ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នៅថ្ងៃទី ២៦ ខែធ្នូ នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានឹងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម រយៈ ពេល ៣ ថ្ងៃ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម ។ ដំណើរទស្សនកិច្ចនេះ ត្រូវបានអ្នកកាសែតសេរីយួន ដែល មាន មូលដ្ឋាន នៅប្រទេសកម្ពុជា បានលើកឡើងថា នេះជាដំណើរទស្សនកិច្ចពិសេសមួយ ដើម្បីស្វែងរកជំនួយ ពី បក្ស កុម្មុយនិស្តយួន និងថា ដំណើរទស្សនកិច្ចនេះ មិនមានផលចំណេញដល់ លោក ហ៊ុន សែន ទេ ។

ចុចស្ដាប់ ហ៊ុន សែន ទៅវៀតណាមពេលនេះ មិនមានផលចំណេញ
បើយោងតាម សេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសវៀតណាម បានឲ្យដឹងថា នាយ ករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងភរិយា នឹងទៅបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ២៦ ដល់ ទី ២៨ ខែធ្នូ នេះ តាមការអញ្ជើញរបស់ នាយករដ្ឋមន្ត្រី វៀតណាម លោក ង្វៀង តឹង យ៉ុង ។
ដំណើរទស្សនកិច្ចនេះ ចំពេលដែលគណបក្សសង្គ្រោះជាតិបានធ្វើបាតុកម្មទ្រង់ទ្រាយធំបំផុត នៅថ្ងៃអាទិត្យ ទី ២២ ខែធ្នូ កន្លង ទៅ នេះ ចាប់ពីការបោះឆ្នោតកាលពីខែកក្កដា មក ។ អ្នកចូលរួមបាតុកម្មកាន់តែច្រើនឡើង ដែលប្រធានគណបក្ស សង្គ្រោះ ជាតិ បាន ប្រកាសថា អាចមានប្រមាណជិត ១ លាននាក់ ។
ពីទីក្រុងភ្នំពេញ លោក លី ដិន ផាត (Lý Định Phát) អ្នកកាសែតជនជាតិយួនម្នាក់ បាន ប្រាប់ BBC ភាសាយួនថា “ នេះជា ដំណើរទស្សនកិច្ចពិសេសមួយ” ចំពេលដែលកម្ពុជា កំពុងមានវិបត្តិនយោបាយ បច្ចុប្បន្ន ។
លោកបានបញ្ជាក់ថា ទិសដៅសំខាន់មួយក្នុងចំណោមទិសដៅនៃដំណើរទស្សនកិច្ចនេះ របស់ លោក ហ៊ុន សែន គឺ “ ដើម្បីរក វិធី ទប់ទល់ ស្ថានការណ៍នយោបាយ បច្ចុប្បន្ន ឲ្យបាន នឹង នៅចំពោះឧបសគ្គដែលបានកើតឡើងពីគណបក្សប្រឆាំង” ។
ចំពោះបញ្ហាដែលទាក់ទងនឹងភាពគង់វង្សរបស់រដ្ឋាភិបាល ហ៊ុន សែន អាចនឹងមានការ ផ្ដល់យោបល់ និងប្រឹក្សាពីរដ្ឋាភិបាល បក្សកុម្មុយនិស្តវៀតណាម ។ លោកបន្តទៀតថា សន្ទុះចិត្តក្ដៅក្រហាយរបស់ប្រជាជនខ្មែរកាន់តែខ្លាំងឡើង ចំពោះ លោក ហ៊ុន សែន និង គ្រួសារ ព្រោះ “អង្គុយលើកៅអីយូរខ្លាំងពេក” ។
លោក លី ដិន ផាត បានបន្តទៀតថា “ ពលរដ្ឋចង់ផ្លាស់ប្ដូរស្ថានការណ៍នយោបាយតាមរយៈការធ្វើបាតុកម្ម” ដែលលោកចាត់ ទុក ថា “នេះជាឧបសគ្គមួយដ៏ធំសម្រាប់ លោក ហ៊ុន សែន” ។
