សមត្ថកិច្ច​វៀតណាម​រឹប​អូស​យក​សៀវភៅ ​វេយ្យាករណ៍​ខ្មែរ​ពី​ពលរដ្ឋ​ខ្មែរ​ក្រោម

ដោយ យាង សុជាមេត្តា l RFA
2014-03-01

អាជ្ញាធរ​វៀតណាម កាល​ពី​ថ្ងៃ​ទី​ ១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៤ បាន​រឹប​អូស​យក​សៀវភៅ​វេយ្យាករណ៍​ខ្មែរ​ជាង ៣០​ក្បាល ពី​ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់ នៅ​ខេត្ត​ព្រះត្រពាំង ឬ​វៀតណាម ហៅ​ថា ខេត្ត​ត្រាវិញ។ ពលរដ្ឋ​រូប​នេះ គឺ​ជា​អ្នក​រៀបរៀង​សៀវភៅ​វេយ្យាករណ៍ ហើយ​ត្រូវ​បាន​ព្រះសង្ឃ​ខ្មែរ​ក្រោម​នៅ​ប្រទេស​ថៃ ជួយ​យក​ទៅ​បោះពុម្ព ។

ព្រះតេជព្រះគុណ ថាច់ ចន្ទតារា (Thach Canh) សមណនិស្សិតខ្មែរក្រោម នៅប្រទេសថៃ អ្នកទទួលខុសត្រូវបោះពុម្ពសៀវភៅ"វេយ្យាករណ៍ខ្មែរសង្គ្រោះ" ដែលជាស្នាដៃរៀបរៀង ដោយ លោក ថាច់ ឯក ។
ព្រះតេជព្រះគុណ ថាច់ ចន្ទតារា (Thach Canh) សមណនិស្សិតខ្មែរក្រោម នៅប្រទេសថៃ អ្នកទទួលខុសត្រូវបោះពុម្ពសៀវភៅ”វេយ្យាករណ៍ខ្មែរសង្គ្រោះ” ដែលជាស្នាដៃរៀបរៀង ដោយ លោក ថាច់ ឯក ។

ចុចស្ដាប់ Khmer Grammar

ក្រោយ​មក បាន​បញ្ជូន​សៀវភៅ​មួយ​ចំនួន​មក​កម្ពុជា​ក្រោម​វិញ ដើម្បី​ប្រគល់​ឲ្យ​ម្ចាស់​រៀបរៀង។ ការ​រឹប​អូស​នេះ អាជ្ញាធរ​វៀតណាម អះអាង​ថា ម្ចាស់​រៀបរៀង​មិន​បាន​សុំ​ច្បាប់​អនុញ្ញាត​បោះពុម្ព​ពី​អាជ្ញាធរ​ជា​មុន។

សៀវភៅ​វេយ្យាករណ៍​ខ្មែរ​ដែល​មាន​ចំណង​ជើង​ថា វេយ្យាករណ៍​ខ្មែរ​សង្គ្រោះ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម រឹប​អូស បន្ទាប់​ពី​សៀវភៅ​ទាំង​នេះ​ត្រូវ​បាន​បញ្ជូន​ពី​ប្រទេស​ថៃ ទៅ​កម្ពុជា​ក្រោម ដើម្បី​ចែក​ចាយ​ជា​ធម្មទាន​ដល់​គ្រូបង្រៀន​អក្សរសាស្ត្រ​ខ្មែរ និង​ប្រគេន​ព្រះសង្ឃ ដើម្បី​តម្កល់​ទុក​ជា​ឯកសារ​អក្សរសាស្ត្រ​នៅ​តាម​វត្ត​អារាម​មួយ​ចំនួន​នៅ​កម្ពុជា​ក្រោម។

