែរកម្ពុជាក្រោម ទើបបានចូលរួមសន្និបាតប្រចាំឆ្នាំ លើកទី ៩ ក្រោមប្រធានបទ “ធម្មនុញ្ញនៃអង្គការ សហប្រជាជាតិយើងជាមនុស្ស” នៅទីក្រុង San Francisico នៅថ្ងៃទី ២៨ ខែមិថុនា កន្លងទៅនេះ ។ សន្និបាត នេះ ជួបជុំគ្នា ក្នុងលក្ខណៈវេទិកាតុមូលរវាងតំណាងអង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួន ក្នុងនោះ មាន លោក Joshua Cooper ប្រធានវិជ្ជាស្ថានសិទ្ធិមនុស្សរដ្ឋ Hawaii និង ជាទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅការិយាល័យកណ្ដាលរបស់អង្គការ International Bill of Rights ។

តំណាងអង្គការសិទ្ធិមនុស្សដែលបានចូលរួមក្នុងសន្និបាតនេះ បានលើកអំពីកង្វល់ផ្សេងៗ ដែលទាក់ទងនឹងការ រំលោភ សិទ្ធិមនុស្សនៅសហរដ្ឋអាមេរិក និងប្រទេសនានាក្នុងពិភពលោក ។ ចំណែកតំណាងអង្គការផ្សេងៗដែល មិនបានចូលរួម ដោយ ផ្ទាល់ ក៏បានស្ដាប់ និងនិយាយទៅកាន់សន្និបាតតាមរយៈប្រព័ន្ធ Internet Conference និង អានមើលឃើញ សន្និបាតនេះ តាមរយៈការផ្សាយបន្តផ្ទាល់នៅលើគេហទំព័រ VOKK និង សារព័ត៌មាន ព្រៃនគរ ។
លោក ចៅ សេរី អនុប្រធានទី ២ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានដឹកនាំ ក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម (KKFYC) ប្រចាំទីក្រុង San Jose ចូលរួមក្នុងសន្និបាតនេះ ដើម្បីបង្ហាញដល់អ្នកចូលរួមឲ្យបានដឹងឮអំពីបញ្ហា សិទ្ធិមនុស្ស នៅកម្ពុជា ក្រោម និងអំពីដំណើរការតស៊ូរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងឆាកអន្តរជាតិ សព្វថ្ងៃ ។
លោក សឺន ថាយ ធន សម្ភាសន៍ លោក ចៅ សេរី អនុប្រធានទី ២ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម អំពីបញ្ហានេះ ដូចតទៅ៖