អាជ្ញាធរយួននាំព្រះតេជគុណ ទឹម សាខន ទៅដល់ស្រុកស្វាយទងហើយ

ដោយៈ ចៅ មុនីខេមរា

………នេះជាការអះអាងរបស់លោក ចៅ បាន ប្អូនប្រុសបង្កើតព្រះតេជគុណ ទឹម សាខន អតីតសង្ឃ ព្រះចៅអធិការវត្តភ្នំដិន ខាងជើង ស្រុកគិរីវង់ ខេត្តតាកែវ ដែលត្រូវបានអាជ្ញាធរខ្មែរចាប់ផ្សឹក នឹងបញ្ជូនមក ដាក់ពន្ធនាគារនៅប្រទេសយួន ។

 ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញផ្ទាល់ភ្នែកបានឲ្យវិទ្យុសំឡេងកម្ពុជាក្រោមដឹងកាលពីព្រឹកថ្ងៃអង្គារនេះថា ព្រះតេជគុណ ទឹម សាខន មិនទាន់សុគតទេ គេឃើញពួកមន្រ្តី នៃអាជ្ញាធរយួននាំព្រះតេជគុណ ទឹម សាខន ត្រឡប់មកស្រុកស្វាយទង ខេត្តមាត់ជ្រូកវិញហើយ បន្ទាប់ពីបាត់ខ្លួនអស់រយៈពេលមួយខែក្រោយពីការដោះលែងនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០០៨ មក ។ ការអះអាងរបស់ប្រជាពលរដ្ឋខ្មែរក្រោម នៅស្រុកស្វាយទងនេះ ស្រដៀងគ្នាទៅនឹងការអះអាង របស់លោក ចៅ បាន ប្អូនប្រុសបង្កើតព្រះតេជគុណ ទឹម សាខន បេះបិទ ។ លោក ចៅ បាន បានឲ្យដឹងកាលពីព្រឹកថ្ងៃអង្គារទី ៥ សីហា នេះថា ព្រះតេជគុណ ទឹម សាខន ត្រូវបានពួកមន្រ្តីនៃអាជ្ញាធរយួននាំខ្លួនមកដល់ស្រុកស្វាយទងពិតមែន ហើយបច្ចុប្បន្នកំពុងរស់នៅជាមួយអ៊ុំបង្កើត ក្នុងឃុំបាជុក ស្រុកស្វាយទង ខេត្តមាត់ជ្រូក អតីតទឹកដីកម្ពុជាក្រោម ។ ក្រៅពីនោះពួកអាជ្ញាធរយួនបាននាំព្រះអង្គទៅលេងវត្តមួយចំនួន តែគ្មាននរណាដឹងថា ក្នុងគោលបំណងអ្វីនោះទេ……. ។

 ដោយឡែកទាក់ទិននឹងការដោះលែងព្រះតេជគុណ ទឹម សាខន ចេញពីពន្ធនាគារ តែមិនអនុញ្ញាតឲ្យព្រះអង្គវិល ត្រឡប់ទៅរស់នៅជួបជុំគ្រួសារឯប្រទេសកម្ពុជា លោក អាង ចន្ទឫទ្ធិ នាយកប្រតិបត្តិអង្គការខ្មែរកម្ពុជាក្រោមការពារសិទ្ធិមនុស្ស ដែលមានទីស្នាក់ការកណ្តាលនៅឯទីក្រុងភ្នំពេញ បានមានប្រតិកម្មចំពោះការដោះលែងព្រះតេជគុណ ទឹម សាខន ពីសំណាក់អាជ្ញាធរ នៃរដ្ឋាភិបាលយួនដូច្នេះថា……. ។ លោក អាង ចន្ទឫទ្ធិ បានមានប្រសាសន៍បន្ថែមថា អ្វីដែលរដ្ឋាភិបាល យួនបាននាំព្រះអង្គត្រឡប់មកវិញ នោះគ្រាន់តែជាព័ត៌មានមួយ ដើម្បីធ្វើឲ្យពលរដ្ឋខ្មែរក្រោមអស់ចិត្តិតែប៉ុណ្ណោះ តែជាការពិតក្រុមមន្រ្តីសង្គមស៊ីវិល និងប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជាមិនអាចយកជាការបានឡើយ ដ៏រាបណាព្រះតេជគុណ ទឹម សាខន មិនទាន់ត្រូវបានគេបញ្ជូនទៅជួបជុំគ្រួសារនៅឯប្រទេសកម្ពុជាវិញ ។ ជាពិសេសមានការពិនិត្យសុខភាព ពីក្រុមវេជ្ជបណ្ឌិត នឹងសួរនាំផ្សេង ៗ ពីក្រុមអង្គការខ្មែរកម្ពុជាក្រោមការពារសិទ្ធិមនុស្ស ឬក្រុមអ្នកច្បាប់នៅស្រុកខ្មែរ ដែលអង្គការខ្មែរកម្ពុជាក្រោមការពារសិទ្ធិមនុស្សបានពឹងពាក់ឲ្យជួយដើម្បីរកយុត្តិធមិជូនព្រះតេជ-គុណ ទឹម សាខន ។