ពលរដ្ឋ​ខ្មែរ​ក្រោម​ឈ្មោះ ថាច់ ឯក អាយុ ៦០​ ឆ្នាំ សព្វថ្ងៃ​ប្រកប​របរ​ជា​កសិករ និង​ជា​គ្រូបង្រៀន​អក្សរសាស្ត្រ​ខ្មែរ​ដល់​ព្រះសង្ឃ នៅ​ភូមិ​សំណឹងធំ ស្រុក​កំពង់ស្ពាន ខេត្ត​ព្រះត្រពាំង ឬ​វៀតណាម ហៅ​ថា ភូមិ​បាមី ឃុំ​ហ្វាអឹង ស្រុក​កូវកែ ខេត្ត​ត្រាវិញ និង​ជា​អ្នក​រៀបរៀង​សៀវភៅ​វេយ្យាករណ៍​ខ្មែរ​សង្គ្រោះ ផង​នោះ។ លោក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ ថា ព្រះសង្ឃ​ខ្មែរ​ក្រោម​នៅ​ប្រទេស​ថៃ បាន​ផ្ញើ​សៀវភៅ​ឲ្យ​លោក​ចំនួន ៣៧ ​ក្បាល ។

ក្រោយ​មក លោក​បាន​យក​សៀវភៅ​នោះ​ទៅ​ប្រគេន​ព្រះសង្ឃ​ក្នុង​ស្រុក​ចំនួន ២​ក្បាល ឲ្យ​មិត្តភ័ក្ដិ​១​ក្បាល និង​បោះ​ក្នុង​រណ្ដៅ​សីមា​១​ក្បាល ហើយ​នៅ​សល់ ៣៣​ ក្បាល​ទៀត លោក​មាន​បំណង​ធ្វើ​បុណ្យ​ឆ្លង មុន​នឹង​លោក​យក​សៀវភៅ​ទាំងអស់​នោះ​ទៅ​ធ្វើ​ជា​ធម្មទាន ប្រគេន​ព្រះសង្ឃ ដើម្បី​តម្កល់​ទុក​តាម​វត្ត​មួយ​ចំនួន ក្នុង​ខេត្ត​ព្រះត្រពាំង។

តែ​លោក​ថា សៀវភៅ​ទាំងអស់​នោះ​ត្រូវ​អាជ្ញាធរ​វៀតណាម រឹប​អូស​យក​អស់​ទៅ​ហើយ៖

«អ្នក​ដែល​មក​រឹប​អូស​នោះ គឺ​មាន​ក្រុម​សន្តិសុខ​ភូមិ​ភាគ ៤​នាក់ នគរបាល​ខេត្ត ២​នាក់ នគរបាល​ស្រុក ២​នាក់ គេ​មក​កំណត់​ហេតុ ប៉ុន្តែ​នៅ​ពេល​ដែល​គេ​មក​កំណត់​ហេតុ គេ​សុំ​តែ​មួយ​ទេ គេ​ទាមទារ​យក ខ្ញុំ​មិន​ឲ្យ ក៏​គេ​មិន​ហ៊ាន​យក​ដែរ។ ហើយ​នៅ​ពេល​ស្អែក គេ​នាំ​សន្តិសុខ​ខេត្ត​ម្នាក់​យក​ខាង​ក្រសួង​សិក្សាធិការ ស្រុក ២​នាក់ ជាមួយ​អនុប្រធាន​នគរបាល​ឃុំ​ម្នាក់ អនុប្រធាន​នគរបាល​ភូមិ​ម្នាក់ ដើម្បី​សុំ​សៀវភៅ​ខ្ញុំ​យក​ទៅ គេ​និយាយ​ថា គេ​យក​ទៅ​ទុក​ដាក់​ជា​បណ្ដោះ​អាសន្ន ព្រោះ​ថា សៀវភៅ​ដែល​មិន​បាន​សម្រេច​ដោយ​រដ្ឋាភិបាល មិន​ទាន់​ពិនិត្យ​មិន​ទាន់​មាន​សិទ្ធិ​ចែក​ចាយ ពេល​ណា​ដែល​គេ​យក​ទៅ​ពិនិត្យ​ឃើញ​ថា សៀវភៅ​យើង​យក​ទៅ​ប្រើប្រាស់​បាន គេ​នឹង​ធ្វើ​លិខិត​ទទួល​ស្គាល់ ដើម្បី​ឲ្យ​យើង​មក​ប្រើប្រាស់​ជា​ផ្លូវ​ការ»។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក ថាច់ ឯក អះអាង​ថា អាជ្ញាធរ​វៀតណាម មិន​បាន​និយាយ​គំរាម​លោក ឬ​ថា​ពួក​គេ​នឹង​ចាត់​វិធាន​ការ​យ៉ាង​ណា​ចំពោះ​រូប​លោក​នោះ​ទេ។ ប៉ុន្តែ ពួក​គេ​និយាយ​ថា អ្វី​ដែល​លោក​បាន​ធ្វើ គឺ​បាន​រំលោភ​ច្បាប់​របស់​វៀតណាម ដែល​ថា រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​បោះ​ពុម្ព​សៀវភៅ ប៉ុន្តែ​ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​របស់​រដ្ឋ​ជា​មុន​សិន។ អាជ្ញាធរ​ក៏​បាន​ប្រាប់​លោក​ថា បើ​សៀវភៅ​ទាំងអស់​នោះ​ត្រូវ​បាន​បោះ​ពុម្ព​នៅ​ប្រទេស​វៀតណាម វា​គ្រាន់​បើ​ជាង​បោះ​ពុម្ព​នៅ​ប្រទេស​ថៃ។

