វត្តព្រះពុទ្ធសាសនាខ្មែរមួយ ដែលមានអាយុកាលជិត ១៤០០ ឆ្នាំ នៅខេត្តព្រះត្រពាំង ត្រូវរងអគ្គីភ័យ

ដោយ ស៊ឺន ចែងចើន

កុដិ​រត​បូរាណ​មួយ​ នៃ​វត្ត​ព្រះពុទ្ធ​សាសនា​ខ្មែរក្រោម​ បាន​រង​ការ​បំផ្លិច​បំផ្លាញ​ដោយសារ​ភ្លើង​ឆេះ​ ។ កុដិ​នេះ​ គឺ​មាន​អាយុកាល​ជាង​ ១០០​ ឆ្នាំ​ និង​ជា​កេរមរតក​របស់​វត្ត​បិដ​កត្យា​រាម​ (ក្នុង​ស្រុក​) ឋិតនៅ​ក្នុង​ភូមិ​ក្នុង​ស្រុក​ ឃុំ​ហ្វា​ឡើយ​ ស្រុក​កំពុង​ធំ​ ខេត្ត​ព្រះត្រពាំង​ នៃ​ដែនដី​កម្ពុជាក្រោម​ ។

កុដិ​រត​បូរាណ​ នៃ​វត្ត​បិដ​កត្យា​រាម​ (ក្នុង​ស្រុក​) មុន​រង​ការ​បំផ្លិច​បំផ្លាញ​ដោយសារ​ភ្លើង​ឆេះ ។

ហេតុការណ៍​អគ្គីភ័យ​ឆាបឆេះ​កុដិ​រត​ចំណាស់​មួយ​ខ្នង​យ៉ាង​សន្ធោសន្ធៅ​ បណ្ដាលឲ្យ​ខូចខាត​ព្រះពុទ្ធរូប​ជាច្រើន​អង្គ​ សម្ភារៈ​ និង​វត្ថុ​ដ៏​មានតម្លៃ​បំផុត​មិន​អាច​កាត់ថ្លៃ​បាន​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ព្រះសង្ឃ​ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ កាលពី​វេលា​ម៉ោង​ ៤ រសៀល​ ថ្ងៃទី​ ១៦​ មករា​ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យដឹង​ថា​ ផ្សែងហុយ​សន្ធប់​ចេញពី​កុដិ​រត​បូរាណ​ ក្នុង​វត្ត​បិដ​កត្យា​រាម​ (ក្នុង​ស្រុក​) នោះ​ ពុទ្ធបរិស័ទ​ និង​ព្រះសង្ឃ​ បាន​នាំគ្នា​ផ្អើលឈូ​ឆរ​យក​ទឹក​មក​ជះ​ និង​បាញ់​ពន្លត់​តែ​មិន​អាច​គ្រប់គ្រង​ ដោយ​គ្រប​ដណ្តប់​ដោយ​អណ្តាត​ភ្លើង​ និង​ផ្សែង​ខ្មួលខ្មាញ់​កាន់តែ​ហុយ​ឆេះ​ខ្លាំង​ឡើង​ ៗ ។ ប្រហែលជា​កន្លះម៉ោង​ក្រោយមក​ ទើប​មាន​រថយន្ត​ពន្លត់​អគ្គីភ័យ​មកដល់​ទីនោះ​ និង​បាន​បាញ់​ពន្លត់ភ្លើង​ និង​ទប់ស្កាត់​ទាន់ពេល​មិន​ឲ្យ​ឆេះ​រាលដាល​ទៅ​កន្លែង​កុដិ​ និង​សាលាឆាន់​ នៅ​ជុំវិញ​នោះ​ ។ ប៉ុន្តែ​ ជាអកុសល​ អណ្ដាតភ្លើង​បាន​លេប​ត្របាក់​កុដិ​មាន​វ័យ​ដ៏​ចំណាស់​អស់​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ​ ។