 លោក អាង ចន្ទឫទ្ធិ បានសម្តែងការព្រួយបារម្ភចំពោះព្រះតេជគុណ ទឹម សាខន ក៏ដូចជាពលរដ្ឋ ខ្មែរក្រោមដែលកំពុងរស់នៅលើទឹកដីកម្ពុជា ខណៈពេលដែលពួកគាត់ទទួលបានសញ្ជាតិស្របច្បាប់ តែពួកគាត់មិនត្រូវបានគាំពារដោយរដ្ឋាភិបាល ហើយប្រឈមនឹងការចាប់បញ្ជូនមកស្រុកវិញ ដោយគ្មានការការពារពីផ្នែកច្បាប់ ឬរដ្ឋាភិបាលប្រទេសកម្ពុជាដូច្នេះថា….. ។

 ព្រះសង្ឃមួយអង្គ គង់នៅទីក្រុងភ្នំពេញ ដែលបានតាមដានហេតុការណ៍ចាប់ផ្សឹក និងទង្វើរំលោភបំពានសិទ្ធិមនុស្ស និងសេរីភាពសាសនានៅកម្ពុជាក្រោម បានសម្តែងការស្វាគមន៍ចំពោះរដ្ឋាភិបាលយួន ដែលបានធ្វើការដោះលែង ព្រះតេជគុណទឹម សាខន ប៉ុន្តែព្រះអង្គសង្ឃឹមថា ព្រះតេជគុណ ទឹម សាខន នឹងអាចធ្វើដំណើរទៅណាមកណាបាន តាមសិទ្ធិសេរីភាពរបស់ព្រះអង្គ…………. ។

 គួររំលឹកថា ព្រះតេជគុណ ទឹម សាខន ព្រះជន្ម ៤០ វស្សា កើតនៅឃុំបាជុក ស្រុកស្វាយទង ខេត្តមាត់ជ្រូក អតីតទឹកដីកម្ពុជាក្រោម បានទៅរស់នៅឯប្រទេសកម្ពុជាកាលពីសម័យសង្គ្រាមប៉ុលពត ក្រោយមកក៏បានបួសជាក្នុង វត្តភ្នំដិនខាងជើងស្រុកគិរីវង់ ខេត្តតាកែវ ហើយទទួលបានការតែងតាំងជាព្រះចៅអធិការវត្តខាងលើដោយស្តេចសង្ឃ ទេព វង្ស ទៀតផង ។ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០០៧ ត្រូវមន្រ្តីសង្ឃចាប់ផ្សឹក ហើយត្រូវបានពួកអាជ្ញាធរខ្មែរបញ្ជូនមកដាក់គុកនៅ ស្រុកយួន ។ ក្រោយមកប៉ុន្មានថ្ងៃមានកាសែតក្នុងស្រុកយួនប្រកាសថា ចាប់បានព្រះតេជគុណ ទឹម សាខន ឆ្លងដែនខុសច្បាប់ចូលប្រទេសយួន ។ រហូតមកដល់ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០០៧ ព្រះតេជគុណ ទឹម សាខន ត្រូវបានតុលាការយួនខេត្តមាត់ជ្រូកកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ដោយចោទប្រកាន់ពីបទបំផ្លិចបំផ្លាញ គោលនយោបាយសាគ្គីភាពស្អីគេនោះ ៕.