លោក ថាច់ ឯក៖

«គេ​គ្រាន់​តែ​បញ្ជាក់​យើង​ចុះ​ឡើងៗ​ថា ពូ​កុំ​ភ័យ​គ្មាន​រឿង​អី​ទាំងអស់​ហ្នឹង ខ្ញុំ​គ្រាន់​តែ​ចង់​សុំ​សៀវភៅ​ហ្នឹង​យក​ទៅ​ត្រួត​ពិនិត្យ ដើម្បី​ដឹង​ថា ពូ​រៀប​ចំ​ហ្នឹង​មាន​អ្នក​ដទៃ​គេ​បញ្ចូល​ភាសា​គេ​ដែរ​ឬ​ទេ ខ្ញុំ​ថា គ្មាន​ទេ។ លោក​បន្ថែម​មួយ​ឃ្លា​ពីរ​ដែរ ប៉ុន្តែ​ក្នុង​ន័យ​វេយ្យាករណ៍​ដូច​គ្នា មិន​មែន​ក្នុង​ន័យ​នយោបាយ​ទេ បើ​សិន​ជា​មាន​ទាក់ទង​នយោបាយ​ក្នុង​ហ្នឹង ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»។

លោក ថាច់ ឯក ដែល​ធ្លាប់​បួស​ជា​សង្ឃ ហើយ​បាន​ឡើង​មក​បន្ត​ការ​សិក្សា​នៅ​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​១៩៧២។ ក្នុង​សម័យ​ខ្មែរ​ក្រហម លោក​ត្រូវ​បាន​ចាប់​ផ្សឹក​បញ្ជូន​ឲ្យ​ទៅ​រស់​នៅ​ខេត្ត​ព្រៃវែង។ លោក​បាន​វិល​ត្រឡប់​ទៅ​កម្ពុជា​ក្រោម​វិញ​នៅ​ឆ្នាំ​១៩៨០ ហើយ​បន្ត​រស់​នៅ​ស្រុក​កំណើត​របស់​ខ្លួន​រហូត​ដល់​សព្វថ្ងៃ។ លោក​ថ្លែង​ថា លោក​បាន​ចាប់​ផ្ដើម​រៀបរៀង​សៀវភៅ​វេយ្យាករណ៍​ខ្មែរ​សង្រ្គោះ តាំង​ពី​ឆ្នាំ​២០០៥ ហើយ​បាន​ចប់​សព្វគ្រប់​នៅ​ឆ្នាំ​២០០៩។ លោក​ថា បន្ទាប់​ពី​រៀបរៀង​រួច​រាល់​ហើយ លោក​បាន​ទូល​ព្រះតេជព្រះគុណ មេគណ​ស្រុក​ថា លោក​មាន​បំណង​បោះ​ពុម្ព​ចេញ​ជា​សៀវភៅ។