ផលប៉ះពាល់ដែលកើតចេញពីដំណើរទស្សនកិច្ចនេះ សម្រាប់ប្រជាប្រីយ៍របស់ លោក ហ៊ុន សែន នៅក្នុងប្រទេសប្រទេស លោក លី ដិន ផាត បានថ្លែងថា “មិនមានចំណេញ” ពីព្រោះទំនោរនៃការកំចាត់ “យួន” នៅកម្ពុជា សម្រាប់គណបក្សមួយ ចំនួនកាន់តែកើន ឡើង ។
ត្រឡប់ទៅអតីតកាលវិញ លោក ហ៊ុន សែន ត្រូវបានបក្សកុម្មុយនិស្តយួនលើកបន្តុបឡើង នៅឆ្នាំ ១៩៧៩ ។ ដូច្នេះ ទាក់ទង់នឹងភាពគង់វង្សនៃរបប ហ៊ុន សែន ខ្ញុំ គិតថា វាមានការផ្ដល់យោបល់ និងប្រឹក្សា ពីរដ្ឋាភិបាល បក្សកុម្មុយនិស្តហាណូយ ។ ប៉ុន្តែនោះ គ្រាន់តែជាការគិតគូរពីរបបទាំងពីរ គឺ របប ហ៊ុន សែន និង របបកុម្មុយ និស្ត [យួន] ហាណូយ តែប៉ុណ្ណោះ ដែលគេមិនគន់គូរឲ្យអស់ពីទំហំសម្ពាធរបស់ មហាជន ពីព្រោះនេះ ឋិត ហួស ពីការគ្រប់គ្រងរបស់ពួកគេ ។
លោក បានបន្តទៀតថា “សាធារណមតិបានលើកឡើងថា ការដែល ហ៊ុន សែន ទៅវៀត ណាមនោះ គឺដើម្បីស្វែងរកជំនួយ” និងថា “មនុស្សជាច្រើនបានបញ្ចេញមតិនៅលើវិទ្យុ សំបុកឃុំដែលជាវិទ្យុឯករាជ្យថា ឈាមដែលនៅក្នុងខ្លួន លោក ហ៊ុន សែន មិនមែន ជាឈាមខ្មែរទេ គឺជាឈានយួន” ៕
ពិតជាមានផលប៉ះពាល់ច្រើន និងអាក្រក់ទៀតសម្រាប់ដំណើរទស្សនកិច្ចនេះ ពីព្រោះតំណាងរាស្រ្ត គណបក្សប្រឆាំង និងពលរដ្ឋខ្មែរភាគច្រើនចាត់ទុក របប ហ៊ុន សែន ថា ជារបបមួយត្រូវបានបក្ស កុម្មុយនិស្តយួនបង្កើតឡើង ។ មានមនុស្សជាច្រើន គេបានរិះគន់នៅលើវិទ្យុសំបុកឃ្មុំ ដោយប្រើពាក្យ ជាច្រើន ដែលពាក្យទាំងនេះ វាហាក់ដូចជា ជូរចត់បន្តិច ថា ឈាមដែលនៅក្នុងខ្លួន លោក ហ៊ុន សែន នោះ មិនមែនជាឈាមខ្មែរទេ គឺជាឈាមយួន ដោយ លោក ធ្វើអ្វីគ្រប់យ៉ាងដើម្បីផលប្រយោជន៍យួន មិនមែនដើម្បីផលប្រយោជន៍ខ្មែរទេ ។ ពួកគេបាននិយាយត្រង់យ៉ាងនេះនៅលើវិទ្យុ និងវិទ្យុនេះបាន ផ្សព្វផ្សាយរៀងរាល់ពេល ព្រឹក និងថ្ងៃត្រង់បង្កើតជាវេទិកាបញ្ចេញមតិមួយសម្រាប់ប្រជាពលរដ្ឋ បញ្ចេញមតិទាក់ទងនឹងបញ្ហានយោបាយ សង្គម នៅកម្ពុជា ។ ដូច្នេះ ខ្ញុំគិតថា ដំណើរទស្សនកិច្ចបែប នេះ របស់ លោក ហ៊ុន សែន មិនមានផលចំណេញអ្វីដល់លោកទេ ពីព្រោះអ្នករិះគន់ គេបាន និយាយថា ឃើញទេ ការពិត ពេលមានរឿង លោក ហ៊ុន សែន បែរជាទៅវៀតណាមដើម្បីបន់ស្រន់ និងស្វែងរកជំនួយ ពេលត្រឡប់មកវិញមានតែការបង្ក្រាប [លើប្រជាពលរដ្ឋ] ធ្វើអំពើនាំឲ្យខូចផលប្រ យោជន៍ និងការរីក ចម្រើនដល់ជាតិ និងមិនបានធ្វើអ្វីនាំមកចំណេញដល់ប្រទេសជាតិឯណា ?