អាជ្ញាធរយៀកណាមចេញលិខិតប្រកាសដោះលែង ទឹម សាខន

ប្រភពព័ត៌មានពីវិទ្យុអាស៊ីសេរី បានផ្សាយកាលពីថ្ងៃទី០៤ កញ្ញា ឆ្នាំ២០០៨ ទាក់ទិនទៅនឹងស្ថានភាពចុងក្រោយ របស់ ព្រះតេជ គុណ ទឹម សាខន អតីតព្រះចៅអធិការ វត្តភ្នំឌិន ខាងជើង ស្រុកគិរីវង្ស ខែត្រតាកែវ ដែលមានខ្លឹមសារដូចខាងក្រោម៖
 ប្រធានសហព័ន្ធខែ្មរកម្ពុជាក្រោម មានប្រសាសន៏ថា ថ្មីៗនេះ លោកទើបបានទទួលឯកសារចម្លងមួយច្បាប់ ដែលអាជ្ញា ធរយៀកណាមប្រកាសដោះលែងព្រះសង្ឃ ទឹម សាខន ឲ្យមានសេរីភាព។
 លិខិតនោះចេញដោយប្រធានមន្ទីរឃុំឃាំងនៃអាជ្ញាធរយៀកណាមនៅខែត្រមាត់ជ្រូក ឬយៀកណាមហៅថា ខែត្រជូដុក ឬអាងយ៉ាងនៃដែនដីកម្ពុជាក្រោម ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៨ ដោយវរសេនីយ៏ឯកយៀកណាម ឈ្មោះ ឡេ ហង ម៉ុង។
 ក្នុងលិខិតនោះមានសរសេរថា លោក ទឹម សាខន ប្រសូតនៅឆ្នាំ១៩៦៨ ជាជនជាតិខែ្មរ សញ្ជាតិយៀកណាម កាន់ព្រះ ពុទ្ធសាសនា រស់នៅក្នុងប្រទេសកម្ពុជា ខែត្រតាកែវ ប៉ុន្តែត្រូវបានចាប់ខ្លួនកាលពីថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០០៧ ជាប់ចោទពីបទ ឧក្រិដ្ឋថា បានបំបែកបំបាក់គោលនយោបាយបង្រួបបង្រួមជាតិ គឺត្រូវជាប់ឃុំឃាំងរយៈពេលមួយឆ្នាំ។
 លិខិតនោះបញ្ជាក់ថា ជននេះគឺលោក ទឹម សាខន បានទទួលទោសនៅក្នុងមន្ទីរឃុំឃាំងបានចប់សព្វគ្រប់ទៅតាមកាល កំណត់ ហើយនោះទើបលោកត្រូវបានអនុញ្ញាតឲ្យមានសេរីភាពក្នុងការវិលត្រឡប់ទៅរស់នៅស្រុកភ្នំឌិន នៅខែត្រតាកែវ ប្រទេសកម្ពុជាវិញ។ លិខិតនោះបញ្ជាក់បន្តថា លោក ទឹម សាខន គួរតែបង្ហាញវត្តមានរបស់លោកនៅចំពោះមុខអាជ្ញាធរមូល ដ្ឋាននៃខែត្រតាកែវនៅឯទីលំនៅរបស់លោក គឺបង្ហាញខ្លួនឲ្យបាននៅមុខថ្ងៃទី២ ខែកក្កដា ឆ្នាំ២០០៨។
 តែប្រធានសហព័ន្ធខែ្មរកម្ពុជាក្រោម លោក ថាច់ ង៉ុក ថាច់ មានប្រសាសន៏ថា ប៉ុន្តែតាំងពីពេលនោះ មកដល់ថ្ងៃនេះ លោក ទឹម សាខន នៅតែមិនអាចត្រឡប់មកកម្ពុជាវិញបាន ដូចសេចក្តីអះអាងរបស់អាជ្ញាធរយៀកណាមនោះឡើយ។
  លោក ថាច់ ង៉ុក ថាច់ បានមានប្រសាសន៏ថា៖ “រដ្ឋាភិបាលយួនប្រធានគុក គេបានដោះលែងគ្រូខន ឲ្យមានសិទ្ធិសេរីភាព ហើយមានក្រដាសស្នាមសម្រាប់ឲ្យលោកកាន់ត្រឡប់មកស្រុកភ្នំឌិន ខែត្រតាកែវហ្នឹងវិញ។ គឺក្រដាសហ្នឹងគេចម្លងទៅឲ្យមេឃុំ ខែត្រតាកែវហ្នឹងផង ដើម្បីថ្ងៃទី០២ ហ្នឹង ឲ្យលោកគ្រូខនហ្នឹងបង្ហាញមុខនៅសាលាឃុំ ដើម្បីបញ្ជាក់ថា លោកបានរួចចេញផុតពី ពន្ធនាគារហើយ ក៏ប៉ុន្តែផ្ទុយទៅវិញ គឺគេនៅតែបន្តការឃុំឃាំងអ៊ីចឹង ហើយគេយកលេសថា ដោយសារគ្រូខនហ្នឹង មិនវិលត្រ ឡប់មកប្រទេសកម្ពុជាវិញដោយចិត្តឯង”។
 វិទ្យុអាស៊ីសេរីថ្ងៃនេះ មិនទាន់អាចទាក់ទងបានខាងអាជ្ញាធរខែ្មរនៅខែត្រតាកែវថា តើលោកបានទទួលលិខិតចម្លងនោះ ហើយឬយ៉ាងណានោះទ? ប៉ុន្តែលោកប្រធានសហព័ន្ធខែ្មរកម្ពុជាក្រោម មានប្រសាសន៏ថា ពាក្យដែលមន្រ្តីរដ្ឋាភិបាលខែ្មរអះ អាង កាលពីពេលថ្មីៗនេះថា លោក ទឹម សាខន ស្ម័គ្រចិត្តរស់នៅដែនដីកម្ពុជាក្រោម មិនព្រមវិលមកកម្ពុជាវិញនោះ គឺមិនពិត ដូចចិត្តលោក ទឹម សាខន នោះឡើយ។
 លោក ថាច់ ង៉ុក ង៉ុក បញ្ជាក់ថា ព្រះតេជគុណ ទឹម សាខន ចង់វិលមករស់នៅជួបជុំឪពុកលោកវិញ ប៉ុន្តែរងការគាប សង្កត់ពីអាជ្ញាធរយៀកណាម។
 សូមរំឭកជូនថា ព្រះសង្ឃ ទឹម សាខន អតីតព្រះចៅអធិការ វត្តភ្នំឌិន រងការចាប់ផ្សឹកដោយមនុស្សមួយក្រុម កាលពីថ្ងៃ ទី៣០ ខែមិថុនា ឆ្នាំ២០០៧ ហើយចាប់បញ្ជូលទៅក្នុងរថយន្តដឹកចេញពីខែត្រតាកែវ នៃប្រទេសកម្ពុជាយកទៅបាត់។ លុះដល់ខែ វិច្ឆិកា ឆ្នាំ២០០៧ តុលាការយៀកណាមនៅប្រទេសយៀកណាម បានកាត់ទោសលោកឲ្យជាប់ពន្ធនាគារមួយឆ្នាំនៅឯដែនដី ដែលគ្រប់គ្រងដោយរដ្ឋាភិបាលយៀកណាមនោះ៕.