ព្រះតេជព្រះគុណ​មេគណ ក៏​បាន​ផ្តល់​យោបល់​ឲ្យ​លោក​ធ្វើ​ការ​បោះ​ពុម្ព។ ក្រោយ​មក លោក ថាច់ ឯក បាន​ព្យាយាម​រក​ឲ្យ​គេ​ជួយ​បោះ​ពុម្ព ប៉ុន្តែ​លោក​ថា ដោយសារ​ពុំ​សូវ​មាន​អ្នក​ចេះ​វាយ​ពុម្ព​អក្សរ​ខ្មែរ និង​កង្វះ​បច្ចេកទេស​ផង​នោះ ហើយ​ម្យ៉ាង​លោក​ខ្លាច​ឯកសារ​ដែល​លោក​ខិតខំ​រៀបរៀង​នោះ​ត្រូវ​ខូចខាត​ដោយសារ​សត្វ​ល្អិត​បំផ្លាញ លោក​ក៏​បាន​ឲ្យ​ព្រះសង្ឃ​ខ្មែរ​ក្រោម​ដែល​និមន្ត​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ ជួយ​យក​ឯកសារ​របស់​លោក​វាយ​បោះ​ពុម្ព​ជា​សៀវភៅ​នៅ​ទីនោះ​តែ​ម្តង និង​បាន​បោះ​ពុម្ព​ចប់​សព្វគ្រប់​នៅ​ចុង​ឆ្នាំ​២០១៣។ លោក ថាច់ ឯក ថា លោក​មិន​នឹក​ស្មាន​ថា ក្រោយ​ពី​សៀវភៅ​របស់​លោក​ត្រូវ​បាន​បោះ​ពុម្ព​រួច អាជ្ញាធរ​វៀតណាម មក​រឹប​អូស​យក​សៀវភៅ​លោក​ដូច្នេះ​សោះ ។

ព្រះសង្ឃ​ខ្មែរ​ក្រោម ព្រះនាម ថាច់ ចន្ទតារា ដែល​ជា​អ្នក​វាយ​បោះ​ពុម្ព​សៀវភៅ​វេយ្យាករណ៍​ខ្មែរ​សង្គ្រោះ បាន​មាន​ថេរ​ដីកា​ពី​ប្រទេស​ថៃ ថា ព្រះតេជព្រះគុណ​បាន​បោះ​ពុម្ព​សៀវភៅ​ទាំងអស់​ចំនួន ៣០០​ក្បាល តែ​ព្រះអង្គ​បាន​ផ្ញើ​ឲ្យ លោក ថាច់ ឯក ខ្លះ​សិន រហូត​ដល់​ពេល​ដែល​ព្រះតេជព្រះគុណ​និមន្ត​ទៅ​ស្រុក​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ ព្រះតេជព្រះគុណ​នឹង​នាំ​យក​ទៅ​ទាំងអស់​តែ​ម្តង ដើម្បី​ចែក​ចាយ​ជា​ធម្មទាន។ ព្រះតេជព្រះគុណ តារា ថា ព្រះអង្គ​នៅ​តែ​យក​សៀវភៅ​ទាំងអស់​នេះ​ទៅ​កម្ពុជា​ក្រោម បើ​ទោះ​ជា​ពេល​នេះ​ព្រះអង្គ​បាន​ដឹង​ថា អាជ្ញាធរ​វៀតណាម បាន​រឹប​អូស​យក​ក៏ដោយ។

