គណបក្សសង្គ្រោះជាតិ និងក្រុមសង្គមស៊ីវិល នៅព្រឹកថ្ងៃអង្គារនេះ ចាប់ផ្តើមក្បួនដង្ហែរបស់ខ្លួន ដើម្បីជាការអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី ៦៥ និងបង្ហាញពីការទាមទារកុំឲ្យមានការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ។

ក្បួនដង្ហែរបស់គណបក្សប្រឆាំង ផ្តើមចេញពី៣ច្រក គឺក្បួនដង្ហែក្រុមទី ១ ដឹកនាំដោយប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ចេញដំណើរពីទីស្នាក់ការកណ្តាលគណបក្ស ផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ឆ្ពោះទៅទីលានប្រជាធិបតេយ្យ។ក្បួនដង្ហែក្រុមទី ២ ដឹកនាំដោយលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ចេញដំណើរពីសួនច្បារខាងជើងស្ពានអាកាស មន្ទីរពេទ្យព្រះសង្ឃ ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក ឆ្ពោះទៅទីលានប្រជាធិបតេយ្យ ។ ចំណែកក្បួនដង្ហែក្រុមទី៣ ដឹកនាំដោយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហូរ ចេញពីសួនច្បារទល់មុខឃ្លាំងសាំងសូគីម៉ិច ផ្លូវជាតិលេខ ៥ សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ ឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យ ។
ចំណែកក្រុមមិត្ត ១០ ធ្នូ ដែលមានការចូលរួមពីព្រះសង្ឃ ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល ក៏បានដង្ហែមករដ្ឋសភាផងដែរ ដើម្បីទាមទារសិទ្ធិ និងយុត្តិធម៌ ។ អង្គការសង្គមស៊ីវិល ក៏គ្រោងនឹងជួបជុំគ្នានៅរមណីយដ្ឋានវត្តភ្នំ ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី ៦៥ ៕