នៅ​មិនទាន់​ដឹងពី​មូលហេតុ​ ដែល​បណ្តាល​ឲ្យ​ឆេះ​កុដិ​នេះ​ នៅឡើយ​ទេ​ ។ ប៉ុន្តែ​ សក្សី​ ដែល​នៅកន្លែង​កើតហេតុ​សង្ស័យ​ថា​ ជា​ការ​ឆ្លង​ចរន្ត​អគ្គិសនី​ទើប​បណ្តាល​ឲ្យ​ឆេះ​ ព្រោះ​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្តើម​ចេញ​ ពី​ខាងក្នុង​នៃ​កុដិ​ ហើយក៏​សន្ទុះ​រាលដាល​ចេញ​ជា​អណ្តាត​ភ្លើង​ឆេះ​កាន់តែ​ខ្លាំង​ ។ យ៉ាងនេះ​ក្តី​ ក្នុង​ហេតុការណ៍​នោះ​ មិន​មាន​អ្នកណា​ម្នាក់​គ្រោះថ្នាក់​នោះ​ទេ​ ប៉ុន្តែ​ត្រូវ​រង​ខូចខាត​ព្រះពុទ្ធ​ជាច្រើន​អង្គ​ រូ​មទាំ​ងវត្ថុ​បូរាណ​ដ៏​មានតម្លៃ​ ដែល​មិន​អាច​គណនា​បាន​ឡើយ​ ។

ព្រះវិហារវត្តបិដកត្យារាម ក្នងស្រុក ។ រូបថត៖ គេហទំព័រ Blog វត្តបិដកត្យារាម ក្នុងស្រុក

គួរ​ជម្រាប​ជូន​ថា​ កុដិ​រត​បុរាណ​ បន្សល់ទុក​មកដល់​សព្វថ្ងៃ​ ដែល​រង​ការ​ឆាបឆេះ​នេះ​ គឺ​ត្រូវ​បាន​កសាង​ឡើង​ ក្នុង​សម័យ​បារាំង​ ។ ចំណែក​អាយុកាល​របស់​វត្ត​បិដ​កត្យា​រាម​ (ក្នុង​ស្រុក​) បាន​ស្ថាបនា​ឡើង​ក្នុងរជ្ជកាល​ព្រះបាទ​ភវ​វរ្ម័ន​ទី​ ២ នៃ​ ព. ស. ១១៨៤​ គ. ស. ៦៤១​ ដោយ​ស្នា​ព្រះ​ហស្ថ​របស់​ ព្រះតេជព្រះគុណ​ ព្រះ​ឧបជ្ឈាយ៍​ ព្រះនាម​ ព្រឹក្ស​ ។ គិត​មកដល់​ឆ្នាំ​ ពុទ្ធសករាជ​ ២៥៦៣​ គ្រឹ​ស្ត​សករាជ​ ២០២០​ វត្ត​នេះ​ មាន​អាយុកាល​ ១៣៧៩​ ឆ្នាំ​ហើយ​ ។ ដោយឡែក​រចនាប័ទ្ម​នៃ​កុដ​នេះ​ ត្រូវ​បាន​សាងសង់​ពី​ឈើ​ ដំបូល​ប្រក់​ដោយ​ក្បឿង​បុរាណ​ រនាប​ក្ដារ​ធ្វើពីឈើ​ ជញ្ជាំង​បាំង​ដោយ​ក្តារ​នៅ​ខាងក្នុង​ និង​ផ្នែក​ជាច្រើន​ទៀត​ សាងសង់​ឡើង​តាម​រចនាប័ទ្ម​ខ្មែរ​ពី​បុរាណ​ ។

សូម​បញ្ជាក់​ផង​ថា​ នៅ​ខេត្ត​ព្រះត្រពាំង​ មាន​វត្ត​ខ្មែរ​ទាំងអស់​ចំនួន​ ១៤៣​ វត្ត​ ក្នុង​នោះ​ ក្រៅពី​វត្ត​បិដ​កត្យា​រាម​ (ក្នុង​ស្រុក​) ដែល​មាន​អាយុកាល​ ១៣៧៩​ ឆ្នាំ​ ក៏​នៅ​មាន​វត្ត​សម្បូរ​រង្សី​ ហៅ​វត្ត​ សម្បួរ​ បាន​កកើត​ឡើង​ក្នុង​គ្រឹ​ស្ត​សករាជ​ ៣៧៣​ ហើយ​បើ​គិត​មកដល់​ឆ្នាំ​ ២០២០​ វត្ត​នេះ​ មាន​អាយុ​ ១៦៤៧​ ឆ្នាំ​ ៕

រូប​ភាព​ខ្លះ​ៗ ក្រោយពី​កុដិ​រត​បូរាណ​មួយ​ នៃ​​វត្ត​បិដ​កត្យា​រាម​ (ក្នុង​ស្រុក​) រង​ការ​បំផ្លិច​បំផ្លាញ​ដោយសារ​ភ្លើង​ឆេះ​

ទស្សនារូបភាពច្រើនទៀត…