ព្រះតេជព្រះគុណ ថាច់ ចន្ទតារា៖

«អាត្មា​ភាព​គង់​តែ​យក​ទៅ​ដល់​ចំណែក​ថា រដ្ឋាភិបាល​គេ​រឹប​យក​ហ្នឹង អាត្មា​ភាព​មាន​វិធាន​ការ​យ៉ាង​ណា អាត្មា​ភាព គឺ​មុន​ដំបូង​ប្រហែល​ជា​មិន​ឲ្យ​ដោយ​ងាយៗ​ដែរ មក​ពី​អាត្មា​ភាព​ក៏​ចង់​សួរ​ឲ្យ​ជាក់​ច្បាស់​ថា រដ្ឋាភិបាល​ចេញ​ច្បាប់​ហើយ តើ​រដ្ឋាភិបាល​មាន​គោរព​សិទ្ធិ​របស់​ជនជាតិ​ដើម​ដែរ​ឬ​ទេ? បើ​រដ្ឋាភិបាល​គោរព​សិទ្ធិ​រដ្ឋាភិបាល មិន​គួរ​រឹប​យក​ទេ ប៉ុន្តែ​បើ​រដ្ឋាភិបាល​ប្រើ​កម្លាំង ដើម្បី​មក​រឹប​យក​អាត្មា​ភាព ប្រហែល​ជា​អង្គ​ឯង​ហ្នឹង​ក៏​ធ្វើ​អី​មិន​បាន​ដែរ បើ​គេ​យកៗ​ចុះ»។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ ថា វា​គឺ​ជា​ចរិត​របស់​រដ្ឋាភិបាល​វៀតណាម តាំង​ពី​ដើម​មក ដែល​តែង​ត្រួត​ពិនិត្យ​កម្មវិធី​សិក្សា​របស់​ព្រះសង្ឃ​ខ្មែរ។ លោក​ថា នេះ​គឺ​ជា​គោលដៅ​របស់​វៀតណាម ក្នុង​ការ​បំបាត់​នូវ​ឫសគល់​អក្សរសាស្ត្រ​ខ្មែរ​នៅ​កម្ពុជា​ក្រោម។ លោក​ថា វៀតណាម មិន​បាន​ឲ្យ​ខ្មែរ​រៀន​សូត្រ​អក្សរសាស្ត្រ​ជាតិ​របស់​ខ្លួន​បាន​ទូលំទូលាយ​នោះ​ទេ គឺ​បាន​ត្រឹម​តែ​ចេះ​អាន និង​ចេះ​សរសេរ​បន្តិចបន្តួច​ប៉ុណ្ណោះ។

លោក ថាច់ សេដ្ឋា៖

«គេ​មិន​អាច​ឲ្យ​រៀន​សូត្រ​អ្វី​ខុស​ពី​មាគ៌ា​របស់​គេ​ទេ សូម្បី​តែ​សៀវភៅ​វេយ្យាករណ៍​បាលី វា​មិន​ចេះ​អាន​មិន​ចេះ​មើល ក៏​វា​យក​ទៅ​ត្រួត​ពិនិត្យ ដើម្បី​ស្រាវជ្រាវ​អ៊ីចឹង​ដែរ អ៊ីចឹង​មាន​ន័យ​ថា ជា​ចេតនា​មួយ​គេ​មិន​ចង់​ឲ្យ​ខ្មែរ​យើង​នៅ​ខាង​ហ្នឹង ព្រះសង្ឃ​លោក​រៀន​អី​ក្រៅ​ពី​ការ​ណែនាំ​ពី​មាគ៌ា​ក្រោម​បញ្ជា​បង្គាប់​របស់​គេ​ទេ ហើយ​អ្វី​ដែល​យើង​ឃើញ​ច្បាស់​ហើយ បង្ហាញ​ពី​សិទ្ធិ​សេរីភាព​ក្នុង​ការ​សិក្សា​រៀន​សូត្រ​ហ្នឹង គឺ​វា​មិន​អាច​មាន​សិទ្ធិ​សិក្សា​រៀន​សូត្រ​ដូច​អ្វី​ដែល​ខាង​យួន លើក​ឡើង​ទេ គឺ​ឃើញ​ច្បាស់​ហើយ អា​នេះ​ជា​គំនាប​មួយ​យ៉ាង​តឹងតែង​បំផុត ដែល​យើង​មិន​អាច​រៀន​សូត្រ​ដោយ​សេរី​បាន»។

កន្លង​មក អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា តែង​តវ៉ា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម គោរព​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម និង​គោរព​សិទ្ធិ​ជនជាតិ​ដើម​របស់​ពួក​គេ។ ក្នុង​នោះ​ក៏​មាន​សិទ្ធិ​សេរីភាព​ក្នុង​សិក្សា​អក្សរសាស្ត្រ​ជាតិ​របស់​ខ្លួន និង​ទាមទារ​ឲ្យ​មាន​សាលា​ភាសា​ខ្មែរ​ជាដើម។

អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាំងថុង (Tran Van Thong) បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ ថា លោក​មិន​បាន​ដឹង​អំពី​ការ​រឹប​អូស​សៀវភៅ​ពី​ពលរដ្ឋ​ខ្មែរ​ក្រោម​ឡើយ។ ប៉ុន្តែ​លោក​ថា នៅ​ប្រទេស​វៀតណាម អ្នក​ដែល​មាន​បំណង​បោះ​ពុម្ព​សៀវភៅ ត្រូវ​សុំ​ច្បាប់​អាជ្ញាធរ​ជា​មុន​សិន ហើយ​ថា ការ​ចរាចរ​ឯកសារ​ទាំង​ឡាយ​ក៏​ត្រូវ​មាន​ការ​ពិនិត្យ​ដូច​គ្នា។ លោក​ថា ប្រសិន​បើ​រក​ឃើញ​ថា ឯកសារ​ណា​មួយ​មាន​ខ្លឹមសារ​ដែល​ខុស​ពី​ច្បាប់​វៀតណាម អាជ្ញាធរ​ត្រូវ​មាន​វិធាន​ការ​តាម​ច្បាប់។

លោក ត្រឹង វ៉ាំងថុង៖

«និយាយ​រួម​ទៅ គឺ​នៅ​វៀតណាម អ៊ីចឹង ដូច​ខ្ញុំ​ជនជាតិ​វៀតណាម ខ្ញុំ​ចង់​សរសេរ​សៀវភៅ​មួយ ខ្ញុំ​ចង់​បោះ​ពុម្ព​ផ្សាយ ខ្ញុំ​ត្រូវ​សុំ​ច្បាប់ ហើយ​ដល់​ពេល​គេ​មាន​ចេញ អា​ហ្នឹង​ហើយ​បាន​បោះ​ពុម្ព​បាន។ ពី​បញ្ហា​ហ្នឹង ខ្ញុំ​សូម​ជម្រាប​ជូន​នៅ​វៀតណាម មាន ៥៤​ជនជាតិ ហើយ ៥៤​ជនជាតិ​ហ្នឹង គឺ​មាន​សិទ្ធិ​ស្មើ​គ្នា​ទេ គេ​ស្មើ​ភាព​ចំពោះ​ច្បាប់​ទាំងអស់ ទាំងអស់​គ្នា​មាន​ការ​ប្រកាន់​ជនជាតិ​ភាគ​តិច ឬ​ជនជាតិ​ដើម​ហ្នឹង ជា​ការ​មួលបង្កាច់​ទេ ជា​ការ​ប្រឌិត​ទៀត ព្រោះ​ពួក​ម៉ាក​ខ្ញុំ​គាត់​ជា​ជនជាតិ​ភាគ​តិច ភាគ​ច្រើន​គាត់​ចង់​បោះ​ពុម្ព​សៀវភៅ គាត់​ត្រូវ​សុំ​ច្បាប់​ដែរ»។

នាយក​ប្រតិបត្តិ​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច លោក អាង ច័ន្ទឫទ្ធិ បាន​កត់​សម្គាល់​ថា ការ​រឹប​អូស​សៀវភៅ​វេយ្យាករណ៍​ខ្មែរ​នេះ គឺ​ជា​ការ​រំលោភ​លើ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម។ លោក​ថា រដ្ឋាភិបាល​វៀតណាម មិន​គួរ​ធ្វើ​សកម្មភាព​ដូច​នេះ​ទេ បើ​រដ្ឋាភិបាល​វៀតណាម អះអាង​ថា ខ្លួន​ជា​ប្រទេស​មួយ​ដែល​ធានា​នូវ​ការ​គោរព​សិទ្ធិ​ជនជាតិ​ភាគ​តិច និង​ជនជាតិ​ដើម​នោះ។ លោក​ថា ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​វៀតណាម គួរ​តែ​យក​ចិត្ត​ទុក​ដាក់ និង​លើក​ស្ទួយ​ឲ្យ​មាន​ការ​រក្សា​ភាសា​កំណើត​របស់​ជនជាតិ​ភាគ​តិច និង​ជនជាតិ​ដើម​ទាំង​នោះ។ លោក​ថា ទង្វើ​របស់​រដ្ឋាភិបាល​វៀតណាម ទាំងអស់​នេះ មិន​យូរ​មិន​ឆាប់ នឹង​ធ្វើ​ឲ្យ​ខ្មែរ​ក្រោម​ត្រូវ​បាត់​បង់​អត្តសញ្ញាណ​អក្សរសាស្ត្រ​ជាតិ​របស់​ខ្លួន។

លោក អាង ច័ន្ទឫទ្ធិ៖

«ទាក់ទង​នឹង​សិទ្ធិ​អន្តរជាតិ ជាពិសេស​គឺ​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ព្រម​ទាំង​សិទ្ធិ​សេដ្ឋកិច្ច​សង្គម​វប្បធម៌ គឺ​សន្ធិសញ្ញា​ទាំង​២​នេះ​បាន​ចែង​ច្បាស់​ណាស់ ហើយ​ប្រទេស​វៀតណាម គឺ​ជា​ប្រទេស​ហត្ថលេខី។ ដូច្នេះ រដ្ឋាភិបាល​វៀតណាម ត្រូវ​តែ​អនុវត្ត​នូវ​សន្ធិសញ្ញា​ទាំង​២​ហ្នឹង​ឲ្យ​បាន​ល្អ ដើម្បី​ធានា​ថា ខ្លួន​ជា​អ្នក​គោរព និង​ការពារ​នូវ​សិទ្ធិ​ជនជាតិ​ភាគ​តិច និង​ជំនឿ​សាសនា និង​អក្សរសាស្ត្រ​របស់​ពួក​គាត់»។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣ ព្រះសង្ឃ​ចំនួន ២​អង្គ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ៦​នាក់​ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​ប្រជាជន​វៀតណាម ខេត្ត​ឃ្លាំង ឬ​វៀតណាម ហៅ​ថា​ស្រុក​ត្រាំង កាត់​ទោស​អោយ​ជាប់​ពន្ធនាគារ​ពី ១០​ខែ​ទៅ ៦​ឆ្នាំ ដោយ​ចោទ​ពី​បទ​បង្ក​អោយ​ខូចខាត​សណ្ដាប់ធ្នាប់​សាធារណៈ និង​រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម ជាដើម។ ប៉ុន្តែ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​អះអាង​ថា រដ្ឋាភិបាល​វៀតណាម កាត់​ទោស​ព្រះសង្ឃ និង​ពលរដ្ឋ​ទាំង​នោះ ដោយសារ​ពួក​គាត់​ទាមទារ​ចង់​អោយ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម បាន​សិក្សា​អក្សរសាស្ត្រ​ជាតិ​របស់​ខ្លួន៕